កិច្ចប្រជុំរបស់បណ្តាប្រទេសទន្លេមេគង្គបានបិទបញ្ចប់ហើយនៅចុងសប្តាហ៍កន្លងទៅនេះ ដោយពុំទាន់មានការសម្រេចណាមួយនៅឡើយ ថាតើគម្រោងសាងសង់ទំនប់វារីអគ្គីសនីសាយ៉ាប៊ូរីរបស់ប្រទេសឡាវនៅលើដងទន្លេមេគង្គនឹងត្រូវអនុវត្តឬក៏យ៉ាងណានោះ។
បណ្តាប្រទេសជាសមាជិកនៃគណៈកម្មការទន្លេមេគង្គ (MRC) រួមមាន ថៃ ឡាវ កម្ពុជា និងវៀតណាម បានសម្រេចជួបប្រជុំគ្នាម្តងទៀតនៅខែក្រោយ ដើម្បីស្វែងរកការសម្រេចចិត្តចុងក្រោយមួយទៅលើគម្រោងសាងសង់ទំនប់វារីអគ្គីសនីសាយ៉ាប៊ូរី (Xayaburi) ឆ្លងកាត់ទន្លេមេគង្គនៅភាគខាងជើងប្រទេសឡាវ។
ការសម្រេចចិត្តនេះបានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំពេញអង្គរយៈពេល២ថ្ងៃរបស់បណ្តាប្រទេសនៃអាងទន្លេមេគង្គក្រោមទាំងនេះ។ កិច្ចប្រជុំដែលបានបិទបញ្ចប់នៅថ្ងៃសៅរ៍ទី២៦ខែមីនានេះក្នុងក្រុងព្រះសីហនុនៃប្រទេសកម្ពុជា។
លោក តែ ណាវុទ្ធ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធាននៃគណៈកម្មាធិការរួមរបស់គណៈកម្មការទន្លេមេគង្គសម្រាប់ឆ្នាំ២០១០និង២០១១នេះ មានប្រសាសន៍ប្រាប់ វីអូអេខ្មែរ ក្រោយពីកិច្ចប្រជុំនេះ ដោយស្នើសុំមិនបញ្ចេញសំឡេងថា ក្រៅពីប្រទេសឡាវដែលជាម្ចាស់គម្រោងនោះ ប្រទេសជាសមាជិកនៃគណៈកម្មការទន្លេមេគង្គដទៃទៀត ត្រូវការព័ត៌មានជាក់លាក់និងពេលវេលាបន្ថែមទៀត មុននឹងសម្រេចចិត្តជាផ្លូវការថាតើគម្រោងសាងសង់ទំនប់វារីអគ្គីសនីសាយ៉ាប៊ូរីនោះ គួរតែត្រូវអនុវត្តឬក៏យ៉ាងណានោះ។
ការជួបប្រជុំគ្នាម្តងទៀតរវាងបណ្តាប្រទេសសមាជិកគណៈកម្មការទន្លេមេគង្គដើម្បីសម្រេចទៅលើគម្រោងសាងសង់ទំនប់សាយ៉ាប៊ូរីនោះ គ្រោងនឹងធ្វើឡើងនៅក្នុងទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវនៅថ្ងៃទី២១ខែមេសាឆ្នាំ២០១១ ពោលគឺមួយថ្ងៃមុនកាលបរិច្ឆេទកំណត់ចុងក្រោយនៃដំណើរការពិគ្រោះយោបល់ជាមុនទៅលើគម្រោងសាងសង់ទំនប់នោះ។
លោក ជេរេមី ប៊ឹត (Jeremy Bird) នាយកប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គមានប្រសាសន៍ប្រាប់វីអូអេខ្មែរ ក្រោយពីបិទកិច្ចប្រជុំនៅថ្ងៃសៅរ៍នេះថា រហូតដល់កិច្ចប្រជុំបន្ទាប់នោះ ប្រទេសជាសមាជិកនៃគណៈកម្មការទន្លេមេគង្គ នឹងតម្រូវឲ្យផ្តល់គោលជំហរផ្លូវការរបស់ខ្លួនទៅលើគម្រោងសាងសង់ទំនប់សាយ៉ាប៊ូរីរបស់ប្រទេសឡាវនោះ។
«ឥឡូវប្រទេសនីមួយៗត្រូវឆ្លើយតបជាផ្លូវការទៅនឹងគម្រោងដែលដាក់ស្នើដោយប្រទេសឡាវ ដោយប្រើប្រាស់គំរូនៃទម្រង់បែបបទដែលបានព្រមព្រៀងគ្នារួចហើយ ក្រោមនីតិវិធីរបស់គណៈកម្មការទន្លេមេគង្គ»។
ទំបន់វារីអគ្គីសនីសាយ៉ាប៊ូរី ស្ថិតក្នុងចំណោមទំនប់វារីអគ្គីសនីចំនួន១២ដែលគេគ្រោងនឹងសាងសង់នៅលើដងទន្លេមេគង្គក្រោម។ ទំនប់ដែលអាចផលិតថាមពលអគ្គីសនីក្នុងកម្រិត ១.២៥០មេហ្គាវ៉ាត់នេះនឹងត្រូវសាងសង់ដោយក្រុមហ៊ុនថៃមួយដោយចំណាយទឹកប្រាក់អស់៣.៥០០លានដុល្លារអាមេរិក។
យោងតាមរបាយការណ៍របស់អង្គការទន្លេអន្តរជាតិ (International Rivers) បានឲ្យដឹងថា ប្រសិនបើត្រូវបានសាងសង់មែននោះ ទំនប់សាយ៉ាបូរីនេះនឹងធ្វើឲ្យខូចខាតជាអចិន្ត្រៃយ៍ដល់ប្រព័ន្ធអេកូឡូស៊ីនិងជីវចម្រុះនៅក្នុងទន្លេមេគង្គ។
ជាលទ្ធផល វានឹងធ្វើឲ្យបាត់បង់ពពួកពូជមច្ឆាយ៉ាងតិចចំនួន៤១ប្រភេទដែលជិតផុតពូជនិងកំពុងរងការគំរាមកំហែងដូចជាត្រីរាជជាដើម ហើយនឹងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាជនរាប់សិបលាននាក់ ជាពិសេសគឺប្រជាជនកម្ពុជាដែលពឹងអាស្រ័យយ៉ាងសំខាន់ទៅលើទន្លេដ៏វែងជាងគេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។
កាលពីថ្ងៃទី២២ខែមីនានេះ បណ្តាញអង្គការចំនួន២៦៣ក្នុងប្រទេសចំនួន៥១ បានធ្វើលិខិតរួមគ្នាមួយផ្ញើជូនរដ្ឋាភិបាលឡាវនិងថៃ ដោយអំពាវនាវឲ្យរដ្ឋាភិបាលទាំងពីរបញ្ឈប់ផែនការកសាងទំនប់វារីអគ្គីសនីសាយ៉ាប៊ូរីនេះ ដើម្បីបញ្ជៀសផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាជននៅតាមបណ្តោយដងទន្លេមេគង្គក្រោមនេះ។
លោក ស៊ុន ម៉ៅ ប្រធានក្រុមអភិវឌ្ឍជនបទកម្ពុជា ដែលជាអង្គការការពារបរិស្ថានក្នុងស្រុកមួយប្រចាំនៅខេត្តក្រចេះនិងដែលស្ថិតនៅក្នុងចំណោមអង្គការចំនួន២៦៣នោះ បានថ្លែងប្រាប់វីអូអេខ្មែរនៅថ្ងៃសៅរ៍នេះថា បើសិនគម្រោងសាងសង់ទំនប់វារីអគ្គីសនីសាយ៉ាប៊ូរីនេះ មិនអាចបញ្ឈប់បានទេ បណ្តាប្រទេសសមាជិកនៃគណៈកម្មការទន្លេមេគង្គគួរតែជំរុញនៅក្នុងកិច្ចប្រជុំបន្ទាប់របស់ខ្លួន ឲ្យមានការផ្អាកគម្រោងនេះយ៉ាងតិច១០ឆ្នាំទៅមុខទៀតសិន ទៅតាមអនុសាសន៍នៃរបាយការណ៍ស្រាវជ្រាវផលប៉ះពាល់នៃទំនប់នោះរបស់គណៈកម្មការទន្លេមេគង្គ។
«និយាយឲ្យចំតែម្តង យើងអត់ចង់ឲ្យមានការសាងសង់ទេ ប៉ុន្តែបើករណីមានការសាងសង់ យើងសូមឲ្យមានការសិក្សាលម្អិតបន្ថែមទៅលើចំណុចមួយចំនួនសម្រាប់ជាប្រយោជន៍ដល់ប្រទេសកម្ពុជាយើង»។
លោក ជេរេមី ប៊ឹត (Jeremy Bird) នាយកប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ មានប្រសាសន៍ថាគេត្រូវរង់ចាំមើលរហូតដល់កិច្ចប្រជុំនៅខែក្រោយនេះ របស់ប្រទេសសមាជិកគណៈកម្មការទន្លេមេគង្គ ដើម្បីដឹងថា តើគម្រោងសាងសង់ទំនប់សាយ៉ាប៊ូរី នឹងអាចដំណើរការទៅបានឬអត់នោះ។
«នៅក្នុងដំណាក់កាលនេះ វាឆាប់ពេកក្នុងការវិនិច្ឆ័យជាមុនថា តើពួកគេនឹងធ្វើសេចក្តីសម្រេចចិត្តយ៉ាងណានោះ»។
តែទោះជាយ៉ាងនេះក្តី លោក ស៊ុន ម៉ៅ បានលើកឡើងថា ប្រសិនបើគម្រោងសាងសង់ទំនប់សាយ៉ាប៊ូរី នឹងត្រូវចាប់ផ្តើមអនុវត្តនោះ ប្រទេសឡាវត្រូវតែទទួលខុសត្រូវចំពោះផលប៉ះពាល់នានាដែលអាចកើតឡើងដោយសារទំនប់របស់ខ្លួននោះ៕