សមាគមសុខាភិបាលខ្មែរនៅអាមេរិកនឹងនាំយកក្រុមគ្រួពេទ្យស្ម័គ្រចិត្តទៅព្យាបាលជំងឺជូនប្រជាពលរដ្ឋកម្ពុជាដោយមិនគិតថ្លៃនៅដើមឆ្នាំ២០១២ខាងមុខនេះ។
លោកវេជ្ជបណ្ឌិត ចាន់ ដេនញ៉ែល ដែលនឹងធ្វើដំណើរទៅប្រទេសកម្ពុជាបានបញ្ជាក់ប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកថា៖
«ខ្ញុំមកពីស្រុកខ្មែរខ្ញុំឃើញនិងរស់នៅស្រុកខ្មែរមកដល់នេះយើងបាននៅស្រួលមាន ទ្រព្យសម្បត្តិមានលុយតែបើយើងមិនបែរទៅស្រុកខ្មែរវិញហ្នឹងដូចជាយើងបិទភ្នែកណាស់។ ខ្ញុំចង់ជួយដោយសារគេត្រូវការគេខ្វះខាតដូចជាខ្ញុំធ្លាប់ខ្វះខាតម្ភៃសាមសិបឆ្នាំមុននៅសម័យប៉ុលពតដូច្នេះខ្ញុំចង់ដោយសារចិត្តចង់ជួយ»។
លោក ចាន់ ដេនញ៉ែលមានជំនាញខាងជំងឺទូទៅសម្រាប់មនុស្សចាស់និងកូនក្មេង។
សមាគមសុខាភិបាលខ្មែរដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡុងប៊ិចរដ្ឋកាលីហ្វញ៉ាកំពុងរៀបចំបេសកកម្មរបស់ខ្លួននេះជាលើកទី២ហើយដើម្បីទៅពិនិត្យព្យាបាលជំងឺនិងផ្តល់ថ្នាំពេទ្យដោយមិនយកកម្រៃ។ ការពិនិត្យព្យាបាលនេះនឹងធ្វើឡើងពីថ្ងៃទី៣០ខែមករា រហូតដល់ថ្ងៃទី៤ខែកុម្ភៈ ឆ្នាំ២០១២ នៅខេត្តកោះកុង។
កាលពីបេសកកម្មលើកទី១គឺពីដើមឆ្នាំ២០១១សមាគមសុខាភិបាលខ្មែរនៅអាមេរិករួមជាមួយ នឹងអ្នកស្ម័គ្រចិត្ត ៥០នាក់ ដែលមានគ្រូពេទ្យចំនួន១០រូប ទន្តពេទ្យ៤រូបជំនួយការគ្រូពេទ្យគិលានុបដ្ឋាយិការសិស្សនិស្សិតពេទ្យជាច្រើនទៀតបានធ្វើដំណើរទៅប្រទេសកម្ពុជាដើម្បីធ្វើការពិនិត្យជំងឺជូនប្រជាពលរដ្ឋដែលរស់នៅទីក្រុងភ្នំពេញនិងខ្លះមកពីខេត្តផ្សេងៗទៀតជាង៥.០០០នាក់ដោយឥតគិតថ្លៃ។ ការព្យាបាលលើកនោះធ្វើឡើងនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកតាន់សុងជាប្រធានសមាគមបានបញ្ជាក់បន្ថែមប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកថា៖
«បេសកកម្មទៅថ្ងៃមុខមានវេជ្ជបណ្ឌិតកាន់តែច្រើនអ្នកស្ម័គ្រចិត្តកាន់តែច្រើនហើយតទៅមុខក៏ដូចគ្នាដែរតែប្រហែលថែមខាងវះកាត់និងខាងភ្នែកខាងធ្មេញ។ប្រទេសយើងមានសេចក្តីត្រូវការខ្លាំងណាស់ខាងធ្មេញម្នាក់ៗអត់មានលុយទៅពេទ្យខ្លះអត់មានអនាម័យដូច្នេះគ្នាវេទនា»។
លោកង៉ា វិសាលជាគ្រូពេទ្យស្ម័គ្រចិត្តនិងធ្លាប់បានអញ្ជើញទៅជាមួយសមាគមកាលពីបេសកកម្មលើកទីមួយ បានប្រាប់ឱ្យដឹងពីបទពិសោធន៍របស់គាត់យ៉ាងដូច្នេះថា៖
«កាលទៅពីមុនដំបូងម្ង៉ៃយើងគិតថាមើលតែ៥០០នាក់ទេតែដល់ពេលទៅដល់ហ្នឹងទៅមនុស្សមកច្រើនម្ង៉ៃយើងមើលឡើងជាង១០០០នាក់»។
លោកក៏បានបញ្ជាក់បន្ថែមពីបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋខ្មែរយ៉ាងដូច្នេះថា៖
«មនុស្សមានឈឺច្រើនអាយុម្ភៃសាមសិបហាសិបតែមិនដែលទៅមើលគ្រូពេទ្យម្តងទេ។ សំខាន់ជាងគេដូចឈឺក្រពះឈឺខ្នងឈឺជើងនិងជំងឺធ្មេញក៏ពិបាកដែរ។ហើយមិត្តភ័ក្តខ្ញុំដុកទ័រតូនីជាដែលជាពេទ្យធ្មេញម្ង៉ៃដកធ្មេញជិត១០០»។
សមាគមក៏បានធ្វើការសហការជាមួយមន្ទីរពេទ្យនិងគ្លីនិកឯកជននៅស្រុកខ្មែរក៏ដូចជាគ្រូពេទ្យជំនាញហើយក៏ផ្តល់ឱកាសដល់វេជ្ជបណ្ឌិតគ្រូពេទ្យនិងសិស្សនិស្សិតពេទ្យទាំងនៅស្រុកខ្មែរនិងអាមេរិក ធ្វើការជាមួយគ្នានិងផ្លាស់ប្តូរបទពិសោធន៍។ បើទោះបីជាក្រុមគ្រូពេទ្យទាំងនេះដាក់ទីតាំងនៅខេត្តកោះកុងប៉ុន្តែអ្នកដែលមកពីខេត្តផ្សេងៗក៏អាចមកទទួលសេវាពិនិត្យនិងព្យាបាលបានដែរ។ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិតតាន់ សុង៕