ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាធិ​ធ្វើ​ឱ្យ​ជីវិត​មាន​​ក្តី​សង្ឃឹម​ ហើយ​ទាក់​ទាញ​ចំណាប់​អាម្មណ៍


ព្រះ​​ភិក្ខុ​ហឿន ​សំនៀង​ ថ្ងៃ​ទទួល​សញ្ញា​ប័ត្រ ​នៅ​សាកល​វិទ្យា​ល័យ​ ស.រ.អ.។
ព្រះ​​ភិក្ខុ​ហឿន ​សំនៀង​ ថ្ងៃ​ទទួល​សញ្ញា​ប័ត្រ ​នៅ​សាកល​វិទ្យា​ល័យ​ ស.រ.អ.។

នៅ​ឱកាស​និស្សិត​សាកល​វិទ្យា​ល័យ​និង​មហា​វិទ្យា​ល័យ​នៅ​ក្នុងសរអ​កំពុង​អបអរ​ទទួល​សញ្ញា​បត្រ​បញ្ចប់​ការ​សិក្សា​ឆ្នាំ​២០១០​ ព្រះ​ភិក្ខុ ​ហឿន ​សំនៀង​គង់​នៅ​វត្ត​ដំណាក់ ​ខេត្ត​សៀមរាប​ ដែល​បាន​ទទួល​អាហារូប​ករណ៍​ពី​សាកល​វិទ្យា​ល័យ St. Ambrose ​University​ រដ្ឋ ​Iowa​ ក៏​បាន​និមន្ត​ទៅ​ទទួល​សញ្ញា​ប័ត្រ​បញ្ចប់ការ​សិក្សា​ថ្នាក់​បរិញ្ញាប័ត្រផ្នែក​គ្រប់​គ្រង​ កាល​ពី​ថ្ងៃ​សៅរ៍ទី​១៥​ ខែឧសភា​ ឆ្នាំ​២០១០​ ផង​ដែរ។

អ្នក​ស្រី ​នុច ​សារីតា ​មាន​សេចក្តី​រាយ​ការណ៍​អំពី​ការ​សិក្សា​និង​កិច្ច​ការ​របស់​ព្រះ​ភិក្ខុ​ ហឿន ​សំនៀង​ ដូច​ត​ទៅ​នេះ៖

ភិក្ខុ ​ហឿន​ សំនៀង​ ជា​អតីត​ប្រធាន​កម្ម​វិធី​អង្គការ​មជ្ឈ​មណ្ឌល​សហ​សង្គ្រោះ​កម្ពុជា​សាខា​ខេត្ត​សៀមរាប​ ជា​អតីត​ប្រធាន​បណ្តាញ​សង្គម​ស៊ីវិល​ប្រឆាំង​ពល​កម្ម​កុមារ​ ​ជា​អនុ​ប្រធាន​បណ្តាញ​តស៊ូ​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ប្រចាំ​ខេត្ត។ល។​ ហើយ​បច្ចុប្បន្ន​ ព្រះ​អង្គ​ជា​នាយក​ប្រតិបត្តិ​ សមាគម​ជីវិត​និង​ក្តី​សង្ឃឹម​ មាន​ទី​តាំង​នៅ​វត្ត​ដំណាក់ ​ដែល​សមាគម​នេះ​មាន​គោល​បំណង​ដើម្បី​ចូល​រួម​ពង្រឹង​គុណ​ភាព​ជីវិត​ប្រសើរ​ឡើង ​ពិសេស​ក្មេង​កំព្រា​ ក្មេង​អនាថា ​និង​គ្រួសារ​ក្រីក្រ​ក្នុង​បំណង​ឲ្យ​ពួក​គេ​មាន​សេចក្តី​សង្ឃឹម​ក្នុង​ជីវិត​ ដើម្បី​អនាគត​ភ្លឺ​ស្វាង។​ ដោយ​ព្រះ​អង្គ​ជឿ​ថា​ មនុស្ស​គ្រប់​គ្នា​អាច​កែប្រែ​វាសនា​អនាគត​របស់​ខ្លួន​បាន​ ដែល​ចាប់ផ្តើម​ពី​ការ​មាន​សេចក្តី​សង្ឃឹម​ធ្វើ​ឲ្យ​មាន​ការ​ជឿ​ជាក់​លើ​ខ្លួន​ឯង​នោះ​ ក៏​នាំ​ឲ្យ​មាន​ការ​តស៊ូ​ប្រឹង​ប្រែង ​ជម្នះរាល់​ឧបសគ្គ​ក្នុង​ជីវិត​ មិន​ចុះ​ចាញ់​ តែ​ទាំង​នោះ​ក្លាយ​ជា​មេរៀន​ទៅ​វិញ។

ភិក្ខុ​ ហឿន សំនៀង​ មាន​ស្រុក​កំណើត​នៅភូមិ​សំរោង​ ឃុំសំរោង​ ស្រុក​សូទ្រ​និគម​ ខេត្ត​សៀមរាប។​ កាល​ពី​កុមារ​ភាព ​ដោយ​សារ​តែ​ភាព​ក្រីក្រ​និង​វិបត្តិ​គ្រួសារ កុមារ​សំនៀង​បាន​បែក​ពី​គ្រួសារ​បង​ប្អូន​ ទៅ​រស់​នៅ​ជាមួយ​គ្រួសារ​គេ​នៅ​ក្នុង​ស្រុក​សូទ្រ​និគម​តាំង​ពីអាយុពីរ​ឬ​បី​ឆ្នាំ​ រហូត​ដល់​អាយុ​១៤​ឆ្នាំ​ទើប​មក​នៅ​ជា​មួយ​ម្តាយ​បង្កើត​វិញ។ ​១៥​ឆ្នាំ​ក្រោយ​ វិបត្តិ​គ្រួសារ​និង​ភាព​ក្រីក្រ​នៅ​តែ​បន្ត​ កុមារ​សំនៀងក៏​បាន​សុំ​ការ​អនុញ្ញាត​ពី​ម្តាយ​ ចូល​បួស​ជ្រក​កោន​ក្នុង​ម្លប់​ព្រះ​ពុទ្ធ​សាសនា​នៅ​ឆ្នាំ​១៩៦៦។​ ដោយ​មាន​ប្រវត្តិ​កម្សត់​ពី​កុមារ​ភាព​ និង​ទទួល​បទ​ពិសោធន៍​ក្នុង​ស្ថាន​ភាព​ក្រីក្រ​នោះ​ ភិក្ខុ​សំនៀង​ក៏​តែង​តែ​ចូល​រួម​ក្នុង​ការ​ងារ​សង្គមផ្សេងៗ ​ក្នុង​មុខ​ងារ​ជា​ភិក្ខុ។​ ដោយ​គុណ​ធម៌​និង​សេចក្តី​ព្យាយាម​ នៅ​ចុង​ឆ្នាំ​២០០៥​ ព្រះ​អង្គ​ត្រូវ​បាន​និមន្ត​ឲ្យទៅ​ធ្វើ​ទស្សន​កិច្ច​នៅ​សហរដ្ឋ​អាមេរិក​ដោយ​លោក​ Jon​ Ryder​ វេជ្ជ​បណ្ឌិត​ធ្មេញ​ជាតិ​អាមេរិកាំង​ ហើយ​ក៏​បាន​ទទួល​អាហារូប​ករណ៍​ពី​សាកល​វិទ្យា​ល័យ St. ​Ambrose​ University​ រដ្ឋ ​Iowa។​ មិន​ត្រឹម​តែ​ការ​ឃើញ​ទឹក​ដី​សហ​រដ្ឋ​អាមេរិក​ដែល​ជា​រឿង​ព្រះ​អង្គ​មិន​ធ្លាប់​គិត​ដល់​នោះ​ទេ​ ឥឡូវ​នេះ​កាល​ពី​ថ្ងៃ​ទី​១៥​ខែ​ឧសភា​ឆ្នាំ​២០១០​នេះ ​ព្រះ​អង្គ​បាន​ទទួល​បរិញ្ញាប័ត្រ​ផ្នែក​គ្រប់​គ្រង​ប្រកប​ដោយ​និទ្ទេស​ដ៏​ល្អ​ទៀត​ផង។

ក្នុង​រយៈ​បំពេញ​ការ​សិក្សា​នៅ​សរអ​ ព្រះ​ភិក្ខុ​សំនៀង​បាន​បង្ហាត់​បង្រៀន​សិស្ស​ និស្សិត​ និង​ប្រជា​ជន​អាមេរិកាំង​ទូទៅ​ អំពី​ព្រះ​ពុទ្ធ​សាសនា​និង​ការ​ធ្វើ​សមាធិ​បែប​មូល​ដ្ឋាន​សម្រាប់​ជីវិត។​ នេះ​បាន​ធ្វើ​ឲ្យ​ព្រះ​អង្គ​មាន​មិត្ត​ភ័ក្រ​ និង​ការ​គោរព​រាប់​អាន​ជា​ច្រើន​ពី​សំណាក់​សិស្ស​ និស្សិត​ និង​ជន​ជាតិ​ អាមេរិកាំង។

លោក ​John​ Hawry​ ជា​អ្នក​ប្រតិបត្តិ​សមាធិ ​ហើយ​បច្ចុប្បន្ន​នេះ​លោក​បង្រៀន​នៅ​ក្នុង​គិលានុ​បដ្ឋាន​នៃ​មហា​វិទ្យា​ល័យ ​Black ​Hawk ​College​ និង​ធ្វើ​ការ​ជា​គិលានុ​បដ្ឋាក​នៅ​មន្ទីរ​ពេទ្យ​ Illini ​Hospital​ នៃ​រដ្ឋI​llinois​ ផង​នោះ បាន​ប្រាប់​វីអូអេ​ថា ​ភិក្ខុហឿន​ សំនៀង​ជា​ព្រះ​សង្ឃ​ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មនុស្ស​ក្រីក្រ​ ព្រះ​សង្ឃ ​និង​កុមារ​កំព្រា​នៅ​ក្នុង​វត្ត​ដំណាក់​ដែល​ធ្វើ​កា​រ​ជា​មួយ​ព្រះ​អង្គ។

“ភិក្ខុ​សំនៀង​បាន​ជួយ​បង្កើត​វត្ត​តូច​មួយ​សម្រាប់​សហ​គមន៍​ព្រះពុ​ទ្ធ​សាសនា​ដែល​រស់​នៅ​ជុំវិញ​យើង។ ​យើង​មាន​មនុស្ស​ជា​ច្រើន​ ដែល​បាន​ចាក​ចេញ​ពី​ប្រទេស​វៀតណាម ​ថៃ​ កម្ពុជា​ និង​លាវ​ ហើយ​បាន​មក​រស់​នៅក្នុង​ភូមិ​យើង​។ ​នេះ​ជា​លើក​ទី​មួយ​ដែល​ភូមិ​យើង​មាន​វត្ត​ព្រះ​ពុទ្ធ​សាសនា​សម្រាប់​ធ្វើ​បុណ្យ។​ ខ្ញុំ​យល់​ថា​ ​ការ​ប្រតិ​បត្តិ​សមាធិ ​ជា​វិធី​ល្អ​សម្រាប់​មនុស្ស​ដែល​រក​ការ​ស្ងប់​ចិត្ត​ ចង់បន្ធូរ​ការតាន​តឹង​ក្នុង​ចិត្ត​ និង​ឲ្យ​មាន​សុខ​ភាព​ផ្លូវ​ចិត្ត”។

លោក ​Adam V​ilmont​ ជា​អ្នក​ប្រតិ​បត្តិ​សមាធិ​ ជា​និស្សិត​ថ្នាក់​បរិញ្ញា​ទោ​នៅ​សាកល​វិទ្យា​ល័យ St.​ Ambrose ​University​ និង​ធ្វើ​ការ​នៅ​មជ្ឈ​មណ្ឌល​ថែទាំ​កុមារ​នៅ ​Rock ​Island ​Child Care ​Center​ រដ្ឋ Illinois​ និយាយ​ប្រាប់ វីអូអេ ភាសា​ខ្មែរ​ថា៖

“សមាធិ​ជា​ការ​ពិសោធន៍​ដ៏​ជ្រាល​ជ្រៅ​សម្រាប់​រូប​ខ្ញុំនៅ​ពេល​ខ្ញុំ​មាន​ការ​ឈឺ​ចាប់​ផ្លូវ​ចិត្ត​ខ្លាំង​ ខ្ញុំ​មិន​ដឹង​ធ្វើ​ដូច​ម្តេច​ឲ្យ​បាត់​ទុក្ខ​ព្រួយ​ទេ​ ខ្ញុំ​គ្រាន់​តែ​អង្គុយ​បិទ​ភ្នែក​ និង​ផ្តោត​អារម្មណ៍​ទៅ​លើ​ដង្ហើម។​ ខ្ញុំ​មិន​ចេះ​វិធី​ប្រតិបត្តិ​សមាធិ​ទេ ទាល់​តែ​បាន​ជួប​ព្រះ​អង្គ​សំនៀង​ទើប​ខ្ញុំ​យល់​ច្បាស់​អំពី​សមាធិ​” ។

នៅ​ក្នុង​មជ្ឈ​មណ្ឌល​ថែ​ទាំ​កុមារ​ លោក ​Vilmont​ ជួប​កុមារ​មាន​វិបត្តិ​ និង​កុមារ​មាន​បញ្ហា​កំហឹង​ជាប់​ខ្លួន ។​ លោក ​Vilmont​ បាន​យក​វិធី​សមាធិ​ទៅ​អប់រំ​ និង​ជួយក្មេង​ទាំង​នោះដើម្បី​ឲ្យ​ក្មេង​យល់អំពី​ហេតុ​និង​បច្ច័យ​ដែល​ធ្វើ​ពួក​វា​ឲ្យ​មាន​កំហឹង ​ជម្លោះ​ និង​អាកប្ប​កិរិយា​កោង​កាច។

អ្នក​ស្រី ​Vivian ​Norton​ ជា​គ្រូ​បង្រៀន​ចូល​និវត្តន៍​ និង​ជា​អ្នក​គាំទ្រ​ម្នាក់​នៃ​សមាគម​ជីវិត​និង​ក្តី​សង្ឃឹម​របស់​ភិក្ខុ​សំនៀងនៅ​វត្ត​ដំណាក់។​ អ្នក​ស្រី ​Norton​ ជា​មួយ​ក្រុមមិត្ត​ភ័ក្ត​ និង​និស្សិត​ ​អ្នក​ប្រតិបត្តិ​សមាធិ បាន​រៀបចំ​ពិធី​ជប់​លៀង​អបអរ​សាទរ​ប្រគេន​ព្រះអង្គ ​ ហើយបាន​បង្កើត​កម្ម​វិធី​រៃ​អង្គាស​ប្រាក់​មួយ ​ដើម្បី​យក​ទៅ​ទិញ​អង្ករ​ចំនួន​១២​តោន​សម្រាប់​ផ្គត់​ផ្គង់សិស្ស កុមារ​កំព្រា​ និង​អ្នក​ធ្វើ​ការ​នៅ​សមាគម​ជីវិត​និង​ក្តី​សង្ឃឹម​នៅ​ខេត្ត​សៀមរាប​ ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ។

“ខ្ញុំ​បាន​ទៅ​ប្រទេស​កម្ពុជា​កាល​ពី​បី​ឆ្នាំ​កន្លះ​កន្លង​ទៅ​នេះ។​ ខ្ញុំ​បាន​ទៅ​ទស្សនា​មជ្ឈ​មណ្ឌល​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​កាត់​ដេរ​ដែល​ព្រះ​ភិក្ខុ​សំនៀង​បាន​បង្កើត​ឡើង​សម្រាប់​ក្មេង​ស្រី។​ ខ្ញុំ​បាន​ជួប​លោក​នៅ​កន្លែង​កាត់​ដេរ​នោះ​ ហើយ​បាន​ឃើញថា​ ​គម្រោង​របស់​លោក​មាន​ដំណើរ​ការ​ល្អ​ ហើយ​ឃើញ​ថា​ ព្រះ​អង្គ​ជា​អ្នក​គ្រប់​គ្រង​មាន​សមត្ថ​ភាព​ណាស់​ ក៏​ប៉ុន្តែ​នៅ​ពេល​ជា​មួយ​គ្នា​នោះ​ ព្រះ​អង្គ​ទ្រទ្រង់​ព្រះ​ធម្ម​វិន័យ​ព្រះ​ពុទ្ធ​សាសនា​បាន​បរិសុទ្ធ​ ហើយ​ព្រះ​អង្គ​បាន​ដាក់​កាយ​និង​ចិត្ត​បូជា​ចំពោះ​ការ​ជួយ​សង្គម​ក្រីក្រ​និង​មនុស្ស​ដែល​ព្រះ​អង្គ​ជួយ”។

បច្ចុប្បន្ន​សមា​គម​ជីវិត​និង​ក្តី​សង្ឃឹម​កំពុង​អនុវត្ត​គម្រោង​ចំនួន​៦​ ដែល​មាន​អ្នក​ទទួល​ផល​សរុប​ទាំង​កុមារ​កំព្រា​ កុមារ​ងាយ​រងគ្រោះ​ យុវជន-យុវតី​ ស្ត្រី​រង​គ្រោះ​និង​ងាយ​រង​គ្រោះ​ចំនួន​ជិត​១០០០​នាក់។​ព្រះ​ភិក្ខុ ​ហឿន ​សំនៀង​បាន​សន្យា​ចំពោះ​មុខ​មិត្ត​ភ័ក្ត​ និង​សិស្ស​គណៈ​ថា​ ព្រះ​អង្គ​នឹង​យក​ចំណេះ​ដឹង​ដែល​ព្រះ​អង្គ​បាន​ទទួល​ពី​សហ​រដ្ឋ​អាមេរិក​ទៅ​បម្រើ​កិច្ច​ការ​ដែល​ព្រះ​អង្គ​បាន​និង​កំពុង​ធ្វើ​ សម្រាប់​សង្គម​ដែល​ព្រះ​អង្គ​ជឿ​ថា ​ជា​ការ​តប​ស្នង​សង​គុណ​ចំពោះ​ប្រទេស​ជាតិ​ និង​សាសនា។​ ព្រះ​អង្គ​នឹង​ធ្វើ​ទស្សន​កិច្ច​ទី​ក្រុង​ជា​ច្រើន​នៅ​សរអ​និង​នៅ​ប្រទេស​កាណាដា​ តាម​ការ​និមន្ត​អញ្ជើញ​ពី​ក្រុម​អ្នក​ឧបត្ថម្ភ​ និង​ក្រុម​គណៈ​កម្មការ​នាយក ​សមាគម​មុន​នឹង​ព្រះ​អង្គ​និមន្ត​ទៅ​ប្រទេស​ខ្មែរ​វិញ៕

XS
SM
MD
LG