ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ម៉ាឡេស៊ី​ស្វែង​រក​ដៃ​គូ​វិនិយោគ​រួមគ្នា​ជា​មួយ​​វិនិយោគិន​កម្ពុជា


ក្រុម​ហ៊ុន​ធំៗ​របស់​ប្រទេស​ម៉ាឡេស៊ី ​បាន​ចុះ​ស្វែង​រក​ដៃ​គូ​វិនិយោគ​រួម​គ្នា​នៅ​ប្រទេស​កម្ពុជា​ ជា​លើក​ដំបូង​ដើម្បី​បង្កើត​គម្រោង​វិនិយោគ​នៅ​ក្នុង​វិស័យ​ដែល​មាន​សក្តានុ​ពល​មួយ​ចំនួន។ ​ដំណាល​គ្នា​នេះ​ ក្រុម​ហ៊ុន​ម៉ាឡេស៊ី​ចំនួន​៦ ​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​វិនិយោគ​រួម​គ្នា​ជា​មួយ​ក្រុម​ហ៊ុន​កម្ពុជា​ ក្នុង​ទឹក​ប្រាក់​១​ពាន់​លាន​ដុល្លារ។

នាង ​រស់ ​សុធា ​ជូន​សេក្តី​រាយ​ការណ៍​ពិស្តារ​អំពី​រឿង​នេះ​ដូច​ត​ទៅ៖

ប្រទេស​កម្ពុជា​ និង​ម៉ាឡេស៊ី ​បាន​កសាង​ឱកាស​យ៉ាង​ធំ​បំផុត​មួយ​ សម្រាប់​ការ​បណ្ដាក់​ទុន​រក​ស៊ី​រួម​គ្នា​ ក្នុង​អំឡុង​ពេល​នៃ​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​ការ​របស់​នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​ម៉ាឡេស៊ី ​លោក​ Najib​ Razak ​នៅ​ប្រទេស​កម្ពុជា​ ដែល​ក្រុម​មន្ដ្រី​កម្ពុជា និង​អ្នក​សេដ្ឋ​កិច្ច​គិត​ថា​ នេះ​គឺ​ជា​ជំហាន​ស្រូប​យក​អ្នក​វិនិយោគ​ម៉ាឡេស៊ី​ដ៏​មាន​សក្ដានុ​ពល។

លោក ​Najib ​Razak ​ដែល​អម​ដំណើរ​ដោយ​ក្រុម​អ្នក​វិនិយោគ ​ប្រហែល​១០០​នាក់​ មក​ពី​ក្រុម​ហ៊ុន​សរុប​ចំនួន​៦៦ ​បាន​បញ្ចប់​ទស្សន​កិច្ចរ​យៈ​ពេល​៣​ថ្ងៃ​របស់​ខ្លួន​ កាល​ពី​ថ្ងៃ​អង្គារ។

ក្រុម​ហ៊ុន​ចំនួន​៦ ​ក្នុង​ចំណោម​នោះ ​ បាន​ចុះ​កិច្ច​ព្រម​ព្រៀងធ្វើ​វិនិយោគ​រួម​គ្នា​ដ៏​ធំ ​បំផុត​មួយ​ជា​មួយ​វិនិយោ​គិន​កម្ពុជា ​ក្នុង​ទឹក​ប្រាក់​រហូត​ដល់​១​ពាន់​លាន​ដុល្លារ​ ហើយ​ជា​មួយ​គ្នា​នោះ​ដែរ​ ក្រុម​ហ៊ុន​ម៉ាឡេស៊ី​សំខាន់ៗ​ចំនួន​៦០​ផ្សេង​ទៀត​ ក៏​បាន​សម្លឹង​រក​ដៃ​គូ​ដើម្បី​ចាប់​ផ្តើម​គម្រោង​វិនិយោគ​រួម​គ្នា​នៅ​ប្រទេស​កម្ពុជា​ដែរ។ ​ក្រុម​ហ៊ុន​មួយ​ចំនួន​ក្នុង​ចំណោម​នោះបាន​រក​ឃើញ​ដៃ​គូ​របស់​ខ្លួន​ ហើយ​គ្រោង​នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​បណ្ដាក់​ទុន​ក្នុង​ពេល​ឆាប់ៗ​ទៀត​ផង។

សូម​បញ្ជាក់​ថា​ ក្នុង​ចំណោម​ប្រាក់​វិនិយោគ​រួម​គ្នា​ចំនួន​១​ពាន់​លាន​ដុល្លារ​រវាង​ក្រុម​ហ៊ុន​កម្ពុជា​ និង​ក្រុម​ហ៊ុន​ម៉ាឡេស៊ី​នោះ ​មាន​សាច់​ប្រាក់​ចំនួន​៧០០​លាន​ដុល្លារ​ ជា​ការ​វិនិយោគ​របស់​ភាគី​កម្ពុជា​ទៅ​លើ​ការ​ទិញ​ប្រព័ន្ធ​ពង្រឹង​សន្តិ​សុខ​ជាតិ ​ដែល​ផ្គត់​ផ្គង់​ដោយ​ក្រុម​ហ៊ុន ​Naxis​ របស់​ម៉ាឡេស៊ី។​ ក្រៅ​ពី​នោះ ​ក្រុម​ហ៊ុន​របស់​ម៉ាឡេស៊ី​នឹង​ធ្វើ​ការ​វិនិយោគ​លើ​ការ​បើក​ហាង​កាហ្វេ​ចំនួន​២០​កន្លែង​ ផលិត​អាហារ​សម្រាប់​ជន​ជាតិ​អ៊ិស្លាម​ ការ​បើក​កសិដ្ឋាន​ចិញ្ចឹម​មាន់ ​ ការ​បើក​សាកល​វិទ្យា​ល័យ​ចំនួន​២​ និង​ការ​បង្កើត​កុង​ស៊ុល​ពាណិជ្ជ​កម្ម​កម្ពុជា​-ម៉ាឡេស៊ី​ផង​ដែរ។

មន្ត្រី​រដ្ឋា​ភិបាល​រំពឹង​ថា ​គម្រោង​មួយ​ចំនួន​នៃ​គម្រោង​វិនិយោគ​ខាង​លើ​នេះ​ នឹង​លេច​ចេញ​ជា​រូប​រាង​នៅ​ដំណាច់​ឆ្នាំ​២០១០​នេះ។

ដោយ​ឡែក ​ក្រុម​ហ៊ុន​ម៉ាឡេស៊ី​ចំនួន​៦០​ផ្សេង​ទៀត​ បាន​សម្លឹង​ឃើញ​សក្តានុ​ពល​វិនិយោគ​ក្នុង​វិស័យ​កសិ-ឧស្សាហ​កម្ម ​ប្រេង​និង​ឧស្ម័ន​ជីវៈឥន្ធនៈ​ អចលន​ទ្រព្យ​ ទេស​ចរណ៍ ​និង​វិស័យ​បច្ចេក​វិទ្យា​ទូរ​គមនាគមន៍​ ជាដើម។

ភាគ​ច្រើន​នៃ​ក្រុម​ហ៊ុន​ទំាង​នេះ​បាន​ចំណាយ​ពេល​មួយ​ថ្ងៃ​កាល​ពី​ថ្ងៃ​ច័ន្ទ​ដើម្បី​ជួប​ពិភាក្សា​ទល់​មុខ​គ្នា​យ៉ាង​ស្វិត​ស្វាញ ​ជា​មួយ​អ្នក​វិនិយោគ​ និង​ពាណិជ្ជករ​ខ្មែរ​ ប្រយោជន៍​ដើម្បី​ស្វែង​រក​លទ្ធភាព​ចាប់​ដៃ​គូ​ធ្វើ​ការ​បណ្ដាក់​ទុន​រួម​គ្នា។

លោក ​Haji ​Juzilman ​Basir ​ប្រធាន​នាយក​ប្រតិបត្តិ​ស្តីទី​នៃ​ក្រុមហ៊ុន​កសិឧស្សាហ​កម្ម ​Felcra​ Berhad ​របស់​រដ្ឋា​ភិបាល​ម៉ាឡេស៊ី ​បាន​និយាយ​ថា​ ឆ្លង​កាត់​ការ​ជួប​ពិភាក្សា​ជា​មួយ​ដៃ​គូ​វិនិយោគ​កម្ពុជា​ ក្រុមហ៊ុន​របស់​លោក​សម្រេច​ថា​ នឹង​បោះ​ទុន​២​លាន​ដុល្លារ​ ដើម្បី​វិនិយោគ​ដាំ​ដំណាំ​កៅស៊ូ​នៅ​ខេត្ត​មណ្ឌល​គិរី។

«សម្រាប់​ជំហាន​ដំបូង​យើង​នឹង​ដាំ​កៅស៊ូ​នៅ​លើ​ផ្ទៃ​ដី​៥០០០​ហិចតា​ ហើយ​យើង​នឹង​ពង្រីក​វា​រហូត​ដល់ ​១​ម៉ឺន​ ឬ​ក៏​៣​ម៉ឺនហិចតា។ ​នៅ​ពេល​នេះ​យើង​នៅ​រង់​ចាំ​សំណើរ​ពី​អាជ្ញាធរ​នៅ​ទី​នេះ​ ហើយ​បន្ទាប់​មក​យើង​នឹង​ត្រឡប់​ទៅ​ពិភាក្សា​អំពើ​ការ​ចាប់​ផ្តើម​វិនិយោគ​នៅ​ទី​នេះ​ដែល​អាច​ចាប់​ផ្តើម​នៅ​ចុង​ឆ្នាំ​នេះឬ​ឆ្នាំ​ក្រោយ»។

ជា​មួយ​គ្នា​នោះ​ដែរ​ លោក​ស្រី ​Mi Ki ​Choong ​អ្នក​រៀប​ចំ​យុទ្ធ​សាស្ត្រ​នៃ​ក្រុម​ហ៊ុន ​Centurise​ Group​ បាន​និយាយ​ថា​ បើ​ទោះ​ជា​ប្រទេស​កម្ពុជា​មិន​ទាន់​មាន​សេដ្ឋ​កិច្ច​រីក​ចម្រើន​ដូច​ប្រទេស​ជិត​ខាង​ ថៃ​ និង​វៀតណាម ​ប៉ុន្តែ​កម្ពុជា​នៅ​មាន​ឱកាស​សម្រាប់​ធ្វើ​ការ​វិនិយោគ​ច្រើន។ ​ជាក់​ស្តែង​ ក្នុង​ដំណើរ​ចុះ​សិក្សា​ពី​បរិយា​កាស​វិនិយោគ​នេះ​ លោក​ស្រី​រក​បាន​ក្រុម​ហ៊ុន​ចំនួន​២​ ឬ​៣​ដើម្បី​ចាប់​ដៃ​គូ ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា ​ដូច​ជា​ក្នុង​វិស័យ​អចលន​ទ្រព្យ​ សិល្បៈ​កម្សាន្ត ​និង​វិស័យ​បច្ចេក​វិទ្យា។​ នៅ​ពេល​នេះ​ លោក​ស្រី​កំពុង​ធ្វើ​ការ​វាយ​តម្លៃ​ដើម្បី​កំណត់​យក​គម្រោង វិ​និយោគ​មួយ​ណា​ ដែល​ត្រូវ​ដំណើរ​ការ​មុន ​ហើយ​តើ​ការ​ចាប់​ដំណើរ​ការ​នៅ​ពេល​ណា។

ទោះ​យ៉ាង​ណា​ មិន​មែន​ក្រុម​ហ៊ុន​ម៉ាឡេស៊ី​ទំាង​អស់​សុទ្ធ​តែ​អាច​រក​បាន​ដៃ​គូ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​បាន​នោះ​ទេ។

ជាក់​ស្តែង​ដូច​ជា​ លោក​ Abdul​ Manaf​ Radzi​ អនុ​ប្រធាន​ជាន់​ខ្ពស់​នៃ​ ក្រុម​ហ៊ុន​សាជីវ​កម្ម​ជីវៈ​បច្ចេក​វិទ្យា​ម៉ាឡេស៊ី ​ឬ ​ក្រុមហ៊ុន​ Biotechcorp​ និយាយ​ថា ​ក្រុម​ហ៊ុន​របស់​លោក​មិន​ទាន់​អាច​រក​ការ​សហ​ការ​ពី​ដៃ​គូ​នៅ​កម្ពុជា​បាន​នៅ​ឡើយ​ទេ ​ដោយ​ហេតុ​ថា​ មាន​ក្រុម​ហ៊ុន​ កម្ពុជា​តិច​តួច​ប៉ុណ្ណោះ​ដែល​ចាប់​អារម្មណ៍​ពី​ការ​វិនិ​យោគ​ផលិត​ជីវៈ​ឥន្ធនៈ​នេះ ​ហើយ​ ពួក​គេ​ភាគ​ច្រើន​ទៀត​មិន​សូវ​មាន​ការ​យល់​ដឹង​ពី​វិស័យ​នេះ​នោះ​ទេ។

«យើង​កំពុង​ស្វែង​រក​ដៃ​គូ​កម្ពុជា​ដែល​កំពុង​ដាំ​ល្ហុង​ខ្វង​ ហើយ​យើង​អាច​រួម​គ្នា​ដើម្បី​ផលិត​ប្រេង​ជីវៈ​ឥន្ធនៈ​ ពីព្រោះ​យើង​មើល​ឃើញ​ថា​ នឹង​ជា​ទី​ផ្សារ​មាន​សក្តានុ​ពល​ទំាង​ការ​ដាំ ​ការ​ផលិត ​និង​ការ​ប្រើ​ប្រាស់។ ​ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ​យើង​រក​មិន​ទាន់​បាន​ដៃ​គូ​នោះ​ទេ។​ ដរាប​ណា​យើង​រក​បាន​ យើង​នឹង​ចាប់​ផ្តើម​ធ្វើ​ការ​ជា​មួយ​ពួក​គេ​ភ្លាម»។

គួរ​កត់​សម្គាល់​ថា​ នៅ​មុន​ឆ្នាំ​២០០៧ ​ ម៉ាឡេស៊ី​គឺ​ជា​ ប្រទេស​បោះ​ទុន​វិនិយោគ​ច្រើន​ជាង​គេ​បំផុត​នៅ​កម្ពុជា​ ជាពិសេស​ នៅ​ក្នុង​វិស័យ​កាត់​ដេរ ​និង​បច្ចេក​វិទ្យា​ទូរ​គមនាគមន៍​។ លោក​នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេស៊ី ​Najib ​Razak​ ក្នុង​ដំណើរ​ទស្សន​កិច្ច​របស់​លោក ​កាល​ពី​ដើម​សប្ដាហ៍​នេះ​បាន​ឲ្យ​ដឹង​ថា​ ទឹក​ប្រាក់​វិនិយោគ​របស់​ម៉ាឡេស៊ី​នៅ​កម្ពុជា​បាន​កើន​ដល់​ ២,១៩ពាន់​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​១៤​ឆ្នាំ​ចុង​ក្រោយ។

តួលេខ​វិនិយោគ​របស់​ក្រុម​ប្រឹក្សា​អភិ​វឌ្ឍន៍​កម្ពុជា​បាន​បង្ហាញ​ថា​ គម្រោង​ទុន​វិនិយោគ​របស់​ម៉ាឡេស៊ី​នៅ​ប្រទេស​កម្ពុជា​ នៅ​ឆ្នាំ​២០០៩​ មាន​ជាង​៧​លាន​ដុល្លារ​ប៉ុណ្ណោះ ​ដែល​ទាញ​ទម្លាក់​ប្រទេស​ នេះ​ឲ្យ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​៤​ក្នុង​ចំណោម​អ្នក​វិនិយោគ​បរទេស​មក​ពី​សមាគម​អាស៊ាន​ និង​ចំណាត់​ថ្នាក់​លេខ​១១ ​ក្នុង​ចំណោម​ប្រទេស​សរុប​ចំនួន​២១ ​ដែល​មក​វិនិយោគ​នៅ​កម្ពុជា​ ដែល​នាំ​មុខ​ដោយ​ប្រទេស ​ចិន​ កូរ៉េ​ វៀតណាម។

លោក ​ងួន ​ម៉េងតិច ​អគ្គ​នាយក​សភា​ពាណិជ្ជ​កម្ម​កម្ពុជា​ មាន​ប្រសាសន៍​ថា ​ការ​វិល​មក​វិញ​របស់​អ្នក​វិនិយោគ​ម៉ាឡេស៊ី ​នា​ពេល​នេះ​គឺ​ជា​ការ​ចាប់​ផ្តើម​ថ្មី​មួយ​ ហើយ​នៅ​ចុង​ឆ្នាំ​២០១០​នេះ​គេ​នឹង​អាច​ដឹង​បាន​ថា​ តើ​ប្រទេស​នេះ​អាច​ប្រជែង​ជា​មួយ​ប្រទេស​ចិន ​កូរ៉េ​ និង​វៀតណាម​ ដែល​ឈាន​មុខ​ក្នុង​ការ​បោះ​ទុន​វិនិយោគ​នៅ​កម្ពុជា​ ឬ​យ៉ាង​ណា។

«ពី​មុន​ ម៉ាឡេស៊ី ​លេខ១ ​តែ​ចាប់​តំាង​ពី​២០០៧​មក ​ចិន ​កូរ៉េ​ និង​វៀតណាម ​ចូល​មក​ច្រើន ​ទៅ​ម៉ាឡេស៊ី​វា​ថយ។ ​ឥឡូវ​វា​ត្រឡប់​មក​វិញ ​អញ្ចឹង​ចាំ​មើល​មើល​ថា​ កំណើន​បាន​ប៉ុណ្ណា​ ហើយ​ទាល់​តែ​ចុង​ឆ្នាំ​នេះ​ទើប​អាច​ដឹង»។

យ៉ាង​ណា​ក៏​ដោយ ​ លោក​ ឌុយ ​ថូវ​ អគ្គ​លេខាធិ​ការ​រង​នៃ​ក្រុម​ប្រឹក្សា​អភិ​វឌ្ឍន៍​កម្ពុជា​ជឿ​ជាក់​ថា​ ដំណើរ​ជឿន​លឿន​ទៅ​មុខ​នៃ​សេដ្ឋកិច្ចរបស់​ប្រទេស​ម៉ាឡេស៊ី ​នឹង​ជំរុញ​ឲ្យ​ប្រទេស​នេះ​ពង្រីក​សក្កានុ​ពល​វិនិយោគ​នៅ​ប្រទេស​កម្ពុជានា​ពេល​អនាគត។

លោក ​ចាន់​ សុផល ​ប្រធាន​សមាគម​សេដ្ឋ​កិច្ច​កម្ពុជា​ មាន​ប្រសាសន៍​ថា ​ ប្រទេស​ម៉ាឡេស៊ី​គឺ​ជា​ប្រទេស​បណ្ដាក់​ទុន​វិនិយោគ​ដ៏​ធំ​បំផុត​មួយ​នៅ​ប្រទេស​វៀតណាម ​និង​ប្រទេស​ឥណ្ឌូណេស៊ី។​ ដូច្នេះ​បើ​សិន​ជា​ប្រទេស​កម្ពុជា​អាច​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​អ្នក​បណ្ដាក់​ទុន​នៃ​ប្រទេស​នេះ​ នោះ​ប្រទេស​កម្ពុជា​នឹង​មាន​ឱកាស​ទាក់​ទាញ​វិនិយោគិន​ពី​ប្រទេស​ម៉ូស្លីម​មួយ​នេះ​កាន់​តែច្រើន​ថែម​ទៀត​ សម្រាប់​ជា​ផល​ចំណេញ​ផ្នែក​សេដ្ឋ​កិច្ច​របស់​ប្រទេស៕

XS
SM
MD
LG