កាលនៅថ្ងៃពុធទី៩ ខែវិច្ឆិកា អង្គការក្រៅរដ្ឋាភិបាលសកម្មមួយរបស់ប្រទេសម៉ាឡេស៊ី បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជានិងម៉ាឡេស៊ី ពង្រឹងយន្ដការការពារពលការិនីបម្រើការតាមផ្ទះដែលត្រូវបានបញ្ជូនចេញពីកម្ពុជា។
សេចក្ដីអំពាវនាវនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ស្តីពីពលការិនីកម្ពុជារងគ្រោះជាបន្ដបន្ទាប់នៅម៉ាឡេស៊ី។
នៅក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃនេះ លោកស្រីបណ្ឌិត អ៊ីរ៉ែន ហ្វែណង់ដេស (Irene Fernandez) នាយិការប្រតិបត្តិអង្គការTenagatina Women's Force បានស្នើឲ្យមានការពង្រឹងយន្ដការបទដ្ឋានគតិយុទ្ធសម្រាប់ការពារសិទ្ធិពលការិនី ដើម្បីធានាដល់ការជ្រើសរើសពួកគេប្រកបដោយបទដ្ឋានរបស់អង្គការពលកម្មអន្ដរជាតិ ILO និងប្រកបដោយតម្លាភាពនិងគណនីយភាព។
លោកស្រី អ៊ីរ៉ែន ហ្វែណង់ដេស បានបញ្ជាក់ថា គួរតែមានការបង្កើតយន្ដការក្នុងតំបន់ជាពិសេសសម្រាប់បណ្ដាប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅថាអាស៊ាន ដើម្បីបង្កើតបទដ្ឋានសម្រាប់អ្នកបម្រើតាមផ្ទះ រួមទាំងធ្វើឲ្យប្រសើរឡើងក្នុងការកំណត់អត្តសញ្ញាណនៃការរំលោភបំពានលើអ្នកបម្រើតាមផ្ទះនិងអ្នកដែលរួចផុតពីការជួញដូរ។
កាលពីខែតុលា លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានសម្រេចព្យួរការជ្រើសរើស និងបញ្ជូនពលការិនីកម្ពុជាទៅកាន់ម៉ាឡេស៊ីបន្ទាប់ពីមានរបាយការណ៍ថាពលការិនីកម្ពុជារងគ្រោះដោយការរំលោភផ្លូវភេទ ការធ្វើការដោយគ្មានពេលសម្រាក និងការជ្រើសរើសដោយមានការបន្លំអាយុជាដើម។ ប្រទេសឥណ្ឌូណេស៊ី បានផ្អាកការផ្គត់ផ្គង់ស្ដ្រីអ្នកបម្រើតាមផ្ទះទៅកាន់ម៉ាឡេស៊ី បន្ទាប់ពីមានពលការិនីរបស់ខ្លួនទទួលរងការរំលោភបំពានដូចគ្នានេះ។
លោក ហូ វុទ្ធី អនុប្រធាននាយកដ្ឋានការងារនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា កម្ពុជានិងម៉ាឡេស៊ី មិនមានយន្ដការរឹងមាំដោយសារតែមានការផ្លាស់ប្ដូរមន្រ្តីផ្លូវការរបស់ម៉ាឡេស៊ីជាច្រើន។
«យើងគិតគូជាមួយប្រទេសម៉ាឡេស៊ីយូរហើយ។ មន្ដ្រីថ្នាក់ដឹកនាំដូចជារដ្ឋមន្ដ្រី រដ្ឋលេខាធិការទៅទីនោះពីរបីដង។ ហើយយើងបានពិនិត្យលើឯកសារដែលគាត់បញ្ជូនមក ហើយយើងបានបញ្ជូនទៅវិញ។ ប៉ុន្ដែកន្លងមកគាត់មានការផ្លាស់ប្ដូរច្រើនគាត់អត់បានធ្វើមកយើង។ យើងនឹងទាក់ទងគាត់ឡើងវិញ»។
លោកស្រី មួរ សុខហួរ តំណាងរាស្ដ្រគណបក្សជំទាស់សម រង្ស៊ីដែលកំពុងបំពេញបេសកម្មនៅម៉ាឡេស៊ីសម្រាប់សំណុំរឿងស្តីពីស្ដ្រីបម្រើតាមផ្ទះជនជាតិកម្ពុជា បានទទូចឲ្យក្រសួងការងារកម្ពុជាជំរុញការកាត់ទោសអ្នកទទួលខុសត្រូវរបស់ក្រុមហ៊ុនជ្រើសរើសពលការនីកម្ពុជាដែលបង្កឲ្យមានបញ្ហា។
«ក្រសួងការងារត្រូវតែជាក្រសួងដឹកមុខនៅក្នុងការមើលសាឡើងវិញនូវកំហុសនៃក្រុមហ៊ុនដែលបានពាក់ព័ន្ធមកហើយដើម្បីបញ្ជូនប្រធានក្រុមហ៊ុននោះទៅកាន់តុលាការ»។
មានក្រុមហ៊ុននាំពលការនីកម្ពុជាទៅកាន់ម៉ាឡេស៊ីចំនួនជាង៣០ក្រុមហ៊ុន។ យោងតាមសេចក្ដីថ្លែងការណ៍របស់លោកស្រីអ៊ីរ៉ែន ហ្វែណង់ដេស បានបង្ហាញថា មានគ្រួសារម៉ាឡេស៊ីជាង៤០.០០០គ្រួសារកំពុងត្រូវការអ្នកបម្រើតាមផ្ទះ៕