ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល៖​ស្ថានភាព​ការងារ​មិន​ល្អ​និង​ការងារ​ច្រើន​ហួស​ជា​មូលហេតុ​ឱ្យ​កម្មករ​សន្លប់


Des rebelles du M23 près de la ville de Bunagana. (Nicolas Pinault/VOA)
Des rebelles du M23 près de la ville de Bunagana. (Nicolas Pinault/VOA)

រយៈពេល​ចំនួន​មួយ​សប្តាហ៍​បន្ទាប់ពី​ក្រុមកម្មករ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ King Fashion បាន​ដួល​សន្លប់​ជា​បន្ត​បន្ទាប់​មន្រ្តី​រដ្ឋាភិបាល​ខ្មែរ​បាន​រកឃើញ​មូលហេតុ​ធំៗ​ចំនួនបីដែល​បណ្តាល​ឲ្យ​ក្រុម​កម្មករ​បាន​ដួល​សន្លប់។

លោក​ឡេង តុង​ ប្រធាន​នាយកដ្ឋាន​ពេទ្យ​ការងារ​របស់​ក្រសួង​ការងារ ​បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃអង្គារ​នេះ​ថា​ ការថែមម៉ោង​ច្រើន​ កង្វះ​អនាម័យ​ និង​ការដាក់តាំង​សម្ភារៈ​បាំង​ខ្យល់​ចេញចូល​ជា​មូលហេតុ ​ចម្បង ​ដែល​ធ្វើឲ្យ​ក្រុមកម្មករ​បាន​ដួល​សន្លប់​កាលពី​សប្តាហ៍​មុន។

«សំខាន់​កាលណាកន្លែង​ធ្វើការ​មួយ​ ដើម្បី​ឲ្យ​មាន​អុកស៊ីហ្សែន​គ្រប់គ្រាន់​វាត្រូវ​មាន​ខ្យល់​ត្រជាក់ ខ្យល់​ចេញ​ចូល ​ដល់​ពេល​គាត់​បាំង​ជិត​អស់​ទៅ​វាហប់ ​បញ្ហា​គាត់​ធ្វើការ​ច្រើន​ទៀត​ផង​ ក៏វា​អាច​ទន់ដៃ​ទន់ជើង។ ក៏ប៉ុន្តែ​ពេល​ដែល​យក​ទៅ​ពេទ្យ​ពេលហ្នឹង​ ឃើញ​គ្រូពេទ្យ​គ្រាន់តែ​ដាក់​សេរ៉ូម​ មាន​កម្លាំង​ទៅគាត់​ ចេញ​អស់ទៅ។ អញ្ចឹង​មាន​ន័យថា ​វាអត់​មាន​អ្វី​ធ្ងន់ធ្ងរ​ទេ»។

កាលពី​ថ្ងៃពុធ ​និង​ថ្ងៃព្រហស្បត៍​សប្តាហ៍​មុន​រយៈពេល​ពីរ​ថ្ងៃ​ជាប់ៗ​គ្នា ​មាន​ក្រុម​កម្មករ​នៃ​រោងចក្រ​ កាត់​ដេរ​ King Fashion ប្រមាណ​ជិត​២០០នាក់​ ដែល​មាន​ទីតំាង​នៅក្នុង​ខណ្ឌ​ដង្កោ ​រាជធានី​ភ្នំពេញ ​បាន​ដួល​សន្លប់​ជា​បន្ត​បន្ទាប់​ដោយ​ពុំដឹង​មូលហេតុ។

ក្រុម​មន្រ្តី​ឃ្លាំមើល​ការរំលោភ​សិទ្ធិ​ការងារ ​និង​ក្រុម​កម្មករ​មួយ​ចំនួន​បាន​សង្ស័យ​ថា​ការដួល​សន្លប់​នេះ​សង្ស័យ​បណ្តាល​មកពី​សារធាតុ​គីមី​ដែល​បាន​ភាយចេញ​ពី​ក្រណាត់​ និង​អ្នកខ្លះ​ទៀត​បាន​និយាយ​ថា​ សង្ស័យ​បណ្តាល​មកពី​ការ​ទទួលទាន​ទឹក​នៅក្នុង​រោងចក្រ។

កម្មការីនី​ម្នាក់​អាយុ​២២ឆ្នាំ​ ដែល​បាន​បម្រើ​ការងារ​នៅ​រោងចក្រ ​King Fashion រយៈពេល​មួយឆ្នាំ​មកហើយ​នោះ​និង​សុំ​មិនឱ្យ​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា ​កញ្ញា​ពុំធ្លាប់​ទទួល​រងគ្រោះ​ទេ​ កាលពី​លើក​មុន។

កញ្ញា​បាន​និយាយ​ទៀតថា​កង្វះខាត​ខ្យល់​អុកស៊ីហ្សែន​ចេញ​ចូល​ បាន​ធ្វើឲ្យ​កញ្ញា​បាន​ដួលសន្លប់​ កាលពី​សប្តាហ៍​មុន។

«ក្លិន​ប្លែក។ ​ធម្មតា​តែ​ដល់ពេល​ម៉េច​វា​ថប់ៗ​ដង្ហើម​ចេញមក​តម្រង់​ជួរ​ថប់ៗ​ដង្ហើម​ក៏​ខ្ញុំ​សន្លប់​ទៅ»។

ការដួល​សន្លប់​របស់​ក្រុម​កម្មករ​បាន​កើតមាន​ឡើង​រយៈពេល​តែមួយ​ខែ​ប៉ុណ្ណោះ ​បន្ទាប់ពី​រោងចក្រ​ កាត់ដេរ​ស្បែកជើង​មួយ​ដែល​មាន​ឈ្មោះ​ថា​ ហ៊ុយ ជៀន ​មាន​ទីតំាង​នៅក្នុង​ខណ្ឌដង្កោ​ដែរ​នោះ ​មាន​កម្មករ​ប្រមាណ​ជិត​១.០០០នាក់​ បាន​ដួលសន្លប់​ជាបន្ត​បន្ទាប់​រយៈពេល​បីថ្ងៃ​ជាប់ៗគ្នា។

លោក​មឿង តុលា ​ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈ​មណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​បាន​និយាយ​ថា​ ចាប់​តាំង​ពី​ឆ្នាំ២០១០ ​មាន​កម្មករ​ប្រមាណ​ជាង​២.០០០នាក់ ​នៅក្នុង​ខេត្ត​កំពង់ចាម ​កំពង់ឆ្នាំង​ និង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ បាន​ដួល​សន្លប់។

លោក​បាន​មាន​ប្រសាសន៍​ទៀតថា ​នៅតាម​បណ្តា​រោងចក្រ ​ដើម្បី​រក្សា​ផលិតផល​វត្ថុ​ធាតុដើម​ដូចជា​ស្បែក​ ក្រណាត់​ និង​អំបោះ​ ឲ្យ​រក្សា​ទុក​បាន​យូរ ​ម្ចាស់​រោងចក្រ ​បាន​ប្រើប្រាស់​ថ្នាំការពារ ​ដើម្បី​កុំឲ្យ​សត្វល្អិត​បំផ្លាញ។

«កម្មករ​ គឺដោយ​សារតែ​កម្លាំង​ គាត់​ក៏ធ្វើ​ការ​ជាច្រើន​ពេក​អញ្ចឹង​ទៅ ​ហើយ​របប​អាហារ​មិន​គ្រប់​ហើយ​គួប​ផ្សំ​និង​ក្លិន​ជាតិ​ថ្នាំ​ទាំងអស់​ហ្នឹង​ផង។ វា​ធ្វើឲ្យ​គាត់​សន្លប់​ ហើយ​អ្វី​ដែល​ខ្ញុំ​ចាប់អារម្មណ៍​បំផុត​ ខ្ញុំ ​អាច​និយាយ​ថា ​រោងចក្រ​ក៏ដូច​ជា​រដ្ឋាភិបាល ​គឺ​អត់​ទាន់​បាន​យក​ចិត្ត​ទុកដាក់​ឲ្យ​បាន​១០០​ភាគរយ​ទេ»។

នៅក្នុង​ប្រទេស​កម្ពុជា​មាន​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ប្រមាណ​២៧៦​រោងចក្រ ​ដែល​បាន​ចុះបញ្ជី​នៅ​ក្នុង​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា។

លោក​ជាតិ ខេមរា​ មន្រ្តី​ជាន់ខ្ពស់​នៃ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា ​បាន​មាន​ប្រសាសន៍​ថា​ក្រុមកម្មករ​មិនបាន​ពាក់ម៉ាស់​ការពារ​ទេ ​នៅពេល​បំពេញ​ការងារ​ទើប​បណ្តាល​ឲ្យ​ពួកគេ​បាន​ដួល​សន្លប់។

«ជាទូទៅ​កម្មករ​ទាំងអស់​ភាគច្រើន​ យើង​ច្រើនតែ​ចែក​ម៉ាស់​ឲ្យប្រើ ​ប៉ុន្តែ​សំខាន់​នៅ​លើ​ការណ៍​ដែល​កម្មករ​គាត់ប្រើ​ ជួនកាល​គាត់​ពាក់​នៅក្រោម​ច្រមុះ ​គាត់​មិនពាក់​លើ​ច្រមុះ ​ជួនកាល​គាត់​ថា វា​ហប់ ពិបាក​ដក​ដង្ហើម ​ការអនុវត្ត​វា​មាន​ ប៉ុន្តែ​ក្រុមហ៊ុន​តែងតែ​ចែក​ឲ្យ»។

កាលពី​សប្តាហ៍​មុន​ក្រុមហ៊ុន​ផលិតផល​ស្បែក​ជើង​ដ៏ធំ​មួយ​ដែល​មាន​ឈ្មោះ​ថា Puma​ របស់​ប្រទេស​អាល្លឺម៉ង់ ​បាន​ចេញ​របាយការណ៍​មួយ​ថា ​ការធ្វើការ​ថែម​ម៉ោង​ច្រើន ​និង​ការរំលោភ​ទៅលើ​ល័ក្ខខ័ណ្ឌ​សុវត្ថិភាព ​និង​សុខភាព​ជា​មូលហេតុ​ចំពោះ​ការដួលសន្លប់​យ៉ាងច្រើន​របស់​ក្រុម​កម្មករ​នៅ​រោងចក្រ​ផ្គត់ផ្គង់​មួយ​របស់​ប្រទេស​កម្ពុជា​កាលពី​អំឡុង​ខែ​មេសា។

ឧស្សាហកម្ម​កាត់ដេរ ​គឺ​ជា​ផ្នែកមួយ​យ៉ាង​សំខាន់​ក្នុង​ការ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​របស់​ប្រទេស​កម្ពុជា។

នៅក្នុង​ត្រីមាស​ទីមួយ​ដើម​ឆ្នាំ​២០១១​នេះ​ការនាំចេញ​សម្លៀក​បំពាក់​ទៅកាន់​សហរដ្ឋ​អាមេរិក ​បានកើន​ឡើង​ប្រមាណ​២៦% ​បើប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​២០១០។

យោងតាម​តួលេខ​របស់​ក្រសួង​ពាណិជ្ជកម្ម​ បាន​ឲ្យដឹង​ថា ​ក្នុង​ត្រីមាស​ទីមួយ​ឆ្នាំ២០១១ ​ការនាំចេញ​សម្លៀក​បំពាក់​ទៅកាន់​សហរដ្ឋ​អាមេរិក​ មាន​ទឹកប្រាក់​ប្រមាណ​៥២១​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ​ហើយ​នៅ​ក្នុង​ឆ្នាំ​២០១០​ មាន​ប្រមាណ​៤១១​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG