មន្ត្រីសាលាក្រុង Lowell និងអ្នកតំណាងសហគមន៍ខ្មែរកំពុងរៀបចំគម្រោងបង្កើតទីក្រុងខ្មែរ ឬភូមិខ្មែរនៃក្រុងLowell ដែលមានពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរជាង៣ម៉ឺន៥ពាន់នាក់រស់នៅ។
កាលពីថ្ងៃព្រហស្បតិ៍ទី៣១មិនានេះ ក្រុមមន្ត្រីសាលាក្រុងLowell រដ្ឋមាស្សាឈូសែសបានមកធ្វើបទបង្ហាញនៅមជ្ឈមណ្ឌលគាំពារសុខភាពមនុស្សចាស់នៃទីក្រុងLowell បកស្រាយអំពីគម្រោងបង្កើត Little Cambodia គឺទីក្រុងខ្មែរ ភូមិវប្បធម៌ខ្មែរ ឬភូមិខ្មែរនៃក្រុងLowellដែលមានជនជាតិខ្មែររស់នៅជាង៣ម៉ឺន៥ពាន់នាក់។
នាយកគ្រប់គ្រងទីក្រុងLowell លោក Bernard Lynch បានដឹកនាំមន្ត្រីសាលាក្រុងមកធ្វើបទបង្ហាញ និងសួរយោបល់ពលរដ្ឋខ្មែរអាមេរិកាំងជិត១០០នាក់អំពីគម្រោងអភិវឌ្ឍន៍នេះ។
«ម្ចាស់ហាងជាច្រើនចង់កែលម្អកន្លែងរកស៊ីឲ្យមានលក្ខណជាខ្មែរ។ ខ្ញុំគិតថា ដើម្បីឲ្យគម្រោងក្រុងខ្មែរនេះបានជោគជ័យ ម្ចាស់ហាងអាចជួយយើងប្រមូលបច្ច័យ ព្រោះមានអ្នកខ្លះចង់ដាក់រូបចម្លាក់ដែលត្រូវចំណាយលុយទិញ»។
កន្លងមកសាលាក្រុងបានចំណាយប្រហែល៣០ម៉ឺនដុល្លារ ហើយវាយតម្លៃថា ក្នុងតំណាក់កាលចាប់ផ្តើម សាលាក្រុង Lowellនឹងចំណាយរវាង៦០ម៉ឺន ឬ៧០ម៉ឺនដុល្លារ គួបផ្សំនឹងភាគទានពីសហគមន៍ពាណិជ្ជករខ្មែរ។ គម្រោងនេះនឹងចាប់ផ្តើមក្នុងពេលយ៉ាងយូរ៣ខែទៀត។
ក្នុងពេលធ្វើបទបង្ហាញនេះ ជំនួយការរបស់នាយកគ្រប់គ្រងទីក្រុងLowell លោក Adam Baccke មានប្រសាសន៍ថា «នេះគឺជាគម្រោងបង្កើតក្រុងខ្មែររបស់យើង។ ទីមួយនឹងមានការដាក់ស្លាកសញ្ញាសម្គាល់ ដូចជាខ្លោងទ្វារសម្គាល់ថា ហ្នឹងគឺជាខ្លោងទ្វារចូលក្រុងខ្មែរ ឬក៏អ្វីផ្សេងៗ ដែលមានរចនាបថជាខ្មែរ»។
លោក Bacckeបន្តថា សាលាក្រុងនិងសហគមន៍ខ្មែរគួររៀបចំកម្មវិធីវប្បធម៌ កម្មវិធីកម្សាន្តផ្សេងៗដើម្បីផ្សព្វផ្សាយ និងទាក់ទាញចំណាប់អារម្មណ៍ចំពោះគម្រោងនេះ។
លោករ៉ាស៊ី អាន នាយកប្រតិបត្តិនៃសមាគមខ្មែរក្រុងLowell មានប្រសាសន៍ថា «ប្រជាជនមួយណាក៏ដោយដែលបានចូលរួមក្នុងប្រជុំនេះ ចង់ឃើញកន្លែងសង្គមខ្មែរឲ្យស្អាត។ សហគមន៍ខ្មែរនឹងមានផលប្រយោជន៍ច្រើន ដូចជាមុខរបររកស៊ីអាចរីកចម្រើន។ បើយើងមានប្រជាជនមកនៅច្រើនទៅ ក៏គេបានពន្ធច្រើនដែរ។ នេះជាចំណុចសំខាន់»។
អ្នកចូលរួមទាំងអស់សម្តែងការអបអរសាទរចំពោះគម្រោងនេះ។
លោកឈួរ ហេង អាយុ៥៤ឆ្នាំ បានប្តេជ្ញាថា «រួមចំណែកជួយ។ លុយខ្ញុំសុំស្ម័គ្រចិត្តជួយមុនគេ។ បើច្រើនអត់មានទេ តែបើល្មមរត់រួច ខ្ញុំស្ម័គ្រចិត្តជួយ។ សូមអរគុណ អស់យោបល់»។
អ្នកស្រីហាក់ ស៊ីផន មានប្រសាសន៍ថា «ខ្ញុំត្រេកអរណាស់ដែលបានគេធ្វើអញ្ចឹង សប្បាយចិត្ត។ គេចង់បានយោបល់យើង»។
រីឯអ្នកស្រី ដាយអិន ហាំងបន្ថែមថា៖
«ខ្ញុំគាំទ្រ១០០%»។
ខ្មែរម្ចាស់ហាងជាច្រើនចាប់អារម្មណ៍នឹងគ្រោងនេះ ហើយចង់កែលម្អកន្លែងរកស៊ីរបស់ខ្លួន ឲ្យមានលក្ខណៈជាខ្មែរ។
លោករ៉ាស៊ី អានពន្យល់ថា ម្ចាស់ហាងត្រូវលើកគម្រោងកែលម្អ ឬគម្រោងអភិវឌ្ឍន៍កន្លែងរកស៊ីរបស់ខ្លួនជូនទៅសាលាក្រុង។
«សាលាក្រុងបានជម្រាបថា ដើម្បីឲ្យកិច្ចការនេះរីកចម្រើន គេត្រូវការឲ្យអ្នកណាចង់ចូលរួមខាងហ្នឹង ដូចជាយើងមានមុខរបររកស៊ីអ្វីមួយ យើងចង់ធ្វើឲ្យហាងយើងមានរចនាស្អាត យើងត្រូវចំណាយ២០% សាលាក្រុងចំណាយ៨០%»។
អ្នកស្រីម៉ាលី ម្ចាស់ហាងលក់ទំនិញ និងភោជនីយដ្ឋានប៉ៃលិន មានប្រសាសន៍ថា «ខ្ញុំពេញចិត្តណាស់ក្មួយ។ ខ្ញុំគិតថា បើគេអត់ចេញ ក៏ខ្ញុំនៅតែធ្វើ។ យើងចង់បានកន្លែងហ្នឹងស្អាត ចង់បានកន្លែងហ្នឹងជាខ្មែរ។ ប៉ុន្តែដល់ឥឡូវសាលាក្រុងគេចាប់ផ្តើមធ្វើអញ្ចឹង ដូចថា ការស្រមៃរបស់យើងបានសម្រេច»។
ម្ចាស់ហាងដែលរវល់ មិនមានពេលមកចូលរួមស្តាប់គម្រោងអភិវឌ្ឍន៍នេះក៏បានសម្តែងការគាំទ្រដែរ។
លោកយុទ្ធគឺជាម្ចាស់ហាង7 Video ស្ថិតក្នុងតំបន់គម្រោងអភិវឌ្ឍន៍នេះ។
«វាជាមោទនភាពសម្រាប់ប្រជាជនខ្មែររស់នៅទីក្រុងLowellផងដែរ ដែលមានទីក្រុងខ្មែរ»។
លោកអ៊ូ សុវណ្ណ មន្ត្រីកុងស៊ូខ្មែរប្រចាំក្រុង Lowell សម្តែងក្តីសង្ឃឹមថា ការបង្កើតក្រុងខ្មែរនេះនឹងជួយពង្រីកទំនាក់ទំនងជំនួញរវាងជនជាតិខ្មែរនៅក្រុង Lowell និងពាណិជ្ជករខ្មែរនៅស្រុកខ្មែរ។«ការបង្កើតក្រុងខ្មែរហ្នឹងមានសារៈប្រយោជន៍ ជាពិសេស ថ្មីៗនេះអាជីវករយើងទើបចាប់ផ្តើមនាំអង្ករខ្មែរចូលទីក្រុងដែលមានខ្មែររស់នៅ ដូចជាក្រុងLowellនេះតែម្តង»។
លោករស់ វង្ស ប្រធានមជ្ឈមណ្ឌលគាំពារសុខភាពមនុស្សចាស់នៃក្រុងLowellពន្យល់អំពីមូលហេតុមកធ្វើបទបង្ហាញនៅមជ្ឈមណ្ឌលនេះ។
«យើងទទួលស្គាល់ថា ចាស់ៗដឹកនាំកូនខ្មែរ។ ដូច្នេះហើយគាត់មកទីក្រុងនេះ៣០ឆ្នាំហើយ ហើយគាត់ធ្វើការច្រើន។ គាត់រត់ យកក្មេងជំនាន់ខ្ញុំមក គេចគ្រាប់ គេចអម្បែង ទម្រាំមកដល់ស្រុកនេះ។ដូច្នេះហើយ បើគេបង្កើត Little Cambodiaក្នុងទីក្រុងLowell គេគួរមកទីនេះ ព្រោះចាស់ៗយើងនេះជាអ្នកមេដឹកនាំ»។
អ្នកចូលរួមទាំងអស់មានមោទនភាពនឹងគម្រោងនេះ ហើយគេចាប់អារម្មណ៍ជាពិសេសទាក់ទងនឹងការរៀបចំឲ្យមានរចនាបថវប្បធម៌ខ្មែរនៅទីក្រុងខ្មែរ ឬភូមិខ្មែរនេះ៕