ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រឹទ្ធសភា​និង​រដ្ឋសភា​កម្ពុជា​នឹង​បោះឆ្នោត​រើស​អ្នកតំណាង​នៅ​ក្រុម​ប្រឹក្សា​ប្រឆាំង​អំពើ​ពុករលួយ


ព្រឹទ្ធសភា ​និង​រដ្ឋសភា​កម្ពុជា​ គ្រោង​នឹង​បោះ​ឆ្នោត​ជ្រើស​រើស​បេក្ខជន​១​រូប​ ដែល​មិន​មែន​ជា​សមាជិក​ព្រឹទ្ធសភា​និង​រដ្ឋសភា​ ឱ្យ​ធ្វើ​ជា​អ្ន​ក​តំណាង​របស់​ខ្លួន​នៅ​ក្រុម​ប្រឹក្សា​ប្រឆាំង​អំពើ​ពុករលួយ​នៅ​ថ្ងៃ​អង្គារ​នេះ។

លោក​ ជន សក្តា ជូន​សេចក្តី​រាយការណ៍​ដូច​ត​ទៅ៖

បេក្ខជន ៦​ រូប​សម្រាប់​តំណាង​រដ្ឋសភា​នៅ​ក្នុង​ក្រុម​ប្រឹក្សា​ប្រឆាំង​អំពើ​ពុក​រលួយ​ រួម​មា​ន​លោក​ តុប សំ​ អតីត​សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ ទំនង​នឹង​បាន​ទទួល​ការ​យល់​ព្រម​ពី​សមាជិក​រដ្ឋសភា។

បេក្ខជន ១០​ រូប​ សម្រាប់​តំណាង​ព្រឹទ្ធសភា​នៅ​ក្នុង​ក្រុម​ប្រឹក្សា​ប្រឆាំង​អំពើ​ពុក​រលួយ​រួម​មាន​ លោក​ ប្រាក់ សុខ​ អតីត​សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ ទំនង​នឹង​បាន​ទទួល​ការ​យល់​ព្រម​ពី​ព្រឹទ្ធសភា។

បេក្ខជនទាំង​នេះ​ បាន​ដាក់​ពាក្យ​សុំ​ធ្វើ​ជា​សមាជិក​ក្រុម​ប្រឹក្សា​ប្រឆាំង​អំពើ​ពុក​រលួយ​ តាម​រយៈ​ការ​ប្រកាស​ជ្រើស​រើស​ជា​សាធារណៈ​របស់​រដ្ឋសភា​ និង​ព្រឹទ្ធសភា​នៅ​ក្នុង​ខែ​ឧសភា។​ ច្បាប់​ប្រឆាំង​ អំពើ​ពុក​រលួយ​ ដែល​បាន​អនុម័ត​ដោយ​រដ្ឋសភា​ និង​ព្រឹទ្ធសភា​ នឹង​ត្រូវ​បាន​ឡាយ​ព្រះ​ហស្ថលេខា​ដោយ​ព្រះ​មហាក្សត្រ​នៅ​ក្នុង​ខែ​មេសា​ ហើយ​នឹង​ចូល​ជា​ធរមាន​នៅ​ក្នុង​ខែ​វិច្ឆិកា។

ការ​ជ្រើស​រើស​នេះ​ តម្រូវ​ឱ្យ​បេក្ខជន​មាន​សញ្ញាតិ​ខ្មែរ​ពី​កំណើត​ សីលធម៌​ល្អ​ និង​កេរ្ត៏​ឈ្មោះ​ស្អាត​ស្អំ​ មិន​មាន​ទោស​មជ្ឈឹម​ ឬ​ ឧក្រឹដ្ឋ​ ឬ​ មិន​មាន​ក្ស័យ​ធន​ មាន​សញ្ញាបត្រ័​ចាប់​ពី​ឧត្តម​សិក្សា​ឡើង​ទៅ​ មាន​បទ​ពិសោធន៏​ ១០​ ឆ្នាំ​ និង​មាន​អាយុ​ ៤៥​ ឆ្នាំ។

សមាជិក​ក្រុម​ប្រឹក្សា​ប្រឆាំង​អំពើ​ពុក​រលួយ​ជ្រើស​រើស​ថ្មី​ដែល​តំណាង​ ព្រឹទ្ធសភា​ និង​រដ្ឋសភា​ នឹង​ត្រូវ​បញ្ចូន​ទៅ​រដ្ឋាភិបាល​ ដើម្បី​ដាក់​ចូល​នៅ​ក្នុង​បញ្ចី​រួម​ជា​មួយ​តំណាង​ផ្សេងៗ​ មក​ពី​ព្រះមហាក្សត្រ​ ព្រឹទ្ធសភា​ រដ្ឋាភិបាល​ អាជ្ញាធរ​សវនកម្ម​ជាតិ​ ក្រសួង​ទំនាក់​ទំនង​រដ្ឋសភា​និង​ព្រឹទ្ធសភា​ និង​អធិការកិច្ច​ ក្រុម​ប្រឹក្សា​អ្នក​ច្បាប់​ ក្រុម​ប្រឹក្សា​កំណែ​ទម្រង់​ច្បាប់​ និង​ប្រព័ន្ធ​តុលាការ​ ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​ គណៈកម្មការ​សិទ្ធិ​មនុស្ស​កម្ពុជា​ និង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ដើម្បី​ស្នើ​សុំ​ព្រះ​មហាក្សត្រ​ឡាយ​ព្រះ​ហស្ថលេខា​លើ​ព្រះ​រាជក្រឹត្យ​តែង​តាំង​ជា​ផ្លូវការ។

ក្រុម​ប្រឹក្សា​នេះ​មាន​ភារកិច្ច​កសាង​យុទ្ធសាស្ត្រ​និង​នយោបាយ​ប្រយុទ្ធ​ប្រឆាំង ​អំពើ​ពុក​រលួយ​ ពិគ្រោះ​យោបល់​ និង​ផ្តល់​អនុសាសន៏​ដល់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ជាប់​ពាក់​ព័ន្ធ​នឹង ​ការងារ​ប្រយុទ្ធ​ ប្រឆាំង​អំពើ​ពុក​រលួយ​ ឃ្លាំ​មើល​ដំណើរ​ការ​ការងារ​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​ធ្វើ​របាយការណ៏​ប្រចាំ​ឆមាស​ និង​ប្រចាំ​ឆ្នាំ​ជូន​លោក​នាយក​រដ្ឋមន្ត្រី។

លោក ​ជាម យៀប​ ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នៃ​រដ្ឋសភា​ខាង​គណបក្ស​ ប្រជាជន​ កម្ពុជា​បាន​ថ្លែង​ថា​ បេក្ខជន​ទាំង​៦​រូប​នេះ​សុទ្ធ​តែ​មាន​សមត្ថភាព​ភាព​ស្អាត​ស្អំ​ ប្រវត្តិរូប​ល្អ​ បទ​ពិសោធន៏​គ្រប់​គ្រាន់​ និង​ជីវភាព​សមរម្យ​ ប៉ុន្តែ​យើង​ត្រូវការ​ជ្រើស​រើស​យក​បេក្ខជន​ឆ្នើម​ជាង​គេ​១​រូប​ ក្នុង​ចំណោម​បេក្ខជន​៦​រូប។

"ខ្ញុំ​មើល​ឃើញ​ឯកឧត្តម​ ប៉ុក សំ​ មាន​បរិញ្ញាបត្រ័​ផ្នែក​ច្បាប់​ពាណិជ្ជកម្ម​ និង​បទ​ពិសោធន៏​របស់​គាត់​ អាច​យក​ជា​ការ​បាន​សម្រាប់​ចូល​ជា​សមាជិក​នៃ​ក្រុម​ប្រឹក្សា​ប្រឆាំង​អំពើ​ ពុក​រលួយ​បាន។​ ខ្ញុំ​មាន​ការ​ជឿ​ជាក់​ជាង​គេ​ ថា​គាត់​ជា​បុគ្គល​ដែល​មាន​សមត្ថភាព​ លទ្ធភាព​ស្អាតស្អំ​ ប្រវត្តិរូប​ល្អ​ និង​ជីវភាព​រស់នៅ​សមរម្យ។​ ក្នុង​ចំណោម​អ្នក​ល្អ​ទាំង​អស់​នោះ​ យើង​រក​អ្នក​ណា​ម្នាក់​ដែល​ឆ្អើត​ជាង​គេ​តែ​ប៉ុណ្ណឹង​ទេ"។

ក្រុម​មន្ត្រី​ព្រឹទ្ធសភា​និង​រដ្ឋសភា​ បាន​បញ្ចាក់​ថា​ ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​តម្រូវ​ឱ្យ​ព្រឹទ្ធសភា​ និង​រដ្ឋសភា​ជ្រើស​រើស​ឥស្សរជន​១​រូប​រៀង​ៗ​ខ្លួន​ ដើម្បី​ធ្វើ​ជា​អ្នក​តំណាង​នៅ​ក្នុង​ក្រុម​ប្រឹក្សា​ប្រឆាំង​អំពើ​ពុករលួយ។

មន្ត្រីទាំង​នេះ​ បាន​បន្ត​ថា​ ឥស្សរជន​នេះ​មិន​កំណត់​ថា​ជា​សមាជិក​ព្រឹទ្ធសភា​និង​រដ្ឋសភា​ទេ។​ ប៉ុន្តែ​ មនុស្ស​ណា​ក៏​ដោយ​ដែល​ព្រឹទ្ធសភា​និង​រដ្ឋសភា​សម្តែង​ការ​ជឿ​ទុក​ចិត្ត​ នឹង​បាន​ក្លាយ​ទៅ​ជា​សមាជិក​ក្រុម​ប្រឹក្សា​ប្រឆាំង​អំពើ​ពុក​រលួយ៕

XS
SM
MD
LG