ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​សភា​កម្ពុជា​ម្នាក់​ស្នើ​ពិនិត្យ​គម្រោង​ដែល​ផ្តល់​ថវិកា​ដោយ​ជប៉ុន


ព្រះមហាក្សត្រខ្មែរនរោត្តមសីហមុនី​ (ឆ្វេង) ព្រះចៅ​អធិរាជ​ជប៉ុន​ អាគីហ៊ីតុ (Akihito) (ស្តាំ)និង​អធិរាជនី (Michiko) (កណ្តាល) យាងទៅកាន់ពិធីស្វាគមន៍​មួយនៅវិមាន Imperial Palace ក្នុងទីក្រុងតូក្យូ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១០។ ក្នុង​ឆ្នាំ​២០០៧ ជប៉ុន​បាន​ផ្តល់​
ព្រះមហាក្សត្រខ្មែរនរោត្តមសីហមុនី​ (ឆ្វេង) ព្រះចៅ​អធិរាជ​ជប៉ុន​ អាគីហ៊ីតុ (Akihito) (ស្តាំ)និង​អធិរាជនី (Michiko) (កណ្តាល) យាងទៅកាន់ពិធីស្វាគមន៍​មួយនៅវិមាន Imperial Palace ក្នុងទីក្រុងតូក្យូ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១០។ ក្នុង​ឆ្នាំ​២០០៧ ជប៉ុន​បាន​ផ្តល់​

នៅ​ថ្ងៃ​អង្គារ​នេះ លោក​ឈាង​ វុន​ ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស​នៃ​រដ្ឋសភាបាន​ស្នើ​គណៈកម្មាធិការជាតិ​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​ ឱ្យ​ពិចារណា​លើ​ការ​ផ្តល់​ប្រាក់​ជំនួយ​របស់​ជប៉ុន​ទៅ​ឱ្យ​បណ្តា​ខេត្ត​តំបន់​ត្រីកោណ​ ដើម្បី​ពន្លឿន​ការ​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​នានា​នៅ​តំបន់​ត្រីកោណ​ដោយ​លោក​ខ្លាចក្រែង​ជប៉ុន​ដក​យក​ប្រាក់​ទាំង​នោះ​ទៅ​វិញ។

ការស្នើ​យោបល់​នេះ​បាន​ធ្វើឡើង​ខណៈ​ដែល​កម្ពុជា​កំពុង​ចាប់​ផ្តើម​ចំណាយ​ប្រាក់​ជំនួយ​របស់​ជប៉ុន​ចំនួន​ជាង​២,៤​លាន​ដុល្លារ​អាមេរិក​នៃ​ជំនួយ​សរុប​៧,៥លាន​ដុល្លារ​អាមេរិក​សម្រាប់​ការ​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ចំនួន​ដប់​នៅក្នុង​ខេត្ត​រតនគី​រី ខេត្ត​មណ្ឌលគីរី​ និង​ខេត្ត​ស្ទឹងត្រែង​ ខណៈ​ដែល​ឡាវនិង​វៀតណាម​បាន​ចំណាយ​អស់​ប្រាក់​ជំនួយ​ជប៉ុន​ហើយ។

ក្នុង​ឆ្នាំ​២០០៧ ជប៉ុន​បាន​ផ្តល់​ជំនួយ​ឥត​សំណង​ចំនួន​៧,៥​លាន​ដុល្លារ​អាមេរិក​ដល់​កម្ពុជា​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ចំនួន១០។ ឡាវ​មាន​គម្រោង​អភិវឌ្ឍន៍​ចំនួន​ប្រាំ​ដោយ​ទទួល​បាន​ថវិកា​ចំនួន​៧,៥​លាន​ដុល្លារ​អាមេរិក ហើយ​វៀតណាម​ទទួល​បាន​ប្រាក់​ចំនួន​៣,៥​លាន​ដុល្លារ​អាមេរិក​សម្រាប់​ប្រាំពីរ​គម្រោង។

លោក​ឈាង​ វុន​ ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស​នៃ​រដ្ឋសភា​បាន​ថ្លែង​ក្នុង​ជំនួប​ជាមួយ​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តំបន់​ត្រីកោណ​ថា​ លោក​នឹង​ខំប្រឹង​ខ្នះខ្នែង​ដើម្បី​ឱ្យ​ប្រទេស​ជប៉ុន​យោគយល់​ពី​បញ្ហា​ជំនួយ​នេះ។ លោក​ឈាង​ វុន​ បានបញ្ជាក់​ថា​ លោក​ប្រាថ្នា​ចង់​ឱ្យ​ការ​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​នៅ​តំបន់​ត្រឹកោណ​របស់​កម្ពុជា​ ត្រូវ​បាន​ដំណើរការ​ទៅ​ដូច​ប្រទេស​វៀតណាម​និង​ប្រទេស​ឡាវ​ដែរ។ លោក​ថ្លែង​ដូច្នេះ​ថា៖

«រឿង​ដែល​យើង​ពិបាក​ ក្រែងលោ​ការគ្រប់​គ្រង​ប្រាក់​មិន​បាន​រលូន​ ឬ​យ៉ាង​ម៉េច​ ឬ​ការមិន​ផ្តល់​សិទ្ធិ​ជូន​ខេត្ត​ឬ​យ៉ាង​ម៉េច។ ទាំងអស់​នេះ​គួរ​តែ​ជជែក​គ្នា​ដែរ។ ខ្ញុំ​ស្នើ​ឱ្យ​ធ្វើ​ការ​សិក្សា​មើល​ថា​តើ​យើង​អាច​ធ្វើ​វិសមជ្ឈការ​រឿង​ថវិកា​ឱ្យ​ទៅ​ខេត្ត​ទាំង​បួន។ អ្វី​ដែល​ជា​គម្រោង​របស់​គាត់​ ឱ្យ​គាត់​ក្តោប​ខ្លួន​ឯង​តែ​ម្តង​ យើង​ត្រួតពិនិត្យ​លើ​ការអនុវត្ត​គម្រោង​នោះ​ទៅ​វិញ។ ជប៉ុន​អត់​បាន​ទេ។ បើ​កាលណា​គេ​ដឹង​ថា មាន​បញ្ហា​ផ្ទៃ​ក្នុង​របស់​យើង​ ជប៉ុន​មិន​លូក​ដៃ​ចូល​ទេ​ ហើយ​បើ​ប្រាក់​មក​គេដក​ទៅ​វិញ»។

លោក​ ស៊្រុន​ តារា​ អនុ​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​អនុគណៈកម្មការ​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​បាន​ថ្លែង​ប្រាប់​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា​ថា​ ការ​យឺតយ៉ាវ​ក្នុង​ការ​ប្រើ​ប្រាស់​ជនួយ​នេះ​បាន​បណ្តាល​មក​ពី​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​គ្មាន​សិទ្ធិ​ប្រើប្រាស់​ជំនួយ​នេះ​ដោយ​ផ្ទាល់​ ហើយ​ការ​ប្រើ​ប្រាស់​ជំនួយ​នេះ​ធ្វើ​ឡើង​តាម​នីតិវិធី​របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ។ លោកស៊្រុន​ តារា​ បាន​បញ្ជាក់​ថា​ ក្នុង​ចំណោម​គម្រោង​ដប់​របស់​កម្ពុជា​ ជប៉ុន​បាន​ទទួល​យក​គម្រោង​អភិវឌ្ឍន៍​ចំនួន​បួន​ជា​ផ្លូវការ​ និង​បាន​បដិសេធ​គម្រោង​ចំនួន​ពីរ ហើយ​គម្រោង​បួន​ទៀត​កំពុង​ចរចា។

«សរុប​សេចក្តី​មក ដល់​ម៉ោង​នេះ​ គម្រោង​កំពុង​តែ​ដំណើរ​ការ​សាងសង់​មាន​តែ​បួន​គម្រោង​ទេ​ ក្នុង​ចំណោម​ដប់​គម្រោង។ គម្រោង​ចំនួន​ពីរ​ធ្លាក់​ និង​នៅ​សល់​ប្រាំបី​គម្រោង​ ដោយ​បួន​គម្រោង​កំពុង​ចាប់ផ្តើម​ និង​បួន​គម្រោង​ទៀត​កំពុងស្ថិត​នៅ​ក្នុង​ការចរចា​យ៉ាង​តឹង​តែង​ ហើយ​ក៏​ប្រហែល​ជា​អាច​មាន​បញ្ហា។ នេះ​ជា​គម្រោង​ជំនួយ​របស់​ប្រទេស​ជប៉ុន»។

លោក​ ស៊្រុន​ តារា បានបន្ត​ថា គម្រោង​បួន​កំពុង​ដំណើរការ​រួម​មាន​គម្រោង​សាងសង់​ផ្លូវ​គ្រួស​ក្រហម​ពី​ខេត្ត​ព្រះវិហារ​ដល់​ខេត្ត​ស្ទឹងត្រែង​ដែល​មាន​ទឹកប្រាក់​៩៨៥.០០០​ដុល្លារ​អាមេរិក គម្រោង​សាង​សង់​ផ្លូវ​គ្រួស​ក្រហម​ប្រវែង​១៩​គីឡូ​ម៉ែត្រ​ក្នុង​ខេត្ត​រតនគីរី​ដែល​មាន​ទឹក​ប្រាក់​៤៧៥.០០០​ដុល្លារ​អាមេរិក ​គម្រោង​សាង​សង់​អន្តេវាសិកដ្ឋាន​សម្រាប់​វគ្គ​បំពាក់​បំប៉ន​គ្រូ​បង្រៀន​ក្នុង​ខេត្ត​រតនៈគីរី​ដែល​មាន​ទឹក​ប្រាក់​៣៥៨.០០០​ដុល្លារ​អាមេរិក ​និង​គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សាលា​បឋម​សិក្សា​ក្នុង​ខេត្ត​ទាំង​បី​នៃ​តំបន់​ត្រីកោណ​ដែល​មាន​ទឹក ប្រាក់​៦០០.០០០​ដុល្លា​រអាមេរិក។

យោង​តាម​លោក ស៊្រុន​ តារា គម្រោង​ដែល​ត្រូវ​បាន​បដិសេធ​ រួមមាន​គម្រោង​អភិរក្ស​របស់​ក្រសួង​កសិកម្ម​នៅ​មណ្ឌលគីរី​ដែល​មាន​ទឹកប្រាក់​៨៦០.០០០​ដុល្លារ​អាមេរិក និង​គម្រោង​អប់រំ​បរិស្ថាន​របស់​ក្រសួង​បរិស្ថាន​ដែល​មាន​ទឹកប្រាក់​ដល់​៣៣០.០០០​ដុល្លារ​អាមេរិក។ លោក​ ស៊្រុន​ តារា​ បានបន្ត​ថា​គម្រោង​ដែល​កំពុង​ចរចា​ រួមមាន​គម្រោង​វារី​អគ្គីសនី​ខ្នាត​តូច​ និង​គម្រោង​ទឹក​ស្អាត​ចំនួន​ពីរ​ដែល​មាន​ទឹក ប្រាក់​ជាង៣.០០០.០០០​ដុល្លារ​អាមេរិក ​ព្រមទាំង​គម្រោង​សាងសង់​ផ្លូវ​សម្រាប់​ទេសចរណ៍​ដែល​មាន​ទឹកប្រាក់​៧៥០.០០០​ដុល្លារ​អាមេរិក។

XS
SM
MD
LG