លោកស្រី មួរ សុខហួរ តំណាងរាស្ត្រគណបក្សប្រឆាំង បានបញ្ជូនពាក្យបណ្តឹងជាផ្លូវការជាលើកដំបូងទៅកាន់គណៈកម្មាធិការសិទ្ធិមនុស្សនៃរដ្ឋសភារបស់ប្រទេសម៉ាឡេស៊ីនៅថ្ងៃច័ន្ទនេះ ដើម្បីទាមទារឱ្យមានការស៊ើបអង្កេតទៅលើករណីពលការិនីខ្មែរស្លាប់។
ពៅ និច អាយុ១៨ឆ្នាំ ដែលត្រូវបានបញ្ជូនឱ្យទៅបម្រើការតាមផ្ទះនៅប្រទេសម៉ាឡេស៊ី ក្នុងខែសីហា ឆ្នាំ២០១១ បានស្លាប់ដោយគេអះអាងថា បានលេបថ្នាំខុស។ ពៅ និច ដែលជាពលការិនីខ្មែរបម្រើការតាមផ្ទះម្នាក់ក្នុងចំណោម១១នាក់ បានស្លាប់នៅប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ២០១១នេះ។
លោកស្រីមួរ សុខហួរ តំណាងរាស្ត្រគណបក្សសម រង្ស៊ី បានថ្លែងប្រាប់សន្និសីទកាសែតនៅវិមានរដ្ឋសភាថា នេះគឺជាផ្នែកមួយនៃបញ្ហាដ៏ធំធេងជុំវិញការរំលោភបំពានសិទ្ធិមនុស្សលើពលការិនីខ្មែរបម្រើការតាមផ្ទះនៅប្រទេសម៉ាឡេស៊ី ហើយភាពមិនច្បាស់លាស់នៃការស្លាប់នេះទាមទារឱ្យមានការស៊ើបអង្កេតតាមពាក្យបណ្តឹងនៃការរំលោភបំពានសិទ្ធិមនុស្សនេះ។
«ខ្ញុំសូមឱ្យគណៈកម្មាធិការសិទ្ធិមនុស្សនៃប្រទេសម៉ាឡេស៊ីធ្វើការស៊ើបអង្កេត (ករណីស្លាប់នេះ) ទៅតាមកាតព្វកិច្ចរបស់ខ្លួន និងសូមផ្តល់នូវរបាយការណ៍ឱ្យច្បាស់លាស់ពីការស្លាប់នៃករណីនេះ។ ខ្ញុំ ក្នុងនាមជាតំណាងរាស្ត្រ បានជួបឪពុកម្តាយសព ហើយឪពុកម្តាយសពដាក់ពាក្យបណ្តឹង។ ខ្ញុំត្រូវតែបន្តពាក្យបណ្តឹងនេះទៅគណៈកម្មាធិការនេះ»។
ពលការិនីខ្មែរបម្រើការតាមផ្ទះនៅប្រទេសម៉ាឡេស៊ីបានទទួលរងការធ្វើទារុណកម្ម ការបរិភោគមិនគ្រប់គ្រាន់ ការរំលោភផ្លូវភេទ ការបង្ខំឱ្យធ្វើការគ្មានថ្ងៃឈប់សម្រាក និងការបើកប្រាក់ខែមិនបានពេញលេញ។
លោកស្រីមួរ សុខហួរបានបញ្ជាក់ថា លោកស្រីបានផ្ញើរពាក្យបណ្តឹងដំបូង ជូនទៅលោក Muhammad Sha’ ani Bin Abdullah ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សសភាម៉ាឡេស៊ីតាមអ៊ីម៉ែល និងតាមប្រៃសណីយ៍នៅថ្ងៃនេះ។
វីអូអេបានព្យាយាមទាក់ទងសុំអត្ថាធិប្បាយពីលោក Muhammad តែមិនអាចទាក់ទងបានទេ។ មន្ត្រីព័ត៌មានស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជាបានបដិសេធមិនព្រមធ្វើការអត្ថាធិប្បាយទេ។
លោកជីវ ផល្លី អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការការពារអនីតិជននៃក្រសួងមហាផ្ទៃ បានថ្លែងថា បន្ទាប់ពីបានទទួលពាក្យបណ្តឹងរបស់គ្រួសារសព នាយកដ្ឋានរបស់លោកបានស្នើសុំទៅស្ថានទូតកម្ពុជាប្រចាំនៅម៉ាឡេស៊ី ឲ្យសហការជាមួយអាជ្ញាធរម៉ាឡេស៊ី ដើម្បីបញ្ជាក់ឡើងវិញអំពីមូលហេតុនៃការលេបថ្នាំស្លាប់នេះបណ្តាលមកពីកត្តាអ្វី ហើយថ្នាំអ្វីដែលសពបានលេប។
«យើងជួយគាត់ដើម្បីរកការណ៍ពិត ប៉ុន្តែការណ៍ដែលជួយហ្នឹង យើងអត់មានវិសាលភាពពង្រីកអំណាចយើងទៅស៊ើបអង្កេតនៅប្រទេសម៉ាឡេស៊ីបានទេ។ ការធ្វើការស៊ើបអង្កេតរបស់យើងស្នើសុំទៅស្ថានទូត (កម្ពុជាប្រចាំនៅម៉ាឡេស៊ី) ហើយសុំឱ្យស្ថានទូតជួយទំនាក់ទំនងជាមួយខាងអាជ្ញាធរនៅប្រទេសម៉ាឡេស៊ី នៅទីតាំងដែលគាត់បានស្លាប់ ដើម្បីរក ថាតើការស្លាប់របស់គាត់ពិតជាស្លាប់ដោយលេបថ្នាំ រឿងរ៉ាវមុនលេបថ្នាំ កត្តាអ្វីខ្លះ ដែលនាំឱ្យគាត់លេបថ្នាំស្លាប់»។
លោកអាន ប៊ុនហាក់ ប្រធានសមាគមភ្នាក់ងារជ្រើសរើសពលករកម្ពុជា បានថ្លែងថា លោកបានសាទរដល់សកម្មភាពរបស់រដ្ឋាភិបាល និងតំណាងរាស្ត្រគណបក្សប្រឆាំង សំដៅជំរុញស្វែងរកមូលហេតុពិតនៃការស្លាប់ពលការិនីខ្មែរបម្រើការតាមផ្ទះនៅម៉ាឡេស៊ីដែលជាសញ្ញាវិជ្ជមានឆ្ពោះទៅការពារសិទ្ធិរបស់ពលការិនីខ្មែរ។
«យើងស្វាគមន៍ចំពោះអ្វី ដែលជាការចង់ដឹង ចង់ឮរបស់លោកជំទាវមួរ សុខហួរ ប៉ុន្តែករណីនេះ ខ្ញុំគិតថា មិនមែនមានតែលោកជំទាវម្នាក់ឯងនោះទេ ដែលយកចិត្តទុកដាក់។ យើងក៏បានទាមទារឱ្យគេជួយផ្តល់ជូនឯកសារមួយចំនួនទៀតដើម្បីបំពេញបន្ថែមទៅលើអ្វីដែលជាចម្ងល់ដែរ»។
ពលការិនីខ្មែរបម្រើការតាមផ្ទះចំនួន១១នាក់បានស្លាប់នៅប្រទេសម៉ាឡេស៊ីក្នុងឆ្នាំ២០១១នេះ ដោយមានការអះអាងថា ការស្លាប់នេះបានបណ្តាលមកពីជំងឺ និងការសម្លាប់ខ្លួន។ ប៉ុន្តែអង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំងសង្ស័យថា ការសម្លាប់នេះអាចបណ្តាលមកពីមូលហេតុផ្សេង។
លោកស្រី មួរ សុខហួរបានបញ្ជាក់ថា លោកស្រីនឹងធ្វើពាក្យបណ្តឹងមួយករណីម្តងមួយករណីម្តងអំពីការស្លាប់នេះ៕