ភ្នំពេញ៖ អាជ្ញាធរប៉ូលិសប្រដាប់ដោយអាវុធបានរារាំងការតវ៉ារបស់ប្រជាពលរដ្ឋ ដើម្បីប្រឆាំងជំទាស់ទៅនឹងការបូមដីចាក់បំពេញបឹងកក់ដោយក្រុមហ៊ុនស៊ូកាគូអ៊ីន ក៏ប៉ុន្តែពុំមានអំពើហិង្សារវាងភាគីទាំងពីរទេ។ មន្ត្រីសិទ្ធិមនុស្ស និងសាក្សីឃើញផ្ទាល់ភ្នែកបាននិយាយថា ការបន្តបូមដីដើម្បីលុបបឹងបានធ្វើឲ្យផ្ទះប្រជាពលរដ្ឋរស់នៅលើគោកក្បែរមាត់បឹង បន្តលិចលង់ និងកប់ក្នុងភក់។ ប្រជាពលរដ្ឋបានទទូចទាំងទឹកភ្នែកដើម្បីរកអន្តរាគមន៍ពីរដ្ឋាភិបាល ក៏ប៉ុន្តែពុំមានការអើពើពីមន្ត្រីរដ្ឋាភិបាលទេ។
«ផុតពីអាពតថា វាស្រួល។ ឥឡូវវារឹតតែវេទនាយ៉ាងនេះ។ ខ្ញុំធ្វើម៉េចទៅ? វេទនាជាងអាពតទៀតយ៉ាងនេះ ដាច់ខ្យល់ហើយ»។
សំឡេងស្រែកយំ និងការតវ៉ាប្រឆាំងជំទាស់ ពីប្រជាពលរដ្ឋនៅតំបន់បឹងកក់ ដែលភាគច្រើនជាស្រ្តីបានកម្រើកឡើងសារជាថ្មីម្តងទៀត បន្ទាប់ពីក្រុមហ៊ុនស៊ូកាកូអ៊ីនរបស់លោកឧកញ្ញ៉ា ឡៅ ម៉េងឃិន សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាជនកម្ពុជាដ៏មានឥទ្ធិពល បានបន្តបូមដីចាក់បំពេញបឹងកក់។
«ពូឯងជួលដីពីសាលាក្រុង ពូឯងបូមដីដាក់លិចសាលាក្រុងទៅ។ ពួកប្រជាជនបឹងកក់អត់មានតវ៉ាទេ។ ពូឯងទៅបូមដាក់សាលាក្រុងទៅ។ សាលាក្រុងជាអ្នកជួលដីឲ្យពូឯង»។
ការតវ៉ារបស់ប្រជាពលរដ្ឋនេះ បានកើតមានឡើងនៅថ្ងៃពុធនេះ នៅពេលដែលក្រុមហ៊ុននេះ បានបូមខ្សាច់ដោយមានទុយោធំៗចំនួនពីរ បានបន្តបូមដីល្បាប់បាញ់សម្រុកដើម្បីលុបផ្ទះប្រជាពលរដ្ឋដែលនៅក្បែរៗមាត់បឹង។
ប្រជាពលរដ្ឋបានព្យាយាមរាំងខ្ទប់ដើម្បីប្រឆាំងជំទាស់ទៅនឹងការបូមដីចាក់បំពេញបឹងនេះ យ៉ាងស្រួចស្រាវបំផុត។ ក៏ប៉ុន្តែត្រូវបានកម្លាំងប៉ូលិសប្រដាប់ដោយអាវុធបានវាយបំបែក ហើយនៅទីបំផុត ប្រជាពលរដ្ឋបានត្រឹមតែដកឃ្លាមួយជំហាន ជញ្ជូនឥវ៉ាន់ចេញពីក្នុងផ្ទះរបស់ខ្លួន ពីព្រោះភក់ល្បាប់បានលិចផ្ទះរបស់ពួកគេបន្តិចម្តងៗ ប្រៀបបីដូចជាទឹកជំនន់។
អ្នកស្រី ទី ពិសី អាយុ២៨ឆ្នាំ បានផ្តល់បទសម្ភាសន៍ជាមួយVOA សំឡេងសហរដ្ឋអាមេរិក នៅក្បែរទុយោបូមខ្សាច់របស់ក្រុមហ៊ុនស៊ូកាកូអ៊ីនថា ផ្ទះរបស់អ្នកស្រីចាប់ផ្តើមលិចហើយក្នុងពេលនេះ ក្នុងខណៈដែលផ្ទះអ្នកជិតខាងផ្សេងទៀត បានកប់នៅក្នុងភក់ល្បាប់ប្រមាណ៩០ភាគរយហើយ។
អ្នកស្រីបាននិយាយទៀតថា ការបូមខ្សាច់នេះ ក្រុមហ៊ុនមិនបានប្រាប់ប្រជាពលរដ្ឋជាមុនទេ ហាក់បីដូចជាចង់សម្លាប់ប្រជាពលរដ្ឋទាំងរស់។
«ការបូមខ្សាច់នេះ គេអត់ដោះស្រាយជាមួយប្រជាជនទេ។ ដល់ពេលគេបូមរំលោភបំពានមកលើដីប្រជាជន លើផ្ទះប្រជាជនដែលរស់នៅតំបន់ហ្នឹង។ អត់ដំណោះស្រាយ អត់មានសាលាក្រុង អាជ្ញាធរខ័ណ្ឌ អត់មានទាំងអស់។ គេអត់មានដោះស្រាយ។ ប្រជាជនទៅ គេអត់និយាយជាមួយប្រជាជនទេ»។
អ្នកស្រីអ៊ុក មុន្នី អាយុ៣៣ឆ្នាំ ប្រជាពលរដ្ឋរស់នៅភូមិ១ តំបន់បឹងកក់ ដែលកំពុងជញ្ជូនសម្ភារៈចេញពីក្នុងផ្ទះដាក់លើរថយន្ត ដោយសារតែទឹក និងភក់បានចូលផ្ទះរបស់អ្នកស្រីប្រមាណជិតកន្លះម៉ែត្រ។
អ្នកស្រីបាននិយាយថា អ្នកស្រីបានសម្រេចរុះរើសម្ភារៈចេញដោយពុំមានកន្លែងស្នាក់នៅសមរម្យទេ។
«អញ្ចឹង បើមិនរើ ខ្ញុំលិចអស់ហើយ។ ឥឡូវរើផ្ញើដាក់ផ្ទះជួល ផ្ទះអី។ គ្រែ ទូអី ខ្លាចខូច ខ្លាចអី។ ហើយបើទុកចោលដូចផ្ទះខាងចុង ទុកចោល វាបូមដល់ត្រឹមបង្អូច»។
ក្រុមហ៊ុនស៊ូកាកូអ៊ីនបានផ្តល់សំណង៨០០០ដុល្លារសហរដ្ឋអាមេរិក និងប្រាក់រៀលចំនួន២០០០០០០រៀលដល់ប្រជាពលរដ្ឋ ដែលរស់នៅលើផ្ទៃបឹងកក់។ ក៏ប៉ុន្តែចំពោះប្រជាពលរដ្ឋ ដែលរស់នៅលើគោកនេះ ក្រុមហ៊ុននេះពុំទាន់មានគោលការណ៍ដោះស្រាយឲ្យបានជ្រះស្រឡះនៅឡើយទេ។
លោកសុខ ពេញវុធ អភិបាលរងខណ្ឌដូនពេញ ដែលបានចុះទៅឃើញហេតុការណ៍ផ្ទាល់ភ្នែកបានបដិសេធពុំឆ្លើយតបសំណួររបស់អ្នកកាសែតជុំវិញការបូមដីដើម្បីចាក់បំពេញបឹងកក់នេះទេ។
«បងអាចសួរថ្នាក់ដឹកនាំខាងលើ។ កុំសួរខ្ញុំ»។
លោក អ៊ូច ឡេង មន្រ្តីដីធ្លីរបស់សមាគមសិទ្ធិមនុស្ស ADHOC បាននិយាយថា ក្រុមហ៊ុនគួរតែផ្តល់សំណងសមរម្យដល់ប្រជាពលរដ្ឋមុននឹងសម្រេចធ្វើការអភិវឌ្ឍអ្វីមួយ។
លោកបានមានប្រសាសន៍ទៀតថា ការបូមខ្សាច់ដើម្បីចាក់បំពេញផ្ទៃបឹង ដែលធ្វើឲ្យទឹក និងភក់ចូលលិចផ្ទះរបស់ប្រជាពលរដ្ឋនេះ ប៉ះពាល់ដល់សិទ្ធិលំនៅដ្ឋានរបស់អ្នកស្រុក។
«រឿងនេះមិនត្រឹមតែរំលោភសិទ្ធិមនុស្ស សិទ្ធិមានលំនៅដ្ឋាន សិទ្ធិដីធ្លីរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ។ រដ្ឋាភិបាលថែមទាំងមិនយកចិត្តទុកដាក់នៅក្នុងការអនុវត្តច្បាប់ គោរពច្បាប់ដែលមានចែងនៅក្នុងប្រទេសកម្ពុជាយើងទៀតផង»។
លោក អ៊ូច ឡេង បានមានប្រសាសន៍ថា យ៉ាងតិចមានប្រជាពលរដ្ឋជាង ២០០០ គ្រួសារហើយ ត្រូវបានក្រុមហ៊ុនបង្ខំឲ្យចាកចេញពីតំបន់បឹងកក់ ហើយផ្ទះប្រជាពលរដ្ឋជាង ១០០ ខ្នងបានបន្តជន់លិច និងកប់នៅក្នុងភក់ល្បាប់៕