ប្រជាពលរដ្ឋចំនួនប្រាំបីគ្រួសាររស់នៅភូមិ២២ ក្នុងតំបន់បឹងកក់ នៅថ្ងៃអង្គារនេះបានដាក់ពាក្យបណ្តឹងជាផ្លូវការទៅតុលាការក្រុងភ្នំពេញដើម្បីប្រឆាំងជំទាស់នឹងក្រុមហ៊ុនស៊ូកាគូអ៊ីន និងមន្ត្រីប៉ូលីសមួយចំនួនផ្សេងទៀត ដោយទាមទារសំណងជាប្រាក់ជាង២សែនដុល្លារសហរដ្ឋអាមេរិក។ នៅក្នុងពាក្យបណ្តឹងមួយច្បាប់ដែលបានដាក់ជូនតុលាការក្រុងភ្នំពេញ ហើយបានចែកជូនក្រុមអ្នកយកព័ត៌មាននៅពីមុខតុលាការបានប្តឹងជំទាស់នឹងក្រុមហ៊ុនស៊ូកាគូអ៊ីន មន្រ្តីប៉ូលីសចំនួនពីររូប និងលោក សុខ ពេញវុធ អភិបាលរងខណ្ឌដូនពេញ ព្រមទាំងលោក សុខ ហុង ប្រធានបូមខ្សាច់។
ការដាក់ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋនេះ បានកើតមានឡើងក្រោយពេលដែលផ្ទះប្រជាពលរដ្ឋ ចំនួនប្រាំបីខ្នងនៅភូមិ២២ នៅក្នុងតំបន់បឹងកក់ត្រូវបានអាជ្ញាធរវាយកម្ទេចចោលកាលពីថ្ងៃទី១៦ កញ្ញា កន្លងទៅនេះ។ ការវាយកម្ទេចផ្ទះប្រជាពលរដ្ឋនេះបានធ្វើឲ្យអ្នកភូមិម្នាក់បានទទួលរងរបួស យ៉ាងធ្ងន់ធ្ងរដោយសារតែពួកគេបានព្យាយាមរារាំង ហើយត្រូវបានកម្លាំងប៉ូលីសប្រដាប់ដោយអាវុធ ខែល ដំបងឆក់ និងកំាភ្លើងស្វ័យប្រវត្តិបានវាយបំបែក។
លោក ដួង គា អាយុ៤២ឆ្នាំ ប្រជាពលរដ្ឋរស់នៅភូមិ២២ ដែលនៅក្នុងពាក្យបណ្តឹងនោះ បានទាមទារសំណងបួនម៉ឺននិងពីរពាន់(៤២.០០០)ដុល្លារសហរដ្ឋអាមេរិក។ លោកនិយាយថា លោកចង់ឲ្យក្រុមហ៊ុនស៊ូកាគូអ៊ីន សងទ្រព្យសម្បត្តិដែលលោកបានបាត់បង់ និងផ្ទះរបស់លោកដែលត្រូវបានវាយកម្ទេចកាលពីថ្ងៃទី១៦ កញ្ញា កន្លងទៅនេះ។
«លោកសុខ ពេញវុធ ដែលជាអភិបាលរងខណ្ឌដូនពេញ រដ្ឋ កុសល ជាមេបញ្ជការស្នងការរាជធានីភ្នំពេញ និងផន សុភេន ជាមេបញ្ជការស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាកូនចៅជាង២០០នាក់ ទៅវាយកម្ទេចផ្ទះរបស់ខ្ញុំនៅតំបង់បឹងកក់ភូមិ២២។ អញ្ចឹងហើយខ្ញុំមានតែរកវិធីម្យ៉ាង គឺរកផ្លូវច្បាប់ដើម្បីឲ្យច្បាប់រកដំណោះស្រាយឲ្យប្រជាពលរដ្ឋនៅតំបន់បឹងកក់ ជាពិសេសប្រាំបីគ្រួសារបងប្អូនរបស់ពួកខ្ញុំ»។
លោក ដួង គា បានបញ្ជា្កក់ថា យើងប្តឹងពីរករណី គឺករណីសំណងរដ្ឋប្បវេណី និងពីបទព្រហ្មទណ្ឌហើយលោកសង្ឃឹមថា តុលាការនឹងរកយុត្តិធម៌ជូនលោក។
អ្នកស្រី ហេង មុំ ប្រជាពលរដ្ឋរងគ្រោះម្នាក់ទៀត នៅភូមិ២២ បាននិយាយថាសាលាក្រុងភ្នំពេញ មិនបានផ្តល់សំណងដល់ពួកគាត់ទេ។ អ្នកស្រីបានមានប្រសាសន៍ទៀតថា យើងរស់នៅក្រោមតង់កៅស៊ូយ៉ាងវេទនា បន្ទាប់ពីផ្ទះរបស់ពួកយើងត្រូវបានវាយកម្ទេច។
«មកទល់ពេលនេះ មិនមានអ្នកណាមកសួរពួកខ្ញុំទេ មានតែការបង្ហូរទឹក និងបូមខ្សាច់លុបពួកខ្ញុំថែមពីលើទៀត ទោះបីពួកខ្ញុំសន្សំសំច័យលុយរៃបានតិចតួចយកមកធ្វើហ្នឹង ធ្វើមិនកើតទៀត ត្រូវខ្សាច់កប់ពីលើថែមទៀត។ នេះជាករណីមួយដែលធ្វើឲ្យខ្ញុំពិបាកទ្រាំ ពិបាករស់នៅមែនទែន»។
លោក សុខ ពេញវុធ អភិបាលរងខណ្ឌដូនពេញ បាននិយាយថាលោកកំពុងជាប់រវល់ប្រជុំ។
«អត់ទេបង! សុំទោស! ខ្ញុំកំពុងជាប់រវល់ប្រជុំ»។
ចំណែកលោក ឡាវ វ៉ាន់ នាយកប្រតិបត្តិក្រុមហ៊ុនស៊ូកាគូអ៊ីន មិនបានឆ្លើយទៅនឹងសំណួររបស់វីអូអេ សំឡេងសហរដ្ឋអាមេរិទេ ហើយលោកបានបង្វែរសំណួរនេះ ទៅសួរមន្ត្រីសាលាក្រុងភ្នំពេញវិញ។
«ចុះឧបមាថា បើទៅជួលផ្ទះគេមួយ ដើម្បីបង្កើតអាជីវកម្មអញ្ចឹង នៅក្នុងផ្ទះរបស់គេ! គេធ្វើដូចម្តេចខ្លះចំពោះម្ចាស់ផ្ទះ? ចាំមើលគេអ្នកជួលជាមួយម្ចាស់ផ្ទះទៅ»។
មន្ត្រីសាលាក្រុងភ្នំពេញមិនអាចទាក់ទងសុំការបំភ្លឺបានទេនៅថ្ងៃអង្គារនេះ ក៏ប៉ុន្តែលោក កែប ជុតិមា ធ្លាប់បានប្រាប់ វីអូអេ ថា សាលាក្រុងភ្នំពេញនឹងមិនចេញប្លង់កាន់កាប់កម្មសិទ្ធិដីធ្លីដល់ប្រជាពលរដ្ឋដែលរស់នៅមាត់ទឹកទេ ក៏ប៉ុន្តែនឹងពិចារណាផ្តល់សំណងដល់ពួកគេ៕