ការខ្វែងគំនិតគ្នារវាងអាជ្ញាធរនិងអ្នកភូមិបឹងកក់ទៅលើគម្រោងអភិវឌ្ឍន៍នៅនឹងកន្លែងនៅតែមានជាបន្តខណៈដែលការពិភាក្សាគ្នារវាងភាគីជម្លោះមិនបានឈានដល់ការសម្រុះសម្រួលគ្នា។
ការពិភាក្សាគ្នាមួយឈុតលើកដំបូងរវាងក្រុមមន្ត្រីសាលាក្រុងភ្នំពេញនិងតំណាងអ្នកភូមិបឹងកក់នៅថ្ងៃសុក្រនេះ មិនបានសម្រេចដល់ការសម្របសម្រួលគ្នាណាមួយឆ្ពោះទៅរកគម្រោងអភិវឌ្ឍន៍ប្រកបដោយសន្តិវិធីនោះទេ។
មន្ត្រីសាលារាជធានីភ្នំពេញប្រាំពីរនាក់ដឹកនាំដោយលោកនួន សុមេធ អភិបាលរងសាលារាជធានីភ្នំពេញ បានជួបពិភាក្សាជាមួយតំណាងអ្នកភូមិបឹងកក់ចំនួន៣៥នាក់ ដើម្បីរកវិធីដោះស្រាយសំណើសុំដីទំហំ១៥ហិកតាដើម្បីអភិវឌ្ឍនៅនឹងកន្លែង។
លោកអភិបាលរងបានថ្លែងនៅក្នុងកិច្ចពិភាក្សាជាមួយតំណាងអ្នកភូមិបឹងកក់ថា គោលនយោបាយអភិវឌ្ឍន៍នៅនឹងកន្លែងរបស់រាជរដ្ឋាភិបាលត្រូវធ្វើឡើងតាមរបៀបនៃការអភិវឌ្ឍនៅនឹងកន្លែងដូចសហគមន៍បូរីកីឡា។
ការអភិវឌ្ឍនៅនឹងកន្លែងរបស់សហគមន៍បូរីកីឡាបានតម្រូវឱ្យប្រជាពលរដ្ឋរុះរើផ្ទះសម្បែងហើយក្រុមហ៊ុនអភិវឌ្ឍន៍បានចាប់ផ្តើមកសាងផ្ទះសម្បែងស្របតាមគម្រោង។ នៅពេលដែលផ្ទះ និងរចនាសម្ព័ន្ធ ត្រូវបានកសាងរួច ប្រជាពលរដ្ឋបានវិលត្រឡប់មករស់នៅក្នុងផ្ទះសង់ថ្មីនេះវិញ។
អ្នកស្រីទេព វណ្ណី តំណាងសហគមន៍បឹងកក់បាននិយាយថាអ្នកភូមិបឹងកក់មិនទទួលយកគំរូអភិវឌ្ឍន៍នៅនឹងកន្លែងដូចបូរីកីឡាទេ។
«គម្រោងអភិវឌ្ឍន៍នៅនឹងកន្លែងរបស់សាលាក្រុងភ្នំពេញដូចគ្នានឹងសហគមន៍បូរីកីឡា។ ខ្ញុំនិយាយថា អញ្ចឹងប្រជាពលរដ្ឋរបស់យើងទាំងអស់គ្នាមិនអាចទទួលយកបានទេ។ តាមគម្រោងថ្មី ដែលយើងបានជូនគាត់លើសំណើដីទំហំ១៥ហិកតាអភិវឌ្ឍន៍នៅនឹងកន្លែងដដែលនឹងគម្រោងរបស់យើង»។
អ្នកស្រីលី ស្រីមុំ តំណាងសហគមន៍បឹងកក់ម្នាក់ទៀតបានថ្លែងថាការពិភាក្សារបស់ភាគីទាំងពីរមិនទាន់អាចសម្រេចដល់ការសម្របសម្រួលឬកិច្ចព្រមព្រៀងអ្វីទេចំពោះសំណើសុំដីទំហំ១៥ហិកតាអភិវឌ្ឍន៍នៅនឹងកន្លែងនេះ។
អ្នកស្រីទេព វណ្ណី បានបន្ថែមថាបើរដ្ឋាភិបាលយល់ព្រមតាមសំណើសុំដីអភិវឌ្ឍន៍នៅ នឹងកន្លែងអ្នកភូមិនឹងមិនចាកចេញពីផ្ទះសម្បែងបច្ចុប្បន្ននេះទេ។ នៅពេលដែលផ្ទះ និងហេដ្ឋារចនាសម្ព័ន្ធត្រូវបានកសាងរួចរាល់ហើយអ្នកភូមិនឹងរើចេញពីផ្ទះចាស់មកនៅផ្ទះថ្មី។
គណៈកម្មាធិការស៊ើបអង្កេតមួយរបស់ធនាគារពិភពលោកបានរកឃើញថាការិយាល័យប្រចាំនៅកម្ពុជារបស់ខ្លួន មិនបានការពារកម្មសិទ្ធិដីធ្លីរបស់ប្រជាពលរដ្ឋនៅតំបន់បឹងកក់ មុនពេលការបណ្តេញចេញប្រជាពលរដ្ឋច្រើនពាន់គ្រួសារទេ។
អ្នកស្រីទេព វណ្ណី បានថ្លែងថាគណៈកម្មាធិការនាយករបស់ធនាគារពិភពលោកបានទទួលស្គាល់ថាគម្រោងអភិវឌ្ឍន៍បឹងកក់បានរំលោភសិទ្ធិរបស់ប្រជាពលរដ្ឋបឹងកក់ ហើយវាជាការណ៍ល្អដែលធនាគារនេះបានរកឃើញកំហុសរបស់ការិយាល័យប្រចាំនៅកម្ពុជារបស់ខ្លួន។
«ការយល់ឃើញលើគម្រោងរបស់គាត់ (ធនាគារពិភពលោក) ដែលគាត់ដាក់មកហើយ បែរជាគាត់មិនបានតាមដានរាល់គម្រោងហ្នឹង ធ្វើឱ្យគាត់មានកំហុសហើយគាត់ទទួលស្គាល់កំហុសរបស់គាត់។ នេះជាភាពយុត្តិធម៌ និងតម្លាភាពជាទីបំផុតចំពោះប្រជាពលរដ្ឋបឹងកក់»។
លោកស្រីទន់ ភានី អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថាក្រសួងមិនអាចផ្តល់កម្មសិទ្ធិដីធ្លីដែលមានទំនាស់ ដូចជាដីជម្លោះនៅក្នុងតំបន់បឹងកក់ទេ។
«ក្រសួងដែនដីអត់ចុះបញ្ចីដីមានទំនាស់នោះ។ អញ្ចឹង អ្នកដែលដោះទំនាស់ គឺអាជ្ញាធរដែនដី។ យើងអ្នកបច្ចេកទេសទៅរកចុះបញ្ចីដី មានទំនាស់ទៅរកម្ចាស់ណាមួយពិតឱ្យបាន។ ទាល់តែយើងរកម្ចាស់ពិតឃើញសិន ទើបយើងចុះបញ្ចីដីឱ្យបាន»។
សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថាជម្លោះដីនៅតំបន់បឹងកក់នេះ គឺពាក់ព័ន្ធទៅនឹងស្ថានភាពដីសាធារណៈរបស់រដ្ឋ។ បើតំបន់ដែលបានពិភាក្សាខាងលើនេះមិនមែនជាតំបន់ចុះបញ្ជីជាផ្លូវការទេនោះការតវ៉ាទាំងឡាយពាក់ព័ន្ធនឹងតំបន់នេះក៏មិនអាចពាក់ព័ន្ធនឹងគម្រោងរៀបចំដែនដីនិងរដ្ឋបាលដីថ្មី ហៅកាត់ថា LMAP ទេ។
សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ថាគម្រោងរៀបចំដែនដី និងរដ្ឋបាលដីថ្មីដែលអនុវត្តដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ពុំមានអ្វីពាក់ព័ន្ធនឹងតំបន់បឹងកក់ទាល់តែសោះ៕