ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​បឹងកក់​មិន​ពេញចិត្ត​នឹង​គណៈកម្មការ​វាស់វែង​ដីធ្លី


People reach out to take fruits and vegetables freely distributed by farmers during a protest against high production costs outside the Agriculture Ministry in Athens, Greece.
People reach out to take fruits and vegetables freely distributed by farmers during a protest against high production costs outside the Agriculture Ministry in Athens, Greece.

នៅ​ថ្ងៃ​ច័ន្ទ​នេះ​ អ្នកភូមិ​ដែល​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ​ពី​តំបន់​បឹងកក់​ក្នុង​ទី​ក្រុងភ្នំ​ពេញ​បាន​ស្នើសុំ​គណៈកម្មការ​វាស់វែង​ដីធ្លី​របស់​សាលារាជធានី​ភ្នំពេញ​ឱ្យ​បញ្ឈប់​សកម្មភាព​វាស់វែង​ក្បាលដី​របស់​ពួកគាត់​ជា​បណ្តោះអាសន្ន​ សម្រាប់​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង ​ដោយសារ​គ្មាន​តម្លាភាព។

សាលា​រាជធានី​ភ្នំពេញ​បាន​បង្កើត​គណៈកម្មការ​វាស់វែង​ក្បាលដី​នៅ​សហគមន៍​បឹងកក់ ​ប៉ុន្តែ​បាន​បដិសេធសំណើ​សុំ​ចូលរួម​របស់​តំណាង​សហគមន៍​បឹងកក់​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល។ គណៈកម្មការ​នេះ​បាន​ចាប់ផ្តើម​ធ្វើការ​វាស់វែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន។

អ្នកស្រី ​ទេព វណ្ណី​ តំណាង​សហគមន៍​បឹងកក់ ​បាន​ថ្លែងថា​អ្នកភូមិ​បឹងកក់​មិន​ផ្តិត​មេដៃ​លើ​ឯកសារ​វាស់វែង​ ក្បាលដី​របស់​គណៈកម្មការ​នេះទេ​ដោយសារ​ការ​វាស់វែង​នេះ ​អត់មាន​តម្លាភាព​អត់មាន​យុត្តិធម៌​និង​ទម្រង់​ឯកសារ​សម្រាប់​ឱ្យ​ម្ចាស់​ក្បាលដី​ផ្តិត​មេដៃ ​មិនមាន​លក្ខណៈ​រដ្ឋបាល​ត្រឹម​ត្រូវ។

អ្នកស្រី​ ទេព វណ្ណី​ បាន​បញ្ជាក់ថា​អ្នកភូមិ​បឹងកក់​បាន​សុំឱ្យ​គណៈកម្មការ​វាស់វែង​ក្បាលដី​នៅ​សហគមន៍​បឹងកក់​ផ្អាក​ការងារ​ចាប់ពី​ថ្ងៃច័ន្ទ​នេះ​ រហូត​ដល់​មាន​ការបញ្ចូល​តំណាង​សហគមន៍​បឹងកក់​ចំនួន​១៤នាក់​ ក្នុង​គណៈកម្មការ​វាស់វែង​ក្បាលដី​ ដើម្បី​ឱ្យមាន​តម្លាភាពនិង​យុត្តិធម៌។

«គ្មាន​ឈ្មោះ​តំណាង​ឱ្យ​អ្នក​វាស់វែង​ណាមួយ​ ដើម្បី​បញ្ជាក់​ថា​ក្រដាស​នេះ​មាន​តម្លាភាព​ និង​មាន​ប្រសិទ្ធភាព​ក្នុង​ការប្រើប្រាស់។​ អញ្ចឹង​ប្រជាពលរដ្ឋ​របស់​ខ្ញុំ​អត់អាច​ផ្តិត​មេដៃ​បាន។ គាត់​សុំ​ផ្អាក​ការ​វាស់វែង​ក្បាលដី​នេះ​ជា​បណ្តោះ​អាសន្ន​ រហូតដល់​បាន​ដាក់​បញ្ចូល​តំណាង​សហគមន៍​បឹងកក់​របស់​ខ្ញុំ​ក្នុង​មួយភូមិ​ពីរ​រូប​ ដើម្បី​ឱ្យ​ចូលរួម​ក្នុង​ការ​អង្កេត ​ដើម្បី​ឱ្យមាន​តម្លាភាព​និង​ទំនុក​ចិត្ត​ទៅ​ដល់​ប្រជាពលរដ្ឋ​ទើប​គាត់​អាច​យល់ព្រម​ឱ្យមាន​ការវាស់វែង​ក្បាលដី​នេះ​ បន្ត​ទៅ​ទៀត»។

គណៈកម្មការ​វាស់វែង​ក្បាល​ដីនេះ​ រួមមាន​មន្ទីរ​សុរិយោដី​រាជធានី​ភ្នំពេញ ​ខណ្ឌ​ដូនពេញ ​សង្កាត់​ស្រះចក និង​ក្រុមហ៊ុន​អភិវឌ្ឍន៍។

អ្នកស្រី ​លី ស្រីមុំ​ តំណាង​សហគមន៍​បឹងកក់​ម្នាក់​ទៀត ​បាន​ថ្លែងថា​ការវាស់វែង​មិនបាន​ដាក់​បញ្ជាក់​ច្បាស់លាស់​ពី​ទំហំផ្ទះ​និង​ទំហំ​ដី​ជាក់ស្តែង​របស់​ពួកគាត់​ដែល​កំពុង​កាន់កាប់។

«ការ​វាស់វែង​មិនពិត​ប្រាកដ​មិនជាក់​លាក់។ វា​បង្ហាញ​នូវ​ភាពមន្ទិល​សង្ស័យ​របស់​ប្រជាពលរដ្ឋ​និង​ធ្វើឱ្យ​ប្រជាពលរដ្ឋ​បាត់បង់​ជំនឿ។ យើង​ស្នើសុំ​ឱ្យ​លិខិត​ដែល​វាស់វែង​នេះ ​មាន​ឡូហ្គោ​សាលា​រាជធានី​ភ្នំពេញ ​ដើម្បី​ជា​សម្គាល់​អំពី​ការវាស់វែង​ និង​ការទទួល​ខុសត្រូវ​របស់​សាលារាជ​ធានី​ភ្នំពេញ។ យើង​បាន​ធ្វើ​លិខិត​ស្នើសុំ​ទៅ​សាលា​រាជធានី​ភ្នំពេញ​ ដើម្បី​ធ្វើការ​វាស់វែង​ឱ្យ​ជាក់លាក់​ និង​មាន​ការទទួលខុស​ត្រូវ​ពី​សាលា​រាជធានី​ភ្នំពេញ»។

លោក​ហែម ឫទ្ធី ​នាយករង​រដ្ឋបាល​សាលាខណ្ឌ​ដូនពេញ​ បាន​ថ្លែង​ប្រាប់​អ្នកភូមិ​បឹងកក់​ថា​លោក​ នឹង​យក​សំណូមពរ​ទាំងនេះ​ទៅ​ធ្វើការ​ពិចារណា​នៅ​ក្នុង​គណៈកម្មការ​វាស់វែង​ក្បាលដី​នេះ​ហើយ​ដាក់​ជូន​ទៅ​លោក​អភិបាល​រាជធានី​ភ្នំពេញ ​ដើម្បី​ធ្វើការ​សម្រេច។

កាលពី​ខែ ​ឧសភា ​ធនាគារ​ពិភពលោក​ បាន​កត់សម្គាល់​ថា​ធនាគារ​កំពុង​លើក​ទឹកចិត្ត​ឱ្យ​ភាគី​ទាំងអស់​ សម្រេច​ដល់​ដំណោះស្រាយ​និង​ក្នុង​រយៈពេល​អន្តរកាល​នេះ​នឹង​ តាម​ឃ្លាំមើល​យ៉ាងជិតដិត​នូវ​ការ​រីកចម្រើន​នៃ​ការ​ចរចា​នេះ។

ក្នុង​ឆ្នាំ២០០៧ ​រដ្ឋាភិបាល​បាន​ជួល​ដី​តំបន់​បឹងកក់​ទៅឱ្យ​ក្រុមហ៊ុន​ Sukaku Inc.​ ធ្វើការ​អភិវឌ្ឍ​ក្នុង​តម្លៃ​៧៩លាន​ដុល្លារ​អាមេរិក​ សម្រាប់​រយៈពេល​៩៩ឆ្នាំ៕

XS
SM
MD
LG