នៅថ្ងៃអង្គារនេះ ធនាគារពិភពលោក អង្គការមិនមែនរដ្ឋាភិបាលនិងអ្នកភូមិបឹងកក់បានសម្តែងស្វាគមន៍ដល់សេចក្តីសម្រេចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនចំពោះការទុកបម្រុងដីទំហំជាង១២ហិកតាសម្រាប់អ្នកភូមិបឹងកក់ច្រើនរាប់រយគ្រួសារដែលត្រូវប្រឈមនឹងការបណ្តេញ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចុះហត្ថលេខាលើអនុក្រឹត្យចុះថ្ងៃទី១១ខែសីហា ដើម្បីប្រគល់ដីទំហំ១២,៤៤ហិកតាដល់អ្នកភូមិបឹងកក់ប្រមាណ១.០០០គ្រួសារ ដែលកំពុងរស់នៅក្នុងសហគមន៍បឹងកក់សម្រាប់កសាងផ្ទះសម្បែង។
អនុក្រឹត្យនេះបានធ្វើឡើង បន្ទាប់ពីធនាគារពិភពលោកបានព្រមានកាលពីសប្តាហ៍មុនអំពីការបង្កកមូលនិធិដល់ប្រទេសកម្ពុជាទាក់ទងនឹងការបណ្តេញអ្នកភូមិបឹងកក់រហូតដល់រដ្ឋាភិបាលមានកិច្ចព្រមព្រៀងសមហេតុសមផលជាមួយអ្នកភូមិបឹងកក់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានថ្លែងប្រាប់ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជានៅថ្ងៃអង្គារនេះថាលោកបានចុះហត្ថលេខាលើអនុក្រឹត្យប្រគល់ដីទំហំ១២,៤៤ហិកតា ជូនប្រជាពលរដ្ឋបឹងកក់កាលពីថ្ងៃទី១១ ខែសីហា។
លោកស្រី អាណិត ឌិកសុន (Annette Dixon) អ្នកគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា បានបញ្ជាក់ក្នុងសារអេឡិចត្រូនិកថានេះជាការវិវត្តវិជ្ជមានហើយសង្ឃឹមថាវានឹងនាំទៅរកលទ្ធផលដ៏ល្អសម្រាប់ប្រជាពលរដ្ឋនៅតំបន់បឹងកក់។
មជ្ឈមណ្ឌលសិទ្ធិលំនៅដ្ឋាននិងការបណ្តេញចេញបានសម្តែងស្វាគមន៍ដល់សេចក្តីសម្រេចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដើម្បីបញ្ចប់ការភ័យខ្លាចការបណ្តេញចេញប្រជាពលរដ្ឋនៅតំបន់បឹងកក់។
លោក សាលិ ប៊ុកឃឺ (Salih Booker) នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលនេះបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថាអនុក្រឹត្យនេះតម្កល់ការជ្រើសរើសដី ទុកជាមុនសម្រាប់សហគមន៍ជាសញ្ញានៃការចាប់ផ្តើមបញ្ចប់ជម្លោះរយៈពេលប្រាំឆ្នាំដើម្បីជៀសវាងការបណ្តេញចេញដោយបង្ខំនិងការតាំងទីលំនៅក្រៅទីក្រុងភ្នំពេញ។
អ្នកស្រី ទេព វណ្ណី តំណាងសហគមន៍បឹងកក់ បានថ្លែងថាលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានជួយសង្គ្រោះប្រជាពលរដ្ឋនៅតំបន់បឹងកក់ឲ្យរួចផុតពីការបណ្តេញចេញដោយបង្ខំនិងបានផ្តល់ជោគជ័យដ៏ធំធេងលើកទីមួយដល់ប្រជាពលរដ្ឋនៅតំបន់បឹងកក់។
«ពួកខ្ញុំមានការសប្បាយចិត្តខ្លាំងមែនទែន។ នេះជាមោទនភាពមួយរបស់ប្រជាពលរដ្ឋនៅតំបន់បឹងកក់ដែលការតស៊ូរបស់គាត់បានទទួលជោគជ័យហើយសម្តេចបានអនុវត្តតាមយុទ្ធសាស្ត្រឈ្នះឈ្នះ គឺមានផលវិជ្ជមានខ្លាំងមែនទែនសម្រាប់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋទាំងអស់មានការសប្បាយចិត្តខ្លាំងមែនទែនដែលថាមិនអាចយកអ្វីមកប្រៀបផ្ទឹមបាន ដោយសម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីឆន្ទៈ និងទឹកចិត្តដ៏ថ្លាប្រពៃ ជួយសង្គ្រោះប្រជាពលរដ្ឋនៅតំបន់បឹងកក់»។
អ្នកស្រី ខែក ច័ន្ទរស្មី អាយុ៣១ឆ្នាំ នៅភូមិ២១នៃសហគមន៍បឹងកក់បាននិយាយថាអ្នកស្រីបានបញ្ចេញនូវសេចក្តីសប្បាយរីករាយលាយឡំជាមួយសេចក្តីព្រួយបារម្ភដោយភ័យខ្លាចអ្នកមានអំណាចនិងអ្នកមានប្រាក់ចូលជ្រៀតជ្រែកបន្លំយកដីរបស់អ្នកស្រី។
«សម្តេចបានផ្តល់ដីទំហំ១២,៤៤ហិកតាមកឲ្យពួកខ្ញុំនៅតំបន់បឹងកក់នេះដើម្បីអភិវឌ្ឍនៅនឹងកន្លែងខ្ញុំមានការសប្បាយចិត្តខ្លាំងណាស់មិនអាចមានពាក្យអ្វីមកថ្លែងបានទេហើយខ្ញុំក៏មានការព្រួយបារម្ភមួយទៀតដែរ។ ខ្ញុំខ្លាចមានការជ្រៀតចូលពីអ្នកមានអំណាចនិងអ្នកមានប្រាក់ហើយមិនមែនជាម្ចាស់ពិតប្រាកដនៅកន្លែងរងគ្រោះនេះបែរជាបានទទួលដីនេះទៅវិញហើយពួកខ្ញុំជាម្ចាស់ផ្ទះបែរជាមិនបានទៅវិញ»។
អ្នកស្រី ពៅ សោភា អាយុ៣៦ឆ្នាំនៅភូមិ២១នៃសហគមន៍បឹងកក់បាននិយាយថាអ្នកស្រីបានអំពាវនាវឱ្យមានការជួយឃ្លាំមើលដំណើរការផ្តល់ដីដល់ប្រជាពលរដ្ឋបឹងកក់ប្រកបដោយតម្លាភាពនិងប្រសិទ្ធភាព។
«ពួកខ្ញុំចេះតែភ័យខ្លាចចុងក្រោយហ្នឹងប្រគល់ដីឲ្យប្រជាពលរដ្ឋនៅតំបន់បឹងកក់ពួកខ្ញុំហើយ បែរជាមិនបានដល់ត្រើយ។ អញ្ចឹងខ្ញុំសូម អំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ សម្តេចនាយករដ្ឋមន្ត្រី បណ្តាអង្គការ ធនាគារពិភពលោក ជួយឃ្លាំមើលពួកខ្ញុំឲ្យបានដល់ត្រើយ ទាំងអស់គ្នានិងឲ្យបានជោគជ័យ១០០ភាគរយផង»។
លោក សៀ ភារម្យ នាយកលេខាធិការដ្ឋាន នៃមជ្ឈមណ្ឌលសិទ្ធិលំនៅដ្ឋាននិងការបណ្តេញចេញបានថ្លែងថាលោកអបអរសាទរចំពោះចំណាត់ការដ៏វៃឆ្លាតនិងដ៏ត្រឹមត្រូវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការចេញអនុក្រឹត្យនេះដើម្បីធានាដល់ប្រជាពលរដ្ឋនៅតំបន់បឹងកក់។
«អាជ្ញាធរថ្នាក់ក្រោមអនុវត្តតាមអនុក្រឹត្យនេះដោយយកចិត្តទុកដាក់ និងគោរពតាមអនុក្រឹត្យរបស់សម្តេចនេះហើយតម្កល់ទុកតម្លៃនៃអនុក្រឹត្យនេះជាតម្លៃប្រយោជន៍រួម ជាតម្លៃជាតិនេះ។ ភូមិបឹងកក់នេះជាគំរូមួយដែលនឹងអាចឈានទៅសហគមន៍ផ្សេងៗទៀត ហើយសង្គមរបស់យើងនឹងអភិវឌ្ឍបង្កជាទឹកភ្នែក ឬ ក៏ឈាម មិនមែនជាកិត្តិយស មិនមែនជាភាពថ្លៃថ្នូរនៃការអភិវឌ្ឍដែលអន្តរជាតិ និងប្រជាពលរដ្ឋចង់បាននោះទេ»។
លោក អ៊ំ សំអាត ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ បានថ្លែងថាអនុក្រឹត្យនេះជាសញ្ញាវិជ្ជមានមួយសម្រាប់ជៀសវាងការបណ្តេញចេញដោយបង្ខំ ឬ អំពើហិង្សា។
«ការចេញអនុក្រឹត្យនេះជាចៃដន្យ នៅក្នុងពេលដែលធនាគារពិភពលោកបានបង្កកប្រាក់កម្ចីនិងសុំឲ្យមានការដោះស្រាយបញ្ហាបឹងកក់នេះចប់ស្រួលបួល ដើម្បីកុំឲ្យបាត់បង់ផលប្រយោជន៍ណាមួយ ពីព្រោះនេះគឺជាការសោកស្តាយដែរ។ បើធនាគារពិភពលោកបង្កកប្រាក់នេះ វាប៉ះពាល់ដល់ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍផ្សេងៗទៀតដែរ»។
ជម្លោះដីធ្លីនៅតំបន់បឹងកក់បានកើតឡើង បន្ទាប់ពីរដ្ឋាភិបាលបានជួលដីតំបន់បឹងកក់ទៅឲ្យក្រុមហ៊ុនស៊ូកាគូអ៊ីន ធ្វើការអភិវឌ្ឍទីក្រុងរណបសម្រាប់រយៈពេល៩៩ឆ្នាំ និងមានទឹកប្រាក់ចំនួន៧៩លានដុល្លារអាមេរិក៕