ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ដាក់​ឱសានវាទ​បណ្តេញ​អ្នកបឹងកក់​ចេញ


អ្នកភូមិបឹងកក់ម្នាក់នេះ យំស្រែកតវ៉ាក្នុងរឿង​​ទំនាស់​ដីធ្លី​​​​ជាមួយនឹង​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន។​
អ្នកភូមិបឹងកក់ម្នាក់នេះ យំស្រែកតវ៉ាក្នុងរឿង​​ទំនាស់​ដីធ្លី​​​​ជាមួយនឹង​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន។​

ភ្នំពេញ៖ ប្រជាពលរដ្ឋ​បឹងកក់​ជាង​២០០នាក់​ បាន​ប្រមូលផ្តុំ​គ្នា​នៅមុខ​ទីស្នាក់ការ​គណៈកម្មការ​អភិវឌ្ឍន៍​បឹងកក់​នៅថ្ងៃ​សុក្រ​នេះ​ដើម្បី​ប្រឆាំង​តវ៉ា​នឹង​ការកំណត់​រយៈពេល​ប្រាំពីរ​ថ្ងៃ​សម្រាប់​ការបណ្តេញ​ចេញ។

សាលាខណ្ឌ​ដូនពេញ​កាល​ពី​ថ្ងៃពុធ​ បាន​ស្នើសុំ​ឱ្យ​ប្រជាពលរដ្ឋ​នៅតំបន់​បឹង​ដែល​មិនទាន់​ទំនាក់ទំនង​ ទទួលយក​គោលនយោបាយ​រួសរាន់​ទៅ​ទំនាក់ទំនង​ដោះស្រាយ​គោលនយោបាយ​នៅ​ទីស្នាក់ការ​ គណៈកម្មការ​អភិវឌ្ឍន៍​បឹងកក់​ក្នុង​រយៈពេល​ប្រាំពីរ​ថ្ងៃ​ចាប់ពី​ថ្ងៃពុធ​កន្លង​មកនេះ។

លោក​សុខ សម្បត្តិ ​អភិបាល​ខណ្ឌដូនពេញ ​បាន​បញ្ជាក់​នៅក្នុង​លិខិត​ជូនដំណឹង​ចុះថ្ងៃទី២​ ខែមិនា​ថា ក្នុង​ករណី​ប្រជាពលរដ្ឋ​មិន​អនុវត្ត​តាម​សេចក្តី​ជូនដំណឹង​នេះ​ សាលាខណ្ឌ​ដូនពេញ​នឹង​ចាត់​វិធានការ​ តាម​ផ្លូវច្បាប់​យ៉ាង​តឹងរឹង​បំផុត ​ពិសេស​មិនទទួល​ខុសត្រូវ​លើ​ការបាត់បង់​ឬ​ការខូចខាត​សម្ភារៈ​របស់ ប្រជាពលរដ្ឋ​ឡើយ។

អ្នកស្រី​ខៀវ ច័ន្ទតារា ​អាយុ៥២ឆ្នាំ ​អ្នក​តវ៉ា​ម្នាក់​នៅ​តំបន់​បឹងកក់ ​បាន​បញ្ជាក់​ថា​អ្នកស្រី​មាន​ការភ័យខ្លាច​ ចំពោះ​ការបណ្តេញ​ចេញ​ដោយ​អាជ្ញាធរ​រដ្ឋាភិបាល​នៅ​សប្តាហ៍​ក្រោយ​នេះ។

«ខ្ញុំ​ភ័យខ្លាច​ការបណ្តេញចេញ​ ព្រោះ​គាត់​ដាក់​កំណត់​នៅក្នុង​លិខិត​នេះ​ឱ្យ​រុះរើ​ជាបន្ទាន់។ អញ្ចឹង​ ខ្ញុំ​តវ៉ា​ ឱ្យ​រាជរដ្ឋាភិបាល​សម្តេច​តេជោ​ដោះស្រាយ​ឱ្យ​លឿន​ជាទីបំផុត​ដើម្បី​កុំឱ្យ​បណ្តេញ​ប្រជាពលរដ្ឋ​នៅទី​កន្លែង​បឹងកក់នេះ​ និង​សូម​អភិវឌ្ឍន៍​នៅ​នឹងកន្លែង»។

អ្នកស្រី​ព្រំ មុន្នី ​អាយុ៥០ឆ្នាំ​ អ្នក​តវ៉ា​បឹងកក់​ម្នាក់​ បាន​និយាយថា​អាជ្ញាធរ​បាន​ដាក់​ការបង្ខិតបង្ខំ​លើ​អ្នកភូមិ​បឹងកក់​ឱ្យ​រុះរើ​ផ្ទះសម្បែង​ក្នុង​រយៈពេល​ប្រាំពីរថ្ងៃ​និង​មិន​ធានា​ការខូចខាត​ទ្រព្យសម្បត្តិ​ផ្ទះសម្បែង​ របស់​ប្រជាពលរដ្ឋ​ទេ ​បន្ទាប់ពី​ការផុតពេល​កំណត់។

«ខ្ញុំ​មក​ទាមទារ​នៅ​ថ្ងៃនេះ ​ដើម្បី​ឱ្យ​ក្រុមហ៊ុន​ឆ្លើយតប​នឹង​ពួកខ្ញុំ​ កុំ​ឱ្យ​ដាក់​វិធានការ​ថា​ក្នុង​មួយ​សប្តាហ៍​នេះ អាជ្ញាធរ​មិន​ធានា​ទ្រព្យសម្បត្តិ​និង​ផ្ទះសម្បែង​របស់​ពួកយើង​ខ្ញុំ។ អញ្ចឹង​ខ្ញុំ​នឹង​រស់នៅ​ដោយ​ការភ័យខ្លាច។ អញ្ចឹង​ខ្ញុំ​សូម​ឱ្យ​សម្តេចហ៊ុន ​សែន និង​លោក​ជំទាវ ​ជួយ​ធ្វើអន្តរាគមន៍​ឱ្យ​ពួកខ្ញុំ​បាន​រស់នៅ​ក្នុង​តំបន់​បឹងកក់​ផង»។

លោក​ចាន់ សូវ៉េត​ ប្រធានផ្នែក​ឃ្លាំមើល​ស្ថានភាព​សិទ្ធិមនុស្ស​នៃ​សមាគម​សិទ្ធិមនុស្ស​អាដហុកបាន​ថ្លែង ថា ការដាក់​ឱសានវាទ​នេះ​ គឺជា​ការដាក់​សម្ពាធ​ទៅលើ​ប្រជាពលរដ្ឋ ​ខណៈ​ដែល​ភាគី​ជម្លោះ​មិនទាន់​ ឈាន​ដល់​ការព្រមព្រៀង​គ្នា​នៅឡើយ​នោះ។

«ចំណុចនេះ ​ដែល​យើង​មើលឃើញ​ថា វា​ជារឿង​អយុត្តិធម៌​ចំពោះ​ប្រជាពលរដ្ឋ ​ហើយ​អ្នកស្រុក​អ្នកភូមិ ដែល​ទទួលរង​នោះ​មាន​តែទឹកភ្នែក​ជារឿយៗ ​ហើយ​អាជ្ញាធរ​អួត​ក្តែងៗ​ថា ពួកគេ​កំពុង​អភិវឌ្ឍ។ ថ្ងៃ​ឱសានវាទ​របស់​សាលារាជធានី​ភ្នំពេញ​និង​សាលា​ខណ្ឌដូនពេញ​នេះ​ ខ្ញុំ​គិតថា​នេះ​ជា​សម្ពាធ​មួយ​ធ្ងន់ធ្ងរ​ គំរាម​កំហែង​ដល់​ប្រជាពលរដ្ឋ​មិនអាច​ឱ្យ​គាត់​ចេញ​មុខ​តវ៉ា​ដើម្បី​ទាមទារ​រកយុត្តិធម៌​សមស្រប​ដែល​គាត់ អាច​ទទួល​យក​បាន​នោះ»។

លោក​សុខ ពេញវុធ ​អភិបាល​រង​ខណ្ឌ​ដូនពេញ ​និង​តំណាង​គណៈកម្មការ​អភិវឌ្ឍន៍​បឹងកក់​ដែល​រួមមាន​ ភាគី​រដ្ឋាភិបាល ​និង​ភាគី​ក្រុមហ៊ុន​អភិវឌ្ឍន៍​ Shukaku Inc ​បាន​ថ្លែង​ប្រាប់​ក្រុមអ្នកតវ៉ា​យ៉ាង​ដូច្នេះថា៖

«យើង​ទុក​រយៈពេល​ប្រាំពីរ​ថ្ងៃ​សម្រាប់​ការរុះរើនេះ។ វា​មិនមែន​មាន​ន័យថា​វា​ផុត​រយៈពេល​ប្រាំពីរ​ថ្ងៃនេះ។ ​យើង ដេញ​ប្រជាពលរដ្ឋ​នោះ​ទេ។ យើង​ទុក​ឱ្យ​បងប្អូន​ចូល​មក​ចរចា​ដោះស្រាយ​គោលនយោបាយ​ជាមួយ​គណៈកម្មការ​អភិវឌ្ឍន៍​បឹងកក់​ដែល​មាន​តំណាង​សាលារាជធានី​ភ្នំពេញ​ ឬ​ សាលាខណ្ឌ ​ឬ​ ក្រុមហ៊ុនអភិវឌ្ឍន៍​បឹងកក់​ សម្របសម្រួល​មួយ​គ្រួសារ​ម្តងៗ​តាម​តម្រូវការ​រៀងខ្លួនៗ​ពីព្រោះ​បងប្អូន​មាន​ស្ថានភាព​រស់នៅ​ផ្សេង​គ្នា​និង​តម្រូវ​ការផ្សេងគ្នា។ អ្នកខ្លះ​និយាយថា​ខ្លួន​មាន​ផ្ទះធំ​ផ្ទះតូច​និង​មាន​ផ្ទះសំណាក់​។ អញ្ចឹង​ តម្រូវការ ​និង​សំណូមពរ​មិនដូច​គ្នាទេ»។

គោល​នយោបាយ​សម្រាប់​អ្នកភូមិ​បឹងកក់​ មាន​ជម្រើសបី ៖ សំណង​ជាប្រាក់​៨.៥០០​ដុល្លារ​អាមេរិក សម្រាប់​គ្រួសារ​នីមួយៗ ​ដើម្បី​ចាកចេញ​ ការតាំង​ទីលំនៅ​ជាថ្មី​នៅ​ជាយ​ទីក្រុង​ភ្នំពេញ​ និង​ការអភិវឌ្ឍ​នៅ នឹង​កន្លែង។

លោក​សុខ ពេញវុធ​ បាន​ពន្យល់​ថា​ចំពោះ​ការអភិវឌ្ឍ​នៅនឹង​កន្លែង​ ប្រជាពលរដ្ឋ​ត្រូវតែ​រុះរើ​ផ្ទះ​សម្បែង និង​ប្រគល់​ទីតាំង​ឱ្យ​រដ្ឋាភិបាល​ធ្វើការ​អភិវឌ្ឍ។ ប៉ុន្តែ​ប្រជាពលរដ្ឋ​ បាន​ទាមទារ​ដី​ទំហំ​១៥​ហិកតា​នៃ​ផ្ទៃដី​សរុប ​១៣៣​ហិចតា​សម្រាប់​ធ្វើការ​អភិវឌ្ឍ​ដោយ​ខ្លួនឯង។

លោក​សុខ ពេញវុធ ​បាន​បញ្ជាក់​ថា​សំណើ​ដី​ទំហំ​១៥ហិកតា​នេះ​ទំនង​ជា​មិនអាច​ទៅរួចទេ។

លោក​សុខ ពេញវុធ​ បាន​ថ្លែងថា​លោកនឹង​យក​សំណើ​នេះ​ទៅជូន​រដ្ឋាភិបាល​ដើម្បី​សម្រេច។ ក្រុមអ្នក តវ៉ា​បាន​យល់ព្រម​រំសាយ​ការតវ៉ា​និង​បាន​វិល​ត្រឡប់​ទៅផ្ទះ​វិញ​ដើម្បី​រង់ចាំ​លទ្ធផល​បន្ទាប់​ទៀត៕

XS
SM
MD
LG