មេដឹកនាំសហជីពនៅថ្ងៃពុធនេះបានផ្តល់អនុសាសន៍ដល់រដ្ឋាភិបាលឱ្យលុបចោល និងកែសម្រួលមាត្រារឹតបន្តឹងសិទ្ធិសេរីភាពសហជីពមួយចំនួននៅក្នុងច្បាប់សហជីពថ្មីមួយដ៏ចម្រូងចម្រាស់។ ពួកគេព្រមានធ្វើមហាបាតុកម្ម បើអនុសាសន៍ទាំងនោះត្រូវបានបដិសេធ។
សហជីពបានទាមទារឱ្យមានការលុបចោលមាត្រាចំនួន១២ និងកែសម្រួលមាត្រាយ៉ាងតិច៣៥នៃសេចក្តីព្រាងច្បាប់ដែលមានមាត្រាសរុបចំនួន៩១ ដើម្បីជៀសវាងការរឹតបន្តឹងសិទ្ធិសេរីភាពសហជីព ការរំលាយសហជីព ការដាក់ទណ្ឌកម្មមេដឹកនាំសហជីព ការធ្វើរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សកម្មភាពជូនក្រសួងការងារ និងមាត្រាមួយចំនួនដែលតម្រូវឱ្យសហជីពបំពេញលក្ខណៈសម្បត្តិ។
មេដឹកនាំសហជីពចំនួនប្រាំពីររូបបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍រួមថាបើអនុសាសន៍របស់សហជីពមិនត្រូវបានដាក់បញ្ចូលទៅក្នុងសេចក្តីព្រាងច្បាប់សហជីពនេះទេ សហជីពនឹងមិនគាំទ្រ និងមិនចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់នេះទេ ហើយធ្វើយុទ្ធនាការតស៊ូមតិទាំងថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីឱ្យមានការគាំទ្រចំពោះកិច្ចខំប្រឹងប្រែងរបស់សហជីព។
សហព័ន្ធសហជីពនៅកម្ពុជាមានចំនួនជាង៤០។ លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពស៊ីខៅឌូ បានថ្លែងថា រដ្ឋាភិបាលនឹងមិនបោះបង់ចោលអនុសាសន៍នានាដែលត្រូវបានលើកឡើងរបស់សហជីពនោះទេ។ លោកបានប្រាប់វីអូអេខ្មែរថា៖
«សហជីពកម្មករដែលការពារសិទ្ធិកម្មករ នឹងធ្លាក់ចុះ ឈានទៅដល់ការគ្មានសហជីពដែលការពារសិទ្ធិកម្មករទៀត បើរដ្ឋាភិបាលមិនដាក់បញ្ចូលអនុសាសន៍របស់សហជីពនៅក្នុងសេចក្តីព្រាងច្បាប់នោះ»។
លោករ៉ុង ឈុន ប្រធានសហព័ន្ធសហជីពកម្ពុជា បានថ្លែងថា សេចក្តីព្រាងច្បាប់នេះនឹងធ្វើឱ្យសហជីពខ្សោយ ហើយមេដឹកនាំសហជីពនឹងត្រូវបានបំបិទមាត់ និងប្រឈមនឹងការជាប់ពន្ធនាគារ។ លោក ឈុន ថ្លែងថា៖
«ច្បាប់នេះត្រូវធានាសិទ្ធិសេរីភាពរបស់សហជីព។ យើងមិនមែនបង្កើតច្បាប់មួយលេងសើចមកដាក់បន្ទុកលើអ្នករៀបចំសហជីព និងសិទ្ធិសេរីភាពរបស់សហជីពនោះទេ។ នេះជាគោលបំណងសហជីពចង់បាន។ ជីវិតស្ថាប័នសហជីពផុយស្រួយ និងងាយនឹងលុបបំបាត់ បើភាគីនិយោជក ឬភាគីក្រសួងពាក់ព័ន្ធណាមួយមិនសប្បាយចិត្ត។ ច្បាប់នេះ ធាតុពិតរឹតបន្តឹងសិទ្ធិសេរីភាពរបស់សហជីពមែន»។
លោកហាំង ស៊ីថា សមាជិកគណៈកម្មការតាក់តែងសេចក្តីព្រាងច្បាប់សហជីពនេះ បានបញ្ជាក់ក្នុងការពិគ្រោះយោបល់ថា៖
«សេចក្តីព្រាង ច្បាប់នេះមិនបានធ្វើឱ្យសហជីពខ្សោយនោះទេ ប៉ុន្តែវាជាឧបករណ៍ណែនាំតម្រង់ទិសដល់សហជីព ហើយសេចក្តីព្រាងច្បាប់នេះមិនមែនតំណាងឱ្យផលប្រយោជន៍បុគ្គលណាមួយទេ»។
លោក អ៊ុំ មាន រដ្ឋលេខាធិការក្រសួងការងារបានថ្លែងនៅក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីលើសេចក្តីព្រាងច្បាប់ស្តីពីសហជីពយ៉ាងដូច្នេះថា៖
«ក្រសួងសូមទទួលយកការចូលរួមមតិដ៏ឧត្តុងឧត្តមរបស់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដើម្បីទុកជាធាតុចូលក្នុងការពិនិត្យរៀបចំកែសម្រួលសេចក្តីព្រាងច្បាប់ស្តីពីសហជីពនៃសហគ្រាស គ្រឹះស្ថាន ហើយបន្ទាប់ពីការកែសម្រួលរួច ក្រសួងនឹងបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យឆ្លងបន្ត»។
លោក វង សូត រដ្ឋមន្ត្រីក្រសួងការងារ បានថ្លែងកាលពីថ្ងៃអង្គារថា ក្រសួងការងារនឹងមិនលម្អៀងទៅរកភាគីណាមួយឡើយ ប៉ុន្តែទោះយ៉ាងនេះក្តី ក៏ច្បាប់នេះពុំអាចបំពេញចិត្តទៅតាមអ្វីដែលភាគីពាក់ព័ន្ធស្នើឡើងបានមួយរយភាគដែរ៕