ភ្នំពេញ៖ រយៈពេលជាង១០ឆ្នាំ បន្ទាប់ពីស្ថិតក្នុងភាពបែកខ្ញែក ដោយសារនិន្នាការនយោបាយ សហជីពនានានៅក្នុងប្រទេសកម្ពុជា បានពិភាក្សាគ្នាដើម្បីរកលទ្ធភាពសហការគ្នាឈរលើទស្សនៈរួម ដើម្បីការពារផលប្រយោជន៍កម្មករ។
សហភាពសហជីពធំៗចំនួន៥របស់ប្រទេសកម្ពុជា ដែលមានកម្មករជាសមាជិកសរុបជាង៤៨ម៉ឺននាក់ បានបេ្តជ្ញាចិត្តចាប់ដៃ ធ្វើការរួមគ្នាដើម្បីស្វែងរកផលចំណេញសម្រាប់កម្មករ បន្ទាប់ពីសហជីពទំាងនេះ ស្ថិតក្នុងជំហររផ្ទុយគ្នាអស់ពេលជាង ១ទសវត្សរ៍រួចមក។ ម្យ៉ាងវិញទៀត ជំហរមិនស្របគ្នានេះ បានធ្វើឲ្យសហជីពទាំងនោះទន់ខ្សោយ និងបរាជ័យជាច្រើននៅក្នុងការតស៊ូសម្រាប់ការពារផលប្រយោជន៍ដល់ក្រុមកម្មករ។
បន្ទាប់ពីក្រុមមេដឹកនាំសហភាពសហជីពទំាង៥ បានជជែកពិភាក្សាគ្នាពីរថ្ងៃក្នុងទីក្រុងភ្នំពេញ លោក អាត់ ធន់ ប្រធានសហភាពសហព័ន្ធសហជីពការងារកម្ពុជា បាននិយាយនៅក្នុងសន្និសីទកាសែតកាលពីរសៀលថ្ងៃសុក្រថា ការរួបរួមរបស់សហជីព នឹងជួយលើកស្ទួយជីវភាពរបស់កម្មករបានប្រសើរជាងពេលបច្ចុប្បន្ន។
«យើងអាចឲ្យឃើញថា នៅក្នុងរយៈពេលខ្លីនេះ គឺយើងអាចធ្វើការរួមគ្នា ដូចករណីច្បាប់សហជីពត្រូវតែពន្យារពេល ឬក៏ត្រូវផ្តល់ឱកាសឲ្យយើងគ្រប់គ្រាន់ដើម្បីឲ្យច្បាប់នេះល្អសម្រាប់សហជីពទំាងអស់ ហើយប្តេជ្ញាចិត្តនឹងជំរុញឲ្យមានប្រព័ន្ធគ្រប់គ្រងសុខមាលភាព និងសុវត្ថិភាពនៅកន្លែងការងារ ហើយតំណាក់កាលបន្ទាប់ទៀត យើងសង្ឃឹមថា សហជីពនឹងរួមគ្នានៅក្នុងសហជីពកម្មករមួយ»។
នេះគឺជាគំនិតផ្ដួចផ្ដើមស្វែងរកជំហររួមគ្នាជាលើកដំបូងបំផុតរបស់សហភាពសហជីព ដែលប្រមូលផ្ដុំដោយសហជីពជាសមាជិកជាច្រើននៅក្នុងប្រទេស បន្ទាប់ពីសហភាពសហជីពទាំងនោះភាគច្រើន ត្រូវគេមើលឃើញថា មាននិន្នាការទៅរក គណបក្សនយោបាយ ជាពិសេសនិន្នាការទៅរកគណបក្សកាន់អំណាច និងគណបក្សជំទាស់ ដែលធ្វើឲ្យការការពារផលប្រយោជន៍កម្មករក៏ទោរទន់ទៅតាមនិន្នាការនោះដែរ។ មួយវិញទៀត សហជីពខ្លះត្រូវគេរិះគន់ថា បានប្រព្រឹត្តអំពើពុករលួយ។
យោងតាមរបាយការណ៍ ស្តីពីចលនាសហជីពនៅកម្ពុជារបស់មជ្ឈមណ្ឌលអាមេរិកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ បានឲ្យដឹងថា សហជីពនៅប្រទេសកម្ពុជាបានរីកដុះដាលដំបូងនៅដើមទសវត្សឆ្នាំ១៩៩០ នៅពេលដែលវិស័យឧស្សាហកម្មកាត់ដេរចាប់ផ្តើមអភិវឌ្ឍន៍។ រហូតមកដល់ពេលនេះ កម្ពុជាមានសហជីពទាំងតូចទាំងធំ សរុបទាំងអស់ជាង២០០០សហជីព ដែលចងក្រងទៅជាសហភាពសហជីពសរុបចំនួន៥។ ក្នុងនោះមានសហភាពសហព័ន្ធ សហជីពជាតិកម្ពុជា សហភាពការងារកម្ពុជា សហភាពសហជីពកម្ពុជា សម្ព័ន្ធសហភាពការងារកម្ពុជា និងសភាសហព័ន្ធសហជីពជាតិកម្ពុជា។
សហភាពសហជីពទំាងនេះមានទិសដៅបម្រើផលប្រយោជន៍ដល់កម្មករក្នុងវិស័យកាត់ដេរ សំណង់ ទេសចរណ៍ និងសេវាកម្មផ្សេងៗ ដូចជាការទាមទារប្រាក់ឈ្នួលសមរម្យ លក្ខខណ្ឌការងារល្អប្រសើរ និងសុខមាលភាពជាដើម។
យ៉ាងណាក៏ដោយ លោក វង្ស សុវណ្ណ ប្រធានសហភាពសហព័ន្ធសហជីពជាតិកម្ពុជា ដែលមានទំនោរគាំទ្រគណបក្សកាន់អំណាច និយាយថា សហភាពសហជីពបានសម្លឹងមើលឃើញថា ការចាប់ផ្តើមសហការគ្នានោះទំនងជាស្ថិតនៅឆ្ងាយនៅឡើយ។
«អ្វីដែលយើងនៅមិនទាន់ធ្វើការជាមួយគ្នា គឺគោលនយោបាយរបស់សហជីព។ ដើម្បីអភិវឌ្ឍន៍គោលនយោបាយឲ្យសហជីពធ្វើការជាមួយគ្នាបានគឺលុះត្រាតែការយល់ដឹងរបស់សហជីពហ្នឹងកាន់តែមានកម្រិតខ្ពស់ទៅៗ។ អានេះ យើងទុកឲ្យសហជីពមានការអភិវឌ្ឍន៍ ការអប់រំកាន់តែខ្ពស់ឡើងៗ ពេលនោះគឺយើងនឹងឈានទៅរកគោលនយោបាយអាចធ្វើការចូលគ្នាបាន»។
នៅក្នុងប្រទេសកម្ពុជា ចលនាការពារកម្មករមានភាពផុលផុសភាគច្រើនក្នុងឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់។ ដោយឡែកកម្មករសំណង់ និងកម្មករនៅក្នុងវិស័យកសិកម្ម ដូចជាផ្នែកចំការកៅស៊ូ ឬផ្នែកដទៃទៀត ពិបាកនឹងស្វែងរកការការពារពីក្រុមសហជីពណាស់។
ប្រធានសហជីពធំៗមកពីសហរដ្ឋអាមេរិក ន័រវេ និងឥណ្ឌូនេស៊ី ដែលមានវត្តមាននៅក្នុងកិច្ចពិភាក្សារបស់ក្រុមសហភាពសហជីពរបស់ប្រទេសកម្ពុជា បានលើកឡើងថា សហជីពនៃប្រទេសរបស់ពួកគេមិនស្ថិតក្រោមការជ្រៀតជ្រែកផ្នែកនយោបាយឡើយ ផ្ទុយទៅវិញ សហជីពរបស់ពួកគេមានឥទ្ធិពលយ៉ាងខ្លំាងទៅលើនយោបាយ និងគោលនយោបាយដឹកនាំប្រទេសរបស់រដ្ឋាភិបាល។
លោក Kun Wardana Aboto នាយកអង្គការ UNI ប្រចំាតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ប្រទេសឥណ្ឌូនេស៊ី បានផ្តល់យុទ្ធសាស្ត្រមួយចំនួនដែលជាគន្លឹះសម្រាប់សហជីពចាប់ផ្តើមធ្វើការរួមគ្នា។
«អ្វីដែលយើងអាចធ្វើឲ្យពួកគេរួមផ្តុំគ្នានោះគឺការធ្វើឲ្យមានការជឿជាក់ និងយោគយល់គ្នាទៅវិញទៅមក ហើយដើម្បីធ្វើបែបនេះបាន មធ្យោបាយដែលល្អនោះគឺការបើកសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលរួមគ្នារវាងសហជីពទំាងនោះ។ បន្ទាប់មកត្រូវបង្កើតគោលបំណងរួមមួយ តាមរយៈការរៀបចំវិធីសាស្ត្រកាត់បន្ថយគម្លាតខុសគ្នានៃគោលដៅរបស់ពួកគេ ជាពិសេសគឺត្រូវធ្វើឲ្យមានការសម្រេចរួមមួយ។ ចុងក្រោយ យើងត្រូវតែកសាងសមត្ថភាពរបស់មេដឹកនាំសហជីព»។
លោក Floro Francisco អ្នកប្រឹក្សានៃសហជីពប្រជាជនន័រវេ LO-Norway ដែលជាសហជីពធំបំផុតរបស់ប្រទេស ន័រវេ បានបន្ថែមថា កិច្ចការសំខាន់បំផុតដែលសហជីពត្រូវធ្វើដើម្បីបង្កើនឥទ្ធិពលរបស់ខ្លួននោះ គឺការស្រាវជ្រាវអំពីការវិវត្តន៍សេដ្ឋកិច្ចដើម្បីទាមទារឲ្យមានការការពារផលប្រយោជន៍របស់កម្មករ។ បន្ទាប់មក សហជីពត្រូវតែមានផែនការផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ផ្តល់ការធានារ៉ាប់រ៉ងផ្នែកសុខភាព និងធានាលក្ខខណ្ឌការងារល្អសម្រាប់ពួកគេ ដើម្បីទាញយកវិភាគទានពីសមាជិករបស់ខ្លួន ប្រយោជន៍ដើម្បីមានមូលនិធិផ្ទាល់ខ្លួន និងចៀសផុតពីការលូកលាន់របស់បក្សនយោបាយ។
លោក Don Driscoll អ្នកសម្របសម្រួលសហជីពបុគ្គលិក សេវាកម្មអន្តរជាតិរបស់សហរដ្ឋអាមេរិក ដែលមានកម្មករជាង២លាននាក់ និយាយថា សហជីពអាចប្រកាន់យកនិន្នាការនយោបាយដែលខ្លួនយល់ថា ល្អ ប៉ុន្តែសហជីពមិនត្រូវបម្រើឲ្យនយោបាយទេ។ ផ្ទុយទៅវិញ សហជីពត្រូវរួមគ្នាជំរុញឲ្យបក្សនយោបាយដែលខ្លួនគាំទ្រនោះ ធ្វើកិច្ចការដើម្បីប្រយោជន៍កម្មករ។
ក៏ប៉ុន្តែលោកអូស្មាន់ ហាសាន់ រដ្ឋលេខាធិការក្រសួងការងារមានប្រសាសន៍ថា ការរួមផ្តុំរបស់សហជីពអាចក្លាយទៅជាចលនាល្អមួយ ប្រសិនបើសហជីពទំាងនោះធ្វើការទៅតាមច្បាប់ និងមិនរួមគ្នាដើម្បីដាក់សម្ពាធណាមួយទៅលើនិយោជក ដែលកំពុងរកស៊ីនៅក្នុងប្រទេស។
លោក អូស្មាន់ ហាសាន់ ព្រមានថា ក្រសួងរបស់លោកនឹងមិនគាំទ្រចំពោះការរួមផ្តុំណាមួយដើម្បីបង្កបរិយាកាសមិនអំណោយផលដល់ការបណ្តាក់ទុនវិនិយោគនៅក្នុងស្រុកឡើយ៕