អ្នកស្រុកបាត់ដំបងខិតខំថែរក្សាលលាដ៍ក្បាលនិងឆ្អឹងជនរងគ្រោះក្នុងល្អាងពិឃាដរបស់ខ្មែរក្រហមនៅលើកំពូលភ្នំសំពៅ ដើម្បីទុកជាភស្តុតាងនៃអំពើកាប់សម្លាប់មនុស្សយ៉ាងសាហាវព្រៃផ្សៃនាសម័យកាលនោះ។
"គេបណ្ដើរមកតាមនេះម៉ោ គេបោះកូនក្មេងចូលក្នុងអារូងតូចនេះមួយ បោះចូលភ្លុកៗទៅ ជម្រៅប្រហែលជា៥ម៉ែត្រក្នុងនេះ ឡើងមិនរួចទេក្នុងហ្នឹង មនុស្សចាស់ក៏មិនងាយឡើងដែរ...”
នេះជាការរៀបរាប់របស់អ្នកភូមិម្នាក់អំពីសកម្មភាពរបស់ពួកខ្មែរក្រហម ក្នុងការសម្លាប់អ្នកទោសដោយបោះពួកគេចូលក្នុងល្អាងមួយក្នុងចំណោមល្អាងចំនួនបីនៃវត្តគីរីរម្យ ដែលជាអតីតទីកន្លែងពិឃាដរបស់ខ្មែរក្រហម ស្ថិតនៅលើកំពូលភ្នំសំពៅ ក្នុងភូមិសំពៅលិច ឃុំភ្នំសំពៅ នៃស្រុកបាណន់ នៃខេត្តបាត់ដំបង។
"ដល់ចាស់ៗគេបណ្តើរបញ្ចូលទៅក្នុងនេះ មួយខ្សែទៅក្នុងនេះ ហើយមួយខ្សែទៀតគេវាយពីលើមកក្នុងល្អាងល្ខោន វាមានបីល្អាង នៅឯល្អាងតែងខ្លួនមួយទៀតនៅឯណោះ អញ្ចឹងវាមានបីល្អាងដែលសម្លាប់មនុស្សនៅអាស្រមគីរីរម្យនេះ"។
អាស្រមឬវត្តគីរីរម្យនេះ គឺជាអតីតមន្ទីរឃុំឃាំងទី២របស់ពួកខ្មែរក្រហមនៅខេត្តបាត់ដំបង បន្ទាប់ពីមន្ទីរសន្តិសុខចន្លោះភ្នំក្តោងមួយទៀតដែលនៅអែបនឹងជើងភ្នំសំពៅនេះ។
នៅក្នុងឆ្នាំ១៩៧៦ ពួកខ្មែរក្រហមបានយកបរិវេណវត្តគីរីរម្យទាំងមូលធ្វើជាមន្ទីរសន្តិសុខឬគុកធំរបស់ពួកគេ។ អ្នកទោសដែលត្រូវបញ្ជូនមកទីនេះ ត្រូវឃុំឃាំងនៅក្នុងកុដិនិងនៅតាមទីធ្លាជុំវិញវត្ត។ ចំណែកព្រះវិហារត្រូវបានខ្មែរក្រហមប្រើជាកន្លែងសួរចម្លើយអ្នកទោស។
មានអ្នកទោសចំនួនជាង១៥,៧០០នាក់ត្រូវបានសម្លាប់រួចបោះចូលក្នុងល្អាងទាំងបីនៃវត្តគីរីរម្យនេះ។ នេះបើយោងតាមឯកសារស្រាវជ្រាវរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា។
ហើយអតីតមន្ទីរសន្តិសុខវត្តគីរីរម្យនៅលើភ្នំសំពៅនេះ ក៏ស្ថិតនៅក្រោមការស៊ើបអង្កេតនៅក្នុងករណីលេខ០០២ របស់សាលាក្តីខ្មែរក្រហមផងដែរ។
សំណុំរឿងលេខ០០២ មានជនជាប់ចោទចំនួន៤រូប រួមមានលោក ខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបខ្មែរក្រហម លោក នួន ជា អតីតប្រធានសភាដែលគេស្គាល់ថា ជាបងធំទី២បន្ទាប់ពីប៉ុល ពត លោក អៀង សារី អតីតឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេស និងភរិយារបស់លោកគឺលោកស្រី អៀង ធីរិទ្ធ អតីតរដ្ឋមន្រ្តីសង្គមកិច្ច ហើយអាចជាប់ពាក់ព័ន្ធជាមួយជនជាប់ចោទលោក កាំង ហ្គិកអ៊ាវ ហៅឌុច អតីតប្រធានមន្ទីរសន្តិសុខ ស ២១ ឫគុកទួលស្លែងផងដែរ។
មានមន្ទីរសន្តិសុខ ឬគុកចំនួនយ៉ាងតិច១៩៦កន្លែង នៅក្នុងរបបខ្មែរក្រហម ដែលបានគ្រប់គ្រងប្រទេសកម្ពុជាពីឆ្នាំ១៩៧៥ដល់១៩៧៩។ នៅក្នុងសម័យនោះ ប្រជាជនចំនួនប្រមាណ១.៧លាននាក់ បានស្លាប់បាត់បង់ជីវិតដោយសារការធ្វើការហួសកម្លាំង ការបង្អត់អាហារ ការធ្វើទារុណកម្ម និងការកាប់សម្លាប់ជាដើម។
ក្រោយឆ្នាំ១៩៧៩ សាកសពជនរងគ្រោះនៅក្នុងល្អាងទាំងបីនៃវត្តគីរីរម្យនេះ ពុំទាន់ត្រូវបានអូសយកទៅកប់នៅឡើយទេ។
អ្នកភូមិវ័យជាង៦០ឆ្នាំប្លាយដែលជាអ្នកថែរក្សាលលាដ៍ក្បាលនិងឆ្អឹងជនរងគ្រោះដែលស្លាប់នៅក្នុងល្អាងពិឃាដនេះ បាននិយាយដោយសុំមិនបញ្ចេញឈ្មោះថា ស្នាមឈាមនិងក្លិនស្អុយរបស់សាកសពបានសាយភាយពេញទីធ្លាវត្តស្ទើរដើរទៅជិតពុំបាន។
"ឃើញវាបែកឈាមពេញហ្នឹងទាំងអស់ នៅក្នុងល្អាងល្ខោនសុទ្ធតែឈាមក្រហមភ្លឺអស់ហើយ គ្រាន់តែឃើញឈាមក៏ញាក់សាច់ដែរ ឃើញតែសាកសព ដេករណូករណែលពេញហ្នឹងទាំងអស់ គ្រប់ល្អាងទាំងបី គរលើគ្នាដូចដំបូកអញ្ចឹង"។
អដ្ឋិធាតុរបស់ជនរងគ្រោះនៅក្នុងរបបខ្មែរក្រហមទាំងនេះ ក្រោយមកត្រូវបានប្រជាជនប្រមែប្រមូលគរទុកនៅក្នុងល្អាងគីរីរម្យនេះ ប៉ុន្តែអដ្ឋិធាតុខ្លះបានបាត់និងខ្លះត្រូវបានដុតចោល។
បច្ចុប្បន្ន អដ្ឋិធាតុដែលនៅសេសសល់ត្រូវបានរក្សាទុកយ៉ាងសមរម្យនៅក្នុងស្តូបធ្វើពីថ្មនិងទ្វារកញ្ចក់នៅក្នុងល្អាងល្ខោននៃវត្តគីរីរម្យនេះ។
អ្នកថែរក្សាអដ្ឋិធាតុទាំងនេះបានប្រាប់ឲ្យដឹងថា ការខិតខំរក្សាអដ្ឋិធាតុដែលនៅសេសសល់របស់ជនរងគ្រោះនៅក្នុងល្អាងនេះ គឺដើម្បីទុកជាភស្តុតាងសម្រាប់បង្ហាញសាធារណជនជាតិនិងអន្តរជាតិអំពីអំពើឃោរឃៅនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យឬរបបខ្មែរក្រហមនោះ។
"បើយើងដុតអស់ទៅវាអស់ភស្តុតាង ដល់អញ្ចឹងទៅយើងប្រាប់ថាខ្មែរក្រហមសម្លាប់ប្រជាជនខ្មែរយើង គេលែងជឿបាត់ទៅហើយ គេនឹងមិនជឿថាខ្មែរសម្លាប់ខ្មែរគ្នាឯងទេ អញ្ចឹងទុកជាភស្តុតាងសម្រាប់ឲ្យជនជាតិបរទេសគេមកមើលឲ្យឃើញផ្ទាល់ភ្នែកថាខ្មែរសម្លាប់ខ្មែរមែន"។
ក្នុងមួយថ្ងៃៗជាធម្យម មានភ្ញៀវទេសចរណ៍បរទេសនិងខ្មែរប្រមាណ១០នាក់ដែរបានចូលមកទស្សនាស្តូបដាក់អដ្ឋិធាតុនៅក្នុងល្អាងគីរីរម្យនេះ។ នេះបើយោងតាមព្រះចៅអធិការនិងគណកម្មការវត្តនេះ។
លោក អ៊ុំ សារឿន មេឃុំភ្នំសំពៅនិងជាសាក្សីម្នាក់នៅក្នុងសំណុំរឿងលេខ០០២ បានមានប្រសាសន៍នៅឯផ្ទះរបស់លោកនៅអែបនឹងជើងភ្នំសំពៅនេះថា លោកចង់ឃើញមានការកាត់ទោសមេដឹកនាំខ្មែរក្រហមដែលទទួលខុសត្រូវចំពោះការស្លាប់រង្គាលរបស់ប្រជាជនខ្មែរឲ្យបានឆាប់ ដើម្បីទុកជាមេរៀនសម្រាប់មនុស្សជំនាន់ក្រោយ កុំឲ្យយកតម្រាប់តាមពួកគេតទៅទៀត។
"រឿងហ្នឹងគ្រាន់តែផ្ដន្ទាទោសទៅ ធ្វើម៉េចកុំឲ្យតែយុវជនយើងដឹកនាំទៅរកអាអញ្ចឹងឡើងវិញ ដើម្បីកុំឲ្យមានរបបហ្នឹងកើតឡើងទៀត អាហ្នឹងធ្វើយ៉ាងម៉េចឲ្យយុវវ័យសព្វថ្ងៃហ្នឹង ស្អប់អារបបហ្នឹង"។
ជនជាប់ចោទទាំង៤នាក់នៅក្នុងករណីលេខ០០២ ដែលអាចជាប់ពាក់ព័ន្ធនឹងឌុចផងដែរនោះ គ្រោងនឹងត្រូវនាំខ្លួនយកទៅកាត់ទោសនៅដើមឆ្នាំ២០១១។
លោក ឆាំង យុ នាយកមជ្ឍមណ្ឌលឯកសារកម្ពុជា មានប្រសាសន៍ថា អតីតមន្ទីរសន្តិសុខវត្តគីរីរម្យនេះ អាចក្លាយជាភស្តុតាងដ៏មានទម្ងន់មួយ សម្រាប់ការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម នាពេលដ៏ឆាប់ខាងមុខ ដោយសារតែមានអ្នកដែលបានប្រព្រឹត្តឬអ្នកធ្លាប់រស់នៅទីនោះនៅរស់រានមានជីវិតនៅឡើយ៕