ក្រុមជនជាតិភាគតិចស្ទៀងនៅស្រុកស្នួលខេត្តក្រចេះប្រមាណជាង២០០គ្រួសារបានចោទប្រកាន់ថាក្រុមហ៊ុន CIV ដែលបានទទួលដីសម្បទានសេដ្ឋកិច្ចពីអាជ្ញាធរខេត្តបានរំលោភយកដីស្រែនិងដីចម្ការរបស់ពួកគេជាង៥០០ហិកតាដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរបស់ជនជាតិភាគតិច។
ជម្លោះនេះបានកើតមានឡើងអស់រយៈពេលជាង៥ឆ្នាំមកហើយដែលរហូតមកដល់ពេលនេះក្រុមប្រជាពលរដ្ឋបានចោទប្រកាន់ថា អាជ្ញាធរហាក់បីដូចជាមិនអើពើចំពោះករណីនេះ។
កាលពីថ្ងៃអាទិត្យក្រុមហ៊ុនបានរារាំងមន្ត្រីរបស់សមាគមសិទ្ធិមនុស្សអាដហុកដែលប៉ុនប៉ងចុះទៅពិនិត្យមើលទីតាំងទំនាស់នេះដោយផ្ទាល់។
ក្រុមហ៊ុនCIV បានទទួលដីសម្បទានសេដ្ឋកិច្ចពីខេត្តក្រចេះកាលពីឆ្នាំ២០០៦ចំនួន៧៦៩ហិកតាសម្រាប់ដាំដើមកៅស៊ូនិងដំណាំឧស្សាហកម្មផ្សេងៗ ក៏ប៉ុន្តែក្រុមហ៊ុននេះបានទទួលរងនូវការចោទប្រកាន់ថាបានរំលោភយកដីរបស់ជនជាតិភាគតិចស្ទៀងក្នុងខណៈពេលដែលក្រុមហ៊ុនបានពង្រីកការឈូសឆាយដីរបស់ខ្លួន។
លោក កៀត សាអុន អាយុ៥៣ឆ្នាំជនជាតិភាគតិចស្ទៀងរស់នៅភូមិឃុំមានជ័យស្រុកស្នួលខេត្តក្រចេះបាននិយាយថាលោកបានបាត់បង់ដីចំនួនជាង២ហិកតាក្នុងចំណោមដីស្រែនិងដីចម្ការរបស់លោកចំនួន១២ហិកតា។
លោកបានបញ្ជាក់ថាក្រុមហ៊ុនមិនបានផ្តល់សំណងដល់ការខូចខាតទេក៏ប៉ុន្តែផ្ទុយទៅវិញបានបាញ់គំរាមប្រជាពលរដ្ឋដែលហ៊ានចេញមុខប្រឆាំងតវ៉ា។
«ចៅហ្វាយខេត្ត ចៅហ្វាយស្រុកក៏អត់ឃើញមកដោះគ្រាន់តែបានសន្យាថាថ្ងៃនេះថ្ងៃនោះ ហើយបាត់ឈឹង។ ហើយក្រុមហ៊ុនឈូសបំពានហើយក្រុមហ៊ុនបាញ់គំរាមទៅ»។
ប្រជាពលរដ្ឋមួយរូបផ្សេងទៀតដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថារដូវនេះជារដូវធ្វើស្រែហើយការទំនាស់នេះបានធ្វើឱ្យពួកគាត់ខកខានក្នុងការធ្វើស្រែចម្ការ។
«ពិបាកធ្វើស្រែធ្វើចម្ការ។ វាបិទផ្លូវបិទអីរកតែផ្លូវដើរក៏មិនបានដែរឥឡូវហ្នឹងនោះ។ អ្នកណាក៏ចូលមិនបានដូចជាផ្លូវរទេះយើងធ្លាប់បរធ្លាប់ដើរឥឡូវវារុញឈើរុញអីទទឹងទទែងឈូសរោងដាំដំឡូង។ យើងអត់មានផ្លូវដើរអ្នកស្រុកខាងក្នុងស្ទះអស់»។
លោកខាំ ភឿនអភិបាលខេត្តក្រចេះបាននិយាយថាប្រជាពលរដ្ឋដែលនៅសេសសល់មិនដល់២០០គ្រួសារទេគឺនៅសល់តែបន្តិចបន្ទួចតែប៉ុណ្ណោះដែលពុំព្រមចាកចេញ។ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏លោកបានបញ្ជាក់ថាលោកនឹងព្យាយាមបញ្ចប់ជម្លោះនេះ។
«យើងស៊ើបជាក់ស្តែងថាដីហ្នឹងវាយ៉ាងម៉េចសិន។ មានចម្ការហ្នឹងប៉ុន្មានតូចឬធំជាប់ចម្ការហ្នឹងមានព្រៃអត់ដល់យើងចុះឱ្យជាក់ស្តែងបានដឹងថាអ្នកណាប៉ះអ្នកណា។ ឮក្រុមហ៊ុនថា ឮពលរដ្ឋថាយើងមិនដឹងទេទាល់តែចុះជាក់ស្តែង»។
អាជ្ញាធរខេត្តក្រចេះនៅថ្ងៃច័ន្ទបានជួបពិភាក្សាគ្នាមួយជាមួយគណៈកម្មាធិការប្រព្រឹត្តិកម្មនៃសមាគមការពារសិទ្ធិមនុស្សដែលមានលោក ធន សារ៉ាយជាតំណាង។
បន្ទាប់ពីជំនួបគ្នាអស់រយៈពេលជាងពីរម៉ោងលោក យី សុខសាន្ត មន្ត្រីផ្នែកស៊ើបអង្កេតនៃសមាគមអាដហុកបានបញ្ជាក់ថាអាជ្ញាធរបានសន្យាថានឹងរកដំណោះស្រាយជូនប្រជាពលរដ្ឋ។ ក៏ប៉ុន្តែលោកបានបញ្ជាក់ថាការធ្វើសម្បទានសេដ្ឋកិច្ចត្រូវគិតពីផលប្រយោជន៍ប្រជាពលរដ្ឋ។
«កុំធ្វើឱ្យប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះគាត់មានការមិនសប្បាយចិត្តឬធ្វើឱ្យគាត់បាត់បង់នូវផលប្រយោជន៍របស់ពួកគាត់»។
លោក ជិន ហុងស្រឺ តំណាងក្រុមហ៊ុន CIV វិនិយោគឧស្សាហកម្មបានបដិសេធពុំធ្វើអត្ថាធិប្បាយដោយលោកបានអះអាងថា វាគ្មានប្រយោជន៍សម្រាប់លោកទៅនិយាយជាមួយអ្នកកាសែតទេ៕