ប្រជាពលរដ្ឋខេត្តកោះកុង បានមកដាក់ពាក្យបណ្តឹងនៅអង្គភាពប្រឆាំងអំពើពុករលួយនៅថ្ងៃច័ន្ទនេះ ដើម្បីប្តឹងប្រឆាំងនឹងមន្ត្រីតុលាការខេត្តកោះកុងចំនួនប្រាំនាក់អំពីបទពុករលួយដែលបានកាត់ក្តីឱ្យពួកគាត់បាត់បង់ដីចម្ការរាប់រយហិចតាទៅឱ្យអ្នកជំនួញដែលមានប្រាក់កាសម្នាក់។
អ្នកភូមិចំនួន១០នាក់តំណាងឱ្យ៣២គ្រួសារនៅភូមិកែវផុស ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុងមានជម្លោះដី៣៥២ហិចតាជាមួយអ្នកជំនួញម្នាក់តាំងពីឆ្នាំ២០០៦។ តុលាការខេត្តកោះកុង បានកាត់ក្តីប្រគល់ដីជម្លោះនោះទៅឱ្យអ្នកជំនួញនៅក្នុងឆ្នាំ២០០៨។ ប៉ុន្តែអ្នកភូមិមិនសុខចិត្តនឹងសេចក្តីសម្រេចរបស់តុលាការ។
ពាក្យបណ្តឹងរបស់អ្នកភូមិនេះបានបញ្ជាក់ថា ប្រជាពលរដ្ឋសុំឱ្យអង្គភាពប្រឆាំងអំពើពុករលួយស៊ើបអង្កេតអំពើពុករលួយរបស់មន្ត្រីតុលាការខេត្តកោះកុងចំនួនប្រាំនាក់ អំពីការក្លែងបន្លំឯកសារសាធារណៈក្នុងសំណុំរឿងព្រហ្មទណ្ឌឆ្នាំ២០០៨នៃការវិវាទដីធ្លីរវាងប្រជាពលរដ្ឋចំនួន៣២គ្រួសារ និងអ្នកជំនួញម្នាក់។
លោកហួន មុន្នី ប្រធានតុលាការខេត្តកោះកុងដែលឈ្មោះរបស់នៅក្នុងពាក្យបណ្តឹង បានថ្លែងថា ចៅក្រមបានធ្វើសេចក្តីសម្រេចរឿងក្តី ទាំងអស់ស្របតាមនីតិវិធី និងគោលការណ៍ច្បាប់។ លោកបានប្រាប់វីអូអេខ្មែរថា៖
«ពួកខ្ញុំមិនដឹងថា គេប្តឹងពីអ្វីទេ។ ខ្ញុំមិនយល់ទេ ព្រោះខ្ញុំជាចៅក្រមម្នាក់ចាត់ការសំណុំរឿងក្តីតាមនីតិវិធីតែប៉ុណ្ណោះ។ ខ្ញុំគ្រាន់តែគិតថា មាត្រា៤១នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយថា អ្នកណាដែលប្តឹងមិនត្រឹមត្រូវ អ្នកនោះទទួលទោសទៅតាមច្បាប់ខ្លួនឯងទៅ ហើយឱ្យអង្គភាពប្រឆាំងអំពើពុករលួយចាត់ការតាមនីតិវិធីដែលបានចែងទៅ។ បុគ្គលណាខ្លះដែលត្រូវគេប្តឹង ហើយមូលហេតុអ្វី ហើយមានភស្តុតាងអ្វីដែលថា គេប្តឹងនោះវាត្រឹមត្រូវអត់»។
លោកកែវ រ៉េមី អ្នកនាំពាក្យក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានថ្លែងថា អាជ្ញាធរប្រឆាំងអំពើពុករលួយបានទទួលពាក្យបណ្តឹងនោះហើយៗ អាជ្ញាធរប្រឆាំងអំពើពុករលួយនឹងពិនិត្យពាក្យបណ្តឹងនោះ មុននឹងធ្វើការស៊ើបអង្កេត។
លោក ហ៊ឹម សារ៉ាត់ តំណាងប្រជាពលរដ្ឋបានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាននៅមុខអង្គភាពប្រឆាំងអំពើពុករលួយ មុនពេលដាក់ពាក្យបណ្តឹងយ៉ាងដូច្នេះថា៖
«ពួកខ្ញុំអត់សុខចិត្ត បាននាំប្រជាពលរដ្ឋមកប្តឹងនៅអាជ្ញាធរប្រឆាំងអំពើពុករលួយ ដើម្បីឱ្យអាជ្ញាធរប្រឆាំងអំពើពុករលួយជួយរកយុត្តិធម៌ឱ្យពួកខ្ញុំ។ ខ្ញុំមកប្តឹងនៅអាជ្ញាធរប្រឆាំងអំពើពុករលួយ ដើម្បីឱ្យអាជ្ញាធរប្រឆាំងអំពើពុករលួយជួយអន្តរាគមន៍ទៅលើកិច្ចប្រជុំថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១១»។
លោកសេង ធី តំណាងប្រជាពលរដ្ឋម្នាក់ទៀត បានបញ្ជាក់ថា អ្នកភូមិបានទទួលរងអំពើយុត្តិធម៌ និងភាពក្រីក្រ ខណៈដែលដីស្រែចម្ការរបស់ពួកគាត់ត្រូវបានរំលោភយកដោយអ្នកជំនួញម្នាក់តាម សេចក្តីសម្រេចរបស់តុលាការខេត្តកោះកុង។ លោកសេង ធី បានបន្ថែមថា អ្នកភូមិបានមកកាន់អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីទាមទារយក ដីដែលបានបាត់បង់នោះយកមកធ្វើស្រែចម្ការចញ្ចឹមជីវិតវិញ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចំណារឯកភាពតាមលិខិតរបស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចុះថ្ងៃទី១២ខែមិថុនា ឆ្នាំ២០០៨ ឱ្យប្រគល់ដី៣៥២ហិចតាជូនទៅប្រជាពលរដ្ឋ៤៩គ្រួសារ។ បន្ទាប់មកលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានចំណារឯកភាពតាម លិខិតរបស់លោកឧបនាយករដ្ឋមន្ត្រីស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចុះថ្ងៃទី២០ខែឧសភាឆ្នាំ ២០១០ ឱ្យសម្រុះសម្រួលផ្តល់ដី១៧៦ហិចតានៃដី៣៥២ហិចតាជូនប្រជាពលរដ្ឋ៤៨គ្រួសារសម្រាប់ធ្វើស្រែចម្ការ៕