សម្តេចឪ នរោត្តម សីហនុ និងសម្តេចម៉ែ នរោត្តម មុនីនាថសីហុន ព្រមទាំងព្រះករុណាសម្តេចព្រះ នរោត្តម សីហមុនី នៅថ្ងៃច័ន្ទនេះ បានយាងចាកចេញពីប្រទសកម្ពុជា ដើម្បីទៅបំពេញព្រះរាជទស្សនកិច្ចជាលក្ខណៈឯកជន តាមការអញ្ចើញរបស់លោកង្វៀន មិញ ទ្រៀត (Nguyen Minh Triet) ប្រធានាធិបតីនៃប្រទេសវៀតណាម ។
ជូនព្រះរាជដំណើរសម្តេចឪ នរោត្តមសីហនុ និងសម្តេចម៉ែ ព្រមទាំងព្រះកុរណានៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ រួមមាន លោកជា ស៊ឹម ប្រធានព្រឹទ្ឋសភា លោកហេង សំរិន ប្រធានរដ្ឋសភា លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ព្រមទាំងមន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលមួយចំនួនទៀត។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ព្រះរាជលេខាផ្ទាល់របស់សម្តេចឪ នរោត្តមសីហនុ បានថ្លែងប្រាប់ វីអូអេ សំឡេងសហរដ្ឋអាមេរិកតាមរយៈទូរស័ព្ទថា សម្តេចឪ សម្តេចម៉ែ និងព្រះមហាក្សត្រ និងគង់ប្រថាប់នៅ ក្នុងប្រទេសវៀតណាមចំនួន៣ថ្ងៃ។ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ បានមានបន្ទូលថា ព្រះរាជដំណើទស្សនកិច្ចនេះ បានបង្ហាញឲ្យឃើញអំពីទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។ ព្រះអង្គបន្តថា៖
«ការដែលប្រទេសវៀតណាម ស្តេចលោកទៅហើយហ្នឹង លោកសព្វព្រះរាជហឫទ័យឆ្លុះបញ្ចាំងមិត្តភាព មេត្រីភាពរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ហើយនិងរវាងប្រជារាស្រ្តកម្ពុជា និង ប្រជាជនវៀតណាម តែប៉ុណ្ណឹងទេ អត់មានអីវែងឆ្ងាយទេ»។
ព្រះរាជទស្សនកិច្ចរបស់សម្តេចឪទៅកាន់ប្រទេសវៀតណាមលើកនេះ ចំពេលដែលប្រទេសកម្ពុជា និងប្រទេសវៀតណាមបានចាប់ផ្តើមបោះបង្គោលព្រំដែន ដែលក្រុមមន្រ្តីគណបក្សប្រឆាំងបានចោទប្រកាន់ថា ប្រទេសវៀតណាម បានបោះតម្រុយបង្គោលព្រំដែនរំលោភចូលបូរណភាពដែនដីនៃប្រទេសកម្ពុជា។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិធម្មិកោ បានមានបន្ទូលថា សម្តេចឪ នឹងមិនលើកយកបញ្ហាព្រំដែនទៅជជែកជាមួយនឹងរដ្ឋាភិបាលវៀតណាមទេ ពីព្រោះនេះ គឺជាកាតព្វកិច្ចរបស់រដ្ឋាភិបាល។
លោកយឹម សុវណ្ណ អ្នកនាំពាក្យ និងជាអ្នកតំណាងរាស្រ្តនៃគណបក្សសម រង្ស៊ី បាននិយាយថា សម្តេចឪ អាចនឹងលើកយកបញ្ហាព្រំដែនទៅពិភាក្សានៅក្នុងពេលមានជំនួប ជាមួយមេដឹកនាំវៀតណាម។ លោកបន្ថែមថា៖
«ខ្ញុំមានជំនឿថា បញ្ហានេះនឹងត្រូវបានលើកយកទៅពិភាក្សាក្នុងកិច្ចប្រជុំ ពីព្រោះថា ឥឡូវនេះ យើងពឹងទៅលើរដ្ឋាភិបាល រដ្ឋាភិបាលធ្វើព្រងើយកន្តើយមិនអើពើនឹងសូមណូមពររបស់យើង ការព្រួយបារម្ភរបស់យើងចំពោះបញ្ហាព្រំដែន»។
លោកខៀវ កាញ្ញារិទ្ឋ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា អ្នកដែលជំរុញបញ្ហាព្រំដែន នៅក្នុងពេលដែលសម្តេចឪបំពេញទស្សនកិច្ចក្នុងប្រទេសវៀតណាមនោះ វាហាក់បីដូចជាការទម្លាក់ទោសទៅលើព្រះអង្គ។ លោកខៀវ កាញ្ញារិទ្ឋ មានប្រសាសន៍ថា តាមរដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រគ្រប់គ្រងរាជ្យតែមិនកាន់អំណាចទេ។ លោកថ្លែងដូច្នេះថា៖
«ព្រះអង្គលើកមកទាល់តែព្រះអង្គក្តាប់ការងារហ្នឹង ជាប់ទាំងអ្នកឯកទេស។ ធម្មតា វាជាការងារមួយវែងឆ្ងាយណាស់ មិនមែនគ្រាន់តែមកអង្គុយជជែកលេងទេ។ អញ្ចឹងអ្នកនិយាយហ្នឹង ចង់ជំរុញឲ្យព្រះករុណាទទួលខុសត្រូវបញ្ហាទាំងអស់ហ្នឹងម៉េចបាន»។
សម្តេចឪ នរោត្តម សីហនុ ធ្លាប់បានបំពេញព្រះរាជទស្សនកិច្ចលើកទី១ ទៅកាន់ប្រទេសវៀតណាមកាលពីឆ្នាំ១៩៩៥ នៅពេលដែលព្រះអង្គគ្រប់គ្រងរាជសម្បត្តិ។