ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកនិពន្ធ​ខ្មែរ​​សិក្សា​ខាងផ្នែក​តែងនិពន្ធ​នៅសាកល​វិទ្យាល័យ​ Brown


លោក ខូ តារាឫទ្ធិ​ ជាអ្នក​និពន្ធ​ខ្មែរ​ទីមួយ​ដែល​សិក្សា​នៅ​សាកល​វិទ្យាល័យ​ដ៍ល្បីឈ្មោះ​នៅ​ភាគ​ខាង​កើត​ស.រ.អា។
លោក ខូ តារាឫទ្ធិ​ ជាអ្នក​និពន្ធ​ខ្មែរ​ទីមួយ​ដែល​សិក្សា​នៅ​សាកល​វិទ្យាល័យ​ដ៍ល្បីឈ្មោះ​នៅ​ភាគ​ខាង​កើត​ស.រ.អា។

ការទទួល​អាហាររូបករណ៏​ទៅសិក្សា​នៅបរទេស​ ជារឿង​ធម្មតា​ សម្រាប់​និស្សិត​ខ្មែរ។​ តែ​ការទទួល​អាហាររូបករណ៏​ សម្រាប់​សិក្សា​ខាងផ្នែក​តែងនិពន្ធជារឿង​ដែល​កម្រ​មានមួយ។ ​លោក ប៉ូច​ រាសី​ រាយការណ៍​ ពី​អ្នកនិពន្ធ​ខ្មែរម្នាក់​ដែលបាន​ទទួល​អាហាររូបករណ៍​ពី​សាកលវិទ្យាល័យ​Brownដ៍​ល្បី​ឈ្មោះ​ដើម្បី​សិក្សា​ផ្នែក​ការតែងនិពន្ធ​ចំនួន​មួយឆ្នាំ។ លោក ខូ តារាឫទ្ធិ​ ជាអ្នក​និពន្ធ​ខ្មែរ​ទីមួយ​ដែល​សិក្សា​នៅ​សាកល​វិទ្យាល័យ​ដ៍ល្បីឈ្មោះ​នៅ​ភាគ​ខាង​កើត​ស.រ.អា។

លោក​ ខូ តារាឫទ្ធិ​ ធ្លាប់បាន​ឆ្លងកាត់​ការលំបាក ជាច្រើន។ លោកធ្លាប់​រត់​ម៉ូតូឌុបនិងធ្វើការ​ជា​កម្មករ​សំណង់​ដើម្បី​រកប្រាក់​ចិញ្ចឹម​ជីវិត និងបន្ត​ការសិក្សា​ខាងនិពន្ធ​មុនពេល​លោក​ទទួលបាន​អាហារ​រូបករណ៍​មក​សិក្សា​នៅសាកល​វិទ្យាល័យ​Brown។ លោក​ដឹងថា​ជីវភាព​របស់​អ្នកនិពន្ធ​មាន​ការលំបាក​ក៏ប៉ុន្តែ​លោកថា​កើតមក​ជាអ្នកនិពន្ធ​លោក​មិនអាច​ផ្លាស់ប្តូរ​រឿងនេះ​បានទេ។

«បើយើង​ដុះមក​ជា​ឈូកហើយ​ យើង​មិនអាច​ប្រែក្លាយ​ទៅជាអ្វី​ផ្សេងទេ។ បើ​និយាយ​ឲ្យចំ​គឺថា​វាមាន​សារជាតិ​ពី​កំណើត​មក​ ថាយើង​និង​ធ្វើ​អញ្ចឹងណា។ ហើយ​យើង​ធ្វើហ្នឹង​មិនមែន​ដើម្បី​ គាំទ្រ​ឬ​ប្រឆាំង​និង​គណបក្ស​នយោបាយ​ណាមួយទេ។ ខ្ញុំ​គឺ​ជា​អ្នកនិពន្ធ​ឯករាជ្យ»។

ស្នាដៃ​របស់​លោក រួមមាន​ប្រលោមលោក​ខ្លីៗ​ ដូចជា​រឿង​ដែលមាន​ចំណងជើងថា “ស្តាយ” ​ដែល​ជួយដាស់តឿន​យុវជនខ្មែរ​ កុំឲ្យ​យល់ច្រឡំ​ពី​អត្ថន័យ​នៃបុណ្យ​ថ្ងៃទី​១៤​កុម្ភះ​ ឬ​ Valentine’s Day ។

លោក​ តារាឫទ្ធិ​ ថ្លែងថា​ អ្នកនិពន្ធ​មានផ្លូវដើរ​ទៅរក​ជោគជ័យ​ច្រើន​ណាស់ ​ប៉ុន្តែ​លោកថា​ផ្លូវ​ទាំងនោះ​ត្រូវគេ​ត្រួសត្រាយ​រួចហើយ ។​ ដូច្នេះ​លោកថ្លែងថា​ដើម្បី​ទទួល​ជោគជ័យ​ លោក​ត្រូវ​ត្រួសត្រាយផ្លូវ​មួយ​សម្រាប់​ខ្លួនឯង។

«យើងត្រូវ​កាប់ព្រៃ​បង្កើតផ្លូវ​ខ្លួនឯងមួយ។ ខ្ញុំកំពុង​ធ្វើ​រឿងហ្នឹង។ ខ្ញុំកំពុង​សរសេរ​តាម​បែបបទ​របស់ខ្ញុំ។ ខ្ញុំឃើញបញ្ហាសង្គម​ខ្ញុំសរសេរ។ ហើយ​ការ​ដែលបាន​អាហារ​រូបករណ៏​មកសិក្សា​នៅ​ស.រ.អាមួយរយះ​ពេលហ្នឹង គឺដោយសារតែ​ការប្រឹងប្រែង​ និង​ដោយសារ​តែខ្ញុំមាន​អត្តសញ្ញាណ​ជា​អ្នកនិពន្ធ​ផងដែរ»។

ក្រៅពី​ការផ្តល់​អាហាររូបករណ៏​ សាកលវិទ្យាល័យ​ Brown ថែមទាំងបាន​រៀបចំ ជា​មហោស្រព​សេរីភាព​សរសេរ​អក្សរសិល្ប៍​អន្តរជាតិ​មួយ ចំនួន៤ថ្ងៃ​ នៅ​ពេល​ថ្មីៗនេះ​ដោយ​ផ្តោតលើ​សេរីភាព​នៃ​អក្សរសិល្ប៍​ខ្មែរ។

អ្នកនិពន្ធ​ខ្មែរសិក្សា​ខាងផ្នែក​តែងនិពន្ធ​នៅសាកល​វិទ្យាល័យ​ Brown
អ្នកនិពន្ធ​ខ្មែរសិក្សា​ខាងផ្នែក​តែងនិពន្ធ​នៅសាកល​វិទ្យាល័យ​ Brown

លោក​ ខូ តារាឫទ្ធិ​ និង​អ្នកនិពន្ធ​ខ្មែរ​ឯទៀត​ បានចូលរួម​នៅក្នុង​ ការពិភាក្សា​គ្នា​អំពី​បញ្ហា​ផ្សេងៗ​ដែល​អ្នកនិពន្ធខ្មែរ​ប្រឈមមុខ​ ដូចជា​សេរីភាព​ក្នុង​ការសម្តែង​មតិ​ និង​ការសរសេរ​អំពី​បទពិសោធន៍​ របស់​ជនភៀសខ្លួន​ជាដើម។

វាគ្មិន​មាន​រួមទាំង​អ្នកស្រី កែវ​ ចាន់បូ អ្នក​និពន្ធ​មកពីរដ្ឋ​ Minnesota ​លោក ឃឿន​សំខាន់ អ្នកនិពន្ធ​មកពី​ទីក្រុង Lowell​ រដ្ឋ​Massachusetts ​លោក​ ប្រាជ្ញលី​ អ្នក​ចម្រៀង​ប្រភេទ​rap​ មកពី​ទីក្រុង Long Beach​រដ្ឋ​California ​លោក​កង​ រិទ្ធីសាល​ អ្នក​សិក្សា​ខាង​សិល្បៈខ្មែរ​ ក្នុង​កម្មវិធី Fullbright ​ព្រមទាំង​សាស្ត្រាចារ្យអង់គ្លេស Geoff Ryman ដែល​ជា​អ្នក​និពន្ធ​រឿង​ប្រលោមលោក​វិទ្យាសាស្ត្រ ​និង​អ្នកនិពន្ធ​រឿងល្ខោន​ Catherine​ Filloux ​ដែលបាន​និពន្ធ​រឿងល្ខោន​ជាច្រើន​រឿង ទាក់ទង​និង​ប្រទេស​កម្ពុជា​ និង អ្នកនិពន្ធ​បរទេស​មួយចំនួនទៀត។

លោក តារាឫទ្ធិ​ បញ្ជាក់​ថា​លោក​ជា​អ្នកនិពន្ធ​ឯករាជ្យ ​ដែលមាន​បំណង​ចង់ជួយ​លើកស្ទួយអក្សរសិល្ប៍ខ្មែរ។

«រហូត​មកដល់​ដំណាក់ការ​នេះ​គឺខ្ញុំធ្វើ​ដើម្បីខ្មែរ​ដើម្បី​អក្សរសិល្ប៍ខ្មែរ​ទូទៅ។​ ខ្ញុំអត់​នៅក្នុង​ក្រុម​អ្នកនយោបាយ​ណាមួយ​ទេ។ ការដែល​ខ្ញុំ​សម្រេចចិត្ត​ធ្វើបែបនេះ គឺ​ដោយសារថា​បើសិនជា​ខ្ញុំ​ចូលទៅក្នុង​គណបក្ស​នយោបាយ​ ខ្ញុំអត់មានសេរីភាព​ក្នុង​ការសរសេរទេ។ ខ្ញុំ​ទាល់តែ​សរសេរ​តាមដែល​មេគណបក្ស​គេចង់បាន»។

លោក​ ខូ តារាឫទ្ធិ​ ថ្លែងថា លោក​មាន​បំណង​ចង់បន្ត​ការសិក្សា​នៅស.រ.អាក្រោយ​ពេល​លោក​បញ្ចប់​ការសិក្សា​ នៅសាកលវិទ្យាល័យ​ Brown ​ដើម្បី​យក​ចំណេះដឹង​ខាង​ការតែង​និពន្ធ ទៅជួយ​បង្រៀន​និស្សិត​នៅប្រទេស​កម្ពុជា៕

XS
SM
MD
LG