ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាំ​សហសម័យ​ខ្មែរ​ Khmeropedies I & II​ នឹង​ទៅ​សម្តែង​នៅ​ប្រទេស​សឹង្ហបូរី​


Firefighters hose down a destroyed vehicle at the site of a suicide bomb attack in Kirkuk, Iraq, February 3, 2013.
Firefighters hose down a destroyed vehicle at the site of a suicide bomb attack in Kirkuk, Iraq, February 3, 2013.

របាំ​សហសម័យ​ខ្មែរ​ មាន​ឈ្មោះ​ថា​ “Khmeropedies​ I & II” ​ដែល​ទើប​បាន​សម្តែងថ្មីៗ​នេះ​នៅ​ទី​ក្រុង​ New Haven​ រដ្ឋ​ Connecticut ​ និង​ទី​ក្រុង​ New York​ នឹង​ទៅសម្តែង​នៅ​ប្រទេស​សឹង្ហបូរី​នៅថ្ងៃ​ទី២០​ និង​ទី​២១ ​ខែ​សីហា​ ឆ្នាំ​២០១០​ខាង​មុខ​នេះ​ នៅ​រោង​មហោស្រព​ Esplanade​ Theatre។

សិល្បៈ​របាំ​ “Khmeropedies​ I & II”​ ភាគ​ទី​មួយ​និង​ភាគ​ទី​ពីរ​ទើប​បង្កើត​ថ្មី​នៅ​ឆ្នាំ​២០០៧​ ដោយ​អ្នកស្រី​អេម៉ានុយអែល​ ភួន​ និង​ផលិត​ដោយ​ក្រុម​ប្រឹក្សា​នៃ​អង្គការ​អម្រឹតា​សិល្បៈ​នៅ​ប្រទេស​កម្ពុជា​ និង​ចេញ​ទៅ​សម្តែង​នៅ​ប្រទេស​ សឹង្ហបូរី​ ក្នុង​ទ្រង់​ទ្រាយ​ធំ​ដោយ​មាន​សិល្បករ​សម្តែង​១២​នាក់។

សិល្បករ​ដែល​បាន​ទៅ​សម្តែង​នៅ​រោង​មហោ​ស្រព​សិល្បៈ​និង​គំនឹត​ហៅ​ Festival of Arts & Ideas ​នៅ​ទី​ក្រុង​ New Haven​ រដ្ឋ​ Connecticut​ និង​រោង​មហោស្រព​ Baryshnikov​ នៅ​ទី​ក្រុង​ New York​ កាល​ពី​ខែ​មិថុនា​ឆ្នាំ​២០១០​នោះ​ មាន​ទាំង​អស់​៤​នាក់​ គឺ​អ្នក​គ្រូ​ សំ​ សត្យា​ នាង​ជុំវ៉ាន់​ សូដានី នាង​ជ័យចាន់​កត្យា​ និង​លោក ​ផុន សុភាព។​ ប៉ុន្តែការ​សម្តែង​នៅ​រោង​មហោស្រព​ Esplanade​ Theatre​ នៅ​ក្នុង​ប្រទេសសឹង្ហបូរី​ របាំ​“Khmeropedies​ I & II” ​នឹង​មាន​បន្ថែម​សិល្បករ​៨​នាក់​ទៀត​ ដើម្បី​សម្តែង​ជា​ឆាក​ធំ​មួយ​ ក្នុង​បំណង​ទាក់ទាញ​ទស្សនិកជន​អន្តរជាតិ​ឲ្យ​ស្គាល់​និង​ចូល​ចិត្ត​ការ​សម្តែងសិល្បៈ​សហសម័យ​ខ្មែរ​ និង​ទទួល​បាន​នូវ​បរិយាកាស​សំរាប់​ការ​អភិវឌ្ឍន៍​សិល្បៈ​របស់​ខ្លួន។

នៅ​ក្នុង​ទស្សនីយភាព​របាំ​សហសម័យ​ Khmeropedies​ អ្នកស្រី​អេម៉ានុយអែល ភួន​ បាន​បង្ហាញ​អំពី​ប្រឌិតញាណ​នៃ​សិល្បៈ​ខ្មែរ​ជំនាន់​ក្រោយ​ដល់​ទស្សនិកជន​អន្តរជាតិ​ ដោយ​យក​របាំ​ក្បាច់​បូរាណ​ខ្មែរ​ លាយ​ជា​មួយ​ក្បាច់​បស្ចឹម​ប្រទេស​ ទៅ​រាំ​ជា​មួយ​នឹង​ភ្លេង​រ៉ាព​ដែល​ក្មេងៗ​ខ្មែរ​និយម​រាំ​តាម​ផ្លូវ​ថ្នល់ បទ​ភ្លេង​អាល្លឺម៉ង់​ និង​បទ​ភ្លេង​ Gymnopedies​ របស់​អ្នក​និពន្ធ​បទ​ភ្លេង​ជាតិ​បារាំង​នៅ​ឆ្នាំ​១៨៨៧​ លោក ​Erik Satie។

អត្ថន័យ​នៅ​ក្នុង​របាំ​ Khmeropedies​ គឺ​ជា​ការ​សន្ទនារ​រវាង​អ្នក​គ្រូ​របាំអភិរក្សម្នាក់​ជា​មួយ​នឹង​ក្រុមសិស្ស​ដែល​ចង់​បាន​ការ​ពិសោធន៍​ជាមួយ​នឹង​បច្ចេកទេស​ថ្មី​នៃ​របាំ​ដទៃ​ទៀត។​ នៅ​ទី​បំផុត​ការ​ពិភាក្សា​របស់​អ្នកគ្រូ​របាំ​អភិរក្ស​ម្នាក់​ដែល​យល់​ថា​របាំ​របស់​ខ្មែរ​មាន​យ៉ាង​ល្អ​ប្រណិត​ទៅ​ ហើយមិន​គួរ​ទៅ​រៀន​របាំ​ដទៃ​នោះ​ ក៏ចុះ​សម្រុង​ជា​មួយ​សិស្ស​ ហើយ​សាក​ល្បង​យក​បច្ចេកទេស​ថ្មី​មួយ​តាម​បែប​សិល្បៈ​សហសម័យ។

អង្គការ​អម្រឹតា​សិល្បៈ​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្តរជាតិ​មួយ​ ដែល​មាន​បេសកកម្ម​រក្សា​មរតក​នៃ​របាំ​ក្បាច់​បូរាណ​និង​មហោស្រព​ខ្មែរ​ ហើយ​និង​លើក​ស្ទួយ​ឲ្យ​បង្កើត​សិល្បៈ​សហ​សម័យ។​ អង្គការ​អម្រឹតា​សិល្បៈ​មាន​ភារកិច្ច​នាំ​ក្រុម​សិល្បករ​ខ្មែរ​និង​សិល្បករ​អន្តរជាតិ​ ឲ្យ​ធ្វើការ​ជា​មួយ​គ្នា​ ចែក​រំលែក​គំនឹត​និង​ជំនាញ​សិល្បៈ​គ្នា​ និង​បង្កើត​ទស្សនីយភាព​របាំ​សហសម័យ៕

XS
SM
MD
LG