បីទសវត្សរ៍តាំងពីខ្មែរក្រហមបំផ្លិច បំផ្លាញប្រទេសកម្ពុជា ដោយបានសម្លាប់មនុស្សដល់ទៅ១ភាគ៤ក្នុងការបង្កើតរបបកុម្មុយនិស្តមហាលោកផ្លោះមហាស្ចារ្យនោះ ប្រជាពលរដ្ឋកម្ពុជានៅតែឈឺចាប់នៅឡើយ។
នៅពេលមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់បំផុតបួននាក់ដែលនៅរស់ត្រូវកាត់ទោសនៅភ្នំពេញនោះ កម្មាភិបាលខ្មែរក្រហមថ្នាក់ទាបរាប់ពាន់នាក់ទៀតដែលទទួលខុសត្រូវអំពើកំណាចនេះ នឹងមិនត្រូវកាត់ទោសទេ។
ភូមិក្រាំងលាវជាសហគមន៍ខ្មែរដាច់ស្រយាល មិនឆ្ងាយពីភ្នំពេញទេ។ អ្នកភូមិជាមិត្តភក្តិ សាច់ញាតិ និងជាអ្នកជិតខាងនឹងគ្នា។ តែអំឡុងរបបខ្មែរក្រហមក្នុងទសវត្សរ៍១៩៧០ អ្នកភូមិមានការភ័យខ្លាច ព្រោះមានការចោទប្រកាន់ថា គេជាជនប្រឆាំងបដិវត្តន៍ ហើយត្រូវបាត់ខ្លួន។
លោកសោម ឆោម អាយុ៧១ឆ្នាំនិយាយថា គាត់ត្រូវបង្ខំឲ្យចូលរួមចលនាខ្មែរក្រហម តែដូចកម្មាភិបាលផ្សេងទៀតដែរ លោកអះអាងថា លោកមិនមានឋានៈ ហើយមិនដែលប្រព្រឹត្តអំពើឃោរឃៅទេ។ កិច្ចការរបស់លោកគឺឃ្វាលគោ។
«ខ្ញុំគិតថា យើងត្រូវទុកអតីតកាលមួយកន្លែង។ យើងត្រូវគិតពីរដ្ឋាភិបាលបច្ចុប្បន្ន បំភ្លេចអតីតកាលជូរចត់។ យើងត្រូវខំកសាងសង្គមជាតិ»។
តែចំពោះអ្នកស្រីប៉ុល យ៉ុម នៅម្ខាងផ្លូវនិយាយថា លោកសោម ឆោមត្រូវជាអ្នកទទួលខុសត្រូវ ហើយថា រឿងអតីតកាលនេះពីបាកបំភ្លេចណាស់។
អ្នកស្រីនិយាយថា ខ្មែរក្រហមបានសម្លាប់សាច់ញាតិរបស់គាត់ច្រើនណាស់ រាប់មិនអស់ទេ។
អ្នកស្រីនិយាយថា លោកសោម ឆោមត្រូវជាអ្នកទទួលខុសត្រូវ។ គាត់ថា លោកសោម ឆោមមិនដែលឃ្វាលគោទេ។ គាត់ជាប្រធានសហករណ៍ ដែលជាកម្មាភិបាលថ្នាក់ទាប។ គាត់ក៏ជាបងប្អូនជីដូនមួយរបស់អ្នកស្រីដែរ។
«គាត់រស់នៅជាមួយឳពុកម្តាយខ្ញុំបីបួនឆ្នាំ ពេលរៀននៅបឋមសិក្សា។ ប៉ុន្តែ ខ្ញុំមិនយល់ទេថា ហេតុអ្វីគាត់ធ្វើអំពើអាក្រក់។ គាត់ជាអ្នកចេះដឹង។ ខ្ញុំនៅតែមិនយល់»។
អ្នកស្រីនិយាយថា អ្នកស្រីនិយាយជាមួយគាត់ តែមិនដែលប្រឈមមុខនឹងគាត់ទេ ពីព្រោះសព្វថ្ងៃ អ្នកស្រីនៅតែខ្លាចបងប្អូនជីដូនមួយរបស់អ្នកស្រី។
អ្នកស្រីមិនចង់ឲ្យគេកាត់ទោសគាត់ដូចមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់បួននាក់នៅភ្នំពេញទេ ប៉ុន្តែអ្នកស្រីនិយាយថា ដើម្បីឲ្យអ្នកស្រីយល់ និងធូរចិត្ត លោកសោម ឆោមត្រូវបកស្រាយ និងបញ្ជាក់ការណ៍ពិត។
អ្នកស្រីប៉ុល សារ៉ាត់ ជាអ្នកជិតខាងបញ្ជាក់ថា សោម ឆោមនិយាយកុហក់ ហើយតាមពិតគាត់ជាប្រធានសហករណ៍។
ដូចប៉ុល យ៉ុមដែរ ប៉ុល សារ៉ាត់ជាបងប្អូនជីដូនមួយរបស់សោម ឆោម។ ទោះជាយ៉ាងណាក្តី អ្នកស្រីមិននិយាយជាមួយគាត់ទេ ហើយថា គាត់គួរឡើងតុលាការកាត់ទោស។
«គាត់គួរមានទោសតាមច្បាប់»។
លោកសោម ឆោមប្រកែកថា គាត់គ្មានកំហុសទេ ហើយថា ខ្មែរក្រហមដែលធ្វើទារុណកម្ម និងបានសម្លាប់សមាជិកគ្រួសារលោកនោះ បានបង្ខំឲ្យលោកធ្វើជាអ្នកដឹកនាំ តែលោកបានបដិសេធ។
«ពេលខ្មែរក្រហមចូល គេចោទថា ខ្ញុំជាមន្រ្តីរដ្ឋាភិបាលក្នុងរបបចាស់ ឬភ្នាក់ងារសម្ងាត់ធ្វើការឲ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA។ ប៉ុន្តែក្រោយពីខ្មែរក្រហមដួលរលំ គេចោទថា ខ្ញុំជាខ្មែរក្រហម ពីព្រោះខ្ញុំមានផ្ទះធំដូច្នេះ ដូចអ្នកឃើញហើយ។ ដូច្នេះឥឡូវគេចោទថា ខ្ញុំឃុបឃិតជាមួយខ្មែរក្រហម»។
លោកសោម ឆោមនិយាយថា លោករួចជីវិតពីខ្មែរក្រហម ដោយធ្វើឲ្យខ្មែរក្រហមយល់ថា ទុកគាត់ចំណេញជាងសម្លាប់គាត់ចោល។
អ្នកស្រីប៉ុល យ៉ុមនិយាយថា ជូនកាលអ្នកស្រីដេរខោអាវ ពេលអ្នកស្រីនឹងឃើញរឿងក្រៀមក្រំក្នុងអតីតកាល និងរឿងបងប្អូនជីដូនមួយរបស់អ្នកស្រី។
ថ្វីបើគេរស់នៅក្នុងភូមិជាមួយគ្នា ផ្ទះក្បែរគ្នាក៏ដោយ ដ៏សាច់ញាតិរបស់គេនៅតែបែកបាក់គ្នាដោយសារតែសោកនាដកម្មអតីតកាលនៅតែតាមលងពួកគេដដែល៕
ប្រែសម្រួលដោយ លី ម៉ូរីវ៉ាន់