ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ខ្មែរក្រហម​គ្រោងបើក​ឧទ្ធរណ៍​សំណុំរឿង​០០១


ឌុច​ ​មេគុក​ទួលស្លែង​ កំពុងស្តាប់​សវនាការ​។
ឌុច​ ​មេគុក​ទួលស្លែង​ កំពុងស្តាប់​សវនាការ​។

ភ្នំពេញ៖ អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​របស់​សាលាក្ដី​ខ្មែរក្រហម​គ្រោងនឹង​បើក​សវនាការ​ដើម្បី​កាត់​សេចក្ដី​លើ​បណ្ដឹង​ឧទ្ធរណ៍​ក្នុង​សំណុំរឿង​០០១​ ឬ​ករណី​ ឌុច ​នៅចុង​ខែ​មិនា ​ឆ្នាំ​២០១១។​ បញ្ហា​សំខាន់ៗ​ចំនួនបី​នឹង​ត្រូវ​សម្រេច​ក្នុ​ងសវនាការ​នោះ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សាលាក្ដី​ខ្មែរក្រហម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ឲ្យដឹង​ថា​ ​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​របស់​សាលាក្ដី​ខ្មែរក្រហម​នឹង​បើក​សវនាការ​ដើម្បី​សម្រេច​ក្ដី​លើ​បណ្ដឹង​ឧទ្ធរណ៍​នានា​ ក្នុង​សំណុំ​រឿង​០០១​ ឬ​សំណុំ​រឿង​ឌុច​ ​នៅចុង​ខែមិនា​ឆ្នាំ​២០១១​ខាងមុខ​នេះ។

ការ​កាត់ទោស​ជា​សាធារណៈ​នោះ​នឹង​ត្រូវ​ផ្ដោត​លើ​បណ្ដឹង​សារទុក្ខ​របស់​សហ​ព្រះរាជ​អាជ្ញា​ដែល​ជំទាស់​នឹង​ការ​ផ្ដន្ទាទោស​ឌុច ​ដែល​នៅ​មាន​កម្រិត​ទាប​ ​ផ្ដោត​ទៅ​លើ​ការ​ដោះស្រាយ​បណ្ដឹង​ទាម ទារ​ឲ្យ​ដោះលែង​ជន​ជាប់ចោទ​ឲ្យ​មាន​សេរីភាព​ឡើងវិញ​ ​ពី​ក្រុម​មេធាវី​ការពារ​ក្ដី។​ ហើយ​គឺជាការ​ កាត់​ទោស​ដែល​នឹង​ត្រូវ​សម្រេច​លើ​បណ្ដឹង​សារទុក្ខ​ទាមទារ​ឲ្យ​ទទួល​សិទ្ធិ​ជាដើមបណ្ដឹង​រដ្ឋប្បវេណី​ របស់​ជន​រងគ្រោះ​ដោយ​របប​ខ្មែរក្រហម​ចំនួន​៤១រូប ​និង​បណ្ដឹង​ទាមទារ​សំណង​ផង​ដែរ។

លោក​រាជ សម្បត្តិ ​ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​របស់​សាលាក្ដី​ខ្មែរក្រហម ​មាន​ប្រសាសន៍​ថា​ ​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​នឹង​ត្រូវ​រៀបចំ​កម្មវិធី​ពិស្ដារ​ជា​បន្ថែម​ទៀត​សម្រាប់​ការកាត់ទោស​នេះ។​ ហើយ​នេះ​គឺជា​ការ​ជូនដំណឹង​បឋម​មួយ។

«សំខាន់​យើង​ចង់​ឲ្យ​សាធារណ​ជន​ដឹង​ព័ត៌មាន​ឲ្យ​បានមុន​ ​ស្រួល​គាត់​ត្រៀម​ ​ជាពិសេស​សម្រាប់​អ្នក​នៅក្រៅ​ប្រទេស​ដែល​ចាប់​អារម្ម៍​នឹង​ការ​ជំនុំ​ជម្រះ​ក្ដី​លោក​កាំង ហ្គិចអ៊ាវ ​ហៅ ​ឌុច​ ​គាត់​អាច​ត្រៀមខ្លួន​មក​ចូលរួម​បាន​មុន»។

កាំង ហ្គិចអ៊ាវ​ ​ហៅ​ឌុច​ អតីត​ប្រធាន​មន្ទីរ​ស២១​ ឬ​គុក​ទួលស្លែង​ត្រូវ​ចោទ​ប្រកាន់​ពីបទ​ឧក្រិដ្ឋកម្ម​សង្រ្គាម​ ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​ ​ឧក្រិដ្ឋ​កម្ម​នៃ​ការ​ធ្វើ​ទារុណ​កម្ម​ និង​មនុស្ស​ឃាត​ ​ទាក់ទងនឹង​ការ​ធ្វើ​ទារុណ​កម្ម​ និង​ការ​សម្លាប់​អ្នកទោស​យ៉ាងតិច​ចំនួន​១២៣៨០​នាក់។​ កាលពី​ថ្ងៃ​ទី​២៦​ ខែ​កក្កដា​ អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​របស់​សាលាក្ដី​ខ្មែរក្រហម​បាន​សម្រេច​ផ្ដន្ទាទោស​ឲ្យ​ឌុច​ជាប់​ពន្ធនាគារ​ចំនួន​៣៥​ឆ្នាំ​ ​ក៏ប៉ុន្ដែ​ទោស​នេះ​ត្រូវ​បន្ធូរ​បន្ថយ​អស់​នៅ​សល់​ត្រឹមតែ​១៩​ឆ្នាំ​ប៉ុណ្ណោះ។

សហ​ព្រះរាជ​អាជ្ញា​បាន​ជំទាស់​នឹង​ការ​ផ្ដន្ទាទោស​នេះ ​ដោយ​ចាត់​ទុក​ថា​ ​គឺ​ជា​ការ​ផ្ដន្ទាទោស​នៅ​មាន​កម្រិតទាប មិន​សមល្មម​នឹង​បទ​ឧក្រិដ្ឋ​ដែល​ឌុចបាន​ប្រព្រឹត្ត។​ ហើយ​សហ​ព្រះរាជ​អាជ្ញា​បាន​ប្ដឹង​ជំទាស់​ទៅ​កាន់​អង្គជំនុំ​ជម្រះ​តុលាការ​កំពូល​ ​ដោយ​ទាមទារ​ឲ្យមាន​ការ​ផ្ដន្ទា​ទោស​ឌុច​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ​ឬ​ជាប់​ពន្ធនាគារ​ចំនួន៤៥​ឆ្នាំ​ ​ដោយ​ពុំមាន​ការ​បន្ធូរបន្ថយ​ទោស។​ ដោយ​ឡែក​ ​ក្រុម​មេធាវី​ការពារក្ដី​បាន​ទាម​ទារ​ឲ្យ​ដោះលែង​ឌុច​ ​ដោយ​សំអាង​ថា​ ​មាន​កំហុស​ក្នុង​យុត្តាធិការ​ក្នុង​ការ​កាត់ក្ដី​ និង​មិនមាន​យុត្តា​ធិការ​បុគ្គល។

លោក​ជុំ ម៉ី ​អ្នក​នៅ​រស់រាន​មាន​ជីវិត​ពី​ការ​កាប់​សម្លាប់​របស់​ឌុច ​នៅ​គុក​ទួលស្លែង ​និង​ជា​ប្រធាន​សមាគម​ក្សេមក្សាន្ដ​ទ្រទ្រង់​ជន​រងគ្រោះ​ដោយ​របប​ខ្មែរក្រហម​បាន​សំដែង​ការ​មិន​ពេញចិត្ត​ចំពោះ​ការ​ផ្ដន្ទាទោស​ឌុច​ ​កាលពី​លើក​មុន។​លោក​ក៏​ត្រូវការ​ឲ្យ​សាលាក្ដី​ខ្មែរក្រហម​កំណត់​ទោស​ឲ្យឌុច​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ដែរ។

«យើង​ជា​ជនរងគ្រោះ​ម្នាក់ៗ​ចង់ឲ្យ​ដាក់​ទោស​ឌុច​អស់មួយ​ជីវិត​តែ​ម្ដង​ ដើម្បី​ទុក​ជា​គំរូ​សម្រាប់​ក្មេង​ជំនាន់​ក្រោយ»។

លោកឡាត់ គី​ ​អ្នក​សម្រប​សម្រួល​កម្មវិធី​សាលាក្ដី​ខ្មែរក្រហម​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ អាដហុក​ ​យល់​ថា​ ​ជន​រងគ្រោះ​ទូទៅ​កំពុង​ចង់ដឹង​ពីការ​ផ្ដន្ទាទោស​ឌុច​ដោយ​តុលាការ​កំពូល​របស់​សាលាក្ដី​ខ្មែរក្រហម​នេះ។

«សាធារណជន​ជាទូទៅ​ ​ជាពិសេស​ដើមបណ្ដឹង​រដ្ឋប្បវេណី​ ​គាត់ចង់​ដឹង​អំពី​ការ​សម្រេច​ចុង​ក្រោយ»។

មាន​ជនជាប់ចោទ​ចំនួន​ប្រាំនាក់​កំពុង​ស្ថិតក្នុង​ការ​ឃុំឃាំង​ជាបណ្ដោះ​អាសន្ន​របស់​សាលាក្ដី​ខ្មែរ

ក្រហម។ ​ពួកគេ​ដែល​សុទ្ធសឹង​ជាមនុស្ស​វ័យ​ចំណាស់​ ​ដ៏ជរា​ ​ត្រូវចោទ​ប្រកាន់​ទាក់ទង​ទៅនឹង​ការ​សម្លាប់​ប្រជា​ពលរដ្ឋ​កម្ពុជា​យ៉ាង​តិច​ចំនួន​១,៧​លាននាក់​ ​ចន្លោះ​ពីឆ្នាំ​១៩៧៥​ ​ដល់ឆ្នាំ​១៩៧៩។​ ក្រៅពី​ ឌុច​ជន​ជាប់ចោទ​បួននាក់​ទៀត ​មាន​នួន ជា​ ​ខៀវ សំផន​ ​អៀង សារី ​និង​ប្រពន្ធ​របស់​គាត់​គឺ​អៀង ធារិទ្ធ​ ​ដែល​សុទ្ធសឹង​ជា​មេដឹកនាំ​កំពូល​របស់​របប​ខ្មែរក្រហម​ ​នឹង​ត្រូវ​កាត់​ទោស​នៅ​ក្នុង​អំឡុង​ឆ្នាំ​ ២០១១​ខាង​មុខ​ដែរ៕

XS
SM
MD
LG