ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលាក្តី​ខ្មែរក្រហម​ជួយ​ដល់​ការ​រក​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម


អង្គជំនុំ​ជម្រះ​ក្នុង​សាលាក្តី​ខ្មែរក្រហម​​ក្នុង​​សំណុំ​រឿង​​០០១។
អង្គជំនុំ​ជម្រះ​ក្នុង​សាលាក្តី​ខ្មែរក្រហម​​ក្នុង​​សំណុំ​រឿង​​០០១។

សាលាក្ដី​ខ្មែរក្រហម​នឹង​ជួយ​នាំ​មក​នូវ​យុត្តិធម៌​ ការផ្សះផ្សា​របួស​ផ្លូវចិត្ត​សម្រាប់​ជន​រងគ្រោះ​ដោយ​របប​កម្ពុជា​ប្រជាធិប​តេយ្យ។ នេះ​គឺ​ជា​លទ្ធផល​នៃ​ការស្ទង់​មតិ​មួយ​ ដែល​ធ្វើ​ឡើង​ដោយ​មជ្ឈ​មណ្ឌ​ល​សិទ្ធិ​មនុស្ស​នៃ​សកល​វិទ្យាល័យ​កាលីហ្វ័រនីញ៉ា​ ប៊ើគលី របស់​សហរដ្ឋអាមេរិក។ របាយការណ៍​ដែល​ត្រូវបាន​ បង្ហាញ​ជាសា​ធា​រណៈក្នុង​សិក្ខាសិលា​មួយ​នៅព្រឹក​ថ្ងៃពុធ​នេះ ​ក្នុង​ទីក្រុង​ភ្នំពេញ។

ការស្ទង់​មតិ​ដែល​មាន​ចំណង​ជើងថា​ «ក្រោយពី​ការជំនុំជម្រះ​សំណុំរឿង​ទី១» គឺ​សវនាការ​កាំង​ ហ្គិច​អ៊ាវ ហៅ ឌុច ​អតីត​ប្រធាន​គុក​ទួលស្លែង​ដែល​បាន​បញ្ចប់​កាលពី​ខែ កញ្ញា​ ឆ្នាំ ២០១០​ បង្ហាញថា ​ប្រជាពលរដ្ឋ​ ជាងបីភាគបួន​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​សរុប​ចំនួន​ ១០០០ ​នាក់ ដែល​ត្រូវបាន​ចោទ​សួរ​ក្នុង​ខេត្ត​ក្រុង​ទាំង ២៤​របស់​ប្រទេស​កម្ពុជា​មាន​ជំនឿ​ថា​ សាលាក្ដី​ខ្មែរ​ក្រហម​បាន​ជះ​ផល​វិជ្ជមាន​ដល់​ជន​រងគ្រោះ ​ឬ​ដល់​ក្រុម គ្រួសារ​របស់​ពួកគេ។ តួលេខ​នេះ​បង្ហាញ​អំពី​សន្ទុះ​កើនឡើង​បើធៀប​នឹង​លទ្ធ​ផល​នៃ​ការស្ទង់​មតិ​របស់ មជ្ឈ​មណ្ឌល​ដដែល​នេះ កាលពី​ឆ្នាំ២០០៨ ដែល​កាល​នោះ​ប្រជា​ពល​រដ្ឋ​ដែល​គិត​ពី​ផល​វិជ្ជមាន របស់​សាលាក្ដី​នោះ​មាន​ត្រឹមតែ​ ៦៨ភាគរយ​តែប៉ុណ្ណោះ។

ការស្ទង់មតិ​ដែល​បាន​បញ្ចប់​កាលពី​ខែធ្នូ​ ឆ្នាំ​កន្លង​ទៅ​បង្ហាញ​បន្ថែម​ថា​ ៣៧ ​ភាគរយ​នៃ​អ្នក​ដែល​ត្រូវ​បាន​សម្ភាសន៍​យល់​ថា សាលាក្ដី​នឹង​នាំមក​នូវ​យុត្តិធម៌។ រីឯ​២៥​ភាគរយ​ទៀត​ យល់​ថា​ដំណើរការ​ក្ដី​បាន​ជួយ ជន​រងគ្រោះ​ឲ្យមាន​អារម្មណ៍​ប្រសើរ​ជាង​មុន​ កាត់​បន្ថយ​កំហឹង ឬក៏​ជួយ​ពួកគេ​ឲ្យបញ្ចេញ​នូវ​ការ​ឈឺចាប់​ទាំង​ផ្លូវកាយ ​និង​ផ្លូវចិត្ត​ ដែល​ពួកគេ​ទទួល​រង​នៅក្នុង​អំឡុង​របបខ្មែរ​ក្រហម។

ថ្វីបើ​អ្នក​ដែលត្រូវ​បាន​សម្ភាសន៍​ភាគច្រើន​ប្រកប​ទៅដោយ​ផល​វិជ្ជមាន ក៏ប៉ុន្ដែ​នៅ​ក្នុង​ចំណោម​អ្នកដែល​ត្រូវបាន​សម្ភាសន៍​ចំនួន​៩​ភាគរយ បាន​និយាយ​ថា ​សាលាក្ដី​ខ្មែរ​ក្រហម​បាន​ជះឥទ្ធិពល​អាក្រក់​ ដូចជាការ​រំលឹក​ឡើងវិញ​នូវ​អតីត​កាលច្រើន​ពេក​ដល់​ជនរងគ្រោះ​ ឬក៏​ការ​ផ្ដន្ទាទោស​មិនត្រូវ​បាន​គេដឹង​ទូលំទូលាយ​នោះ​ទេ។

ការអង្កេត​ដដែល​បា​នបាន​បង្ហាញ​ថា​ វិទ្យុ ​និង​ទូរទស្សន៍ ​ដើរ​តួនាទី​យ៉ាង​សំខាន់​ដូចគ្នា​នៅ​ក្នុង​ការជួយ​ផ្ដល់ពត៌មាន​ទៅ​ដល់​ជនរងគ្រោះ​អំពី​សាលាក្ដី​ខ្មែរ​ក្រហម​ និង​ការកាត់ទោស​អតីត​ពួក​មេ​ដឹកនាំ​ជាន់ខ្ពស់ និង អ្នក​ទទួល​ខុស​ត្រូវត្រូវ​ខ្ពស់​បំផុត​ក្នុង​សម័យ​ខ្មែរក្រហម​គឺ៧៣​ភាគរយ​នៃ​ប្រជាជន​ដឹង​អំពី​ដំណើការ​កាត់ ទោស​ខ្មែរ​ក្រ​ហម​តាមវិទ្យុ​ និង​៧២ ភាគរយ​ដឹង​តាមរយៈ​ទូរទស្សន៍។

សូម​បញ្ជាក់ថា ​ការស្ទង់​មតិមជ្ឈ​មណ្ឌល​សិទ្ធិមនុស្ស​នៃ​សកល​វិទ្យាល័យ​កាលីហ្វ័រនីញ៉ា ​ប៊ើគលី​ ធ្វើ​លើ​ប្រជាពលរដ្ឋ​ចាប់ពី​អាយុ ១៨​ ឆ្នាំឡើង ​ហើយ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ឃុំ​ចំនួន​១២៥ ​នៃ​ខេត្ត ក្រុង​ទាំង២៤។

លោក​ Patrick Vinck ​នាយក​គំនិត​ផ្ដួចផ្ដើម​សម្រាប់​ប្រជាពលរដ្ឋ​ងាយរងគ្រោះ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស របស់​សកលវិទ្យាល័យ​កាលីហ្វ័រនីញ៉ា ប៊ើគលី ​បាន​ថ្លែង​ក្នុង​ពិធី​បង្ហាញ​របាយការណ៍​នៃ​ការអង្កេត ​កាល​ពី​ព្រឹកមិញ​ថា ឆ្លងតាម​របាយការណ៍​នេះ​បង្ហាញ​ថា​ ទំនុកចិត្ត​របស់​ប្រជាពលរដ្ឋ​លើ​សាលាក្ដី​ខ្មែរ​មាន​ការ កើនឡើង។

«ខ្ញុំគិត​ថា ​សំណួរ​ទាំងនោះ​បាន​បង្ហាញ​នោះ​ គឺ​ការ​ជឿ​ទុកចិត្ត​លើ​តុលាការ​ហាក់​ដូចជា​មាន​ការកើន​ឡើង ប៉ុន្ដែ​វា​នៅតែ​មាន​ការរួញ​រា ដោយ​មាន​ការគិត​ដល់​អំពើ​ពុករលួយ​ក្នុង​សាលាក្ដី។ ប៉ុន្ដែបើ​និយាយ​ពី​និន្នាការ​ នោះ គឺ​មាន​និន្នា​ការជា​វិជ្ជមាន។ សាលាក្ដី​ខ្មែរ​ក្រហម​គ្រោងនឹង​បើក​សវនាការ​កបឋម​ទៅលើ​សំណុំរឿង ​០០២ ​ដែលមាន​ជន​ជាប់​សង្ស័យ សរុប​ចំនួន​បួននាក់​ នៅថ្ងៃ​ទី ២៧ ​រហូត​ទៅដល់​ថ្ងៃទី​ ៣០​ ខែ​មិថុនា​នេះ។ ជន​ជាប់ចោទទាំង​នេះ ត្រូវ​ស្ដី បន្ទោស​ចំពោះ​ការទទួលខុស​ត្រូវ​ចំពោះ​ការស្លាប់​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា​យ៉ាងតិច​ចំនួន​១,៧​លាន​នាក់។

ក្រុម​មន្ដ្រី​អង្គការ​សង្គមស៊ីវិល ​កត់​សម្គាល់​ក្នុង​ពិធី​បង្ហាញ​របាយការណ៍​ថា ការយល់​ដឹង​កើនឡើង​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ទូទៅ​ដូច​ដែល​របាយការណ៍​បាន​លើ​កឡើង ក៏ប៉ុន្ដែ​ជន​រងគ្រោះ ដែល​ជាជន​ជាតិ​ភាគតិច​អាច​មាន​ចរន្ដ​ខុសពីនេះ។ ដោយឡែក​ក៏មាន​ការ​លើក​ឡើង​ផង​ដែរ​អំពី​កង្វះ​ផ្នែក​ជែនឌើ​ ក្នុង​ការ​ស្រាវជ្រាវ​នេះ​ដែរ។

លោក ឌឹម សុវណ្ណារុំ ​ប្រធាន​ស្ដីទី​ផ្នែក​កិច្ចការ​សាធារណៈ​របស់​សាលាក្ដី​ខ្មែរ​ក្រហមមាន​ ប្រសាសន៍​ថា​នេះ ជា​របាយការណ៍​គួរឲ្យ​ចាប់​អារម្មណ៍។

«យើង​មិនអាច​វាស់វែង​ថា តើ​របាយការណ៍​នេះ​សុក្រិត​ប៉ុណ្ណា​នោះទេ។ ប៉ុន្ដែ​វាជា​ការចង្អុល​បង្ហាញ​មួយ​ហើយ​អាច​រក​ជាគន្លឺះ​ធ្វើការ​កែលំអរ​ក្នុង​ការខិតខំ​ទៅតាម​ផ្នែក​ការងារ​របស់​ក្រុម​នីមួយៗ»។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​របស់​សកល​វិទ្យាល័យ​កាលីហ្វ័រនីញ៉ា​ ប៊ើគលី ​គ្រោងនឹង​ធ្វើការ​ស្ទង់​មតិជា​ថ្មី​នៅ ក្នុង​ឃុំ​ទាំង​១២៥​ នៅឆ្នាំ​ក្រោយ​នេះ​ទៀត៕

XS
SM
MD
LG