ក្រសួងព័ត៌មានកម្ពុជាបានបញ្ជាឲ្យស្ថានីយទូរទស្សន៍ក្នុងស្រុកមួយឈប់ចាក់ផ្សាយខ្សែភាពយន្តភាគខ្មែរមួយជាបន្ទាន់ ដោយសំអាងហេតុផលថា ខ្សែភាពយន្តនោះប្រាសចាកទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរ។
ក្រសួងព័ត៌មានបានចេញលិខិតមួយច្បាប់នៅថ្ងៃព្រហស្បតិ៍នេះ ដោយបញ្ជាឲ្យស្ថានីយទូរទស្សន៍កម្ពុជា CTN បញ្ឈប់ការចាក់ផ្សាយខ្សែវីដេអូភាគខ្មែររឿង «គូព្រេងចម្លែក» តទៅទៀត ដោយចាត់ទុកថា ខ្សែភាពយន្តនោះធ្វើឲ្យប៉ះពាល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ស្រ្តីខ្មែរ។
បទបញ្ជានេះបានធ្វើឡើងបន្ទាប់ពីស្ថានីយទូរទស្សន៍ដ៏មានប្រជាប្រិយភាពមួយនេះ បានចាក់បញ្ចាំងខ្សែភាពយន្តភាគរឿង «គូព្រេងចម្លែក» នាពេលថ្មីៗនេះ ដែលនៅក្នុងឈុតមួយនៃរឿងនោះបានបង្ហាញតួអង្គជាស្រ្តីវ័យក្មេងដ៏ស្រស់ស្អាតម្នាក់ ត្រូវបានគេដាក់ឲ្យបុរសៗដែលជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ដេញថ្លៃយកទៅធ្វើជាប្រពន្ធរបស់ពួកគេ ដោយតម្លៃនៃការដេញថ្លៃនោះមានចំនួនរហូតដល់រាប់លានដុល្លារអាមេរិក។
លោកអ៊ុក ប្រាថ្នា រដ្ឋមន្រ្តីស្តីទីនៃក្រសួងព័ត៌មាន បានរៀបរាប់នៅក្នុងលិខិតផ្ញើជូនអ្នកគ្រប់គ្រងស្ថានីយ៍ទូរទស្សន៍ CTN ថា ការយកស្រ្តីខ្មែរដាក់ឲ្យបុរសៗជាអភិជនដេញថ្លៃយកធ្វើជាភរិយានេះ «ប្រៀបបានដូចជាការដេញថ្លៃវត្ថុ ឬសត្វ ដែលប្រាសចាកទាំងស្រុងពីទំនៀមទម្លាប់ប្រពៃណីដ៏ល្អរបស់ខ្មែរ»។
រឿង«គូព្រេងចម្លែក»ដែលជាខ្សែភាពយន្តបែបមនោសញ្ចេតនាកំប្លែងនេះ ត្រូវបានចាក់បញ្ចាំងបីថ្ងៃក្នុងមួយសប្តាហ៍ចាប់ពីថ្ងៃចន្ទដល់ថ្ងៃពុធ។ រឿងភាគដែលមានចំនួនសរុប៦០នេះ ត្រូវបានចាក់បញ្ចាំងបានចំនួន១៣ភាគហើយ នេះបើតាមការបញ្ជាក់របស់អ្នកនិពន្ធខ្សែភាពយន្តនេះ។ តំណាងនិងបុគ្គលិកពាក់ព័ន្ធជាច្រើនរូបនៃស្ថានីយទូរទស្សន៍CTN មិនអាចទាក់ទងដើម្បីសុំការអត្ថាធិប្បាយបានទេនៅថ្ងៃព្រហស្បតិ៍នេះ។
តែទោះជាយ៉ាងនេះក្តី អ្នកស្រីពាន់ ភួងបុប្ផា អ្នកនិពន្ធខ្សែភាពយន្តរឿង«គូព្រេងចម្លែក»នេះ មានប្រសាសន៍ថា ស្ថានីយទូរទស្សន៍CTN បានផ្តល់ដំណឹងដល់អ្នកស្រីរួចហើយថា ខ្សែភាពយន្តរបស់អ្នកស្រីនេះនឹងត្រូវឈប់ចាក់បញ្ចាំងតាមស្ថានីយ៍ទូរទស្សន៍នេះតទៅទៀតហើយដោយយោងទៅលើតាមបទបញ្ជារបស់ក្រសួងព័ត៌មាន។
អ្នកស្រីពាន់ ភួងបុប្ផា មានប្រសាសន៍ថា ការបញ្ឈប់មិនឲ្យចាក់បញ្ចាំងខ្សែភាពយន្តរបស់អ្នកស្រីនេះបានធ្វើឲ្យអ្នកស្រីធ្លាក់ទឹកចិត្តជាខ្លាំង ដោយអ្នកស្រីបានលើកឡើងថា ការធ្វើបែបនេះហាក់ដូចជាការរុញច្រានវិស័យខ្សែភាពយន្តខ្មែរឲ្យកាន់តែធ្លាក់ចុះដូច្នោះដែរ។
«យើងចង់ឲ្យសង្គមយើងមានការប្រែប្រួល ឬក៏សាច់រឿងរបស់យើង វាមិនដដែលៗ។ អាហ្នឹងវាគ្រាន់តែជាសិល្ប៍វិធីរបស់អ្នកនិពន្ធ។ ដល់ពេលយកមកដាក់ទោសកំហុស ដូចថាវាធ្ងន់ពេក ដូចថាបញ្ឈប់អញ្ចឹង ទី១ វាធ្វើឲ្យវិស័យភាពយន្តខ្មែរយើងដែលកំពុងតែដុនដាបស្រាប់ហ្នឹង វាធ្វើឲ្យអ្នកសរសេរហ្នឹងមានការរារែក មិនដឹងថា តើត្រូវសរសេររឿងបែបម៉ិចដើម្បីកុំឲ្យប៉ះពាល់នោះ»។
អ្នកស្រីពាន់ ភួងបុប្ផាមានប្រសាសន៍បន្ថែមទៀតថា ក្រសួងព័ត៌មានគួរតែតាមដានមើលខ្សែភាពយន្តរបស់អ្នកស្រីឲ្យបានចប់ចុងចប់ដើមសិន មុននឹងវិនិច្ឆ័យ ថាតើសាច់រឿងនេះពិតជាធ្វើឲ្យប៉ះពាល់ដល់ប្រពៃណីទំនៀមទម្លាប់ដ៏ល្អរបស់ខ្មែរមែនឬយ៉ាងណា។
សូមបញ្ជាក់ថា គ្រប់ខ្សែភាពយន្តផលិតក្នុងស្រុកទាំងអស់ត្រូវឆ្លងកាត់ការត្រួតពិនិត្យ ឬស្នើសុំការអនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាមុនសិន មុននឹងអាចចាក់បញ្ចាំងជាសាធារណៈឬតាមកញ្ចក់ទូរទស្សន៍ក្នុងស្រុកបាន។
ប៉ុន្តែលោកស៊ិន ច័ន្ទឆាយ៉ា ប្រធាននាយកដ្ឋានសិល្បៈនិងផ្សព្វផ្សាយវប្បធម៌នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលទទួលបន្ទុកខាងការត្រួតពិនិត្យនិងចេញអាជ្ញាប័ណ្ណដល់ខ្សែភាពយន្តនានា មានប្រសាសន៍ថា ខ្សែភាពយន្តដែលចាក់បញ្ចាំងតាមកញ្ចក់ទូរទស្សន៍ CTN នេះមិនបានឆ្លងកាត់ការត្រួតពិនិត្យរបស់ក្រសួងវប្បធម៌នោះទេ មុននឹងត្រូវចាក់បញ្ចាំងនោះ។
«រាល់ស្នាដៃដែលផលិតឡើងដោយស្ថានីយទូរទស្សន៍ CTN ហ្នឹងមិនបានដាក់ឆ្លងមកក្រសួងវប្បធម៌ដើម្បីសុំការអនុញ្ញាតនិងសុំទិដ្ឋាការមុនពេលដាក់បញ្ចាំងទេ ដូច្នេះសាច់រឿងទាំងអស់ហ្នឹង ក្រសួងវប្បធម៌មិនទទួលខុសត្រូវទេ»។
ដូច្នេះលោកស៊ិន ច័ន្ទឆាយ៉ា មានប្រសាសន៍បន្ថែមថា ក្រសួងព័ត៌មានជាអ្នកទទួលខុសត្រូវលើស្ថានីយ៍ទូរទស្សន៍ដែលចាក់បញ្ចាំងខ្សែភាពយន្តដោយមិនបានឆ្លងកាត់ការត្រួតពិនិត្យនិងស្នើសុំអាជ្ញាបណ្ណពីក្រសួងវប្បធម៌ជាមុននេះទេ៕