ក្រុមអ្នកភូមិខ្មែរកម្ពុជាក្រោមក្នុងខេត្តពោធិ៍សាត់ទទូចឱ្យសាលាក្តីខ្មែរក្រហមធ្វើការចោទប្រកាន់អតីតមេដឹកនាំខ្មែរក្រហមអំពីបទប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិខ្មែរកម្ពុជាក្រោមផងដែរ បន្ទាប់ពីសាលាក្តីនេះបានច្រានចោលការទាមទាររបស់ពួកគេកាលពីខែមករា។
លោក ពេជ្រ សំណាង រាយកាណ៍ពិស្តារអំពីរឿងនេះពីទីក្រុងភ្នំពេញជូនដូចតទៅ៖
អ្នកភូមិខ្មែរកម្ពុជាក្រោមជាង២០០នាក់នៅក្នុងឃុំរំលេច នៃស្រុកបាកានក្នុងខេត្តពោធិ៍សាត់ បានទទូចស្នើឱ្យលោក Andrew Cayley សហព្រះរាជអាជ្ញាអន្តរជាតិរបស់សាលាក្តីខ្មែរក្រហម ធ្វើការចោទប្រកាន់ទៅលើអតីតមេដឹកនាំខ្មែរក្រហមដែលកំពុងរង់ចាំ ការកាត់ទោសអំពីបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិខ្មែរក្រោមផងដែរ។ ការទទូចសើ្នសុំនេះបានធ្វើឡើងនៅក្នុងវេទិកាជួបជុំគ្នាមួយរវាង សហព្រះរាជអាជ្ញាអន្តរជាតិនិងអ្នកភូមិខ្មែរក្រោមទាំងនេះ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលឯកសារកម្ពុជានៅក្នុងវត្តរំលេចក្នុង ស្រុកបាកានកាលពីថ្ងៃអាទិត្យទី១៣ ខែមិថុនា។
កាលពីខែមករាឆ្នាំ២០១០ សហចៅក្រមស៊ើបអង្កេតរបស់សាលាក្តីខ្មែរក្រហមបានច្រានចោលសំណើសុំឱ្យមានការចោទប្រកាន់អំពីអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិខ្មែរក្រោមនេះ ដោយសំអាងហេតុផលថាពួកគេមិនស្ថិតនៅក្នុងវិសាលភាព នៃការស៊ើបអង្កេតរបស់សាលាក្តីទេ។ លោក មាស ចាន់ថន តំណាងអ្នកភូមិខ្មែរកម្ពុជាក្រោមទាំងនេះ បានថ្លែងនៅក្នុងវេទិកាសាធារណៈនោះថា ការបដិសេធចំពោះការស្នើសុំឱ្យមានការចោទប្រកាន់បន្ថែមទៅលើអតីតមេដឹកនាំខ្មែរក្រហមកំពូលៗអំពីអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងខ្មែរក្រោមនេះ បានធ្វើឱ្យជនជាតិរបស់លោកមានការឈឺចាប់និងខកចិត្តយ៉ាងខ្លាំង។
“តុលាការខ្មែរក្រហមបានទទួលនូវបងប្អូនចាម និងជនជាតិដទៃទៀតដែលបានស្លាប់នៅក្នុងកម្ពុជា ទទួលស្គាល់ជាផ្លូវការ។ ដោយឡែកកម្ពុជាក្រោម ហេតុអ្វីបានជាតុលាការខ្មែរក្រហមនៅតែរារែកមិនព្រមទទួលយកនូវ ពាក្យបណ្តឹងដ៏ពិតប្រាកដនេះជូនទៅធ្វើការវិនិច្ឆ័យនៅក្នុង តុលារការ។ នេះជាសំណូមពរដ៏ទទូចរបស់ពួកខ្ញុំ"។
កាលពីខែធ្នូឆ្នាំ២០០៩ សាលាក្តីខ្មែរក្រហមបានប្រកាសចោទប្រកាន់បន្ថែមទៅលើអតីតមេដឹកនាំ ខ្មែរក្រហមកំពូលៗចំនួនបួនរូបអំពីអំពើប្រល័យពូជសាសន៍ប្រឆាំងនឹង ជនជាតិភាគតិចចាមនិងវៀតណាមនៅក្នុងប្រទេសកម្ពុជា។ ជនជាប់ចោទទាំងបួននោះ រួមមាន ខៀវ សំផន នួន ជា អៀង សារី និងអៀង ធីរិទ្ធ។
អ្នកស្រី ខុន សាវិន អ្នកភូមិខ្មែរកម្ពុជាក្រោមម្នាក់ បានថ្លែងនៅក្នុងវេទិកាសាធារណៈនោះថា អ្នកស្រីចង់ឃើញតុលាការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមពីបទឧក្រិដ្ឋប្រល័យពូជសាសន៍មកលើជនជាតិខ្មែរក្រោមដែរ ដោយសារតែជនជាតិខ្មែរក្រោមរាប់ពាន់នាក់ដោយរួមទាំងក្រុមគ្រួសារ និងសាច់ញាតិចំនួន៣៩នាក់របស់អ្នកស្រីផងនោះ បានស្លាប់យ៉ាងវេទនានៅក្នុងរបបបីឆ្នាំ ប្រាំបីខែ និង២០ថ្ងៃនោះ។
“ពេលគេបណ្តើរប៉ាខ្ញុំយកទៅហ្នឹង ខ្ញុំរត់តាម ប៉ុន្តែប៉ាខ្ញុំសំពះអង្វរគេថាឱ្យទុកខ្ញុំមួយទៅ"។
សូមបញ្ជាក់ថា ជនជាតិខ្មែរក្រោមគឺជាជនជាតិខ្មែរដែលមានដើមកំណើតនៅក្នុងទឹកដីកម្ពុជាក្រោមដែលស្ថិតនៅភាគខាងត្បូងប្រទេសវៀតណាមបច្ចុប្បន្ននេះ។
ជនជាតិខ្មែរក្រោមចំនួនពី៧ទៅ៨ ពាន់នាក់ត្រូវគេប៉ាន់ប្រមាណថាបានស្លាប់បាត់បង់ជីវិតក្នុង ចំណោមជនរងគ្រោះសរុបប្រមាណ ១.៧ លាននាក់ដែលបានស្លាប់នៅក្រោមរបបកម្ពុជាប្រជាធិបតេយ្យ ចន្លោះឆ្នាំ១៩៧៥ដល់១៩៧៩ ។ នេះបើផ្អែកតាមលោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជាដែលបានធ្វើការស្រាវជ្រាវនិងចងក្រង ប្រវត្តិសាស្រ្តនៃរបបខ្មែរក្រហមនេះ។ ក្រុមអ្នកភូមិខ្មែរក្រោមជឿថា មូលហេតុនៃការកាប់សម្លាប់ជនជាតិខ្មែរកម្ពុជាក្រោមនេះគឺដោយសារពួកខ្មែរក្រហមគិតថាជនជាតិខ្មែរនេះមានទំនាក់ទំនងនឹងសត្រូវរបស់ខ្លួនគឺប្រទេសវៀតណាម ដោយពួកខ្មែរក្រហមបានហៅជនជាតិខ្មែរក្រោមថា "ពួកក្បាលយួនខ្លួនខ្មែរ”។
នៅក្នុងសម័យខ្មែរក្រហម ជនជាតិខ្មែរក្រោមភាគច្រើនត្រូវបានពួកខ្មែរក្រហមជម្លៀសចេញពីភូមិភាគបូព៌ាដូចជាខេត្តស្វាយរៀងនិងព្រៃវែងជាដើម ហើយនាំយកទៅសម្លាប់ចោលនៅក្នុងស្រុកត្រាំកក់នៃខេត្តតាកែវ ដែលនៅជាប់នឹងព្រំដែននៃប្រទេសវៀតណាម។
ដោយឡែក នៅក្នុងស្រុកបាកាននៃខេត្តពោធិ៍សាត់នេះ ក៏មានការសម្លាប់រង្គាលមកលើជនជាតិខ្មែរក្រោមនេះដែរ ដោយអ្នកស្រាវជ្រាវប៉ាន់ប្រមាណថា មានជនជាតិខ្មែរក្រោមពី៥០០ទៅ៧០០នាក់ ត្រូវបានកាប់សម្លាប់ហើយកប់ក្នុងរណ្តៅសាកសពរួមជាច្រើននៅក្នុង ស្រុកបាកាននេះ។
លោក Andrew Cayley សហ ព្រះរាជអាជ្ញាអន្តរជាតិរបស់សាលាក្តីខ្មែរក្រហម បានថ្លែងអះអាងចំពោះមុខអ្នកភូមិខ្មែរកម្ពុជាក្រោមទាំងនោះថា ពួកគេនឹងត្រូវបានដាក់បញ្ជូលទៅក្នុងសំណុំឯកសារ នៃការស្នើសុំឱ្យមានការចោទប្រកាន់បន្ថែមទៅលើជនជាប់ចោទទាំងបួន អំពីអំពើឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិខ្មែរក្រោមរបស់ពួកគេ។
“ខ្ញុំសន្យានឹង បងប្អូនថា រឿងខ្មែរក្រោមនេះនឹងមាននៅក្នុងឯកសារដែលខ្ញុំនឹងដាក់ជូនទៅសហចៅក្រមស៊ើបអង្កេត ហើយឧក្រិដ្ឋកម្មដែលគេបានប្រព្រឺត្តចំពោះបងប្អូននឹងមាននៅក្នុងឯកសារហ្នឹង។ ការធ្វើដូច្នេះគឺដើម្បីឱ្យចៅក្រមក្តី ពិភពលោកក្តី បានដឹងអំពីការរងទុក្ខវេទនារបស់បងប្អូនដែលជាកម្ពុជាក្រោមនៅសម័យខ្មែរក្រហម"។
លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាមានប្រសាសន៍ថា ការចោទប្រកាន់បន្ថែមទៅលើជនជាប់ចោទទាំងបួនអំពីអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិខ្មែរក្រោមនេះ គឺជាបញ្ហាស្មុគស្មាញខាងផ្លូវច្បាប់ ប៉ុន្តែលោកទាមទារឱ្យមានការទទួលស្គាល់ការពិតនូវអ្វីដែលបានកើតឡើងចំពោះខ្មែរក្រោមនៅក្នុងសម័យខ្មែរក្រហមនោះ។
“បងប្អូនកម្ពុជាក្រោមគឺជាជនរងគ្រោះ ជាអ្នកដែលទទួលរងការកាប់សម្លាប់ ហើយតុលាការបានដឹងឮហើយបានពាំនាំរឿងទាំងអស់នេះធ្វើជាភស្តុតាងនៅក្នុងអង្គតុលាការនេះ"។
សូមបញ្ជាក់ថា ដំណើរការស៊ើបអង្កេតនៅក្នុងសំណុំរឿងលេខ០០២ដែលជាប់ពាក់ព័ន្ធនឹងជន ជាប់ចោទទាំងបួន រួមមានខៀវ សំផង នួន ជា អៀង សារី និងអៀង ធីរិទ្ធ នឹងបិទបញ្ចប់នៅត្រឹមចុងឆ្នាំ២០១០នេះ បន្ទាប់ពីសាលក្រមសម្រេចលើសំណុំរឿងលេខ០០១ដែលជាប់ពាក់ព័ន្ធនឹង កាំង ហ្គេកអ៊ាវ ហៅឌុច នឹងត្រូវប្រកាសនៅថ្ងៃទី២៦ខែកក្កដា ឆ្នាំ២០១០នេះ។ ដំណើរការកាត់ទោសជនជាប់ចោទទាំងបួននៅក្នុងករណី០០២ នឹងត្រូវចាប់ផ្តើមធ្វើនៅដើមឆ្នាំក្រោយ៕