ប្រជាពលរដ្ឋកម្ពុជាបានរង់ចាំអស់រយៈពេលជាងបីទសវត្សរ៍មកហើយនៅពេលដែលមេដឹកនាំខ្មែរក្រហមរស់រានមានជីវិតបានលេចមុខនៅក្នុងតុលាការ ដែលចោទពួកគេពីបទឧក្រិដ្ឋនានា ដូចជា អំពើប្រល័យពូជសាសន៍ បទឧក្រិដ្ឋកម្មសង្រ្គាម បទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ បទមនុស្សឃាត។ បទចោទនេះគឺវែងណាស់។
ជនជាប់ចោទទាំងបួនរូបនោះរួមមាន៖ នួន ជា ដែលស្គាល់ថាជា បងធំទី២ និងជាមេខាងមនោគមន៍វិជ្ជា ខៀវ សំផន អតីតប្រធានរដ្ឋ អៀង សារី រដ្ឋមន្រ្តីក្រសួងការបរទេស និង ប្រពន្ធរបស់គាត់ អៀង ធីរិទ្ធ ដែលជារដ្ឋមន្រ្តីក្រសួងសង្គមកិច្ច។
ជនជាប់ចោទក្នុងសំណុំរឿង០០២នេះបានបដិសេធរាល់បទចោទទាំងនោះ។
នេះគឺផ្ទុយគ្នាស្រឡះពីសំណុំរឿង០០១ ដែលអតីតប្រធានគុកទួលស្លែងកាំង ហ្គេកអ៊ាវ ហៅឌុច បានទទួលកំហុសពីតួនាទីរបស់ខ្លួន និងសន្យាថាសហការជាមួយតុលាការ។
ឌុចបានដឹកនាំមន្ទីរសន្តិសុខ ស ២១ដ៏អសោចនៅទីក្រុងភ្នំពេញដែលនៅទីនោះយ៉ាងហោចណាស់មនុស្សប្រុសស្រី និង កុមារចំនួន១៤.០០០នាក់បានត្រូវធ្វើទារុណកម្ម និងចុងក្រោយត្រូវបានសម្លាប់ដោយចោទថាជាសត្រូវរបស់បដិវត្តន៍។
ឌុច បានជាប់ទោសពីបទឧក្រិដ្ឋកម្មសង្រ្គាម និងបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិនិងត្រូវជាប់ពន្ធនាគាររយៈពេល៣៥ឆ្នាំ។ ឌុចបានប្តឹងឧទ្ធរណ៍ពីសេចក្តីសម្រេចនេះ។
ក្នុងសំណុំរឿងនេះ ឌុចត្រូវបានចោទពីបទអនុវត្តនយោបាយ ដែលជាប់ពាក់ព័ន្ធនឹងការធ្វើទារុណកម្មនិងការសម្លាប់នានាដើម្បីកាត់ផ្តាច់ខ្សែរយៈក្បត់ដែលរបបនេះជឿថា បានកំពុងព្យាយាមផ្តួលរំលំបដិវត្តន៍។ ក៏ប៉ុន្តែជនជាប់ចោទបួននាក់ទៀតក្នុងសំណុំរឿង០០២ ត្រូវឡើងសវនាការក្នុងការបង្កើតនយោបាយមួយដែលធ្វើពួកគេមិនជាប់ព័ន្ធនឹងការសម្លាប់នានា។
លោកស្រី ក្លែរ ដាហ្វហ្វី (Clair Duffy) អ្នកឃ្លាំមើលតុលាការក្នុងនាមអង្គការ Open Society Justice Initiative ដែលផ្តល់ជំនួយដោយមូលនិធិ Soros បាននិយាយថា ការខុសប្លែកគ្នានឹងទំនងជាបង្ហាញក្នុងទឡ្ហីករណ៍របស់មេធាវីការពារក្តី។
«នៅពេលយើងឃើញជនជាប់ចោទជាមេដឹកនាំទាក់ទងក្នុងសវនាការដែលមានទំហំធំដូចនេះជាធម្មតាការដោះសារការពារខ្លួនជាទូទៅ គឺថាពួកគេមិនមានវត្តមាននៅក្នុងការប្រជុំដែលនយោបាយទាំងនោះត្រូវបានបង្កើតនិងដាក់ចេញ ឬក៏ពួកគេមិនបានដឹងពីអ្វីនឹងកើតឡើងចេញពីលទ្ធផលនយោបាយនានាដែលពួកគេបានបង្កើតឡើងនោះទេ ឧទាហរណ៍ដូចជា ការសម្លាប់ និងការធ្វើទារុណកម្មជាដើម»។
នៅពេលដែលតុលាការបិទសំណុំរឿង០០២ មន្រ្តីតុលាការនិយាយថា មាន ឯកសារ៣៥.០០០ក្នុងសំណុំរឿងដែលធ្វើឲ្យមានការស្មុគស្មាញបំផុតចាប់តាំងពីសវនាការនៃពួកណាហ្ស៊ីនៅ Nuremberg។
ហើយមានភាពស្មុគស្មាញដទៃផ្សេងទៀតដែរ។ ជាបឋមនោះគឺក្នុងពេលថ្មីនេះតុលាការនេះត្រូវបានរំខានដោយការបែងចែកសំណុំរឿងបន្ថែមពីរទៀត ដែលគេស្គាល់ថា សំណុំរឿង០០៣ និង០០៤។ រដ្ឋាភិបាលកម្ពុជាបានឲ្យដឹងជាយូរមកហើយថា សំណុំរឿងចុងក្រោយនេះនឹងមិនអនុញ្ញាតឲ្យបន្តដំណើរការទេ ពីព្រោះការបន្តដំណើរការនេះនឹងអាចនាំឲ្យមានការគំរាមកំហែងដល់ស្ថិរភាពរបស់ ប្រទេស ហើយសហចៅក្រមស៊ើបអង្កេតបានត្រូវគេចោទពីបទបង្អាក់ដំណើរការសំណុំរឿងទាំងពីរនេះដោយសារសម្ពាធនយោបាយ។
ជាលទ្ធផលមានមន្រ្តីខាងអង្គការសហប្រជាជាតិមួយចំនួនបានសុំឈប់ពីការងារ ពីការិយាល័យចៅក្រមស៊ើបអង្កេត កាលពីពេលថ្មីៗនេះ ហើយមានការព្រួយបារម្ភថា ការដោះស្រាយសំណុំរឿង០០៣និង០០៤អាចធ្វើឲ្យខូចដល់ការងាររបស់តុលាការ។
ការប្រឈមមួយទៀតគឺថា ជនជាប់ចោទទាំងបួនរូបសុទ្ធតែមានវ័យចាស់ ក្នុងអាយុរវាង ៧៩ ទៅ៨៥ឆ្នាំ ហើយពួកគេសុទ្ធតែមានសុខភាពទ្រុឌទ្រោម។ សវនាការនេះនឹងអាចទំនងជាធ្វើឡើងជាច្រើនឆ្នាំ ហើយមានការបារម្ភថា ជនជាប់ចោទម្នាក់ឬច្រើនអាចស្លាប់មុនពេលដំណើរការក្តីត្រូវបញ្ចប់។
រឿងនេះបានកើតឡើងរួចមកហើយនៅតុលាការកាត់ទោសអតីតមេដឹកនាំ ស៊ែប៊ី Slobodan Milosevic នៅតុលាការអន្តរជាតិទីក្រុងឡាអេ និងដូចគ្នាផងដែរជាមួយនឹងជនជាប់ចោទមួយចំនួននៅក្នុងតុលាការអន្តរជាតិ រៈវ៉ាន់ដា។
លោក ស្រី ដាហ្វហ្វី នៃអង្គការ OSJI បានមានប្រសាសន៍ថា ច្បាប់ថ្មីនឹងអាចឲ្យជនជាប់ចោទមានទោសឬរួចផុតពីការផ្តន្ទាទោសក្នុងពេលដំណើរការរឿងក្តី។ ដូច្នេះប្រសិនបើជនជាប់ម្នាក់បានស្លាប់មុនគេ ពួកគេអាចត្រូវបានដាក់ទោសឬដាក់ឲ្យរួចទោសពីបទឧក្រិដ្ឋមួយចំនួនមុនពេលការបញ្ចប់រឿងក្តីទាំងនោះ។
«គោលបំណងនោះគឺ ពង្រួញតុលាការឲ្យមានទំហំតូចហើយធ្វើឲ្យការសម្រេចក្តីដំណើរការទៅតែមួយម្តងៗជាជាងមានសវនាការធំមួយដែលកាត់ក្តីជនជាប់ចោទទាំងបួននាក់ដោយព្រមគ្នាដែលអាចនឹងបន្តរាប់សិបឆ្នាំ និងការសម្រេចក្តីគឺនឹងមិនអាចធ្វើឡើងសម្រាប់ជនជាប់ចោទម្នាក់ឬជនជាប់ចោទទាំងអស់នោះ»។
នួន ជា មានអាយុ ៨៤ឆ្នាំ ជាអនុប្រធានរបស់ ប៉ុល ពត គឺជាជនជាប់ចោទដែលមានវ័យចំណាស់ជាងគេទីពីរ។ ពីមុនមកគាត់បានចោទរាល់ការកើតឡើងខុសឆ្គងនានាក្នុងកំឡុងការគ្រប់គ្រងរបស់គាត់ទាំងស្រុងទៅលើសត្រូវចាស់គឺ ប្រទេសវៀតណាម។
លោក ម៉ាយឃើល ផេសមែន (Michael Pestman) មេធាវីការពារក្តីរបស់ នួន ជា និយាយថា គាត់មិនមានសុទិដ្ឋិនិយមចំពោះកូនក្តីរបស់គាត់ថានឹងទទួលបាននូវការកាត់ក្តីដ៏យុត្តិធម៌នោះទេ។
«តាមយើងដឹងសញ្ញាភ្លើងគឺក្រហមដាក់យើងជានិច្ច។ យើងមានការព្រួយបារម្ភថា តុលាការនេះមិនអាចធ្វើអ្វីដែលត្រូវធ្វើទេ នោះគឺការផ្តល់នូវការកាត់ទោសមួយដ៏យុត្តិធម៌»។
លោក Pestman បានចោទការិយាល័យចៅក្រមស៊ើបអង្កេតដែលជាការិយាល័យធ្វើការរកភស្តុតាងនានាដើម្បីបញ្ជាក់ថាមានកំហុស ឬគ្មានកំហុស តែការិយាល័យនេះបែរជាចង់រកតែព័ត៌មានដែលអាចគ្រាន់តែដាក់បន្ទុក ជាជាងដោះបន្ទុកទៅលើកូនក្តីគាត់។
លោកនិយាយថា ធ្វើដូចនេះគឺមិនបានផ្តល់ការកាត់ក្តីដ៏យុត្តិធម៌សម្រាប់ នួន ជា ទេ។
«ហើយយើងបានព្យាយាមធ្វើការមានការផ្លាស់ប្តូរក្នុងការស៊ើបអង្កេតនេះ ក៏ប៉ុន្តែរាល់សំណើរបស់យើងទាំងអស់ដែលយើងចង់ឮពីសាក្សីផ្សេងៗនោះ ត្រូវបានគេបដិសេធចោល។ ហើយយើងសង្ឃឹមថា អង្គជំនុំជម្រះសាលាដំបូងនឹងអនុញ្ញាតឲ្យសាក្សីទាំងនោះនិយាយ។ ហើយយើងនឹងរង់ចាំថាតើ ពួកគេមានបំណងចង់ធ្វើដូច្នេះនៅថ្ងៃច័ន្ទនេះឬទេ ក៏ប៉ុន្តែយើងព្រួយបារម្ភថា ពួកគេមិនចាប់អារម្មណ៍ដូចដែលយើងបានគិតនោះទេ»។
រាល់ភស្តុតាងជាច្រើនប្រឆាំងនឹងជនជាប់ចោទទាំងបួនរូបនោះគឺបានមកពី គម្រោងស្រាវជ្រាវពីអំពើប្រល័យពូជសាសន៍នៅទីក្រុងភ្នំពេញដែលស្គាល់ថាជាមជ្ឈមណ្ឌលឯកសារកម្ពុជា។ មជ្ឈមណ្ឌលនេះបានផ្តល់ឯកសារប្រហែលជាប្រាំសែនច្បាប់ទៅតុលាការ។
លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាជាមួយនឹងប្រជាពលរដ្ឋកម្ពុជារាប់លាននាក់កំពុងតែរង់ចាំអស់រយៈពេលជាងបីទសវត្សរ៍មកហើយ។ លោក ឆាំង យុ មានប្រសាសន៍ថា សំណុំរឿងទី២នេះគឺជាកម្លាំងចលករមួយសម្រាប់ប្រជាពលរដ្ឋកម្ពុជាចាត់ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ពួកគេ។
«ដូចេ្នះ ខ្ញុំគិតថា សំណុំរឿងនេះមានសារៈសំខាន់ណាស់ចំពោះខ្ញុំ ក៏ដូចជាអ្នករស់រានមានជីវិតដទៃទៀតដែរ ពីព្រោះយើងទាំងអស់គ្នាស្គាល់អ្នកទាំងបួននាក់នោះហើយ។ ខណៈដែលយើងរាល់គ្នាដឹងថាពួកគេមិនបានទទួលស្គាល់នូវអ្វីដែលបានកើតឡើង។ ពួកគេបានចោទទៅអ្នកថ្នាក់ក្រោមរបស់ពួកគេ និងពួកគេចោទគ្នាទៅវិញទៅមក។ ដូច្នេះខ្ញុំគិតថា វាមានសារៈសំខាន់ណាស់ដែលយើងមានសំណុំរឿងនេះ។ យើងចង់ឮតើពួកគេនឹងនិយាយថាយ៉ាងដូចម្តេចទៅ»។
មិនថាលទ្ធផលយ៉ាងដូចមេ្តចទេ មិនថាជនជាប់ចោទណាម្នាក់ ឬទាំងអស់អាចរស់ដល់ពេលកាត់ទោសចប់ទេ ថ្ងៃច័ន្ទនេះគឺមានសារៈសំខាន់ណាស់។ មេដឹកនាំនៃរបបនយោបាយដ៏សាហាវព្រៃផ្សៃមួយក្នុងសតវត្សរ៍ទី២០នេះនឹងឡើងសវនាការ ទទួលខុសត្រូវនូវបទឧក្រិដ្ឋនានាដែលពួកគេបានប្រព្រឹត្តក្នុងនាមបដិវត្តន៍របស់ពួកគេ»៕
ប្រែសម្រួលដោយ ហ៊ុយ សម្ផស្ស