សហចៅក្រមស៊ើបអង្កេតរបស់សាលាក្ដីខ្មែរក្រហមនៅថ្ងៃពុធនេះ បានបង្គាប់ឲ្យសហព្រះរាជអាជ្ញាអន្ដរជាតិ លោក អាន់ឌ្រូ ខេលី (Andrew Cayley) ដកផ្នែកសំខាន់ៗមួយចំនួនក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនទាក់ទងទៅនឹងសំណុំរឿង០០៣ចេញពីគេហទំព័រជាបន្ទាន់ដោយសំអាងថា សេចក្ដីប្រកាសព័ត៌មាននោះ បានរំលោភលើគោលការណ៍រក្សាការសំងាត់របស់ចៅក្រម។
កាលពីថ្ងៃទី៩ខែឧសភានេះលោកអាន់ឌ្រូ ខេលី បានចេញសេចក្ដីថ្លែងការណ៍ជាសាធារណៈមួយដោយ ស្នើឲ្យសហចៅក្រមស៊ើបអង្កេតធ្វើការស៊ើបអង្កេតឲ្យបានស៊ីជម្រៅជាបន្ថែមទៀតលើសំណុំរឿងដ៏ចម្រូងចម្រាស់នេះដោយបានចង្អុលបង្ហាញពីចំណុចដែលលោកចង់ឲ្យមានការស៊ើបអង្កេតបន្ថែមនោះ។
នៅក្នុងនោះដែរលោកសហព្រះរាជអាជ្ញាសញ្ញាតិអង់គ្លេសបានលើកមកបង្ហាញច្បាស់ៗអំពីទីតាំងឧក្រិដ្ឋកម្មដែលទាក់ទងនឹងសំណុំរឿងនេះ ដូចជាមន្ទីរស ២១ ការសាងសង់ព្រលានយន្ដ ហោះខេត្តកំពង់ឆ្នាំង ការបោសសំអាតនៅភូមិភាគបូព៌ា មជ្ឈឹម និងតំបន់ខាងជើង និងការចូលលុក លុយប្រទេសវៀតណាមជាដើម។សេចក្ដីថ្លែងការណ៍របស់លោក អាន់ឌ្រូ ខេលី ធ្វើឡើងបន្ទាប់ពីសហចៅក្រមស៊ើបអង្កេតប្រកាស ពីការបិទបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួនក្នុងសំណុំរឿង០០៣នេះ បានចំនួនដប់ថ្ងៃតែប៉ុណ្ណោះ ។
នៅក្នុងសេចក្ដីសម្រេចនៅថ្ងៃនេះ លោកចៅក្រមស៊ើបអង្កេតយូ ប៊ុនឡេង និងលោកស៊ឹគហ្វ្រីដ ប៊្លុង (Siegfried BLUNK) បានបង្គាប់ឲ្យលោកខេលី លុបចោលនូវផ្នែកដែលទាក់ទងនឹងឧក្រិដ្ឋកម្ម ទីតាំងឧក្រិដ្ឋកម្ម រួមទាំងព្រឹត្តិការណ៍នៃឧក្រិដ្ឋកម្មជាដើមដែលលោកចង់ឲ្យមានការស៊ើបអង្កេតបន្ថែមនោះ ជា មួយគ្នានេះសហចៅក្រមស៊ើបអង្កេតទាំងពីរក៏បានបញ្ជាឲ្យលោកអាន់ឌ្រូ ខេលី លុបចោលខ្លឹមសារនៃសំណើរសុំឲ្យធ្វើការស៊ើបអង្កេតបន្ថែមនោះផងដែរ។
សហចៅក្រមស៊ើបអង្កេតសំអាងថា សហព្រះរាជអាជ្ញាពុំមានសិទ្ធិបង្ហាញមតិយោបល់ជាសាធារណៈទាក់ទងនឹងឧក្រិដ្ឋកម្មដែលតម្រូវឲ្យធ្វើការស៊ើបអង្កេតនោះទេ បន្ថែមពីនោះសហចៅក្រមបានបញ្ជាឲ្យសហព្រះរាជអជ្ញាអន្ដរជាតិធ្វើការប្រកាសប្រាប់សាធារណៈជនវិញអំពីការលុបនូវន័យសេចក្ដីរបស់ខ្លួនចេញពីសេចក្ដីថ្លែងការណ៍កាលពីលើកមុនក្នុងរយៈពេលត្រឹមបីថ្ងៃចាប់ពីថ្ងៃ ដែលសហចៅក្រមចេញសេចក្ដីសម្រេចរបស់ខ្លួននេះ។
លោក អាន់ឌ្រូ ខេលី មិនអាចធ្វើការទាក់ទងបានទេដោយសារតែលោកកំពង់ស្ថិតនៅក្រៅប្រទេស។
យ៉ាងណាក៏ដោយ លោកឡាស អលសិន (Lars Olsen) មន្ដ្រីផ្នែកទំនាក់ទំនងកិច្ចការច្បាប់របស់សាលាក្ដីខ្មែរក្រហមបានឲ្យដឹងថាសេចក្ដីបង្គាប់របស់តុលារគឺជាបញ្ជាដែលត្រូវគោរព។ ក៏ប៉ុន្ដែប្រសិនបើលោក Cayley ជំទាស់ គឺលោកអាចដាក់បណ្ដឹងឧទ្ធរណ៍បាន។
«ប្រសិនបើគាត់មិនចង់ធ្វើតាមការបង្គាប់នេះ តាមធម្មតាគាត់ត្រូវប្ដឹងសារទុក្ខទៅកាន់អង្គបុរេជំនុំជម្រះ»។
លោកឡាត់ គី អ្នកសម្របសម្រួលកម្មវិធីសាលាក្ដីខ្មែរក្រហមរបស់អង្គការអាដហុកអធិប្បាយថាសហចៅក្រមស៊ើបអង្កេតមានការតព្វកិច្ចត្រឹមត្រូវតាមផ្លូវច្បាប់ក្នុងការចេញដីកាបង្គាប់ឲ្យសហព្រះរាជអាជ្ញាអន្ដរជាតិ លុបចោលផ្នែកខ្លះនៃសេចក្ដីថ្លែងការណ៍របស់ខ្លួន។ ក៏ប៉ុន្ដែលោកយល់ថា សហព្រះរាជអាជ្ញាអន្ដរជាតិបានបំពេញកាតព្វកិច្ចរបស់ខ្លួនផងដែរ ដើម្បីប្រយោជន៍ជនរងគ្រោះស្របពេលដែលពត៌មានស្ដីពីសំណុំរឿង០០៣ នេះ ត្រូវបានបិទជិតពីសាធារណជននោះ។
នៅក្នុងពេលនេះជនសង្ស័យក្នុងសំណុំរឿង០០៣ស្ថិតក្នុងភាពសំងាត់នៅឡើយ។ ក៏ប៉ុន្ដែទោះជាយ៉ាងណាប្រភពក្រៅសាលាក្ដីខ្មែរក្រហមបានបង្ហើបបន្ដបន្ទាប់គ្នាថា ជនសង្ស័យអាចជាលោកមាស មុត អតីត មេបញ្ជាការកងទព័ជើងទឹកខ្មែរក្រហម និងលោកស៊ូ ម៉េត អតីតមេបញ្ជាការកងទព័អាកាស៕