កាលពីថ្ងៃទី១៨ ខែឧសភា នេះសហចៅក្រមស៊ើបអង្កេតលោកយូ ប៊ុនឡេង និងលោកស៊ីកហ្រ្វិក ប៊្លុង (Siegried Blunk ) បានដាក់បញ្ជាឲ្យលោកអ៊ែនឌ្រូ ខេលី (Andrew Cayley) ដកចេញនូវខ្លឹមសារសំខាន់ៗមួយចំនួនដែលទាក់ទងនឹងអំពើឧក្រិដ្ឋកម្ម និងទីកន្លែងឧក្រិដ្ឋកម្ម ដូចជា ការដ្ឋានសាងសង់ព្រលានយន្តហោះនៅខេត្តកំពង់ឆ្នាំង មន្ទីរសន្តិសុខ និងការដ្ឋានវាយថ្មនៅខេត្តព្រះស៊ីហនុជាដើម។ ព័ត៌មានទាំងនេះត្រូវបានលោកខេលីលាតត្រដាងជាសាធារណៈនៅក្នុងសេចក្តីថ្លែងការណ៍ជាចំហរបស់ខ្លួនកាលពីថ្ងៃទី០៩ ខែឧសភា។
នៅពេលដែលសាលាក្តីខ្មែរក្រហមបានប្រកាសនៅថ្ងៃច័ន្ទនេះថា មានជនរងគ្រោះសរុបចំនួន៣១៨នាក់ដែលបានដាក់ពាក្យស្នើសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីក្នុងសំណុំរឿង០០៣ សហព្រះរាជអាជ្ញាអន្តរជាតិ អ៊ែនឌ្រូ ខេលី បានទាមទារឲ្យអង្គបុរេជំនុំជម្រះចាត់ទុកបញ្ជារបស់សហចៅក្រមស៊ើបអង្កេត ដែលបង្ខំឲ្យលោកលុបចោលចណុចមួយចំនួនក្នុងសេចក្តីថ្លែងការណ៍ទាក់ទងនឹងសំណុំរឿង០០៣នេះគ្មានសុពលភាព។ ការទាមទារនេះត្រូវបានធ្វើឡើងដោយសារតែលោក ខេលី សំអាងថា សហចៅក្រមស៊ើបអង្កេតរំលោភលើសិទ្ឋិបញ្ចេញមតិ និងការបកស្រាយមិនផ្អែកលើមូលដ្ឋានច្បាប់។ លោកអ៊ែនឌ្រូ ខេលី ចង់ឲ្យសហចៅក្រមស៊ើបអង្កេតធ្វើការស៊ើបអង្កេតបន្ថែមលើឧក្រិដ្ឋកម្ម និងទីកន្លែងឧក្រិដ្ឋកម្មក្នុងសំណុំរឿង០០៣។ លោកអ៊ែនឌ្រូ ខេលី ទាមទារឲ្យនាំខ្លួនជនសង្ស័យមកសាកសួរ។
សហចៅក្រមស៊ើបអង្កេតទាំងពីរលើកឡើងថា លោកខេលី ខ្វះមូលដ្ឋានច្បាប់ ហើយបានរំលោភលើភាពសម្ងាត់នៃការស៊ើបអង្កេត។ ចៅក្រមបានបញ្ជាឲ្យលោកខេលីដកផ្នែកមួយចំនួនចេញ ក្នុងរយៈពេលបីថ្ងៃចាប់ពីថ្ងៃដាក់បញ្ជានោះ។
នៅក្នុងឯកសារដែលលោកដាក់ប្តឹងឧទ្ឋរណ៍ទៅកាន់អង្គបុរេជំនុំជម្រះ កាលពីថ្ងៃសុក្រសប្តាហ៍មុន លោកអ៊ែនឌ្រូ ខេលី អះអាងថា សហចៅក្រមស៊ើបអង្កេតទាំងពីរធ្វើខុស និងអំណាចរបស់ខ្លួន ហើយបញ្ជា នោះគួរតែត្រូវចាត់ទុកថាអត់បានការ។
លោកខេលី បញ្ជាក់បន្ថែមថា សហចៅក្រមស៊ើបអង្កេតធ្វើការសន្និដ្ឋានមិនត្រូវគ្នានឹងហេតុផល។ ជាងនេះទៅទៀត លោកខេលី លើកឡើងថា សេចក្តីថ្លែងការណ៍របស់លោក គឺជាផ្នែកមួយនៃការផ្សព្វផ្សាយដែលទាំងចៅក្រមទំាងព្រះរាជអាជ្ញា ទាំងបុគ្គលិកផ្នែកច្បាប់ និងមន្រ្តីរបស់សាលាក្តីខ្មែរក្រហមមានតួនាទីបំពេញការងារនេះ ដើម្បីផ្តល់ព័ត៌មានឲ្យបានទូលំទូលាយដល់សាធារណៈជន។
សហព្រះរាជអាជ្ញាសញ្ជាតិអង់គ្លេស បានហៅបញ្ជារបស់សហចៅក្រមស៊ើបអង្កេតថា គឺជាការរំលោភ ទៅលើភារកិច្ចឯករាជ្យរបស់លោក ហើយលោកបានស្នើឲ្យសាលាក្តីខ្មែរក្រហមបំពេញការងាររបស់ខ្លួនប្រកបដោយបទដ្ឋានយុត្តិធម៌ និងមានភាពត្រឹមត្រូវតាមគោលការណ៍ច្បាប់។
លោក អ៊ែនឌ្រូ ខេលី គឺជាប្រភពតែមួយគត់ ដែលបានទម្លាយព័ត៌មានខ្លះៗទាក់ទងនឹងសំណុំរឿង០០៣ ដ៏ចម្រូងចម្រាសនេះ។
លោកធន សារ៉ាយ ប្រធានអង្គការការពារសិទ្ឋិមនុស្សអាដហុកចាត់ទុកថា បណ្តឹងឧទ្ឋរណ៍របស់លោក ខេលី ថានឹងអាចជួយជំរុញសំណុំរឿង០០៣ដែលគេបារម្ភពីការមិនមានចំណាត់ការ។ លោកសារ៉ាយមានប្រសាសន៍ថា៖
«ធ្វើឲ្យកក្រើកមតិយោបល់ទាំងក្នុងតុលាការ ក៏ដូចជានៅក្នុងសាធារណជន ក៏ដូចជានៅក្នុងUNខ្លួនឯង ក៏ដូចជានៅក្នុងមន្រ្តីរបស់តុលាការទាំងអស់ ទាំងមូល ហើយនឹងអ្នកផ្តល់ជំនួយដែរ ទាំងជនរងគ្រោះ ក៏ដូចជាអង្គការសង្គមស៊ីវិលដែលធ្វើកិច្ចការទាំងអស់ គឺថា វាកក្រើករំជួលទាំងអស់គ្នាមកវិញ»។
សំណុំរឿង០០៣ និង០០៤ ដែលមានជនសង្ស័យសរុបចំនួន៥នាក់ បានក្លាយទៅជាស្នួលនៃភាពមិន ចុះសម្រុងគ្នារវាងភាគីអង្គការសហប្រជាជាតិ និងភាគីកម្ពុជានៅក្នុងសាលាក្តីខ្មែរក្រហម។ ចៅក្រមខាង អង្គការសហប្រជាជាតិដឹកនាំការស៊ើបអង្កេតជាឯកតោភាគីលើសំណុំរឿងទាំងពីរនេះ។
មន្រ្តីផ្នែកទំនាក់ទំនងកិច្ចការច្បាប់របស់សាលាក្តីខ្មែរក្រហមលោក ឡាស់ អលសិន (Lars Olsen) ធ្លាប់មានប្រសាសន៍ថា អង្គបុរេជំនុំជម្រះមិនមានរយៈពេលកំណត់សម្រាប់ធ្វើសេចក្តីសម្រេចលើបណ្តឹងឧទ្ឋរណ៍របស់លោកខេលី នោះទេ។
ទោះបីជាស្ថិតនៅក្នុងភាពចម្រូងចម្រាស នៅថ្ងៃច័ន្ទនេះ ផ្នែកគាំពារជនរងគ្រោះរបស់សាលាក្តីខ្មែរក្រហមបានប្រកាសថា សហចៅក្រមស៊ើបអង្កេតនឹងធ្វើការសម្រេចលើពាក្យស្នើសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីរបស់ជនរងគ្រោះទាំង៣១៨នាក់ នៅក្នុងសំណុរឿង០០៣យ៉ាងយូរបំផុតមុនពេលបញ្ជូនរឿងនេះទៅជំនុំជម្រះ៕