អន្តរសភាពិភពលោកកំពុងសិក្សាស្វែងយល់ពីតួនាទីរបស់សមាជិកសភា ដែលជាជនជាតិដើម ជនជាតិភាគតិច និងយេនឌ័រនៅក្នុងប្រទេសកម្ពុជា។
លោក ជន សក្តា ជូនសេចក្តីរាយការណ៍ដូចតទៅ៖
អ្នកស្រាវជ្រាវរបស់អន្តរសភាពិភពលោក IPUបានជួបជាមួយសមាជិកសភាគណបក្សគ្រប់គ្រងអំណាច និងគណបក្សប្រឆាំងនៅថ្ងៃពុធនេះ ដើម្បីស្វែងរកវិធីធ្វើឱ្យប្រសើរ ជាប់ទាក់ទងនឹងសេចក្តីត្រូវការជនជាតិដើមជនជាតិភាគតិច និងយេនឌ័រនៅក្នុងរដ្ឋសភាកម្ពុជា។
លោក ហ្សាការីយ៉ា អាដាម តំណាងរាស្ត្រមណ្ឌលកណ្តាល បានថ្លែងប្រាប់អ្នកស្រាវជ្រាវ IPUថា អង្គការនីតិបញ្ញត្តិ ត្រូវបានរាយការណ៍ប្រាប់ដោយសមាជិកជនជាតិដើម និងជនជាតិភាគតិចដែលមានកម្រិតអប់រំទាប និងការអភិវឌ្ឍន៍។
លោកស្រី មួរ សុខហួរ តំណាងរាស្រ្តគណបក្សប្រឆាំង បាននិយាយថា ចំនួនសមាជិកសភា តំណាង ស្ត្រីត្រូវខំធ្វើការឱ្យខ្លាំងឡើង ដើម្បីដោះស្រាយអំពើហិង្សាក្នុងគ្រួសារ បញ្ហាសុខភាព បញ្ហាក្រីក្ររបស់ស្ត្រី និងការជួញដូរស្ត្រី។ សមាជិកសភាជាស្ត្រីពីគណបក្សគ្រប់គ្រងអំណាច និងគណបក្សប្រឆាំងគួរតែបោះបង់ចោលគំនិតប្រកាន់គោលនយោបាយបក្សរបស់ខ្លួន ដើម្បីរួបរួមគ្នាដោះស្រាយបញ្ហាប្រឈមនានារបស់ស្ត្រី។
"យើងចង់ឃើញគណៈកម្មការពហុបក្សនៃតំណាងរាស្ត្រស្ត្រី។ បើយើងមានឆន្ទៈពិតប្រាកដ ដើម្បីដោះស្រាយបញ្ហាស្ត្រីពិតប្រាកដ គណៈកម្មការពហុបក្សរបស់តំណាងរាស្ត្រស្ត្រីនេះ អាចមានសហប្រធាន។ អ្នកតំណាងរាស្ត្រជាស្ត្រីយកបញ្ហារបស់ស្ត្រីមកដោះស្រាយដោយ មិនយកគោលការណ៍នយោបាយនៃគណបក្សរបស់យើងមកធ្វើជាធំ"។
ចំពោះសិទ្ធិ និងសេរីភាពរបស់សមាជិករដ្ឋសភាចំនួន១២៣រូប រួមមានជនជាតិដើម៣រូប ជនជាតិភាគតិច៥រូបវិញ។
លោក ឈាន វុន ប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាខាងគណបក្សប្រជាជនកម្ពុជា បានថ្លែងថា រដ្ឋធម្មនុញ្ញរបស់យើងបានផ្តល់សិទ្ធិ និងសេរីភាពគ្រប់យ៉ាងដល់ប្រជាពលរដ្ឋខ្មែរទូទៅ ដោយគ្មានការរើសអើងជនជាតិដើម និងខ្មែរអ៊ិស្លាម ដែលសុទ្ធតែជាជនជាតិខ្មែរ ទើបអាចមកធ្វើជាអ្នកតំណាងរាស្ត្របាន។
"យើងបានចងក្រងរដ្ឋធម្មនុញ្ញ ក្នុងមាត្រាមួយចំនួនការពារសញ្ញាជាតិខ្មែរទាំងអស់ ឱ្យទុកជាតិដើម វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងសាសនារបស់ខ្លួន ហើយឱ្យសញ្ញាជាតិខ្មែរទាំងអស់ សូម្បីជាតិដើមអ្វីក៏ដោយ គឺថែទាំគ្នា ការពារគ្នា និងស្រឡាញ់រាប់អានគ្នាដោយមិនអនុញ្ញាតឱ្យប្រកាន់ពូជសាសន៍ទេ"។
ចំពោះយេនដ័រវិញ លោកស្រី ឃួន សុដារី ប្រធានគណៈកម្មការសិទ្ធិមនុស្សនៃរដ្ឋសភា បាន ថ្លែងថា យេនឌ័រនៅកម្ពុជាមានការរីកចម្រើនជាងបណ្តាប្រទេសក្នុងតំបន់ ដោយតួនាទីរបស់ស្ត្រី មាននៅថ្នាក់ជាតិ រហូតដល់ថ្នាក់មូលដ្ឋាន ជាពិសេសសមាជិកសភាកម្ពុជាជាស្ត្រីចំនួន២១ភាគរយ បើប្រៀបធៀបនឹងតំបន់មានចំនួន១៦ភាគរយ។
"យើងបានបញ្ចូនបញ្ហាសមភាពយេនឌ័រនៅក្នុងកម្មវិធីគោលនយោបាយជាតិរបស់យើង"។
លោកស្រី រស់ សុភាព នាយីកាអង្គការយេនឌ័រនិងការអភិវឌ្ឍបានទទូចដល់តំណាងរាស្ត្រ ជាស្ត្រីឱ្យជួយដោះស្រាយបញ្ហារបស់ស្ត្រី។
"សមាជិកសភា ដែលជាស្ត្រីមិនទាន់បានយល់ជ្រួតជ្រាបឱ្យបានស៊ីជម្រៅ ដែលមានលទ្ធ ភាពក្នុងការវិភាគទៅនឹងស្ថានភាពយេនឌ័រដែលទាក់ទងនឹងបញ្ហាគ្រប់វិស័យ នៅមិនទាន់មានលទ្ធភាពនៅឡើយទេ។ ប៉ុន្តែគាត់មានសមត្ថភាពហើយផ្នែកច្បាប់"។
លាកស្រី Sonia Palmient អ្នកស្រាវជ្រាវជាន់ខ្ពស់របស់អន្តរសភាពិភពលោក Inter-Parliamentary Union បានជួបជាមួយលោកស្រីហូ ណូន ប្រធានគណៈកម្មការកិច្ចការស្ត្រី លោកឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស លោកស្រីឃួន សុដារី ប្រធានគណៈ កម្មការសិទ្ធិមនុស្ស និងលោកជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច និងលោកស្រី មួរ សុខហួរ តំណាងរាស្ត្រគណបក្សប្រឆាំង។
ពីទីក្រុងភ្នំពេញ ខ្ញុំ ជន សក្តា VOA សំឡេងស.រ.អ.៕