ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ធនាគារ​ពិភពលោក​បន្ទោស​រដ្ឋាភិបាល​កម្ពុជា​អំពី​ការ​បដិសេធ​សិទ្ធិ​ចុះ​បញ្ជី​កម្មសិទ្ធិ​ដីធ្លី​របស់​ពលរដ្ឋ​បឹងកក់​


កម្មករ​របស់​ក្រុង​ភ្នំពេញ​កំពុង​រុះរើ​ចោល​​សំណង់​ផ្ទះ​ឈើ​នៅ​តំបន់​បឹងកក់ ខណៈ​ពេល​ដែល​បុរស​ម្នាក់​ដែល​នៅ​ក្នុង​ទឹក​កំពុង​ប្រមូល​របស់​របរ​របស់​គាត់ កាល​ពី​ថ្ងៃ​ទី​១៤​ខែ​មករា​ឆ្នាំ​២០១១​កន្លង​ទៅ​នេះ។
កម្មករ​របស់​ក្រុង​ភ្នំពេញ​កំពុង​រុះរើ​ចោល​​សំណង់​ផ្ទះ​ឈើ​នៅ​តំបន់​បឹងកក់ ខណៈ​ពេល​ដែល​បុរស​ម្នាក់​ដែល​នៅ​ក្នុង​ទឹក​កំពុង​ប្រមូល​របស់​របរ​របស់​គាត់ កាល​ពី​ថ្ងៃ​ទី​១៤​ខែ​មករា​ឆ្នាំ​២០១១​កន្លង​ទៅ​នេះ។

ធនាគារ​ពិភព​លោក​បាន​ស្តីបន្ទោស​រដ្ឋាភិបាល​កម្ពុជា​អំពី​ការ​បដិសេធ​សិទ្ធិ​ចុះបញ្ចី​កម្មសិទ្ធិ​ដីធ្លី​របស់ ប្រជា​ពលរដ្ឋ​បឹងកក់​ មុន​ពេល​រដ្ឋាភិបាល​បាន​ជួល​តំបន់​បឹងកក់​ទៅ​ឱ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ឯកជន​ និង​បាន​ចាប់ផ្តើម​យុទ្ធនាការ​បំភិតបំភ័យ ​និង​ការ​គាបសង្កត់​ បង្ខំ​គ្រួសារ​ជាច្រើន​រស់នៅ​ក្នុង​តំបន់​នោះ​ ឱ្យ ចាកចេញ។ ​ប៉ុន្តែ​មន្ត្រីរ​ដ្ឋាភិបាល​បាន​បដិសេធ​ការ​អះអាង​របស់​ធនាគារ​ពិភព​លោក​នេះ។

នៅ​ថ្ងៃពុធ​នេះ ​គណៈកម្មាធិការ​អធិការ​កិច្ច​ផ្ទៃ​ក្នុង​របស់​ធនាគារ​ពិភព​លោក​បាន​រក​ឃើញ​ថា ​ធនាគារ ពិភព​លោក​ប្រចាំ​នៅ​កម្ពុជា​បាន​ទទួល​បរាជ័យ​ក្នុង​ការ​ផ្តល់​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ស្រប​ច្បាប់​ដល់​ប្រជា​ពលរដ្ឋ​បឹងកក់​ច្រើន​ពាន់​គ្រួសារ​ ដែល​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួកគេ​ ដោយ​បង្ខំ។

គណៈ​កម្មាធិការ​នាយក​ធនាគារ​ពិភព​លោក​បាន​ជួប​ប្រជុំ​គ្នា​កាលពី​ថ្ងៃអង្គារ​ ដើម្បី​សម្រេច​អំពី​ការ​រក​ឃើញ​របស់​គណៈ​កម្មាធិការ​អធិការ​កិច្ច​នៃ​ធនាគារ​ពិភព​លោក​ដែល​ថា​ គម្រោង​ចុះ​បណ្ណ​កម្មសិទ្ធិ​ ដីធ្លី​នៅ​កម្ពុជា​ មាន​ទឹកប្រាក់​ជិត​២៩​លាន​ដុល្លារ​អាមេរិក​នេះ​មិន​គោរព​តាម​គោល​នយោបាយ​របស់​ធនាគារ​ និង​បាន​ធ្វើ​ឱ្យ​មនុស្ស​២០.០០០​នាក់​ប្រឈម​នឹង​ការ​បណ្តេញ​ចេញពី​ផ្ទះ​សម្បែង​របស់​ពួក​គេ​ដោយ​បង្ខំ ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ​នេះ​បើយោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​ធនាគារ​ពិភព​លោក។

សេចក្តី​ថ្លែង​ការណ៍​នេះ​បាន​បញ្ជាក់​ថា​ គណៈ​កម្មាធិការ​អធិការ​កិច្ច​បាន​រកឃើញ​ថា​ ធនាគារ​ពិភព​ លោក​បាន​បំពាន​គោល​នយោបាយ​របស់​ខ្លួន​ ដោយ​មិន​បាន​រៀបចំ ​និង​ត្រួត​ពិនិត្យ​គម្រោង​រដ្ឋបាល​ និង​ការគ្រប់គ្រង​ដីធ្លី​នៅ​កម្ពុជា​ឱ្យបាន​ត្រឹមត្រូវ។

សេចក្តី​ថ្លែង​ការណ៍នេះ​បាន​បន្ថែម​ថា​ បរាជ័យ​ទាំងនេះ​បាន​រួម​ចំណែក​ដល់​ការ​បណ្តេញ​ចេញ​ដោយ បង្ខំ​នូវប្រជាជន​ប្រមាណ​៤.២៥០​គ្រួសារ​រស់​នៅ​ជុំវិញ​តំបន់​បឹងកក់។​ ប្រជា​ពលរដ្ឋ​ទាំង​នេះ​ត្រូវ​បាន​បដិសេធ​សិទ្ធិ​ចុះ​បញ្ចី​កម្ម​សិទ្ធិ​ដីធ្លី​របស់​ពួកគេ​យ៉ាង​អយុត្តិធម៌​ក្នុង​រយៈ​ពេល​យ៉ាងខ្លី​ មុន​ពេល​រដ្ឋាភិបាល​ជួល​តំបន់​បឹងកក់​ទៅ​ឱ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​របស់​ឯកជន​ និង​បាន​ចាប់​ផ្តើម​យុទ្ធនា​ការ​បំភិត​បំភ័យ​ និង​ការ​គាប​សង្កត់​ ដើម្បី​បង្ខំ​គ្រួសារ​ជាច្រើន​រស់​នៅ​ក្នុង​តំបន់​នោះ​ឱ្យ​ចាក​ចេញ។

លោក​ស្រី​ទន់ សុភានី​ អ្នក​នាំពាក្យ​ក្រសួង​រៀបចំ​ដែនដី ​នគរូបនីយ​កម្ម​ និង​សំណង​ បាន​បដិសេធ​ របាយ​ការណ៍​របស់​ធនាគារ​ពិភព​លោកនេះ​ ដោយ​ថ្លែង​ថា ​វា​ជារឿង​អយុត្តិធម៌​សម្រាប់​រដ្ឋាភិបាល។

លោកស្រី​ទន់ សុភានី​បាន​បន្តថា​ ធនាគារ​ពិភព​លោក​មិន​បាន​លើក​ឡើង​ពី​ដំណោះ​ស្រាយ​ជា​លទ្ធផល​របស់​រដ្ឋាភិបាល​សម្រាប់​មនុស្ស​ភាគ​ច្រើន​ទេ​ ប៉ុន្តែ​បា​នលើក​យក​ផល​ប៉ះពាល់​របស់​មនុស្ស​ភាគ​តិច​ មក​ចងភ្ជាប់​ជាមួយ​ផល​ប្រយោជន៍​របស់​មនុស្ស​ភាគច្រើន។

«តាម​ទស្សនៈ​របស់​ខ្ញុំ​ របាយ​ការណ៍​នេះ​គឺ​ជា​ការ​ការពារ​កិត្តិយស​របស់​ធនាគារ​ពិភព​លោក​ទេ។​ គាត់ មាន​តំណាង​សម្រាប់​ប្រតិបត្តិការ​គម្រោង​ក្នុង​ភាព​ជាដៃគូ​ជាមួយ​ភាគី​កម្ពុជា។ ​ក្រុម​ការងារ​របស់​គាត់​ (ធនាគារ​ពិភពលោក) ​នៅ​ជាប់​ជាមួយ​នឹង​ការិយាល័យ​ប្រតិបត្តិ​គម្រោង​ ដែល​ចាយ​ប្រាក់​របស់​គាត់​ហ្នឹង​ រឿងអ្វី​មក​ខុស​តែ​ខាង​ភាគី​កម្ពុជា? ​ហើយ​ពួកគាត់​នឹង​រួច​ខ្លួន​ ឬ​យ៉ាងម៉េច?​ ហើយ​គាត់​ទម្លាក់​កំហុស​មក​លើ​រដ្ឋាភិបាល​តែ​ម្នាក់ឯង​ គាត់​រួចខ្លួន? ​វា​មិន​ត្រឹមត្រូវ​ទេ ​ពីព្រោះ​កម្ពុជា​ចាំតែ​ទទួល​លទ្ធផល​ទេ។​ សវនកម្ម​ត្រូវ​បាន​ឡើង​ដោយ​ពួក​គាត់»។

អ្នកស្រី​ទេព វណ្ណនី​ តំណាង​សហគមន៍​បឹងកក់​ បាន​និយាយថា​ គណៈ​កម្មាធិការ​នាយក​ធនាគារពិភព​លោក​គួរតែ​គាំទ្រ​របាយ​ការណ៍​របស់​គណៈ​កម្មាធិការ​អធិការកិច្ច ​និង​គាប​សង្កត់​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​សិទ្ធិ​មនុស្ស​របស់​ប្រជា​ពលរដ្ឋ​ ដែលរង​ផល​ប៉ះពាល់​ដោយ​គម្រោង​អភិវឌ្ឍន៍​បឹងកក់។

«យើង​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ​ដែល​ជិត​នឹង​កើត​ឡើង ​និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជាប្រចាំ​ ហើយ​យើង​ត្រូវការ​អន្តរាគមន៍​ជា​បន្ទាន់»។

លោក​សៀ ភារ៉ុម ​នាយក​លេខាធិការ​ដ្ឋាន​នៃ​អង្គការ​សិទ្ធិ​លំនៅ​ដ្ឋាន​ បាន​ថ្លែង​ថា​ ការ​រក​ឃើញ​របស់​ គណៈ​កម្មាធិកា​រអធិការ​កិច្ច​ចង្អុល​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ដ៏​បរិសុទ្ធ​ចំពោះ​សេចក្តី​ពិត​ នីតិរដ្ឋ ​និង​ការ​ទទួល​ខុសត្រូវ។

លោក​សៀ ភារ៉ុម​បាន​បន្ត​ថា ​«ឥឡូវនេះ​ យើង​បែរ​ទៅ​រក​គណៈ​កម្មាធិការ​ធនាគារ​ពិភព​លោក​ ដើម្បី​ធ្វើ​អ្វីៗ​គ្រប់បែប​យ៉ាង​នៅ​ក្នុង​អំណាច​របស់​ខ្លួន​ ដើម្បី​គាំទ្រ​ដល់​គោល​ការណ៍​សំខាន់ៗ​ និង​ទីបញ្ចប់​ នាំ​យក​វិធានការ​យុត្តិធម៌​ដល់​ប្រជា​ពលរដ្ឋ​ទាំងនោះ​ ដែល​ត្រូវបាន​បណ្តេញ​ចេញ​ពីផ្ទះ​សម្បែង​របស់​ពួក​គេ»។

អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ Amnesty International ​បាន​អំពាវនាវ​ឱ្យ​ក្រុម​អាជាធរ​ក្រុង​ភ្នំពេញបញ្ឈប់​ការ​បណ្តេញ​អ្នកភូមិ​បឹងកក់​ដោយ​បង្ខំ។

លោក​សុខ ពេញវុធ ​អភិបាល​រង​សាលា​ខណ្ឌ​ដូនពេញ ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះថា​ «(អាជ្ញាធរ)​អត់​មាន​បង្ខិតបង្ខំ​ និង​បណ្តេញ​ចេញ​ដោយ​បង្ខំ​ទេ។ ​វា​ជា​ការ​បន្តុះ​បង្អាប់​ដល់​អាជ្ញាធរ ​ក៏ដូច​ជា​រាជ​រដ្ឋាភិបាល​ ចំពោះ​កិច្ចការ​នេះ។ ​ខ្ញុំ​គិត​ថា​ គាត់​លើកឡើង​ គាត់​មិន​បាន​ពិនិត្យ​គ្រប់​ជ្រុង​ជ្រោយ​ទេ ​ពីព្រោះ​យើង​មិន​ដែល​មាន​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ទេ។ ​យើង​ធ្វើការ​ដោះស្រាយ ​សម្រប​សម្រួល​ដោយ​សន្តិវិធី»។

លោក​សុខ ពេញវុធ​ បាន​បន្ថែម​ថា​ ប្រជា​ពលរដ្ឋ​ជាង​២.៥០០​គ្រួសារ ​ដែល​បាន​ចាក​ចេញ​ពី​តំបន់​បឹងកក់​ បាន​ទទួល​យក​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ ដោយ​ការ​ស្ម័គ្រ​ចិត្ត ​ក្នុង​ជម្រើស​មួយ​នៃ ជម្រើស​ទាំងបី៕

XS
SM
MD
LG