ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជម្លោះ​កម្ពុជា​ថៃ​អាច​គំរាម​កំហែង​ដល់​ការ​បង្កើត​សហគមន៍​សន្តិសុខ​អាស៊ាន


មន្ត្រី​នគរបាល​ឥណ្ឌូនេស៊ី​ម្នាក់​ឈរ​យាម​នៅ​ខាង​ក្រៅ​កន្លែង​ប្រារព្ធ​ កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​១៨ ​កាល​ពី​ថ្ងៃ​ទី​០៤​ខែ​ឧសភា​ឆ្នាំ​២០១១។ កិច្ច​ប្រជុំ​នេះ​នឹង​​​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​៧​ដល់​ទី​៨​ខែ​ឧសភា​ឆ្នាំ ​២០១១​ខាង​មុខ​នេះនៅ​​ទី​ក្រុង​ហ្សាការតា
មន្ត្រី​នគរបាល​ឥណ្ឌូនេស៊ី​ម្នាក់​ឈរ​យាម​នៅ​ខាង​ក្រៅ​កន្លែង​ប្រារព្ធ​ កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​១៨ ​កាល​ពី​ថ្ងៃ​ទី​០៤​ខែ​ឧសភា​ឆ្នាំ​២០១១។ កិច្ច​ប្រជុំ​នេះ​នឹង​​​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​៧​ដល់​ទី​៨​ខែ​ឧសភា​ឆ្នាំ ​២០១១​ខាង​មុខ​នេះនៅ​​ទី​ក្រុង​ហ្សាការតា

ក្រុម​អ្នក​វិភាគ​និង​អ្នក​សិក្សា​បញ្ហាតំបន់​អាស៊ី​អាគ្នេយ៍​បាន​លើក​ឡើង​ថា ការ​បង្កើត​សហគមន៍​សន្តិសុខ​អាស៊ាន​នៅ​ត្រឹម​ឆ្នាំ​២០១៥​នឹង​មិន​អាច​ទៅ​រួច​ទេ​ ប្រសិន​បើ​អាស៊ាន​មិន​អាច​ដោះ​ស្រាយ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ។ ការ​លើកឡើង​នេះ ​ខណៈ​ដែល​អាស៊ាន​ត្រៀម​បើក​កិច្ចប្រជុំ​កំពូល​របស់​ខ្លួន​នៅ​ចុង​សប្តាហ៍​នេះ។

ប្រទេស​ទាំង​១០​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ​ឬហៅ​កាត់​ថាអាស៊ាន​គ្រោង​បង្កើត​សហគមន៍​សន្តិសុខ​មួយ​មិន​ហួស​ពី​ឆ្នាំ​២០១៥។ ការ​លើក​ឡើង​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​សន្និសីទ​អាស៊ាន​មួយ​ស្តី​ពី​ការ​ពង្រឹង​គោល​នយោ​បាយ​សន្តិសុខ​អាស៊ាន​តាម​រយៈ​កិច្ចការ​ទូតបង្ការ​ជម្លោះ និង​យន្តការ​ដោះស្រាយ​ជម្លោះ។

សន្និសីទ​ក្នុង​ទីក្រុង​ភ្នំពេញ​រយៈពេល​ពីរ​ថ្ងៃបាន​បិទ​បញ្ចប់​នៅ​ថ្ងៃ​សុក្រ​នេះ គឺ​មួយ​ថ្ងៃ​មុន​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ចាប់​ផ្តើមក្នុង​ទីក្រុង​ហ្សាការតា​ ប្រទេស​ឥណ្ឌូនេស៊ី។ លោក ពូ សុធីរៈ អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៃ​វិទ្យាស្ថាន​សម្រាប់​ការ​សិក្សា​តំបន់​អាស៊ី​អាគ្នេយ៍​នៅសិង្ហបូរី​មាន​ប្រសាសន៍​ក្នុង​សន្និសីទ​នេះ​ថា ប្រសិន​បើ​គ្មាន​ការ​សម្រុះសម្រួល​ដែល​អាច​ឈាន​ទៅ​រក​ដំណោះ​ស្រាយ​ប្រកប​ដោយប្រសិទ្ធិភាព​ទេ ​ជម្លោ​រវាង​កម្ពុជា​ និង​ថៃ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ​ និង​ភាពគួរ​ឲ្យ​ជឿជាក់​បាន​របស់​សមាគម​អាស៊ាន​ទាំងមូល ហើយ​ជា​លទ្ធផលការ​បង្កើត​សហគមន៍​សន្តិសុខ​អាស៊ាន​មួយ​នឹង​មិន​អាច​លេចចេញ​ជា​រូប​រាង​បាន។ លោក​បាន​ប្រាប់​វីអូអេ​យ៉ាង​ដូច្នេះ​ថា៖

«ប្រសិន​បើ​ជម្លោះ​នេះ​ក្លាយ​ទៅ​ជា​សង្គ្រាម​ វា​នឹង​ប៉ះពាល់​យ៉ាងខ្លាំង​ទៅ​លើ​សហគមន៍​សន្តិសុខ​របស់​អាស៊ាន»។

សូម​បញ្ជាក់​ថា​ សហគមន៍​សន្តិសុខ​អាស៊ាន​នឹង​ក្លាយ​ជា​សសរ​ស្តម្ភ​មួយ​ក្នុង​ចំណោម​សសរស្តម្ភ​ទាំង​បី​របស់​សមាគម​អាស៊ាន។ សសរស្តម្ភ​ពីរ​ទៀតគឺ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន និង​សហគមន៍​សង្គម-វប្បធម៌​អាស៊ាន។ សហគមន៍​សន្តិសុខ​អាស៊ាន​នេះ ​ត្រូវ​គេ​គ្រោង​នឹង​បង្កើត​ឡើង​ដើម្បី​ធានា​សន្តិសុខហើយនឹង​រក្សា​សន្តិភាពនិង​ស្ថេរភាព​សម្រាប់​រដ្ឋ​ជា​សមាជិក​ទាំង​១០​របស់​អាស៊ាន។

ប៉ុន្តែ កម្ពុជា និង​ថៃ​បាន​វាយ​ប្រយុទ្ធគ្នា​ដោយ​អាវុធ​ធុន​ធ្ងន់ជា​ថ្មី​ម្តងទៀត ដែល​អូស​បន្លាយ​ពេលអស់​១២ថ្ងៃ​ជាប់ៗ​គ្នា​រហូត​មក​ដល់​ថ្ងៃ​ពុធទី​៤ ខែ​ឧសភា​នេះ ដែល​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋនៃ​ភាគី​ទាំងសង​ខាង​យ៉ាងតិច​ចំនួន​១៨​នាក់​ស្លាប់ និង​រាប់​សិប​នាក់​ទៀត​រង​របួស​ ហើយនឹង​រាប់​ម៉ឺន​នាក់ផ្សេង​ទៀត​បាន​ចាកចោល​ផ្ទះសម្បែង​របស់​ពួកគេនៅក្នុង​អំឡុង​ពេល​ប្រយុទ្ធគ្នា​នោះ។

លោក ពូ សុធីរៈ មាន​ប្រសាសន៍​នៅក្នុង​សម្ភាសន៍​ថា​ សមាគម​អាស៊ាន​ ត្រូវ​ពន្យល់​ដល់ប្រទេស​ដែល​មាន​ជម្លោះ​នឹង​គ្នា​ជាពិសេសគឺថៃ​ អំពី​ផលប៉ះពាល់ដែល​អាច​បណ្តាល​មកពីជម្លោះ​នេះ​ ទៅលើផលប្រយោជន៍​របស់​តំបន់ទាំងមូល។ លោក​បន្ត​ថា៖

«ប្រទេស​អាស៊ាន​ត្រូវ​ខំ​ប្រឹង​យ៉ាង​ម៉េច​ធ្វើ​ឲ្យថៃ យល់​អំពី​ភាពគ្រោះ​ថ្នាក់នៃ​ការ​ឈ្លោះ​គ្នា​នេះ ដែល​អាច​នឹង​ក្លាយ​ទៅ​ជា​សង្រ្គាម​រវាង​ប្រទេស​ទាំងពីរ។ ក្នុង​ករណី​នេះ​ វា​នឹង​ជះ​ឥទ្ធិពល​អាក្រក់​ទៅ​លើ​អាស៊ាន​ទាំងមូល»។

បណ្ឌិត​ ឈាង វណ្ណារិទ្ធ​ នាយក​ប្រតិបត្តិ នៃ​វិទ្យាស្ថានខ្មែរ​សម្រាប់​សហ​ប្រតិបត្តិការ​និង​សន្តិភាព​មាន​ប្រសាសន៍​ថា គេ​ត្រូវ​ពឹង​ផ្អែក​លើ​មេ​ដឹកនាំ​អាស៊ាន​នៅក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ចុង​សប្តាហ៍​នេះ​ ហើយ​ដើម្បី​ស្វែង​រក​ច្រក​ចេញ​មួយ​សម្រាប់​ជម្លោះ​រវាង​កម្ពុជា និង​ថៃ ហើយ​ក៏​ដើម្បី​កំណត់​ជោគ​វាសនា​របស់​សហគមន៍​សន្តិសុខ​អាស៊ាន​មួយ​នៅ​ឆ្នាំ​២០១៥​ខាង​មុខ​នេះ​ដែរ។ លោក​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«អាស៊ាន​នៅ​តែ​ដើរ​តួ​សំខាន់​ក្នុង​ការ​ដោះ​ស្រាយ​ជម្លោះ ក៏​ប៉ុន្តែ​អ្វី​ៗ​ទាំងអស់​គឺ​ពឹង​ផ្អែកលើ​កិច្ច​ប្រជុំ​កំពូល​របស់​អាស៊ាន​ដែល​នឹង​មកដល់​ក្នុង​ពេល​ឆាប់​ៗ»។

ដោយ​ឡែក​ លោក សាស្ត្រាចារ្យ ស៊ូជិត ប៊ុនបងខាំ (Suchit Bunbongkam) ប្រធាន​ក្រុម​ប្រឹក្សា​សម្រាប់​កិច្ច​សហប្រតិបត្តិការ​សន្តិសុខក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វ៊ិក របស់​ថៃ (CSCAP Thailand) មិន​បាន​ផ្តល់​ការបញ្ជាក់​ថា​តើ​ជម្លោះ​រវាង​កម្ពុជា​ និង​ថៃ​នេះអាច​នឹង​ប៉ះពាល់​ដល់​ការ​បង្កើត​សហគមន៍​សន្តិសុខ​អាស៊ាន​ដែរឬ​ទេ។ លោក​សាស្ត្រាចារ្យ ​គ្រាន់​តែ​បាន​ថ្លែង​ថា ប្រទេស​ថៃ បានធ្វើ​ស្រប​តាម​កិច្ចការ​ទូត​បង្ការ​ជម្លោះតាម​រយៈ​ការ​ទាម​ទារ​ឲ្យ​មាន​ការ​ចរចារ​ទ្វេភាគី​ជាមួយ​កម្ពុជា​នៅក្នុង​ជម្លោះ​ប្រដាប់​អាវុធនេះ។

ប៉ុន្តែ លោក សាស្ត្រាចារ្យ​ ស៊ូជិត ក៏​មា​ន​ប្រសាសន៍​បន្ថែម​ថា ប្រសិន​បើ​ការ​ចរចារ​ទ្វេភាគី​មិន​អាច​ធ្វើ​ទៅបាន​ ថៃ​ក៏​គួរ​តែពិចារណា​លើ​ការ​ចរចា​ពហុភាគី​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​មួយ​ ដើម្បីការពារ​ផល​ប្រយោជន៍​សមាគម​អាស៊ាន​ទាំង​មូល។ លោក សាស្ត្រាចារ្យ​បន្ត​ថា៖

«ប្រសិន​បើ​ការ​ចរចារ​ទ្វេភាគី​បរាជ័យ អញ្ចឹង​យើង​អាច​បន្ត​ទៅរក​ការ​ចរចារ​ពហុភាគី​បាន។​ ដូច្នេះ​ គ្មាន​នរណាម្នាក់​ចង់​ឃើញ​ការ​ប្រើ​ប្រាស់​កម្លាំង​ជា​មធ្យោបាយ​ដោះ​ស្រាយ​ជម្លោះ​នោះទេ។»

ក្រុម​អង្គការ​សង្គម​ស៊ីវិល​កម្ពុជា និង​ថៃ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​មួយ​នៅ​ក្នុង​វេទិកា​ប្រជាជន​អាស៊ាន​ក្នុង​ទីក្រុង​ហ្សាកាតា​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី៥ ខែ​ឧសភា​នេះ ដោយ​ជំរុញ​ឲ្យ​មេដឹកនាំអាស៊ាន​ចាត់វិធាន​ចាំបាច់​មួយ​ចំនួន​ ដើម្បី​ដោះស្រាយ​ជម្លោះ​រវាង​កម្ពុជា និង​ថៃ ដូចជា​ការ​បង្កើត​ឲ្យ​មាន​បទ​ឈប់​បាញ់គ្នា​ជា​បន្ទាន់​ និងការ​ដាក់​ពង្រាយ​អ្នក​សង្កេត​ការណ៍​នៅ​តាម​ព្រំដែន​ដែល​មាន​ជម្លោះ​ឲ្យ​បាន​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ជាដើម។

នៅ​ថ្ងៃ​ដដែល​នោះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​សម្ព័ន្ធនៃ​គណបក្ស​នយោបាយ​អាស៊ី (ICAPP) ក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​បង្ហាញ​ការ​គាំ​ទ្រ​គំនិត​ផ្តួចផ្តើម​របស់​អាស៊ានក្នុង​ការ​ដោះ​ស្រាយ​ជម្លោះ ហើយ​ក៏​អំពាវនាវ​ឲ្យ​មេដឹកនាំ​អាស៊ាន​សម្រេច​ក្នុង​កិច្ច​ប្រជុំ​កំពូល​របស់​ខ្លួន​ទៅ​លើ​ការ​បញ្ចូន​អ្នក​សង្កេតការ​របស់​ឥណ្ឌូនេស៊ី​ផង​ដែរ។

ប៉ុន្តែ លោក​នាយករដ្ឋ​មន្ត្រី​ថៃ អាផាស៊ីត វិចាជីវ៉ា (Abhisit Vejjajiva) បាន​មាន​ប្រសាសន៍​តាមរយៈ​សារព័ត៌មាន​ថៃ​នៅ​ថ្ងៃសុក្រ​នេះ​ថា រដ្ឋាភិបាល​ថៃនឹង​មិន​ចុះ​ហត្ថលេខា​លើ​ឯកសារ​ណា​មួយ​ស្តី​ពី​ការ​បញ្ជូន​អ្នក​សង្កេត​ការណ៍​ឥណ្ឌូនេស៊ី​ទៅ​កាន់​តំបន់​ព្រំដែនកម្ពុជា​-ថៃ​នោះ​ទេ​ លុះត្រាតែកម្ពុជា​ព្រមដក​ទ័ព និង​ប្រជាពលរដ្ឋរបស់​ខ្លួន​ចេញ​ពី​តំបន់​ដែល​មាន​ជម្លោះ​ជា​មុន​សិន៕

XS
SM
MD
LG