រដ្ឋមន្ដ្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រីហ៊ីលឡេរី គ្លីនតុន នៅថ្ងៃនេះប្រាថ្នាចង់ឲ្យសហរដ្ឋអាមេរិក និងប្រទេសកម្ពុជាមានភាពជិតស្និទ្ធនឹងគ្នាកាន់តែខ្លាំង។ នៅក្នុងជំនួបជាមួយក្រុមនិស្សិត ក្នុងទីក្រុងភ្នំពេញ លោកស្រីគ្លីនតុនក៏បានជំរុញឲ្យពួកគេរួមគ្នាកសាងអនាគតថ្មីរបស់ប្រទេសកម្ពុជា។
នៅថ្ងៃច័ន្ទនេះ លោកស្រីហ៊ីលឡេរី គ្លីនតុន រដ្ឋមន្ដ្រីការបរទេសសហរដ្ឋអាមេរិក បានជំរុញឲ្យក្រុមយុវជនកម្ពុជារៀបចំអនាគតរបស់ប្រទេសផងខ្លួន ដោយលោកស្រីលើកទឹកចិត្តថា សហរដ្ឋអាមេរិកនឹងជួយលើកតម្កើងពួកគេ ហើយសហរដ្ឋអាមេរិកត្រៀមខ្លួនសម្រាប់ជួយប្រទេសកម្ពុជាជានិច្ច។
នេះគឺជាសារនយោបាយមួយយ៉ាងរឹងមាំ និងយ៉ាងសំខាន់ ខណៈពេលដែលប្រទេសកម្ពុជាត្រូវគេកំពុងតែមើលឃើញថា បានផ្អៀងទៅរកទំនាក់ទំនងល្អជាមួយប្រទេសចិនកាន់តែខ្លាំង។
នៅក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេលមួយថ្ងៃរបស់លោកស្រីក្នុងទីក្រុងភ្នំពេញ នៅថ្ងៃនេះ លោកស្រីប្រមុខការទូតសហរដ្ឋអាមេរិកបានថ្លែងទៅកាន់ក្រុមនិស្សិតមកពីសកលវិទ្យាល័យផ្សេងៗនៅក្នុងទីក្រុងភ្នំពេញសរុបប្រមាណជា៥០០នាក់ថា ពួកគេអាចកាន់ក្ដាប់អនាគត ហើយពួកគេត្រូវសម្រេចចិត្តក្នុងការបង្កើតអនាគតថ្មីរបស់ប្រទេស។
«អ្នកមានឱកាសដើម្បីកំណត់អនាគត។ ហើយខ្ញុំគិតថា អ្វីដែលកំពុងកើតនៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃនេះគឺគឺសំខាន់ខ្លាំងណាស់។ ប្រវត្តិសាស្ដ្រដ៏ធំធេង វប្បធម៌ សិល្បៈ រឿងព្រេង ភាពសប្បុរសនៃប្រជាពលរដ្ឋកម្ពុជា នឹងស្ថិតនៅជាមួយអ្នកជានិច្ច។ ប៉ុន្ដែវាអាស្រ័យទៅ លើក្រុមយុវជនក្នុងការសម្រេចចិត្តក្នុងការតម្រង់អនាគតថ្មី»។
លោកស្រី ហ៊ីលឡេរី គ្លីនតុន បានបញ្ជាក់ថា លោកស្រីចង់ទទួលយកនូវគំនិតរបស់ក្រុមយុវជនកម្ពុជាថា តើពួកគេចង់ឃើញទំនាក់ទំនងរវាងសហរដ្ឋអាមេរិកជាមួយនិងប្រទេសកម្ពុជាវិវត្តយ៉ាងដូចម្តេចនៅក្នុងប៉ុន្មានឆ្នាំខាងមុខទៀតនេះ។
លោកស្រីគ្លីនតុនបានមកដល់ប្រទេសកម្ពុជាកាលពីយប់ថ្ងៃសៅរ៍។ លោកស្រីបានទស្សនាប្រាង្គប្រាសាទអង្គរវត្ត មុននឹងចាប់ផ្ដើមដំណើរទស្សនកិច្ចផ្លូវការ។
នៅក្នុងជំនួបជាមួយក្រុមនិស្សិតរយៈពេលមួយម៉ោង លោកស្រីហ៊ីលឡេរី គ្លីនតុនបានគូសបញ្ជាក់ ថា ប្រទេសកម្ពុជាកំពុងតែផ្លាស់ប្ដូរហើយ។ មានការរីកចម្រើនផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគបរទេសកើនឡើង ការងារថ្មីៗចំនួនរាប់ម៉ឺនត្រូវបង្កើតឡើង រួមទាំងការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការបង្កើតសាលាក្ដីខ្មែរក្រហម។
លោកស្រីគ្លីនតុនលើកឡើងថា សហរដ្ឋអាមេរិកត្រៀមខ្លួនជួយប្រទេសកម្ពុជា ដើម្បីឲ្យមានការបន្ដការរីកចម្រើននេះតទៅទៀត។
«សហរដ្ឋអាមេរិកចង់ជួយឲ្យអ្នករក្សាការរីកចម្រើនជឿនលឿនេះបន្ដទៅទៀត។ យើងចង់ជួយប្រទេសកម្ពុជាឲ្យបង្កើតឱកាសសម្រាប់សករាជថ្មី។ ដូច្នេះ ចូរអ្នកកុំខ្លាចចំពោះអនាគត ប៉ុន្ដែអ្នកសម្លឹងឆ្ពោះទៅអនាគត។ អ្នករកការងារល្អបានធ្វើ អ្នកពង្រីកទេពកោសល្យរបស់អ្នក ហើយអ្នកចូលរួមផ្ដល់វិភាគទានរបស់អ្នក»។
នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងបំផុតរបស់លោកស្រីហ៊ីលឡេរី គ្លីនតុនមកកាន់ប្រទេសកម្ពុជាក្នុងបរិបថអ្វីមួយ ដែលលោកស្រីប្រកាសថា សហរដ្ឋអាមេរិកបានផ្តោតការយកចិត្តទុកដាក់លើតំបន់អាស៊ី។ លោកអតីតប្រធានាធិបតីបៀល គ្លីនតុន ស្វាម៉ីរបស់លោកស្រី បានមកទស្សនកិច្ចនៅប្រទេសកម្ពុជាកាលឆ្នាំ២០០៦ បន្ទាប់ពីលោកចប់អណត្តិ។
ក្រុមនិស្សិតបានចោទសួរលោកស្រីអំពីបទពិសោធន៍ផ្ទាល់ខ្លួននៅក្នុងអាជីពនយោបាយ បញ្ហាសិទ្ធិ មនុស្សនៅកម្ពុជា រួមទាំងទំនាក់ទំនងរវាងប្រទេសកម្ពុជានិងប្រទេសចិនផងដែរ។
លោកស្រីហ៊ីលឡេរី គ្លីនតុនមានប្រសាសន៍ថា ប្រទេសកម្ពុជាមានភាពវ័យឆ្លាតដែលមានទំនាក់ទំនងជាមួយបរទេសជាច្រើន ដើម្បីឲ្យមានតុល្យភាព។ លោកស្រីគ្លីនតុនក៏បានអះអាងដែរថា កម្ពុជាមានហេតុផលជាច្រើនក្នុងការធ្វើទំនាក់ទំនងល្អជាមួយប្រទេសចិននោះ៕