ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មែរនៅ​ព្រំដែន​មិន​និយាយ​ភាសា​ខ្មែរ​តែ​​និយាយ​ភាសា​ឡាវ


ប្រជាជន​ជាង​៩០%​ក្នុង​ចំណោម​ប្រជាជន​​​ជាង​៣៨០​គ្រួសារ​ឬ​ស្មើនឹង​ចំនួន​មនុស្ស​​សរុប​ជិត​១៩០០​នាក់​នៅក្នុង​ឃុំ​កំពង់​ស្រឡៅ​២ សុទ្ធតែ​និយាយភាសា​​លាវ។​​
ប្រជាជន​ជាង​៩០%​ក្នុង​ចំណោម​ប្រជាជន​​​ជាង​៣៨០​គ្រួសារ​ឬ​ស្មើនឹង​ចំនួន​មនុស្ស​​សរុប​ជិត​១៩០០​នាក់​នៅក្នុង​ឃុំ​កំពង់​ស្រឡៅ​២ សុទ្ធតែ​និយាយភាសា​​លាវ។​​

ព្រះវិហារ៖ អ្នក​ភូមិខ្មែរ ​នៅ​ក្នុង​ឃុំដាច់​ស្រយាល​មួយ​ ​ក្នុង​ខេត្ត​ព្រះវិហារ​ជាប់​ព្រំដែន​លាវ​ប្រើប្រាស់​ភាសា​លាវ​ច្រើន​ជាង​ភាសា​ខ្មែរ​ ​ហើយ​ពួកគេ​នាំ​គ្នា​អនុវត្តទំនៀម​ទម្លាប់​តាមប្រជាជនលាវស្ទើរ​តែ​ទាំង​ស្រុង។ ​បច្ចុប្បន្ន​ការ​ប្រើ​ភាសា​និង​ទំនៀ​ម​ទម្លាប់​តាម​បែប​ប្រជាជន​លាវ​នេះ​បាន​បន្ត​ទៅ​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ​របស់​ពួក​គេ​ថែម​ទៀត​ ដែល​ញ៉ាំ​ង​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ពី​សំណាក់​អ្នក​ភូមិ​ខ្លះ​ចំពោះ​ការ​បាត់​បង់​ភាសា​និង​អត្ត​សញ្ញាណ​ខ្មែរនៅ​ក្នុង​តំបន់​នោះ​ នា​ពេល​ដ៏​ខ្លី​ខាង​មុខ។

ក្មេងប្រុសៗ​មួយ​ក្រុមមាន​គ្នា​៦​នាក់​ស្ថិត​ក្នុង​វ័យ​ប្រហែល​១០​ឆ្នាំ​ប្លាយ​ ​កំពុង​ប្រឡែង​គ្នា​លេង​នៅ​អែប​នឹង​អណ្តូង​ទឹកមួយ​ក្នុង​ភូមិ​កំពង់​ព្រះឥន្ទ្រ​ ​ឃុំកំពង់​ស្រឡៅ២​ ​ស្រុក​ឆែប​ ​ចម្ងាយជាង​១០០​គីឡូម៉ែត្រពី​ទីរួម​ខេត្ត​ព្រះវិហារ​ ​ភាគខាង​ជើង​ប្រទេស​កម្ពុជាជាប់​ព្រំដែនលាវ។

រូប​រាង​និង​ពណ៌​សម្បុរ​ស្បែក​របស់​ពួក​គេ​មិន​ខុស​ពី​ក្មេង​ភាគ​ច្រើន​នៅ​តាម​ជន​បទ​ដទៃ​ទៀតក្នុង​ប្រទេស​កម្ពុជា​ទេ​ ​ប៉ុន្តែ​អ្វី​ដែល​ប្លែក​នោះ​គឺ​ពួក​គេ​មិន​ចេះ​និយាយ​ភាសា​ខ្មែរ​ ​តែ​បែ​រ​ជា​និយាយ​ភាសា​លាវ​ទៅ​វិញ។

ដូច​ក្មេងៗ​ទាំង​នេះ​ដែរ​ ​ប្រជាជន​ជាង​៩០%​ក្នុង​ចំណោម​ប្រជាជន​ជាង​៣៨០​គ្រួសារ​ឬ​ស្មើនឹង​ចំនួន​មនុស្សសរុប​ជិត​១៩០០​នាក់​នៅក្នុង​ឃុំ​កំពង់​ស្រឡៅ​២​នេះ​ ​ក៏​សុទ្ធ​តែ​និយាយ​ភាសា​លាវ​ ជា​ជាង​ភាសា​ខ្មែរ​ដែរ​ ​នៅ​ក្នុង​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​ប្រចាំ​ថ្ងៃ​ ​នេះ​បើ​ផ្អែក​តាម​អាជ្ញាធរ​ឃុំ​នេះ។

មូលហេតុ​គឺ​ដោយ​សារ​ឃុំ​នេះ​នៅឆ្ងាយ​ដាច់​ស្រយាល​ ​ស្ទើរតែ​គ្មាន​ការ​ប្រាស្រ័យ​ទាក់ទង​ជា​មួយ​នឹងប្រជាជន​ខ្មែរ​នៅ​តំបន់​ផ្សេងៗ​ទៀត​នៅ​ក្នុង​ប្រទេស​ទេ។

ដោយ​មាន​ចៅៗ​នៅ​អង្គុយ​ជុំវិញ​អែប​នឹង​ជណ្តើរ​ផ្ទះ​ ​អ្នក​ស្រី​នាង ផាន់​ អាយុ​ប្រមាណ​៦០​ឆ្នាំ​ ជា​អ្នក​ភូមិ​ម្នាក់​ ​បាន​មាន​ប្រសាសន៍​ថា​ ​ក្មេងៗនៅ​ក្នុង​ភូមិ​នេះ​ ​ដោយ​រួម​ទាំង​ចៅ​ទាំង​បី​នាក់​របស់​អ្នក​ស្រី​ផង​ ​មិន​អាច​និយាយ​ភាសា​ខ្មែរ​បាន​ទេ​ ​ដោយ​អ្នក​ស្រី​អះអាង​ថា​ ​ឪ​ពុកម្តាយ​របស់​ពួក​គេ​និយាយ​តែ​ភាសា​លាវប៉ុណ្ណោះ​ជាមួយ​ពួក​គេ។

«និយាយ​តែ​លាវ​ដាក់​ ​អត់​មាន​និយាយ​ខ្មែរ​ទេ។ ​ឪពុក​ម្តាយ​ហ្នឹង​ក៏​មិន​ចេះ​ខ្មែរ​ទេ​ ​ចេះ​តែលាវ​ហ្នឹង»។

លោក ​ថូ ហាំ ​ជា​កសិករ​ម្នាក់​នៅ​ក្នុង​ឃុំ​នេះ​និង​ជា​ឪពុក​នៃ​កូន​៥នាក់​ ​ក៏មាន​ប្រសាសន៍​ដែរថា​ ​វា​បាន​ក្លាយ​ជា​ទម្លាប់​ទៅ​ហើយ​សម្រាប់​ប្រជាជន​នៅ​ក្នុង​ឃុំ​នេះ​ ​ក្នុង​ការ​និយាយ​ភាសា​លាវ​ជា​មួយ​កូនៗ ​និងជាមួយ​អ្នក​ភូមិ​ដូច​គ្នា​នោះ។

«ពីព្រោះ​ ​វា​ទម្លាប់​មួយ​ភូមិ​អញ្ចេះ​ហើយ។ ​មួយភូមិៗ​ទម្លាប់​តែ​និយាយ​លាវ​អញ្ចឹង​ឯង។​ បើ​និយាយ​ខ្មែរ​ ​វា​អត់​ចូល​ចិត្ត​ស្តាប់​យើង​ទៀត។ វា​ពិបាក​អញ្ចឹង​ឯង។​ បើ​គ្រប់​គ្នា​ ​គ្រប់​ភូមិ​ ​គ្រប់​ផ្ទះ​អញ្ចឹង​ទៅ​ហើយ»។

ឃុំ​កំពង់​ស្រឡៅ​២​ ​ដែល​គ្រប់​ដណ្តប់​ភូមិ​ចំនួន​៤​នេះ​ ​មាន​ព្រំ​ប្រទល់​ជាប់​នឹងស្រុក​ម៉ឺងឃង​ ក្នុង​ខេត្ត​ចម្ប៉ាស័ករបស់​ប្រទេស​លាវ​ ដែល​ខណ្ឌ​ពី​គ្នា​ដោយ​ទន្លេ​មេគង្គ។

ជា​ច្រើ​ន​ទសវត្សមក​ហើយ​ ​ប្រជាជន​ខ្មែរ​នៅ​ក្នុង​ឃុំ​នេះប្រាស្រ័យ​ទាក់​ទងភាគ​ច្រើន​តែ​ជាមួយ​ប្រជាជន​លាវ​ ​តាមរយៈការ​ប្តូរ​ទំនិញ​ ​ឬ​កសិផល​ទៅវិញ​ទៅមក​ឆ្លងកាត់​ទន្លេ​មេគង្គ​ ដោយសារកន្លង​មក​ពុំ​ទាន់​មាន​ផ្លូវពី​ទីរួមខេត្ត​ឬ​ស្រុក​ចូលមក​ដល់​ឃុំដែលនៅ​ឆ្ងាយ​ដាច់​ពី​គេ​ឯង​នេះ​ឡើយ។

ដោយ​ស្ទើរ​តែ​ត្រូវ​បាន​កាត់​ផ្តាច់​ចេញ​ពី​សហគមន៍​ខ្មែរ​ដទៃទៀត​ ​អ្នក​ភូមិ​នៅ​ទីនេះ​ដែល​ភាគ​ច្រើន​ជា​កសិករ​ ​និង​អ្នក​នេសាទ​ ​និង​ខ្លះ​លក់​ដូរ​ឥវ៉ាន់​បន្តិចបន្តួច​ក្នុង​ភូមិ​ ​បាន​ទទួល​ឥទ្ធិពល​ស្ទើរតែ​ទាំង​ស្រុង​ពី​ទំនៀម​ទម្លាប់​របស់​ប្រជាជន​លាវ​ ​មាន​ជាអាទិ៍​ ​ពិធី​រៀប​អាពាហ៍​ពិពាហ៍​ពិធី​បុណ្យ​សព​និង​បញ្ចុះសព​ និង​ការ​សាងសង់​ផ្ទះ​តាម​រចនាបទ​លាវ​ជាដើម។

ប្រជាជន​នៅ​ទីនេះ​ក៏ប្រើ​ប្រាស់​ក្រដាស​ប្រាក់​គីប​លាវ​ដែរ រួម​ជា​មួយ​នឹង​ប្រាក់​រៀល​ខ្មែរ​ផង​ដែរ​ សម្រាប់​ការ​ទិញ​ដូរ​ទំនិញ​ផ្សេងៗ​នោះ​ ​ពោល​គឺ​ពួកគេ​ចាយ​លុយ​ខ្មែរ​ក៏​បាន​ ​លុយ​លាវ​ក៏​បាន។

លើស​ពី​នេះ​ទៅ​ទៀត​ ​ការនិយាយភាសា​លាវ​ ​ជា​ជាង​ភាសា​ខ្មែរ​ពី​សំណាក់មនុស្ស​ជំនាន់​ចាស់​បន្ត​ទៅ​មនុស្សជំនាន់​ក្រោយ​ ​បានធ្វើឲ្យ​ក្មេងៗ​លែង​ចេះ​និយាយ​ភាសា​ខ្មែរ​តទៅ​ទៀត​ ​ហើយ​បាន​ញ៉ាំង​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​បាត់បង់​ភាសា​និង​អត្ត​សញ្ញាណ​ជាតិ​ខ្មែរ​នៅ​ពេល​ខាង​មុខ។

យុវជន​ឌីន ខា​ វ័យ​១៨​ឆ្នាំ​ ជា​កសិករ​ម្នាក់​ ​ដែល​អាច​និយាយ​ភាសា​ខ្មែរ​បាន​តិចតួច​ ​បាន​និយាយ​ថា​ ​លោកត្រូវ​បាន​អូស​ទាញ​ឲ្យ​និយាយ​ភាសា​លាវ​ ​ដោយ​សារ​មិត្ត​ភក្តិ​របស់​លោក​ទាំងអស់​សុទ្ធតែ​និយាយ​ភាសា​នេះ។

«មាន​តែ​គេ​នាំ​និយាយ​លាវ​ ​ក៏​និយាយ​លាវ​ជា​មួយ​គេ»។

សូម​បញ្ជាក់​ថា​ ​មានសាលា​បឋម​សិក្សា​បង្រៀន​ភាសា​ខ្មែរ​មួយ​សម្រាប់​ភូមិ​នីមួយៗ​ក្នុង​ឃុំ​នេះ​ ​ប៉ុន្តែ​ពុំ​ទាន់​មាន​គ្រូ​បង្រៀន​ជាប់​លាប់នៅ​ឡើយ​ ​ហើយ​នៅ​ក្នុងការ​បង្រៀន​ទៀត​សោត​ ​គ្រូ​ត្រូវ​និយាយ​ភាសា​លាវ​ដើម្បី​ឲ្យ​កូន​សិស្សយល់ ​បើ​ទោះ​ជា​ការ​បង្រៀន​តម្រូវឲ្យ​សរសេរ​អក្សរ​ខ្មែរ​ក៏​ដោយ​ ​នេះ​បើ​ផ្អែក​តាម​អ្នក​ភូមិ​នៅ​ទីនេះ។

លោក​ឃួន ផាន់​ ជំទប់​ទី​១​ ឃុំកំពង់​ស្រឡៅ​២​ ​មាន​ប្រសាសន៍​ថា​ ​ប្រជាជន​និង​ទឹកដីនៅ​ទី​នេះអាច​នឹង​ក្លាយ​ជា​បំណែក​មួយ​របស់​ប្រទេស​លាវ​នៅ​ពេល​ខាង​មុខ​ ​ប្រសិន​បើ​គ្មាន​វិធាន​ការ​ដើម្បី​កែប្រែ​អ្នក​ភូមិ​នៅ​ទីនេះ​ ​ឲ្យ​នាំ​គ្នា​ងាក​មក​និយាយ​ភាសា​ខ្មែរ​វិញ​ទេ​នោះ។

«ប្រសិន​បើ​ប្រជា​ពលរដ្ឋ​យើង​នៅ​តែ​បន្ត​មាត់​ភាសា​លាវ​ ​វា​ត្រូវ​ក្លាយ​ជា​ប្រទេស​លាវ។ ​បាទ​ ​បាត់​ទាំង​អត្ត​សញ្ញាណ​ បាត់​ទាំង​ឈ្មោះ​គ្រួសារ។ ​វា​ក្លាយ​ជា​ប្រជាជន​លាវ​ទាំងអស់​ បាទ។ ខ្ញុំ​ភ័យ​បារម្ភ​ណាស់»។

ក្រុម​អាជ្ញាធរ​អះអាង​ថា​ ​អាជ្ញាធរនៅ​ទីនេះ​កាល​ពី​សម័យ​មុន​ ​ធ្លាប់​បាន​ដាក់​ពិន័យ​ចំពោះ​អ្នក​ភូមិ​ណា​ដែល​និយាយ​ភាសា​លាវជំនួស​ភាសា​ខ្មែរ​ ដោយផាក​ពួកគេ​ជា​ប្រាក់នៅ​រាល់​ពេល​ណា​ដែល​ពួក​គេ​ប្រើ​ប្រាស់​ភាសា​លាវ​ម្តងៗ។

ប៉ុន្តែ​វិធានការ​នេះ​ហាក់​ដូច​ជា​មាន​លក្ខណៈ​បង្ខិតបង្ខំ​ពេក​និង​ហាក់​ពុំ​មាន​ប្រសិទ្ធិ​ភាព​ឡើយ​ដូច្នេះ​អាជ្ញាធរ​ឃុំ​បច្ចុប្បន្ន​មិន​អាច​អនុវត្ត​វិធាន​ការ​នេះ​ជាមួយ​អ្នកភូមិ​បាន​ទេ​ ​នៅ​ពេល​នេះ​ នេះ​បើ​យោង​តាម​លោកផិង ថុង​ មេឃុំ​កំពង់​ស្រឡៅ២។

លោក​អ៊ុង វុទ្ធី ​អភិបាល​ស្រុក​ឆែប​ មាន​ប្រសាសន៍​ថា​ ​អាជ្ញាធរ​ស្រុក​របស់​លោក​គ្រោង​នឹង​រៀបចំ​ឲ្យ​មាន​កម្មវិធី​ផ្សព្វផ្សាយ​វប្បធម៌​ ​ប្រពៃណី​ខ្មែរ​តាម​រយៈ​ការ​ប្រគុំ​តន្ត្រី​ ឬ​វេទិកា​អប់រំ​សុខភាព​ផ្សេងៗ​ ​នៅ​ក្នុង​តំបន់នេះ​ ​ដើម្បី​ជួយ​ទាក់​ទាញ​អ្នក​ភូមិ​ឲ្យ​ងាក​មក​ចាប់​អារម្មណ៍​និង​ប្រើ​ប្រាស់​ភាសា​ខ្មែរ​ជំនួស​ភាសា​លាវ​វិញ។

«គួរ​តែ​មាន​កម្មវិធី​ដូច​ដែល​យើង​ប្រុង​នឹង​រៀបចំ​ខាង​មុខ​នេះ​ ​ជា​បែប​វប្បធម៌​ ​ប្រពៃណី​ខ្មែរ។​យើង​ចូល​ឲ្យ​បាន​ច្រើន​នៅ​ទី​នេះ​បន្តិច​ ដើម្បី​ជួយ​អូសទាញ​ ​ឬ​ក្រើន​រំឭក​ដល់​គាត់​ ​ព្រោះ​បើ​យើង​ទុក​ឲ្យ​គាត់​នៅ​តែ​ឯង​ស្ងាត់ៗ​អញ្ចឹង​ ​យូរ​ៗ​ទៅ​ វា​ពិបាក»។

លោកអ៊ុង វុទ្ធី​មាន​ប្រសាសន៍​បន្ថែមថា​ ​អាជ្ញាធរ​ខេត្តក៏​កំពុង​គិតគូរ​ស្ថាបនា​ផ្លូវចូល​មក​កាន់​តំបន់​ទឹក​ធ្លាក់​ល្បាក់ខោន​ ​នៅ​ក្នុង​ឃុំ​កំពង់​ស្រឡៅ២នេះ​ផង​ដែរ​ ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​ចូល​មក​ក្នុង​តំបន់​នេះ​ ប្រយោជន៍​ដើម្បី​ភ្ជាប់​ទំនាក់​ទំនង​រវាង​ប្រជាជន​ក្នុងឃុំដែល​នៅ​ដាច់​ស្រយាល​មួយ​នេះ​ ជាមួយ​ប្រជាជន​ខ្មែរ​នៅ​តាមតំបន់​ផ្សេងៗឲ្យ​បាន​ទូលំ​ទូលាយឡើង​ ​ជាង​ការ​មាន​ទំនាក់​ទំនង​តែ​ជា​មួយ​ប្រជាជន​លាវ​នេះ៕

XS
SM
MD
LG