ក្រុមមេធាវីការពាររបស់លោកអៀង សារី អតីតរដ្ឋមន្ដ្រីក្រសួងការបរទេសខ្មែរក្រហមបានទទូចឲ្យសាលាក្ដីខ្មែរក្រហមបោះបង់ចោលការកាត់ទោសលើកូនក្ដីរបស់ផងខ្លួនស្របពេលដែល នួន ជា បានដើរចេញពីសាលសវនាការជាលើកទីពីរនៅថ្ងៃអង្គារនេះ។
នៅក្នុងសវនាការបឋមរបស់អង្គជំនុំជម្រះសាលាដំបូងនៅថ្ងៃនេះ ក្រុមមេធាវីបានទទូចឲ្យសាលាក្ដីខ្មែរក្រហមគោរពនូវគោលការណ៍មិនកាត់ទោសពីរដងលើបទល្មើសតែមួយនិងបានទាមទារឲ្យអង្គជំនុំជម្រះពិចារណាលើការលើកលែងទោសពីព្រះមហាក្សត្រខ្មែរចំពោះអតីតបងធំទីបីខ្មែរក្រហមរូបនេះ។
សហមេធាវី លោក អាង ឧត្តម និងលោក ម៉ាយឃើល កាណាវ៉ាស (Michael Karnavas) បានលើកឡើងថាការគោរពគោលការណ៍ទាំងពីរនេះនឹងធ្វើឲ្យអៀង សារី រួចផុតពីការកាត់ទោសក្នុងពេលនេះ។
អៀង សារី ត្រូវកាត់ទោសដោយតុលាការបដិវត្តន៍កម្ពុជានៅថ្ងៃទី១៥ខែសីហាឆ្នាំ១៩៧៩ ហើយត្រូវបានផ្ដន្ទាទោសប្រហារជីវិត។ ប៉ុន្ដែទោសនេះត្រូវបានលើកលែងដោយសម្ដេច នរោត្តម សីហនុ នៅឆ្នាំ១៩៩៦ ដែលជាព្រះមហាក្សត្រនៅពេលនោះ ដើម្បីជាថ្នូរទៅនឹងការយកកងទ័ពខ្មែរក្រហម និងតំបន់ឈរជើងនៅប៉ៃលិនចុះចូលជាមួយរដ្ឋាភិបាល។
លោក ម៉ាយឃើល កាណាវ៉ាស មានប្រសាន៍ថា អៀង សារី នាំមកនូវសន្ដិភាព និងការផ្សះផ្សាជាតិមួយដោយការចុះចូលជាមួយរដ្ឋាភិបាល។ សហមេធាវីអន្ដរជាតិដដែលបានទាមទារថានៅក្នុងតុលាការអន្ដរជាតិដទៃទៀតក៏គេបានគិតគូរអំពីការមិនកាត់ទោសពីរដងទៅលើបទល្មើសតែមួយដូចគ្នានេះដែរ។
«បញ្ហានេះត្រូវលើកឡើងលើកទីមួយនៅក្នុងតុលាការ ICTY ទាក់ទងទៅនឹងគោលការណ៍នៃការមិនកាត់ទោសពីរដង ដើម្បីធ្វើយ៉ាងម៉េចធានាថា បូស្នៀ ក្រូអាស៊ី គឺគេមិនកាត់អ្នកណាម្នាក់។ ឧទាហរណ៍ថា កាត់ឲ្យគាត់រួចខ្លួន ហើយត្រូវបានគេនាំមកកាត់ម្តងទៀតនោះទេ»។
លោក អាង ឧត្តម សហមេធាវីកម្ពុជារបស់ អៀង សារី លើកឡើងថា ការលើកលែងអនុគ្រោះទោសរបស់ព្រះមហាក្សត្រដល់លោក អៀង សារី បានរារាំងមិនឲ្យយកលោកអៀង សារី មកកាត់ទោសជាថ្មី។
លោក វីលាម ស្មីត សហព្រះរាជអាជ្ញាអន្ដរជាតិ បានស្នើសុំឲ្យក្រុមចៅក្រមនៃអង្គជំនុំជម្រះសាលាដំបូងទាត់ចោលសំណើរបស់ក្រុមមេធាវីការពាររបស់ អៀង សារី ដោយមិនត្រូវដម្កល់ការលើកលែងទោសរបស់ អៀង សារី ឡើយ។
លោកស្រីស៊ីលក៍ ស្ទូហ្សឹនស្គី (Silke Stuzensky) មេធាវីមួយរូបតំណាងឲ្យដើមបណ្ដឹងរដ្ឋប្បវេណីនៅក្នុងសំណុំរឿង០០២ នេះ លើកឡើងថា បើសិនជាអង្គជំនុំជម្រះសាលាដំបូងផ្ដល់ប្រយោជន៍ដល់ការលើកលែងទោសអៀង សារី នោះនឹងនាំឲ្យមាននិទណ្ឌភាពទាំងស្រុងដល់មេដឹកនាំខ្មែរផ្សេងទៀតដែលនៅសេសសល់។ ព្រមទាំងវានឹងបំពានលើសិទ្ធិជនរងគ្រោះ និង តុលាការនេះមិនអាចបំពេញបទដ្ឋានអន្ដរជាតិបានទេ។
សូមបញ្ជាក់ថា នៅពេលចាប់ផ្ដើមសវនាការបឋមនៅថ្ងៃនេះ នួន ជា អតីតប្រធានសភាខ្មែរក្រហមបានសុំដើរចេញពីបន្ទប់សវនាការទៅកាន់បន្ទប់ឃុំឃាំងវិញ ដោយសារតែរបៀបវារៈ គឺមានតែការពិភាក្សាលើករណីរបស់អៀង សារី តែប៉ុណ្ណោះ។
ចាប់តាំងពីថ្ងៃច័ន្ទម្សិលម៉ិញនេះ អង្គជំនុំជម្រះបានចាប់ផ្ដើមបើកសវនាការបឋមលើសំណុំរឿង០០២ ដែល មានជនជាប់ចោទជាអតីតមេដឹកនាំកំពូលខ្មែរក្រហមចំនួនបួននាក់ ក្នុងនោះមាន នួន ជា ខៀវ សំផន អតីតប្រមុខរដ្ឋ អៀងសារី អតីតរដ្ឋមន្ដ្រីក្រសួងការបរទេសនិងអៀង ធីរិទ្ធ អតីតរដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច។ ជនទាំងបួនត្រូវចោទប្រកាន់ពីឧក្រិដ្ឋកម្មដែលបណ្ដាលឲ្យប្រជាពលរដ្ឋកម្ពុជាស្លាប់អស់យ៉ាងតិចចំនួន១,៧លាននាក់ក្នុងពេលដែលពួកគេកាន់កាប់អំណាចពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩៕