ប្រជាពលរដ្ឋប្រមាណជា៣០០នាក់មកពីភូមិចំនួនបួនក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានសម្រេចចិត្តបិទផ្លូវចរាចរដ៏សំខាន់បំផុតមួយរបស់ប្រទេសកម្ពុជានៅថ្ងៃសុក្រនេះដើម្បីដាក់សម្ពាធដល់ក្រុមអាជ្ញាធរឲ្យដោះលែងតំណាងរបស់ពួកខ្លួនមួយរូប និងដើម្បីជំរុញឲ្យមានការដោះស្រាយការរំលោភបំពានទៅលើដីធ្លីរបស់ពួកខ្លួន។
ការបិទផ្លូវធ្វើឡើងចាប់តាំងពីព្រឹកម៉ោង៨លើផ្លូវជាតិលេខ៦ នៅចម្ងាយប្រមាណជា២៥គ.ម.នៅភាគខាងជើងទីក្រុងកំពង់ធំក្នុងទិសដៅឆ្ពោះទីកាន់ខេត្តសៀមរាប វាហើយបានអូសបន្លាយអស់រយៈពេលប្រាំពីរម៉ោង។ កំណាត់ផ្លូវប្រមាណជាបីគីឡូម៉ែត្រនៅផ្នែកសងខាងនៃក្រុមបាតុករបានកកស្ទះ។ ក៏ប៉ុន្ដែក្រុមបាតុករបានបើកផ្លូវវិញនៅវេលាម៉ោងប្រមាណជា៣រសៀលបន្ទាប់ពីមានការសន្យាពីអាជ្ញាធរខេត្តថា លោកនឹងយកការទាមទាររបស់ពួកគេទៅដោះស្រាយនៅសប្ដាហ៍ក្រោយ ហើយការដោះលែងតំណាងរបស់ពួកគេនឹងធ្វើនៅជំហានបន្ទាប់។
ក្រុមប្រជាពលរដ្ឋដែលមកពីភូមិសានគរខ ភូមិប្រាសាទអណ្ដែត ភូមិស្លែងខ្ពស់ និងភូមិជ័យ បានលើកឡើងថា សមាជិកសកម្មនៅក្នុងក្រុមតវ៉ារបស់ពួកខ្លួនត្រូវប៉ូលិសចាប់អស់រយៈពេលជាងមួយខែមកហើយដោយពុំមានមូលហេតុជាក់លាក់បន្ទាប់ពីក្រុមប្រជាជនមានទំនាស់តានតឹងជាមួយនិងក្រុមហ៊ុនមួយដែលមានឈ្មោះថា ក្រុមហ៊ុន ដួងហេង សេងស៊ុនណា លើដីទំហំ៨២៣ហិចតា។
លោកខ្វៃ ឆាំ អាយុ ៤៣ ឆ្នាំអ្នកភូមិម្នាក់ក្នុងចំណោមអ្នកតវ៉ាមានប្រសាសន៍តាមទូរស័ព្ទថា ការតវ៉ាដោយសារតែអជ្ញាធរខេត្តមិនបានដោះស្រាយសំណូមពររបស់ក្រុមប្រជាជន។
«ដើម្បីទាមទារដោះលែងអ្នកទោសនិងយកដី៨២៣ហិកតា។ គេអះអាងថាដោះឲ្យប៉ុន្ដែមិនដែលឃើញដោះ»។
ប្រជាពលរដ្ឋទាំងបួនភូមិសរុបចំនួន២៥០គ្រួសារ មានទំនាស់ជាមួយក្រុមហ៊ុនដួងហេង សេងស៊ុន លើដីធ្លី ៨២៣ ហិចតានេះ ចាប់តាំងពីឆ្នាំ ២០០៥ មកម្ល៉េះ។ ការតវ៉ាបានកើតឡើងចាប់តាំងពីពេលនោះមក ក៏ប៉ុន្ដែពុំមានការដោះស្រាយណាមួយដែលក្រុមប្រជាពលរដ្ឋអះអាងថា ធ្វើឲ្យខ្លួនពេញចិត្តនោះទេ។ លុះដល់ខែឧសភា ឆ្នាំ ២០១១ នេះសាលាខេត្តកំពង់ធំបានជូនដំណឹងថា ខ្លួនសម្រេចចែកដីចំនួន ៨៧ ហិចតា លើចំនួនដែលក្រុមប្រជាជនទាមទារចំនួន៨២៣ ហិចតា។ ដីដែលក្រុមប្រជាជនអះអាងថា ពួកខ្លួនបានកាន់កាប់ចាប់តាំងពីឆ្នាំ ១៩៧៩ មកម៉្លេះ។
តំណាងប្រជាពលរដ្ឋគឺលោក ឃាង សឿន ត្រូវក្រុមប៉ូលិសចាប់ខ្លួនកាលពីថ្ងៃទី៣ មិថុនា កន្លងទៅ ក្រោមបទចោទប្រកាន់ពីការគម្រាមកំហែង និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ បន្ទាប់ក្រុមប្រជាពលរដ្ឋបានព្យាយាមរារាំងភាគីក្រុមហ៊ុន មិនឲ្យធ្វើការឈូសឆាយដីទំនាស់។
យ៉ាងណាក៏ដោយ លោកអភិបាលខេត្តកំពង់ធំ ឈ័ន ឈុនមានប្រសាសន៍ថា ប្រជាពលរដ្ឋទាមទារចំណែកដីច្រើនក្នុងជម្លោះនេះ ក៏ប៉ុន្ដែពួកគាត់ភាគច្រើនមិនមានបណ្ណកាន់កាប់ដីធ្លីទាំងនោះទេ។ ប៉ុន្ដែការចរចានៅថ្ងៃនេះបាននាំឲ្យភាគីទំនាស់ងាកទៅរកភាពស្រុះស្រួលគ្នាមួយជំហាន។
“ឥឡូវហ្នឹងបានសម្របសម្រួលគ្នា បានខិតចូលជិតគ្នាបន្ដិចហើយ"។
ក្រុមហ៊ុនដួងហេង សេងស៊ុនណាត្រូវគេរាយការណ៍ថា បានទទួលសិទ្ធិសម្បទានសម្រាប់ធ្វើការ អភិវឌ្ឈន៍ផ្នែកកសិកម្មនៅទីនោះ ប៉ុន្តែលោកយី សុខសាន្ដ អនុប្រធានផ្នែកស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សអាដហុក ដែលបានឃ្លាំមើលហេតុការណ៍បិទផ្លូវកាលពីព្រឹកមិញនេះ បានបញ្ជាក់ថា ក្រុមហ៊ុននេះមិនទាន់មានសកម្មភាពអ្វីមួយនៅឡើយ។
“គ្រាន់តែឮថា អភិវឌ្ឈន៍តែអត់ដឹងថា ធ្វើអីទេ"។
វីអូអេបានព្យាយាមស្វែងរកការអធិប្បាយពីតំណាងក្រុមហ៊ុនដួងហេង សេងស៊ុនណា តែមិនបានសម្រេចទេ នៅថ្ងៃនេះ។
ទំនាស់ដីធ្លីបាននិងនៅតែបន្ដរីករាលដាលនៅក្នុងប្រទេសកម្ពុជា។ ប្រជាពលរដ្ឋតូចតាចត្រូវគេដឹងថា គឺជាជនរងគ្រោះក្នុងទំនាស់នេះ៕