នៅថ្ងៃសុក្រនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានទទូចឱ្យមានការចរចាត្រីភាគីរវាងប្រទេសកម្ពុជា ប្រទេសថៃ និងប្រទេសឥណ្ឌូនេស៊ី ដើម្បីស្វែងរកវិធីអនុវត្តន៍សេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ។
កាលពីថ្ងៃច័ន្ទ តុលាការយុត្តិធម៌អន្តរជាតិបានបញ្ជាឱ្យកម្ពុជានិងថៃដកកងទ័ពចេញពីតំបន់ជម្លោះព្រំដែនជាបន្ទាន់ និងអនុញ្ញាតឱ្យ អ្នកសង្កេតការណ៍អាស៊ានដាក់ពង្រាយនៅក្នុងតំបន់គ្មានកងទ័ពក្បែរប្រាសាទព្រះវិហារ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងប្រាប់សន្និសីទកាសែតនៅទីស្តីការគណៈរដ្ឋមន្ត្រីថាប្រទេសកម្ពុជាសំណូមពរឱ្យចាប់ផ្តើមការចរចាត្រីភាគីដោយក្រុមការងារនៃភាគីទាំងបី ដើម្បីពន្លឿនដំណើការអនុវត្តន៍សេចក្តីសម្រេចរបស់តុលាការទីក្រុងឡាអេ។
«ឥឡូវ ខ្ញុំសូមប្រកាសបើកចំហការចរចាត្រីភាគីរវាងកម្ពុជា ថៃ និងឥណ្ឌូនេស៊ីធ្វើពេលណា កន្លែងណា និងកម្រិតណាក៏បាន។ កម្ពុជាសំណូមពរឱ្យមានការចាប់ផ្តើមដោយក្រុមការងារនៃភាគីទាំងបី គឺក្រុមការងាររបស់ភាគីកម្ពុជា ក្រុមការងាររបស់ភាគីថៃ និងក្រុមការងាររបស់ភាគីឥណ្ឌូនេស៊ី ដើម្បីពន្លឿនដំណើរការ។ យើងអាចចាប់ផ្តើម (ចរចា) ពីលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនទូទៅក៏បាន ហើយដែលអាចក្រុមលេខាធិការដ្ឋានម្ខាងៗអាចនាំមកជាមួយនូវអ្នកច្បាប់ និងអ្នកពាក់ព័ន្ធនិងភាគីទាំងអស់។ ឥណ្ឌូនេស៊ីអាចបញ្ជូនតំណាងមក។ កម្ពុជាសូមទទួលបន្ទុកធ្វើម្ចាស់ផ្ទះប្រជុំតែម្តង ដើម្បីពិភាក្សាអំពីការខិតខំឆ្ពោះទៅរកការអនុវត្តសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិថ្ងៃទី១៨ ខែកក្កដា»។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ថាប្រទេសកម្ពុជាបានបញ្ជូនសេចក្តីព្រាងកិច្ចព្រមព្រៀងទៅកាន់ប្រទេសថៃ ប្រទេសឥណ្ឌូនេស៊ីតុលាការយុត្តិធម៌អន្តរជាតិ និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សំដៅអនុវត្តន៍តាមសេចក្តីបញ្ជារបស់តុលាការទីក្រុងឡាអេ ដើម្បីកំណត់តំបន់គ្មានកងទ័ពនៅក្បែរប្រាសាទព្រះវិហារ។
សេចក្តីព្រាងកិច្ចព្រមព្រៀងដែលបានស្នើឡើងដោយប្រទេសកម្ពុជា មានប្រាំពីរចំណុចដែលនិយាយអំពីការដកកងទ័ពចេញពីតំបន់គ្មានកងទ័ពតាមការបញ្ជារបស់តុលាការយុត្តិធម៌អន្តរជាតិ កិច្ចសហប្រតិបត្តិការជាមួយក្រុមអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ី និងភាពលម្អិតទៅតុលាការអំពីចំនួនកងទ័ព និងទីតាំងឈរជើងរបស់កងទ័ពនៅក្នុងតំបន់គ្មានកងទ័ព។
សេចក្តីព្រាងកិច្ចព្រមព្រៀងនេះ បានបញ្ជាក់ថាភាគីនីមួយៗត្រូវផ្តល់ព័ត៌មានលម្អិតទៅតុលាការអំពីចំនួន និងទីតាំងឈរជើងរបស់កងទ័ពគិតត្រឹមថ្ងៃទី១៨ ខែកក្កដានៅក្នុងតំបន់គ្មានកងទ័ពជាបណ្តោះអាសន្ន។ ភាគីនីមួយៗត្រូវផ្តល់ព័ត៌មានលម្អិតទៅតុលាការអំពីស្ថានភាពនៃសកម្មភាពមិនមែនយោធាគិតត្រឹមថ្ងៃទី១៨ ខែកក្កដានៅក្នុងតំបន់គ្មានកងទ័ពជាបណ្តោះអាសន្ន។
សេចក្តីព្រាងកិច្ចព្រមព្រៀង បានបន្តថាបន្ទាប់ពីកិច្ចព្រមព្រៀងនេះចូលជាធរមានហើយ ភាគីទាំងពីរស្នើសុំឱ្យមានការចាត់តាំង និងបញ្ជូនអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ីជាបន្ទាន់ក្នុងនាមអាស៊ាន។ បន្ទាប់ពីពេលអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ីមកដល់ ភាគីទាំងពីរសហការជាមួយអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ី ត្រូវកំណត់ទីតាំងលើដីជាក់ស្តែងនៃចំណុចអា បេ សេ និងដេនៃតំបន់គ្មានកងទ័ពជាបណ្តោះអាសន្ន។
សេចក្តីព្រាងកិច្ចព្រមព្រៀងបានបន្ថែមថាដោយសហការជាមួយអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ី ភាគីទាំងពីរត្រូវកំណត់កាលវិភាគសម្រាប់ការដកកងទ័ពទាំងអស់របស់ភាគីទាំងពីរជាបន្ទាន់ចេញពីតំបន់គ្មានកងទ័ព។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ថានៅពេលតំបន់ប្រាសាទព្រះវិហារបានក្លាយទៅជាតំបន់គ្មានកងទ័ព ការបង្ហូរឈាមគ្នារវាងប្រទេសកម្ពុជា និងប្រទេសថៃនឹងលែងមានតទៅទៀតហើយ។
«យើងចាប់ផ្តើមធ្វើការដកកងទ័ពនៅម៉ោងជាមួយគ្នា ពេលជាមួយគ្នា ហើយអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ីអាចឈរមើល ដើម្បីឱ្យឃើញកងទ័ពនៃភាគីទាំងពីរដកចេញទាំងអស់គ្នា»។
កាសែត បាងកកប៉ុស្តិ៍ បានរាយការណ៍នៅថ្ងៃសុក្រនេះថាលោកនាយករដ្ឋមន្ត្រីថៃ អាភីស៊ីត វីចាជីវ៉ា ដែលជិតចាកចេញពីតំណែង បានទាមទារឱ្យប្រទេសកម្ពុជាដកកងទ័ពចេញពីតំបន់ជម្លោះនៅក្បែរប្រាសាទព្រះវិហារ មុននឹងអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ី ចូលទៅកាន់តំបន់នោះ។
មេបញ្ជាការកងទ័ពជើងគោកថៃ ប្រាយុទ្ធ ចាន់អូចា បានបញ្ជាក់ថាកងទ័ពរបស់លោកបានរក្សានៅក្នុងតំបន់ជម្លោះ រហូតដល់មានការចរចារវាងប្រទេសកម្ពុជា និងប្រទេសថៃ, នេះបើតាមកាសែតបាងកកប៉ុស្តិ៍។
កាសែតបាងកកប៉ុស្តិ៍ បានរាយការណ៍ថាមេនគរបាលជាតិថៃ វិចៀន ប្រូតេភស់ស្រ៊ី (Wichean Potephosree) បានទៅមើលតំបន់ព្រំដែនក្នុងខេត្តស៊ីសាកេតកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីរៀបចំការដាក់ពង្រាយអង្គភាពល្បាតព្រំដែន ជំនួសកងទ័ពនៅពេលអនាគត ស្របតាមការបញ្ជាឱ្យមានតំបន់គ្មានកងទ័ពរបស់តុលាការយុត្តិធម៌អន្តរជាតិ៕