នាយករដ្ឋមន្ដ្រីកម្ពុជាលោក ហ៊ុន សែន នៅថ្ងៃពុធនេះបានអំពាវនាវឲ្យមានការឈប់បាញ់គ្នា ខណៈដែលកងទព័កម្ពុជានិងថៃបានធ្វើការបាញ់ដាក់គ្នាឈានដល់ថ្ងៃទី៦ហើយរហូតមកទល់ព្រឹកមិញនេះ។ ការប្រយុទ្ធគ្នានៃកងទព័នៃប្រទេសទាំងពីរ ដែលបានបង្កឲ្យជនរងគ្រោះស្លាប់បាត់បង់ជីវិតយ៉ាងតិចចំនួន១៤នាក់ ហើយជនស៊ីវិលចំនួនជាង៦៦.០០០នាក់នៃប្រទេសទាំងពីរត្រូវបានជម្លៀសចេញពីលំនៅដ្ឋានរបស់ពួកគេ។
នៅក្នុងសុន្ទរកថានៃមហាសន្និបាតវិសាមញ្ញនារីកម្ពុជាដើម្បីសន្ដិភាពនិងការអភិវឌ្ឈក្នុងទីក្រុង ភ្នំពេញ លោកប្រមុខរដ្ឋាភិបាលខ្មែរបញ្ជាក់ថា កម្ពុជាត្រូវការដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយថៃនេះដោយសន្ដិវិធី។ លោក ហ៊ុន សែន ថ្លែងថា៖
«កម្ពុជាអំពាវនាវឲ្យមានការឈប់បាញ់ ហើយកម្ពុជាចង់ដោះស្រាយបញ្ហាទាំងអស់ដោយសន្តិវិធីតាមរយៈការចរចា។ រួចហើយបញ្ហាវាស្ថិតនៅត្រង់បញ្ហាបោះបង្គោលចរចាគ្នាយ៉ាងម៉េច»។
ការស្វែងរកការចរចារបស់លោក ហ៊ុន សែន ធ្វើឡើងនៅពេលដែលរដ្ឋមន្ដ្រីការពារជាតិកម្ពុជា លោក ទៀ បាញ់ បានចរចាតាមទូរស័ព្ទជាមួយសមភាគីថៃរបស់លោក គឺលោក ប្រាវិត វុងសុវុន (Prawit Wongsuwon) កាលពីថ្ងៃអង្គារ៍ ដើម្បីស្វែងរកលទ្ធភាពបញ្ឈប់សង្រ្គាមរវាងប្រទេសជាប់របងគ្នានេះ។ រដ្ឋមន្ដ្រីការពារជាតិទាំងពីរក៏គ្រោងនឹងជួបជជែកគ្នាបន្ថែមទៀតនៅថ្ងៃនេះ ក៏ប៉ុន្ដែជំនួបត្រូវបានលើកពេលដោយសារតែលោក ប្រាវិត វុងសុវុន ត្រូវទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិនដោយខានមិនបាន។ នេះបើយោងតាមបណ្ដាញផ្សព្វផ្សាយថៃ។
ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានថៃនៅពេលចុះសួរសុខទុក្ខកងទព័ថៃត្រូវរបួសនៅក្នុងខេត្តសុរិន្ទ ហើយត្រូវចាក់ផ្សាយដោយទូរទស្សន៍ផ្លូវការរបស់ថៃនោះ លោក អាភីស៊ីត វិច្ចាជីវ៉ា នាយករដ្ឋមន្ដ្រីថៃ បានឆ្លើយតបដោយទម្លាក់កំហុសដាក់ភាគីកម្ពុជាថា កម្ពុជាមិនព្រមឈប់បាញ់គ្នា។ លោកអាភីស៊ីត ថ្លែងថា៖
«កម្ពុជាចង់ចរចា ប៉ុន្ដែមិនព្រមឈប់វាយប្រហារ ដូច្នេះវាជាការពិបាកក្នុងធ្វើការចរចាគ្នា។ យើងចង់បើកការចរចាគ្នា ប៉ុន្ដែកម្ពុជាត្រូវតែឈប់បាញ់ជាមុនសិន»។
កងទព័កម្ពុជា និងថៃ បានចាប់ផ្ដើមប្រយុទ្ធគ្នាចាប់តាំងពីថ្ងៃសុក្រសប្ដាហ៍មុននៅតំបន់ប្រាសាទតាមាន់ និងប្រាសាទតាក្របីរបស់ខ្មែរ ដែលស្ថិតនៅក្នុងខេត្តឧត្តមានជ័យជាប់ជាមួយនឹងខេត្តសុរិន្ទរបស់ថៃ។ ការប្រយុទ្ធគ្នាបានរីករាលដាលរយៈពេលខ្លីដល់តំបន់ប្រាសាទព្រះវិហារកាលពីម្សិលមិញ។ របាយការណ៍របស់ក្រសួងការពារជាតិខ្មែរបង្ហាញថា ការប្រយុទ្ធគ្នានៅក្នុងខេត្តឧត្តមានជ័យ បានបន្ដរហូតដល់ព្រឹកថ្ងៃពុធនេះ។ ប៉ុន្ដែរបាយការណ៍បញ្ជាក់ថា ពុំមានការស្លាប់និងរបួសនោះទេ។
កាលពីថ្ងៃអង្គារ៍ដែរ នាយករដ្ឋមន្ដ្រីថៃលោក អាភីស៊ីត វិច្ចាជីវ៉ា បានប្រាប់រដ្ឋាភិបាលរបស់ខ្លួនឲ្យពិនិត្យមើលឡើងវិញនូវទំនាក់ទំនងជាមួយកម្ពុជា ហើយបានព្រមានអំពីលទ្ធភាពបិទព្រំដែនផងដែរ។
លោកហ៊ុន សែន បានឆ្លើយតបដោយសម្តីធ្ងន់ធ្ងន់ត្រង់ចំណុចនេះ ដោយអំពាវឲ្យប្រជាពលរដ្ឋកម្ពុជាឈប់ប្រើប្រាស់ទំនិញរបស់ថៃប្រសិនបើរដ្ឋាភិបាលថៃសម្រេចចិត្តបិទច្រកព្រំដែនរួមនោះ។ លោក ហ៊ុន សែន បានប្រកាសថា៖
«សូមប្រាប់អ្នកឯងមុនឲ្យហើយ និងសូមប្រកាសជូនប្រជាជនកម្ពុជាឲ្យហើយ។ បើកាលណាថៃបិទព្រំដែន កម្ពុជាត្រូវឈប់ប្រើទំនិញថៃ»។
សេចក្ដីរាយការណ៍របស់សារព័ត៌មានថៃ បានបង្ហាញថា ថៃបានខាតបង់ជាច្រើនលានបាតដោយសារជម្លោះព្រំដែនជាមួយកម្ពុជាប៉ុន្មានថ្ងៃមកនេះ។
រដ្ឋាភិបាលសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិបានអំពាវនាវឲ្យកម្ពុជានិងថៃដោះស្រាយជម្លោះព្រំដែនដោយភាពអត់ធ្មត់។ ទោះជាយ៉ាងណាលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន គ្រោងនឹងធ្វើការចរចាជាចំហជាមួយសមភាគីរបស់លោកនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅឥណ្ឌូណេស៊ី ដែលកិច្ចប្រជុំនោះនឹងគ្រោងធ្វើនៅថ្ងៃទី៧ និងទី៨ ខែឧសភាខាងមុខ៕