ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកហ៊ុន សែន​រិះ​គន់​សម្តី​របស់​លោក​ប្រេសិត​អង្គការ​សហប្រ​ជាជាតិ


លោក​ជន សក្តា រាយការណ៍​ពី​រាជធានី​ភ្នំពេញ​ដូច​តទៅ​៖

នៅ​ថ្ងៃ​ច័ន្ទ​នេះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​ប្រេសិត​សិទ្ធិ​មនុស្ស​នៃ​អង្គការសហ​ប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ដែល​បាន​ប្រើ​ពាក្យ «ខកចិត្ត» ចំពោះ​ការ​មិន​បាន​ជួប​ជា​មួយ​លោក នៅ​ចំ​ថ្ងៃ​ដែល​លោក​មាន​ជម្ងឺ។ ចំពោះ​ការ​ប្រើ​ពាក្យ​នេះ លោក​នាយក​រដ្ឋ​មន្ត្រី​ពិចារណា​ការ​កាត់បន្ថយ​ចំនួនជួប​ជា​មួយ​លោក​ប្រេសិត​រូប​នេះ។

លោកស៊ូរីយ៉ា ស៊ុបិឌី (Surya P. Subedi) អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ ស្តី​ពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដែល​បាន​បញ្ចប់​បេសកកម្ម​ស្វែង​រក​ការ​ពិត​រយៈ​ពេល​១០​ថ្ងៃ​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​កន្លង​ទៅ​នេះ បាន​និយាយ​ថា លោក​មាន​ការ «ខក​ចិត្ត» ចំពោះ​ការ​មិន​បាន​ជួប​ជា​មួយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​នៅ​ក្នុង​ពិធី​បិទ​មហា​សន្និបាត​អតីត​យុទ្ធជន​កម្ពុជា​ថា លោក​មិន​បាន​គេច​ពី​ការ​ជួប​ជា​មួយ​លោក ស៊ុបិឌី ទេ។ គ្មាន​ហេតុ​ផល​ផ្សេង​ក្រៅ​ពី​បញ្ហា​សុខភាព​ផ្ទាល់​របស់​លោក​ដែល​បាន​រារាំង​ ដល់​ការ​ជួប​ជា​មួយ​លោក ស៊ុបិឌីនោះ​ទេ។ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បញ្ចាក់​ថា លោក​មាន​ការ​សោកស្តាយ​ចំពោះ​លោក ស៊ុបិឌី ដែល​បាន​ប្រើ​ពាក្យ «ខកចិត្ត» ចំពោះ​ការ​មិន​បាន​ជួប​ជា​មួយ​លោក។ លោក Subedi គួរតែ​ប្រើ​ពាក្យ​គួរ​សម​ជាង​នេះ​ដល់​អ្នក​ជម្ងឺ ពី​ព្រោះ​លោក​កំពុង​ឈឺ​ផ្តាសាយ និងភ្នែក នៅ​ចំ​ថ្ងៃ​ដែល​លោក​ត្រូវ​ជួប​ជា​មួយ​លោក​ស៊ុបិឌី។ លោក​ហ៊ុន សែន​ថ្លែង​ថា៖

«ខ្ញុំគិត​ថា​ សម្តី​នេះ​ខ្វះ​ការ​គោរព​ចំពោះ​ម្ចាស់​ផ្ទះ ហើយ​ខ្វះ​ការ​គោរព​ចំពោះ​មេដឹកនាំ​ប្រទេស​មួយ ដែល​មាន​ឯករាជ្យ និង​អធិបតេយ្យ ហើយ​ក៏​អាច​ជា​ការ​ប្រមាថ​មួយ​ចំពោះ​ជនជាតិ​កម្ពុជា ដែល​បោះឆ្នោត​ឱ្យ​គណបក្ស​ប្រជាជន ហើយ​ឆ្លង​តាម​រយៈ​សភា​នោះ គឺ​ឱ្យ​ហ៊ុន សែន ធ្វើ​នាយក​រដ្ឋ​មន្ត្រី។»

ដោយ​ផ្អែក​លើ​ហេតុផល​នៃ​ពាក្យ «ខកចិត្ត» នេះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បន្ត​ថា ​លោក​អាច​ពិចារណា​ការ​កាត់​បន្ថយ​ចំនួន​ជួប​ជា​មួយ​លោក ស៊ុបិឌី ដែល​លោក​ធ្លាប់​បាន​ជួប​ជា​មួយ​លោកស៊ុបិឌី ៣​ ដង​ក្នុង​១​ឆ្នាំ​នោះ។

ក្នុង​ពេល​ជា​មួយ​គ្នា​នេះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក៏​បាន​វាយ​ប្រហារ​ទៅ​លើ​លោក ស៊ុបិឌី​ដែល​បាន​រិះគន់​ថា​ ប្រព័ន្ធ​តុលាការ​កម្ពុជា​កំពុង​ជួប​ប្រទះ​នឹង​ការ​លំបាក​ជា​ច្រើន ​ក្នុង​ការ​ផ្តល់​យុត្តិធម៌​ជូន​ប្រជា​ពលរដ្ឋ​នៃ​ប្រទេស​នេះ ជា​ពិសេស​ជន​ក្រីក្រ និង​ជន​ដែល​គេ​មិន​សូវ​គិត​គូរ​ដល់។

លោក ​ស៊ុបិឌី បាន​បញ្ជាក់​ចាក់​ថា កង្វះ​ធន​ធាន កង្វះ​ស្ថាប័ននិង​ការ​រៀបចំ​ស្ថាប័ន កង្វះ​ការ​យល់​ដឹង​ពេញ​លេញ​អំពី​បទ​ដ្ឋាន​ពាក់​ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស និង​ការ​ជ្រៀត​ជ្រែក​ពី​មជ្ឈ​ដ្ឋាន​ខាង​ក្រៅ បញ្ហាហិរញ្ញវត្ថុ ឬ​បញ្ហា​ផ្សេងៗ​ទៀត​ក្នុង​កិច្ច​ការ​តុលាការ បាន​ធ្វើ​ឱ្យ​ស្ថាប័ន​នេះ មិន​អាច​ផ្តល់​ការ​ជឿទុកចិត្ត​ដល់​ប្រជា​ពលរដ្ឋ​នៅ​គ្រប់​ស្រទាប់​ជាន់​ថ្នាក់​បានទេ។

លោក ​ស៊ុបិឌី បាន​បន្ថែម​ថា ចៅ​ក្រម​ជា​ច្រើន​អាច​មាន​ការ​សន្យា​ចាំ​បាច់​ ដើម្បី​ផ្តល់​យុត្តិធម៌​ទៅ​តាម​ច្បាប់ ប៉ុន្តែ​សម្រាប់​ករណី​ជា​ច្រើន​ដែល​ការ​សន្យា​នេះ​ ត្រូវ​បាន​សម្រប​សម្រួល​ដោយ​ការ​ជ្រៀត​ជ្រែក​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ ហើយ​សម្រាប់​អ្វី​ផ្សេង​ពី​នេះ ការ​សន្យា​គឺ​មិន​មាន​ទេ។

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​ថ្លែង​ថា យើង​មិន​ល្ងង់​ទុក​ឱ្យ​បញ្ហា​ទាំង​នេះ​ញាំ​ញី​ប្រទេស​នេះ​ទេ។

«លោក​កុំ​ព្យាយាម​ទម្លាយ​ទ្វារ នៅ​ពេល​ដែល​ទ្វារ​បើក​ចំហ ហើយ​សូម​កុំ​ប្រាប់​ខ្ញុំថា ភ្លៀង​កំពុង​តែធ្លាក់ ក្នុង​ពេល​ដែល​ខ្ញុំ​កំ​ពុង​នៅ​ក្រោម​ដំណក់​ទឹក​ភ្លៀង​។ ខ្ញុំកំពុងតែធ្វើ។»

លោក ស៊ុបិឌី ត្រូវ​បាន​តែងតាំង​ជា​អ្នក​រាយការណ៏​ពិសេស​នៃ​អង្គការ​សហ​ប្រជាជាតិ ​ស្តី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​កាល​ពី​ឆ្នាំ​ទៅ។

XS
SM
MD
LG