ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន​ និង​លោក​ Abhisit Vejjajiva​ គ្រោង​ជួប​គ្នា​បន្ទាប់​ពី​ប្រជុំ​មហា​សន្និបាត​អ.ស.ប.​នៅ​បូរី​ញូវយ៉ក


លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​នៃប្រទេស​កម្ពុជា​ និង​លោក​នាយក​រដ្ឋ​មន្ត្រី​ថៃ​ Abhisit Vejjajiva ​គ្រោង​នឹង​ជួបទ្វេភាគី​មួយ​ ​បន្ទាប់​ពី​កិច្ច​ប្រជុំ​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​ (អ.ស.ប.)​ នៅ​បូរី​ញូយ៉ក​ ​នៅថ្ងៃ​ទី​២៤​ ខែ​កញ្ញា​ខាង​មុខ​នេះ។ ​ក៏​ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​មិន​បាន​បញ្ជាក់​អំពី​របៀប​វារៈ​នៃ​ជំនួប​ទ្វេភាគី​នេះ​ទេ​ ​គ្រាន់​តែ​បាន​អះ​អាង​ថា​ ​ជំនួប​នេះ​នឹង​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​សំណើ​ជា​ផ្លូវ​ការ​ពី​ភាគី​ថៃ​ដើម្បី​ជួប​ចរចា​ទ្វេភាគី​ជាមួយ​កម្ពុជា។

លោក​កុយ គួង ​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ ​បាន​បញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ និង​លោក​នាយក​រដ្ឋមន្រ្តី​ថៃ​ Abhisit Vejjajiva ​គ្រោង​នឹង​ជួបទ្វេភាគី​មួយ​ បន្ទាប់​ពី​កិច្ច​ប្រជុំ​មហា​សន្និបាត​របស់​អ.ស.ប.​ ដែល​គ្រោង​ធ្វើ​នៅ​បូរី​ញូ​វយ៉ក ​សហ​រដ្ឋ​អាមេរិក។

លោក​កុយ គួង​មិន​បាន​បញ្ជាក់​លម្អិត​អំពី​របៀប​វារៈ​នៃ​ជំនួប​រវាង​មេ​ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​នោះ​ទេ​ លោក​គ្រាន់​តែ​និយាយ​ថា​ ​ជំនួប​នេះ​នឹង​ធ្វើ​ឡើង​ ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្រ្តី​ថៃ ​Abhisit Vejjajiva​ បាន​ធ្វើលិខិត​ជា​ផ្លូវការ​មួយ​មកនាយក​រដ្ឋមន្រ្តី​កម្ពុជាដើម្បី​ស្នើ​សុំ​ឲ្យ​មាន​ជំនួប​ចរចា​ទ្វេភាគី​នេះ។

លោក​កុយ គួង​មាន​សុទិដ្ឋិ​និយម​ថា​ ​ស្ថាន​ភាព​បញ្ហា​ព្រំដែន​នឹង​មាន​ភាព​ធូរ​ស្រាល​ក្រោយ​ពី​មេដឹកនាំ​ទាំង​ពីរ​បាន​ជួប​ពិភាក្សា​គ្នា​នោះ។

«ខ្ញុំ​យល់​ថា​ ​បន្ទាប់​ពី​ថ្នាក់​ដឹក​នាំ​ប្រទេស​ទាំង​ពីរ​បាន​ជួប​គ្នា​នៅ​ទីនោះ​ ​ខ្ញុំ​យល់​ថា​ ​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​ពីរ​នឹង​កាន់តែ​ធូរ​ស្រាល​ ​ហើយកិច្ច​សហ​ប្រតិបត្តិការ​ផ្សេងៗ​ទៀត​នឹង​អាច​មាន​ការ​រីក​ចម្រើន»។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គ​លេខាធិការ​អាស៊ាន​កាលពី​ថ្ងៃទី​៦ខែ​កញ្ញា​បាន​ឲ្យ​ដឹង​ថា​ ​លោក​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​បារ៉ាក់ អូបាម៉ា ​បាន​អញ្ជើញមេ​ដឹកនាំ​នៃ​បណ្តា​ប្រទេស​អាស៊ានទាំង​១០​ ​រួម​ទាំង​អគ្គ​លេខាធិការ​អាស៊ាន​ផង​ដែរ​ ​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​ថ្នាក់​ដឹក​នាំ​អាស៊ាននិង​សហ​រដ្ឋ​អាមេរិក​លើក​ទីពីរ​ ​នៅ​បូរី​ញូវយ៉ក​សហ​រដ្ឋ​អាមេរិក​ ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​២៤​ ខែ​កញ្ញា​ខាង​មុខ​នេះ។

លោក​កុយ គួង​បាន​មាន​ប្រសាសន៍​ទៀត​ថា​ ​បន្ទាប់​ពី​បញ្ចប់​កិច្ច​ប្រជុំ​អាស៊ាន​-​អាមេរិក​ ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ ​និង​លោក​ Abhisit Vejjajiva ​នឹង​មាន​ជំនួប​ទ្វេ​ភាគី​ដាច់​ដោយ​ឡែក​មួយ​ផ្សេង​ទៀត។

«ជំនួប​ទ្វេភាគី​នេះ​គឺ​ថា ​បន្ទាប់​ពី​កម្ពុជា​បាន​ទទួល​សំណើ​ពី​នាយក​រដ្ឋមន្រ្តី​ថៃ​ដើម្បី​ឲ្យ​មាន​ជំនួប​ទ្វេភាគី​នៅ​ទីក្រុង​ញូយ៉ក​ ​នៅ​ថ្ងៃទី​២៤ ​ខែ​កញ្ញា​នោះ​ ​បាទ»។

លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ធ្លាប់​បាន​លើក​ឡើង​ថា​ ​នឹង​មាន​ជំនួប​ទ្វេភាគី​រវាង​នាយក​រដ្ឋមន្រ្តី​នៃប្រទេស​ទាំងពីរ​ដើម្បី​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​បញ្ហា​ព្រំដែន។

លោក​ហ៊ុន សែន​បាន​មាន​ប្រសាសន៍​ទៀត​ថា​ ​ជំនួប​ទ្វេ​ភាគី​នោះនឹង​លើក​ឡើង​អំពី​បញ្ហា​ជម្លោះ​ព្រំដែន​ ​បញ្ហា​ពាណិជ្ជ​កម្ម ​និង​បញ្ហា​វិនិយោគ​ទុន​នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ។

លោក​ប៉ានីតាន វឌ្ឍនាយ៉ាកន​ អ្នក​នាំពាក្យ​រាជ​រដ្ឋា​ភិបាល​ថៃ​ ​ត្រូវ​បាន​កាសែត​ Bangkok Post​ ដក​ស្រង់​សម្តី​មក​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​ថា​ ​នាយក​រដ្ឋមន្រ្តី​ថៃ​និង​កម្ពុជា​ពិតជា​នឹង​មាន​ជំនួប​ទ្វេភាគីនៅ​បូរី​ញូវយ៉ក​ពិត​ប្រាកដ​មែន។

លោក​បាន​មាន​ប្រសាសន៍​ថា​ ​មេ​ដឹកនាំ​ទាំង​ពីរ​នឹង​ជជែក​អំពី​បញ្ហា​ផ្សេងៗ​ ​រួម​ទាំង​បញ្ហា​ព្រំដែន​ផងដែរ។

លោក​រ៉ុង ឈុន ​ប្រធាន​ក្រុម​ឃ្លាំ​មើល​កម្ពុជា​ ​និង​ជា​ប្រធាន​សមាគម​គ្រូ​បង្រៀនកម្ពុជា​ឯករាជ្យ​ ​បាន​មាន​ប្រសាសន៍​ថា​ ​ជំនួប​រវាង​មេ​ដឹកនាំ​ទាំងពីរនឹងបង្ហាញ​ពី​សញ្ញា​វិជ្ជមាន​មួយ​ ​ដើម្បី​ឈាន​ទៅរក​ភាព​បន្ធូរ​បន្ថយ​ភាព​តាន​តឹងក្នុងបញ្ហា​ព្រំដែន។

ក៏​ប៉ុន្តែ​លោក​រ៉ុង ឈុន​ពុំមាន​ជំនឿ​ថា​ ​ជំនួប​ទ្វេភាគី​នេះ​នឹង​អាច​បញ្ចប់​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​នោះ​ទេ​ ​ប្រសិន​ណាមិន​មាន​ការ​សម្រប​សម្រួល​ពី​ភាគី​របស់​អង្គការ​សហ​ប្រជាជាតិ​ទេ​នោះ។

«ពីព្រោះ​យើង​ តាម​ឃ្លាំ​មើល​រាល់​កិច្ច​ចរចា​ទ្វេភាគី។​ ​បើ​យើង​គិត​ជា​ដង​វិញ​ ​យើង​ច្រើន​ដង​រហូត​ដល់​ភ្លេច។ ​ហើយ​លទ្ធផលគឺ ​Zero​ ​អត់​បាន​លទ្ធផល​អី​ទាំងអស់​ទាក់ទិន​ករណី​សៀម​ឈ្លានពាន»។

ប្រទេស​កម្ពុជា​ និង​ប្រទេស​ថៃ​មាន​បញ្ហា​ជម្លោះ​ជុំវិញ​ប្រាសាទ​ព្រះវិហារ​អស់​រយៈ​ពេល​ជាង​ពីរ​ឆ្នាំ​មក​ហើយ។​ ប្រទេស​ទាំងពីរ​នៅតែ​ដាក់​ពង្រាយ​កង​កម្លាំង​ប្រដាប់​អាវុធ​យ៉ាង​ច្រើន​ក្រាស់​ក្រែល​នៅ​ឡើយនៅ​តាម​ក្រវ៉ាត់​ព្រំដែន​ ​បន្ទាប់ពី​បាន​ប៉ះ​ទង្គិច​គ្នា​ជាច្រើន​លើក​ ​ដែល​បាន​បណ្តាល​ឲ្យ​កង​ទ័ព​ទាំង​សង​ខាង​ស្លាប់និង​រង​របួស៕

XS
SM
MD
LG