ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​រិះគន់​ថៃ​ថា​យឺតយ៉ាវ​ក្នុង​ការនាំយក​អ្នកសង្កេតការណ៍​មកតំបន់​ព្រះវិហារ


ប្រាសាទ​ព្រះវិហារ
ប្រាសាទ​ព្រះវិហារ

ភ្នំពេញ៖ នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បានរិះគន់​ប្រទេស​ថៃ​ចំពោះ​ការយឺតយ៉ាវ​ក្នុង​ការបំពេញ​បែបបទ​ឯកសារ​ដើម្បី​អនុញ្ញាតឱ្យ​អ្នកសង្កេតការណ៍​ឥណ្ឌូនេស៊ី​មក​ត្រួតពិនិត្យមើល​បទឈប់បាញ់​នៅក្នុង​តំបន់​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ​ ក្បែរ​ប្រាសាទ​ព្រះវិហារ។

កាសែត​ The​ Nation​ របស់​ប្រទេស​ថៃ​ បានរាយការណ៍​នៅ​ថ្ងៃព្រហស្បតិ៍​នេះ​ថា​លោក​ ម៉ាទី ណាតាឡេហ្កាវ៉ា (Marty​ Natalegawa)​ រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី​បានបញ្ជូន​ឯកសារ​បែបបទ​សម្រាប់​ការបំពេញ​បេសកកម្ម​របស់​អ្នកសង្កេតការណ៍​មកកាន់​ភាគី​ជម្លោះ​កម្ពុជា​និង​ថៃ។​ ប្រទេស​កម្ពុជា​បានឆ្លើយតប​ជាវិជ្ជមាន​ ប៉ុន្តែ​ប្រទេស​ថៃ​បានទទួល​យក​ឯកសារ​បែបបទ​នេះ​ដោយ​គ្មាន​ការឆ្លើយតប​រហូត​មក​ដល់​ពេល​នេះ។

កាសែត​ The​ Nation​ បានបញ្ជាក់​ថា​ប្រទេស​ឥណ្ឌូនេស៊ី​នឹង​បញ្ជូន​អ្នកសង្កេតការណ៍​៣០​នាក់​ដែល​នឹង​ដាក់១៥​នាក់​នៅតាម​បណ្តោយ​ព្រំដែន​ក្នុង​ទឹកដី​កម្ពុជា​ និង​១៥​នាក់​ទៀត​ដាក់​នៅក្នុង​ព្រំដែន​នៃ​ទឹកដី​ថៃ។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ បានថ្លែង​នៅក្នុង​ពិធីបិទ​ទិវា​មហោស្រព​សិល្បៈ​មហាជន​លើក​ទី១៣​នៅសាល​ចតុមុខ​ក្រុងភ្នំពេញ​ថា​លោក​បានប្រញាប់ប្រញាល់​ធ្វើការ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​និង​ក្រសួង​ការពារ​ជាតិ​ដោយ​ប្រមូល​ឯកសារ​និង​ផែនទី​ពី​សមរភូមិមុខ​ដើម្បី​រៀបចំ​បំពេញ​បែបបទ​ឆ្លើយតបទៅ​ប្រធាន​អាស៊ាន​ជាបន្ទាន់។

«ខ្ញុំ​ប្រាប់ឱ្យ​រដ្ឋមន្ត្រី​ការបរទេស​ឆ្លើយ​មិនឱ្យលើស​ពី​២៤​ម៉ោង​នៃ​សំណើរ​បស់​ប្រទេស​ឥណ្ឌូនេស៊ី។​ យើង​បានឆ្លើយ​ទៅនឹង​សំណើ​របស់​គាត់​ (​ឥណ្ឌូនេស៊ី​) ហើយ​យើង​ផ្តល់​នូវ​ចំណុច​ត្រួតពិនិត្យ​ចំនួន​១៤​ចំណុច​ឱ្យ​ទៅ​ប្រទេស​ឥណ្ឌូនេស៊ី​ត្រួតពិនិត្យ​ និង​អង្កេតការណ៍​ ហើយ​យើង​បើកចំហ​ទៀត​ បើ​មាន​ការចាំបាច់​ យើង​ផ្តល់​ជូន​លទ្ធភាព​ឱ្យ។ យើង​សុំ​រយៈពេល​១២​ខែ​ និង​អាច​ពន្យា»។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បានថ្លែង​ថា​ប្រទេស​ថៃ​កំពុងតែ​លេង​កលល្បិច​ចង់​ធ្វើ​អ្វី​មួយ​ទៀត​ហើយចំពោះ​ការមិនទាន់​បំពេញ​បែបបទ​សម្រាប់​ការត្រួត​ពិនិត្យ​មើល​បទឈប់បាញ់​របស់​អ្នកសង្កេតការណ៍ឥណ្ឌូនេស៊ី​ដែល​ភាគី​ជម្លោះ​ទាំង​ពីរ​បានយល់ស្រប​គ្នា​នោះ។

«ដល់​ម៉ោង​នេះ​ រដ្ឋាភិបាល​ទីក្រុង​បាងកក​បាននិយាយ​ថា​រដ្ឋមន្ត្រី​ការបរទេស​និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​មិនទាន់​បានជួបគ្នា។ គ្រាន់តែ​រដ្ឋមន្ត្រី​របស់​ថៃ​ពីរ​នាក់​ជួបគ្នា​អត់​បាន។ អគ្គមេញ្ជាការ​កងទ័ព​បាន​និយាយថាមិនអាច​ឱ្យ (អ្នកសង្កេតការណ៍​ឥណ្ឌូនេស៊ី)​ ចូល​ត្រួតពិនិត្យ​នៅខាងក្នុង​បាន​ទេ។ វា​មាន​អាថ៌កំបាំង»។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ បានអំពាវនាវ​ដល់​ប្រទេស​ឥណ្ឌូនេស៊ី​ឱ្យបញ្ជូន​អ្នកសង្កេតការណ៍​មក​កាន់​ប្រទេស​កម្ពុជា​ បើ​ប្រទេស​ថៃ​ ស្ទាក់ស្ទើរ​ក្នុង​ការទទួលយក​ដោយ​បញ្ជាក់​ថា​សូម​ប្រទេស​បញ្ជូន​ជាបន្ទាន់​មក​ភាគី​កម្ពុជា​នៅ​តំបន់​ជម្លោះ​ព្រំដែន​ក្បែរ​ប្រាសាទ​ព្រះវិហារ។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ បានបញ្ជាក់​ថា​ប្រទេស​កម្ពុជា​នឹងមិន​ធ្វើ​ការចរចា​ជាមួយ​ប្រទេស​ថៃ​ដោយ​ទ្វេភាគី​លើ​បញ្ហា​ជម្លោះ​ព្រំដែន​នោះ​ទេ។ ប៉ុន្តែ​បើ​ប្រទេស​ថៃ​ចង់​ចរចា​ជាមួយ​កម្ពុជា​គឺ​ត្រូវ​ស្នើសុំ​ប្រទេស​ឥណ្ឌូនេស៊ី​ជា​ប្រធាន​អាស៊ាន​ចូលរួម​នៅក្នុង​ការចរចា​នោះ៕

XS
SM
MD
LG