ភ្នំពេញ៖ ទាហានកងពលតូចអន្តរាគមន៍លេខ១១១ នៅក្នុងស្រុកជុំគីរី ខេត្តកំពតបានទទួលរងការ ចោទប្រកាន់ថា បានរារាំងមិនឲ្យមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាធ្វើវេទិកាសាធារណៈមួយ កាលពីព្រឹកថ្ងៃសុក្រនេះ។ ក៏ប៉ុន្តែកម្មវិធីនេះបានទទួលការអនុញ្ញាតពីអាជ្ញាធរខេត្តយ៉ាងត្រឹមត្រូវ។
កាលពីថ្ងៃសុក្រនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានខកខានក្នុងបើកវេទិកាសាធារណៈស្តីពីសិទ្ធិមនុស្សនិងការអភិវឌ្ឍទេ បន្ទាប់ពីមានការរារាំងដោយក្រុមទាហានកងពលតូចអន្តរាគមន៍លេខ១១១នៅក្នុងស្រុកជុំគីរី ខេត្តកំពត។
លោកឈឹម សាវុធ អ្នកសម្របសម្រួលកម្មវិធីពង្រឹងអំណាចសហគមន៍នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានឲ្យដឹងថា មានកម្លាំងទាហាននិងប៉ូលិសប្រមាណជា៧០នាក់ស្លៀកពាក់ឯកសណ្ឋានបានមករារាំងមិនឲ្យមជ្ឈមណ្ឌលរបស់លោកធ្វើវេទិកាស្តីពីសិទ្ធិមនុស្ស និងការអភិវវឌ្ឍស្រុកជុំគីរីទេ។
វេទិកានេះមានបំណងជជែក វែកញែកអំពីការរងគ្រោះរបស់ប្រជាជននៅតំបន់នោះ ដូចជាការរំលោភបំពានដីធ្លី ស្រែចម្ការ និងផ្ទះសម្បែងជាដើម និងដើម្បីឲ្យតំណាងរាស្រ្ត និងអាជ្ញាធរជួយធ្វើអន្តរាគមន៍បញ្ហារបស់ប្រជាពលរដ្ឋ។
លោកឈឹម សាវុធបានឲ្យដឹងបន្តថា នៅក្នុងការរារាំងនោះ ទាហានទាំងនោះមិនបានបញ្ជាក់មូលហេតុឡើយ។
«ផ្លូវចូលត្រូវទាហានកាក់ឡានខាងខ្ញុំមិនឲ្យចូល។ ក្រោយមកដោយវាយប់ពេក ហើយទាហានតិចពេក ក៏ខ្ញុំជំនះចូលរួច។ ហើយបន្តមកទៀត ម៉ោងប្រហែលជា៥ជាង រោងដែលខ្ញុំជួល ដឹកយកទៅរៀបទីតាំង ត្រូវបានទាហានកាក់អត់ឲ្យចូលទៅតែម្តង។ យើងអត់ដឹងថា គាត់រារាំងដោយមានគំនិតដូចម្តេចទេ ក៏ប៉ុន្តែតាមការអះអាងរបស់ប្រជាពលរដ្ឋឲ្យដឹងថា បញ្ហាដែលកើតឡើងបច្ចុប្បន្ន នេះនៅតំបន់នោះគឺទាហាននេះតែម្តងគឺជាអ្នករំលោភដីធ្លីរបស់ពួកគាត់ទាំងអស់»។
ប្រជាជនមកពីឃុំចំនួនបី ស្រុកជុំគីរីបាននាំគ្នាធ្វើដំណើរមកចូលរួមក្នុងកម្មវិធីនេះ យ៉ាងច្រើន ជាក់ស្តែងយ៉ាងតិចណាស់មានប្រជាពលរដ្ឋប្រមាណជាង១០០នាក់បានមកដល់ទីតាំងរៀបចំកម្មវិធី។ ហើយទីតាំងសម្រាប់រៀបចំកម្មវិធីនេះមានចម្ងាយប្រមាណជា២គីឡូពីបន្ទាយទាហាន នេះបើតាមការអះអាងពីមន្រ្តីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ ជាមួយគ្នានេះដែរ លោកអ៊ុង សាវុធ អភិបាលរងខេត្តកំពត ដែលបានទៅចួលរួមកម្មវិធីនោះដែរ បានទទួលស្គាល់ថា ទង្វើរបស់ក្រុមទាហានគឺជាការរារាំងមិនឲ្យមានការបង្តើតកម្មវិធីសាធារណៈនោះ។
លោកបានបញ្ជាក់ថា ចំពោះបញ្ហាដែលប្រជាពលរដ្ឋនៅទីនោះបានជួបប្រទះ ដូចជាការបាត់បង់ដីធ្លីជាដើម លោកមិនបានដឹងច្បាស់នោះទេ ហើយក៏មិនមានឯកសារបញ្ជាក់ឲ្យបានច្បាស់លាស់ដែរ។
«សង្កេតមើលទៅសភាពការណ៍នេះ វាបង្ហាញថា ជាការរារាំងដែលតាមមើល ពីព្រោះថា អ្វីដែលគាត់ធ្វើគឺខុសបំណងរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែមិនដឹងជាមានបញ្ហាយ៉ាងម្តេចទេ ខ្ញុំមិនសូវជាដឹងដែរ»។
វេទិកាសាធារណៈ ដែលត្រូវរារាំងនោះ អាចនឹងមានការចូលរួមពីសំណាក់តំណាងរាស្រ្តមកពីគណបក្សចំនួនបីក្នុងចំណោមគណបក្សប្រាំនៅក្នុងរដ្ឋសភា ក្នុងនោះមានគណបក្សសិទ្ធិមនុស្ស គណបក្សហ៊្វុនស៊ិនប៊ិច និងគណបក្សសម រង្ស៊ី ហើយនិងអភិបាលរងខេត្តកំពតលោកអ៊ុង សាវុធ។មន្រ្តី និងអ្នកតំណាងរាស្រ្តទាំងនោះក៏បានជួបជជែកពិភាក្សាខ្លះៗ ជាមួយប្រជាពលរដ្ឋស្តីពីទុក្ខលំបាកដែលប្រជាពលរដ្ឋបានជួបប្រទះកន្លងមក ទោះបីជាវេទិកានោះមិនអាចដំណើរការបានក៏ដោយ។
លោកយឹម សុវណ្ណ តំណាងរាស្រ្តគណបក្សសម រង្ស៊ីបានមានប្រសាសន៍ថា សកម្មភាពរបស់ទាហានរារាំងមិនឲ្យមានវេទិកាសាធារណៈកើតឡើងបែបនេះ ជាការបង្ហាញឲ្យឃើញថា ក្រុមទាហានទាំងនោះកំពុងតែខ្លាចទង្វើរបស់ខ្លួនដែលបានរំលោភបំពានដីធ្លីរបស់ប្រជាពលរដ្ឋនៅតំបន់នោះ។
«គឺខាងទាហានឃាត់ឃាំងមិនឲ្យមានការរៀបចំជួបរបស់ប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋបានជម្រាបមកអ្នកតំណាងរាស្រ្តថា ទាហានបានមកគំរាមកំហែង មិនឲ្យគាត់ចូលរួម ហើយរារាំងមិនឲ្យគាត់រៀបចំរោង។ គាត់ភ័យខ្លាចប្រជាពលរដ្ឋបញ្ជេញមតិប្រាប់អ្នកតំណាងរាស្រ្ត។ គាត់ភ័យខ្លាចទង្វើររបស់គាត់។ គាត់មិនចង់ឲ្យអ្នកតំណាងរាស្ត្រដឹងឮ គាត់មិនចង់ឲ្យដំណឹងនោះបែកខ្ញែកចេញទៅខាងក្រៅ ព្រោះគាត់យល់ថា អ្វីដែលគាត់ធ្វើនេះជាការរំលោភយកដីរបស់ប្រជាពលរដ្ឋ។ ដូច្នេះគាត់ខ្លាច»។
VOA សំឡេងសហរដ្ឋអាមេរិចបានទាក់ទងលោកឧត្តមសេនីយ៍យឿង សុខុន មេបញ្ជាការនៃកងពលតូចអន្តរាគមន៍លេខ១១១ ដើម្បីសុំការបំភ្លឺជុំវិញបញ្ហាទាំងអស់នេះ តែទាក់ទងមិនបាន។
គេសង្កេតឃើញថា ជាញឹកញាប់ វេទិកាសាធាណៈដែលបង្តើតឡើងសម្រាប់ជជែក វែកញែកអំពីផលប៉ះពាល់របស់ប្រជាពលរដ្ឋ ដូចជា ទំនាស់ដីធ្លី ការប្រើអំពើហិង្សា ឬការកៀបសង្កត់ពីសំណាក់អាជ្ញាធរមកលើប្រជាពលរដ្ឋ និងបញ្ហាពុករលួយជាដើម ច្រើនតែងតែត្រូវគេរារាំង ឬហាមឃាត់៕