ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សិទ្ធិ​មនុស្ស​រិះគន់ស​.រ.អា.ដែល​ឲ្យ​កម្ពុជា​រៀបចំ​សមយុទ្ធ


ភ្នំពេញ៖ អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch បាន​រិះគន់​សហរដ្ឋអា​មេរិក​ចំពោះ​ការ​ជ្រើសរើស​យក​កង​ទ័ព​កម្ពុជា​ ដែល​មាន​ប្រវត្តិ​រំលោភ​សិទ្ធិ​មនុស្ស​ឱ្យ​ធ្វើ​ជា​អ្នក​រៀបចំ​សមយុទ្ធ​ថែរក្សា​សន្តិភាព​ពហុជាតិ។ អង្គការ​សិទ្ធិ​មនុស្ស​Human Rights Watch នេះ​បាន​ប្រកាស​នៅ​ក្នុង​បូរី​ញូយ៉ក កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ថា​ ការ​ជ្រើស​រើស​នេះ​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ការ​ប្តេជ្ញា​ចិត្ត​របស់​សហរដ្ឋអាមេរិក​ក្នុង​ការលើក​កម្ពស់​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

សមយុទ្ធ​ថែរក្សា​សន្តិភាព​ពហុជាតិ​ ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​នេះ​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃទី​១៧​ រហូត​ដល់​ចុង​ខែ​កក្កដា​នេះ។ កម្លាំង​កងទ័ព​ដែល​ចូល​រួម​នៅ​ក្នុង​សមយុទ្ធ​មាន​ចំនួន​ជាង​១.០០០នាក់​ មក​ពី​ប្រទេស​ចំនួន​២៦​ រួមមាន​ សហរដ្ឋអាមេរិក ចិន ឥណ្ឌា អាឡឺម៉ង់ បារាំង អូស្ត្រាលី ថៃ ម៉ាឡេស៊ី ហ្វីលីពីន​ ប្រុយណេ និងតុងហ្គោ។

លោក​ឧត្តមសេនីយឯក ​ឈុំ សុជាតិ អនុរដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​បាន​ថ្លែង​ថា សមយុទ្ធ​នេះ​មិនមែន​សម្រាប់​គោលដៅ​ប្រយុទ្ធ​ដោយ​កាំភ្លើងធំ​ទេ ប៉ុន្តែ​វាគ្រាន់​តែ​ជា​សមយុទ្ធ​សម្រាប់​ការ​ថែរក្សា​សន្តិភាព​ក្រោម​ការ​ដឹកនាំ​របស់​អង្គការ​សហប្រជាជាតិ​ប៉ុណ្ណោះ។ លោក​ឧត្តម​សេនីយ ឈុំ សុជាតិ ​បាន​បញ្ជាក់​ថា ​សមយុទ្ធ​នេះ​ត្រូវ​បាន​ចែក​ចេញ​ជា​ពីរ​ផ្នែក​សំខាន់ៗ​ គឺ​សមយុទ្ធ​នៅ​ទី​បញ្ជាការ​ ដើម្បី​ផ្សព្វផ្សាយ​បទ​បញ្ជា​ទៅ​កាន់​ទី​បញ្ជាការ​នៅ​តាម​តំបន់ និង​សមយុទ្ធ​ហ្វឹកហាត់​នៅលើ​ទីលាន​ជាក់ស្តែង​ដែល​មាន​កម្លាំង​ដឹកជញ្ជូន​ស្បៀង​អាហរ ​ថ្នាំពេទ្យ ​និងសម្ភារៈ​ផ្សេងៗ ​និង​កម្លាំង​ការពារ​សន្តិសុខ ​និង​សណ្តាប់ធ្នាប់​សម្រាប់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​ ដែល​អង្គការ​សហប្រជាជាតិ​គ្រប់គ្រង។

លោកឧត្តមសេនីយឯក ​ឈុំ សុជាតិ ​បាន​ថ្លែង​ថា សមយុទ្ធ​នេះ​បង្ហាញ​ពី​មោទនភាព​របស់​កម្ពុជាជា​លើក​ដំបូង​ ក្រោយ​ពី​សង្គ្រាម​ជិត​៣០ឆ្នាំ។ សមយុទ្ធ​នេះសំដៅ​លើក​តម្កើងសុឆន្ទៈ​ក្នុង​ការ​ចូល​រួម​ថែ​រក្សា​សន្តិភាព​ និង​មនុស្សធម៌​សម្រាប់​ជួយ​ដល់​មនុស្សជាតិ​ដែល​រងគ្រោះ​ដោយសារ​សង្គ្រាម។ លោក​បន្ត​ថា៖

«ខ្ញុំ​គិតថា​ បញ្ហា​រិះគន់​របស់​អង្គការ​សិទ្ធិមនុស្ស Human Rights Watch នេះ គឺជា​បញ្ហា​មួយ​ ដែលគ្មាន​មូលដ្ឋាន​ច្បាស់លាស់​ទេ។ វា​មិន​មាន​បញ្ហា​អ្វី​ទាក់​ទង​ដល់​ការ​សម្រេច​ចិត្ត​របស់​អង្គការសហ​ប្រជាជាតិ​ និង​បណ្តា​ប្រទេស​នានា​ទេ។ គេ​គិត​ពិចារណា​ត្រឹមត្រូវ​ណាស់​ មុន​នឹង​គេ​សម្រេច​ចិត្ត​ធ្វើ ​នៅ​ប្រទេស​កម្ពុជា»។

លោកចន ចនសាន់​ (John Johnson) អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ​បាន​ថ្លែង​ថា សហរដ្ឋ​អាមេរិក​បាន​ធានា​ការ​ផ្តួចផ្តើម​គំនិត​ប្រតិបត្តិការ​ថែរក្សា​សន្តិភាព​ពិភពលោក​ ដែល​ត្រូវ​បាន​គាំទ្រ​ និង​ចាត់ចែង​ដោយ​កងទ័ព​សហរដ្ឋ​អាមេរិក​ និង​ដៃគូ​របស់​យើង​នៅ​ក្រសួង​ការពារ​ប្រទេស​កម្ពុជា។

លោក​ចន ចនសាន់​ បាន​បន្ថែម​ថា​ អ្នក​ចូល​រួម​នៅ​ក្នុង​សមយុទ្ធ​ទាំងនេះ​ ត្រូវ​បាន​ត្រួតពិនិត្យ​ និង​វាយ​តម្លៃ​យ៉ាង​ហ្មត់ចត់​ និង​យ៉ាង​ពិបាក​ដោយ​ស្ថានទូត​ និង​ក្រសួង​ការពារ​ជាតិ​ និង​ក្រសួង​ការ​បរទេស​ ដែល​បាន​តម្រូវ​ដោយ​ច្បាប់​សហរដ្ឋអាមេរិក។ លោកចន ចនសាន់​បាន​ថ្លែង​ថា សហ​រដ្ឋ​អាមេរិក​បាន​ផ្តល់​ជំនួយ​យោធា ​និង​ការ​បណ្តុះ​បណ្តាល​ សម្រាប់​ប្រតិបត្តិការ​ថែរក្សាសន្តិភាព​ដល់​កង​ទ័ព​កម្ពុជា​តាំងពី​ឆ្នាំ២០០៦​ ក្នុង​កិច្ច​ខិតខំ​ជំរុញ​សមត្ថភាព​នានា​របស់​កម្ពុជា។

ប្រទេស​កម្ពុជា​ថ្មីៗ​នេះ​ បាន​បញ្ជូន​កងទ័ព​ថែរក្សាសន្តិភាព​ទៅ​កាន់​តំបន់​ជម្លោះ​នៅ​ក្នុង​ប្រទេស​ស៊ូដង់ ឆាត ​និងអាហ្វ្រិក​កណ្តាល​សម្រាប់​គោល​ដៅ​មនុស្សធម៌៕

XS
SM
MD
LG