ភ្នំពេញ៖ ទោះបីជានៅក្នុងហេតុការណ៍នៅលើស្ពានកោះពេជ្រ បានបណ្តាលឱ្យមានអ្នករងរបួស និងអ្នកស្លាប់ជាច្រើនក៏ដោយក៏មន្រ្តីសុខាភិបាលបានអះអាងថា ពួកគេមានសមត្ថភាពគ្រប់គ្រាន់ក្នុងការជួយដល់ជនរងគ្រោះ។
មន្រ្តីសុខាភិបាលនៃប្រទេសកម្ពុជា បានចាត់ទុកការជួយសង្រ្គោះជនរងគ្រោះនៅក្នុងឧបទ្ទវហេតុដ៏ប្រល័យនៅកោះពេជ្រមិនមែនជាព្រឹត្តកាណ៍គួរឱ្យភ្ញាក់ផ្អើលនោះទេ ដោយពួកគាត់បានអះអាងថា ក្រុមគ្រូពេទ្យសុទ្ធតែមានជំនាញក្នុងការជួយសង្រ្គោះនិងមានឧបករណ៍សម្ភារៈ គ្រប់គ្រាន់សម្រាប់ការសង្រ្គោះ។
លោក សាយ សេងលី ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត បានឱ្យដឹងថា មន្ទីរពេទ្យរបស់លោកមានគ្រូពេទ្យ ថ្នាំពេទ្យខ្យល់អុកស៊ីសែន គ្រប់គ្រាន់ក្នុងការជួយអ្នករបួសទាំងនោះ។
លោកបានបញ្ជាក់ថា នៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត បានទទួលអ្នករងរបួសកោះពេជ្រ៦៥នាក់ និងអ្នកស្លាប់១៤០នាក់ ក៏ប៉ុន្តែ បើសិនមានអ្នករបួសច្រើនជាងនេះក៏ខាងមន្ទីរពេទ្យអាចជួយសង្រ្គោះបានដែរ។ ដោយគ្រូពេទ្យទាំងអស់សុទ្ធតែធ្លាប់បានឆ្លងកាត់វគ្គបណ្តុះបណ្តាលជួយសង្រ្គោះនេះជាច្រើនរួចមកហើយ។
លោក សាយ សេងលី បានបន្ថែមទៀតថា៖
«អ្វីក៏យើងអត់ខ្វះដែរ ព្រោះមន្ទីរពេទ្យថ្នាក់ជាតិយើងទទួលព្យាបាលអ្នកជំងឺបានគ្រប់ពេលវេលា។ មន្ទីរពេទ្យខ្ញុំធំណាស់។ អញ្ចឹងត្រឹមពី១០០ទៅ២០០នាក់ អត់មានបញ្ហាទេអ្នកជំងឺមក។ កន្លែងខ្ញុំទទួលបានអត់មានបញ្ហាទេ ពីព្រោះខ្ញុំមានការពិសោធច្រើនហើយ»។
ជាមួយគ្នានេះដែរលោក សេក សុខឿន អនុប្រធានក្តាប់រួមនៃមន្ទីរពេទ្យព្រះកុសុមៈ បានឱ្យដឹងដែរថា កន្លងមកមន្ទីរពេទ្យព្រះកុសុមៈធា្លប់បានទទួលអ្នករបួសជាច្រើនមកហើយ ក្នុងទសវត្សកម្ពុជាស្ថិតក្នុងសង្រ្គាមស៊ីវិល។ ដូច្នេះការដែលជួយអ្នករងរបួសនៅកោះពេជ្រនោះ មិនមានអ្វីចោទជាបញ្ហាសម្រាប់ក្រុមគ្រូពេទ្យនោះទេ។
«តាមពិតមន្ទីរពេទ្យខ្ញុំនោះ មានប្រវត្តិធ្លាប់ជួយរឿងហ្នឹង តាំងពីទសវត្សទី៨០ កាលនោះមានការបាញ់រទេះភ្លើង បាញ់ឡាន អញ្ចឹងណាស់ ហើយជំងឺក៏ធ្លាប់ចូលមករាប់រយអញ្ចឹងដែរ។ ហើយយើង មានបទពិសោធខ្លះពីមុនមក។ តែទោះបីយ៉ាងណា ក៏យើងនៅបំពេញបន្ថែមខ្លះនូវចំណេះដឹងផ្នែកសង្រ្គោះបន្ទាន់។ អាហ្នឹងជារឿងមួយសំខាន់ ហើយអានេះជាមេរៀនមួយ ដែលយើងដកស្រង់បទពិសោធរៀបចំផែនការទៅខាងមុខ ដើម្បីចៀសវាងការខុសឆ្គង។ ដូចជាសព្វហើយ ខាងខ្ញុំនេះ មើលទៅដូចជាមិនមានអ្វីខ្វះខាតទៀតទេ ទាំងចំណេះ ទាំងសម្ភារៈបរិក្ខា»។
នៅក្នុងព្រឹត្តិការណ៍ផ្អើលរត់ជាន់គ្នាកាលពីថ្ងៃទី២២ខែវិច្ឆិកាកន្លងទៅថ្មីៗនេះ បានបណ្តាលឱ្យមនុស្ស៣៥៣នាក់ស្លាប់ និងរបួស៣៩៣នាក់។
ជនរងគ្រោះស្លាប់និងរបួសត្រូវបានដាក់តម្រៀបនៅតាមមន្ទីរពេទ្យសាធារណៈទាំងអស់ក្នុងក្រុងភ្នំពេញ។ អ្នករបួសមួយចំនួនបានដេកនៅផ្ទាល់នឹងកម្រាលឥដ្ឋ ដោយអ្នកខ្លះមានព្យួរសេរ៉ូម។
នាង ទន់ ស្រីពៅ រស់នៅស្រុកកៀនស្វាយខេត្តកណ្តាលជាអ្នករងរបួសនៅកោះពេជ្រម្នាក់ ដែលកំពុងព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្របានឱ្យដឹងថា បន្ទាប់ពីនាងបានដឹងខ្លួនពីសន្លប់ នៅក្នុងហេតុការណ៍នៅកោះពេជ្រ នាងបានស្ថិតនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់ដោយមានខ្យល់អុកស៊ីសែននិងព្យួរសេរ៉ូមរួចជាស្រេច ហើយគ្រូពេទ្យក៏បានយកចិត្តទុកដាក់ពីសភាពជំងឺរបស់នាងផងដែរ។
ក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយលោក ចាន់ សាវ៉េត ប្រធានផ្នែកឃ្លាំមើលនៃអង្គការសិទ្ធិមនុស្សអាដហុក បានឱ្យដឹងថាតាមការសង្កេតដោយផ្ទាល់របស់លោកនៅនឹងកន្លែងកើតហេតុ និងនៅក្នុងមន្ទីរពេទ្យលោកឃើញថា កម្រិតការជួយសង្រ្គោះរបស់គ្រូពេទ្យនៅមានកម្រិតទាបនៅឡើយ ចំណែកឯខ្យល់អុកស៊ីសែន និងថ្នាំពេទ្យក៏នៅមានការខ្វះខាតផងដែរ។
លោកបានបញ្ជាក់ថា បើសិនការជួយសង្រ្គោះបានល្អប្រសើរនោះប្រហែលជាអ្នកស្លាប់មិនអាចកើនច្រើនយ៉ាងនេះដែរ។
«ពេលដែលសង្រ្គោះបន្ទាន់ហ្នឹង យើងនៅខ្វះចន្លោះច្រើន យើងមើលឃើញសមត្ថភាពមន្រ្តីពេទ្យ យើងក៏នៅមានកម្រិតទាប។ សម្ភារៈឧបទេសក៏នៅមានកម្រិតទាប ការជួយសម្រួលដើម្បីធ្វើយ៉ាង ម៉េចសង្គោះមនុស្សឲ្យបានទាន់ពេលវេលា ក៏មាននៅកម្រិតទាប។ នេះហើយ ដែលជាកង្វះខាត ដែលយើងមើលឃើញអំពីការរៀបចំត្រៀមទុកជាមុន ដើម្បីសង្គ្រោះមនុស្ស នៅក្នុងប្រទេសយើង គឺយើងពិបាកទទួលយកបានណាស់»។
រដ្ឋាភិបាលធ្លាប់បានទទួលស្គាល់ថា គ្រោះថ្នាក់ដ៏គួរឱ្យរន្ធត់នៅលើស្ពានកោះពេជ្រនោះ គឺជាកំហុសរួមដែលនឹកស្មានមិនដល់ ក៏ប៉ុន្តែបានចាត់ទុកថា វាគ្រាន់តែជាមេរៀនមួយដោយពុំមានមន្រ្តីទទួលខុសត្រូវណាមួយ ទទួលរងទណ្ឌកម្មនោះទេ៕