ភ្នំពេញៈ និស្សិត និងមន្រ្តីសង្គមស៊ីវិលសង្កេតឃើញថា ប្រទេសកម្ពុជា បានរៀនសូត្រគំរូនៃការប្រមូលធនធានមនុស្សសម្រាប់ធ្វើការដឹកនាំប្រទេស តាមលំនាំនយោបាយរបស់សហរដ្ឋអាមេរិកខ្លះៗ ក៏ប៉ុន្តែ គណបក្សក្នុងរដ្ឋាភិបាលមិនទាន់មានវប្បធម៌នយោបាយសម្របសម្រួលគូប្រជែងនយោបាយ ដោយលក្ខណៈប្រជាធិបតេយ្យនៅឡើយទេ។
«នៅពេលដែលគាត់ស្នើសុំឲ្យខ្ញុំធ្វើការនៅក្នុងរដ្ឋបាលរបស់គាត់ ខ្ញុំមានការភ្ញាក់ផ្អើល ហើយយើងបាន សម្រេចចិត្តថា វាជាប្រការសំខាន់ណាស់ក្នុងការបង្ហាញជូនប្រជាជាតិរបស់យើង។ ថាតើមនុស្សពីរនាក់ ដែលប្រឆាំងគ្នានោះ តែបែរជាមកធ្វើការជាមួយគ្នា ដើម្បីជាប្រយោជន៍របស់ប្រទេសជាតិនោះយ៉ាងណា»។
កាលពីថ្ងៃទី០១ ខែវិច្ឆិកា នៅក្នុងជំនួបជាមួយនិស្សិតខ្មែរប្រមាណជា ៥០០នាក់ លោកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) បានរំលឹកឡើងវិញពីការសម្រុះសម្រួលគ្នារវាងលោកស្រីជាមួយនឹងលោក បារ៉ាក់ អូបាម៉ា (Barack Obama) ដែលជាគូប្រជែងយ៉ាងខ្លាំងក្លា សម្រាប់បេក្ខភាពប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យនៅក្នុងសហរដ្ឋអាមេរិក។
ថ្វីត្បិតតែលោកស្រី គ្លីនតុន និងលោក បារ៉ាក់ អូបាម៉ាស្ថិតនៅក្នុងគណបក្សតែមួយ ក៏ប៉ុន្តែការប្រជែងយកឈ្នះដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតីរបស់សហរដ្ឋអាមេរិកបានបង្កើតឲ្យមានឆាកតស៊ូនយោបាយមួយយ៉ាងស្វិតស្វាញជាមួយនឹងគ្នា ក៏ប៉ុន្តែនៅទីបំផុតគូប្រជែងទាំងពីរបានត្រឡប់មកធ្វើការជាមួយគ្នាសម្រាប់ការដឹកនាំប្រទេសអាមេរិក។
បន្ទាប់ពីលោក បារ៉ាក់ អូបាម៉ា បានជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិក ហើយលោក បានអញ្ជើញលោកស្រី គ្លីនតុនឲ្យធ្វើការជាមួយដោយតែងតាំងលោកស្រីជារដ្ឋមន្រ្តីក្រសួងការបរទេស។
ថ្វីបើទិដ្ឋភាពប្រជែងនេះ មិនសូវដូចគ្នាទាំងស្រុងទៅនឹងការប្រជែងរបស់គណបក្សនយោបាយ នានានៅក្នុងការបោះឆ្នោតក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែសម្រាប់លោកសុន ឆ័យ តំណាងរាស្រ្តមណ្ឌលភ្នំពេញរបស់គណបក្ស សម រង្ស៊ី ចង់ឃើញវប្បធម៌បែបនេះ នៅក្នុងជីវិតនយោបាយរបស់ប្រទេសកម្ពុជា។
«យើងឃើញគណបក្សកាន់អំណាចនៅតែរើសអើង នៅតែប្រមូលអំណាច ដែលក្រុមខ្លួននៅតែប្រើប្រាស់ស្ថាប័នជាតិ ទៅធ្វើបាបគណបក្សដទៃ។ ទាំងអស់នេះហើយ ដែលធ្វើឲ្យមានការលំបាកក្នុងការរួបរួមជាកម្លាំងជាតិ។ យើងក៏ចង់ឃើញដែរថា ត្រូវមានការទំនាក់ទំនងគ្នា មិនត្រូវចាត់ទុកគ្នាជាសត្រូវ»។
កញ្ញា ផល សុខភារី និស្សិតផ្នែកប្រព័ន្ធផ្សព្វផ្សាយឆ្នាំទី២នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មាន ការយល់ឃើញប្រហាក់ប្រហែលលោកសុន ឆ័យ ដែរ នៅក្នុងទិដ្ឋភាពនយោបាយខ្មែរ។ ក៏ប៉ុន្តែ និស្សិតដដែលនេះ ហាក់បីដូចជា ចាត់ទុកថា ប្រទេសកម្ពុជាកំពុងតែចាប់ផ្តើមមានសហការគ្នារវាងគណបក្សផ្សេងៗ នៅក្នុងការបំពេញការងារនៅតាមមូលដ្ឋាន។
«ចង់និយាយថា ដូចលោកហ៊ុនសែន អញ្ចឹង។ គាត់ធ្វើការ ប៉ុន្តែគាត់ធ្វើតែឯង។ ហើយអត់មានការចូលរួមពីគណបក្សប្រឆាំង តែក៏មានខ្លះដែរ មិនថា មិនអត់ទាំងអស់នោះទេ។ ហើយក៏មានខ្លះដែរ គឺនៅតាម ភូមិ ឃុំ អញ្ចឹង។ នៅក្នុងឃុំមួយ គេមានក្រុមប្រឹក្សាឃុំ សង្កាត់ មកពីគណបក្សផ្សេងៗ បញ្ចូលគ្នាធ្វើការ ជាមួយគ្នារួមគ្នាដើម្បី ភូមិ ឃុំ អភិវឌ្ឍន៍ទៅក្នុងគោលបំណងតែមួយ»។
ប្រទេសកម្ពុជា បានធ្វើការបោះឆ្នោតតាមលក្ខណៈប្រជាធិបតេយ្យសេរីជាលើកដំបូង កាលពី ខែ ឧសភា ឆ្នាំ១៩៩៣ បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ។
នៅពេលនេះ ក្រុមអ្នកនយោបាយសេរី នៅតែចាត់ទុកថា ការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅ ក្នុងប្រទេសកម្ពុជានៅតែទន់ខ្សោយនៅឡើយ។ ហើយជួនកាលលទ្ធិប្រជាធិបតេយ្យនៅមានលក្ខណៈផុយស្រួយទៀតផង។
ថ្លែងទៅកាន់ក្រុមនិស្សិតលោកស្រី ហ៊ីលឡារី គ្លីនតុន បានជំរុញឲ្យពួកគេកសាងអនាគតថ្មីសម្រាប់ ប្រទេសកម្ពុជា ដោយឆ្លើយតបទៅនឹងសំណួរអំពីការសម្របសម្រួលគ្នារវាងលោកស្រីជាមួយនឹងគូប្រជែងនយោបាយ គឺលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា។
លោកស្រី ហ៊ីលឡារី គ្លីនតុន ពន្យល់ថា នេះជាការធ្វើនយោបាយសម្រាប់ប្រជាជាតិរបស់សហរដ្ឋអាមេរិកទាំងមូល។
«នយោបាយត្រូវបានសន្មត់ថា គឺដើម្បីជ្រើសតាំងអ្នកណាម្នាក់ដែលចង់ដោះស្រាយបញ្ហា ដើម្បីជួយប្រជា ពលរដ្ឋនៅក្នុងប្រទេសរបស់ខ្លួន។ ហើយប្រសិនបើអ្នកជឿជាក់លើបញ្ហានេះ លោកអ្នកអាចធ្វើការជាមួយ បុគ្គល ដែលធ្វើនយោបាយប្រជែងជំទាស់ជាមួយលោកអ្នកបានដើម្បីជួយដោះស្រាយបញ្ហាក្នុងផ្នែកសុខា ភិបាល ឬ ផ្នែកអប់រំ ឬផ្នែកសេដ្ឋកិច្ច និងបញ្ហាជាច្រើនទៀត។ នៅពេលដែលលោកអ្នកធ្វើនយោបាយ វាមិនមែនគ្រាន់តែ ដើម្បីឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យនិង ដើម្បីឈ្នះឆ្នោតនោះទេ។ ប៉ុន្តែលោកអ្នកធ្វើ នយោបាយ ដើម្បីរកវិធីផ្សេងៗទៀត ដើម្បីជួយប្រជាពលរដ្ឋ»។
លោកស្រីជា វណ្ណាត អ្នកវិភាគឯករាជ្យលើនយោបាយខ្មែរ មានប្រសាសន៍ថា គណបក្សក្តោបក្តាប់ អំណាច គឺគណបក្សប្រជាជនកម្ពុជា បានព្យាយាមប្រើប្រាស់ធនធានមនុស្សថ្មីៗ ពីក្រុមយុវជន និងអ្នក ស័្មគ្រចិត្តដែលចាកចេញពីគណបក្សផ្សេងៗ។
ក៏ប៉ុន្តែគណបក្សកាន់អំណាច នៅមិនទាន់មានឥរិយាបថចេះសម្របសម្រួលជាមួយគណបក្សប្រឆាំងនៅឡើយនៅក្នុងការសម្រេចបញ្ហារបស់ប្រទេស។
«យើងមិនទាន់ចេះនិយាយគ្នា ដើម្បីសម្របសម្រួល ដូចលោក បារ៉ាក់ អូបាម៉ា ពេលដែលលោកបោះឆ្នោតទៅលើកម្មវិធីសំខាន់ៗ ដូចជា កម្មវីធីការពារសុខភាព លោកត្រូវការទៅអង្វរសមាជិកគណបក្ស សាធារណៈរដ្ឋ ដើម្បីឲ្យគេជួយគាំទ្រធ្វើយ៉ាងណា ដើម្បីឲ្យច្បាប់ចេញទៅបានរលូន។ យល់ឃើញថា ការ ដែលខំប្រឹងហ្នឹង វាមានផលប្រយោជន៍ទៅប្រទេសជាតិ»។
ប្រសិនបើមានបញ្ហា ដូចការលើកឡើងខាងលើ លោកផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំ ពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានចង្អុលទៅលើកំហុសរបស់គណបក្សជំទាស់។
«ករណីនេះ ខុសគ្នាដាច់ដោយឡែក ដូច្នេះគណបក្សប្រឆាំង មិនបានដើរតួនៅក្នុងសាច់រឿងនេះទេ រាល់បញ្ចប់នៃការបោះឆ្នោត រាល់ការទទួលលទ្ធផលនៃឆន្ទៈប្រជាពលរដ្ឋ មិនដែលគោរព ច្រើនតែធ្វើពហិការ មិនចូលរួម។ ដូច្នេះវាជាសញ្ញារួចស្រេចទៅហើយ គឺថា គណបក្ស មិននៅក្នុងអំណាចមិនដែលមាន គំនិតចង់ចូលរួមកសាងប្រទេសទេ ក្រៅពីការប្រឆាំង ដើម្បីអំណាចខ្លួនឯង»។
លោកផៃ ស៊ីផាន លើកឡើងថាបរិបទនយោបាយនៅក្នុងប្រទេសកម្ពុជាមានភាពខុសគ្នារវាងស្ថានភាពនយោបាយ ទៅនឹងស្ថានភាពនយោបាយរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន និងលោក បារ៉ាក់ អូបាម៉ា។
យ៉ាងណាក៏ដោយលោក ហ៊ឹម យន់ អនុប្រធានសមាគមយុវជនខ្មែរ មានប្រសាសន៍ថា គណបក្ស កាន់អំណាច គួរតែចាប់ផ្តើមចាប់ដៃគូជាមួយនឹងគណបក្សប្រជែងរបស់ខ្លួន។
«ឃើញថា កាលណាតែអ្នកប្រឆាំង ច្រើនតែទុកឲ្យប្រឆាំងទៅ ហើយអ្នកដែលធ្វើការចេះតែធ្វើការអញ្ចឹង ណាស់។ ហើយអ្នកនយោបាយខ្មែរយើង គួរតែគិតដែរថា តើអាចសមាហរណកម្មរវាងគ្នា និង គ្នាបានទេ ហើយគួរតែធ្វើការជាមួយគ្នា ដើម្បីជាតិយើងបានទេ ត្រង់ចំណុចនេះ យើងគួរតែពិចារណាទៅ»។
លោក ហ៊ឹម យន់ និយាយជាសរុបថា ការជជែកទល់មុខគ្នាជាមួយក្រុមនិស្សិត បានបង្ហាញគំរូដឹក នាំរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន ហើយក៏ជាការចែករំលែកនូវបទពិសោធន៍យ៉ាងល្អដល់ក្រុមយុវជនកម្ពុជា៕