ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យុទ្ធនាការ​​ចែក​មួក​​សុវត្ថិ​ភាព​​ដល់​​សិស្ស​​យុវវ័យ


ចរាចរណ៍​​នៅ​​ក្នុង​​ទី​​ក្រុង​​ភ្នំពេញ ​ដែល​អ្នក​ជិះ​ម៉ូតូ​ភាគ​ច្រើន​មិន​​ពាក់​មួក​សុវត្ថិភាព។
ចរាចរណ៍​​នៅ​​ក្នុង​​ទី​​ក្រុង​​ភ្នំពេញ ​ដែល​អ្នក​ជិះ​ម៉ូតូ​ភាគ​ច្រើន​មិន​​ពាក់​មួក​សុវត្ថិភាព។

នៅ​ក្នុង​បរិវេណ​នៃ​សាលា​បឋម​សិក្សា​ទួល​ទំពូង​ដែល​ស្ថិត​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ សិស្សាន​-​សិស្សប្រមាណ​២០០០​នាក់ ​ក្នុង​សម្លៀក​បំពាក់​អាវ​ស ​ខោខៀវ ​សំពត់​ខៀវ​ បាន​ឈរ​ប្រមូល​ផ្ដុំ​គ្នា​ជា​ក្រុម​យ៉ាង​អ៊ូអែរ។​ សិស្សានុ​សិស្ស​មួយ​ចំនួន​បាន​ពាក់​មួក​សុវត្ថិ​ភាព​ចម្រុះ​ពណ៌​មាន​ក្រហម​លឿង​ស ​និង​ពណ៌​ខៀវ​យ៉ាង​ស្រស់​ឆើត​ឆាយ។​ រី​ឯ​សិស្សានុ​សិស្ស​មួយ​ចំនួន​ទៀត​ យួរ​មួក​នៅ​នឹង​ដៃ​បណ្ដើរ​ជជែក​គ្នា​លេង​បណ្ដើរ។​ មួក​ទាំង​នេះ​ត្រូវ​បាន​ចែក​ជូន​ពួក​គេ​ ដោយ​មូល​និធិ​ការ​ពារ​គ្រោះ​ថ្នាក់​អាស៊ី ​នៅ​ក្នុង​ពិធី​សម្ពោធ​យុទ្ធនា​ការ​រួម​គ្នា​ពាក់​មួក​សុវត្ថិ​ភាព​នៅ​កម្ពុជា​ កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ក្រោម​ពាក្យ​ស្លោក «មួក​មួយ ​ជីវិត​មួយ»។​ យុទ្ធនា​ការ​នេះ​បង្កើត​ឡើង​ក្នុង​គោល​បំណង​កាត់​បន្ថយ​អត្រា​អ្នក​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ផង​ និង​ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ខាត​បង់​សេដ្ឋ​កិច្ច​របស់​ប្រទេស​កម្ពុជា​ដែល​បណ្ដាល​មក​ពី​គ្រោះ​ថ្នាក់​ ចរាចរណ៍​ផង។

ម៉ម ​ពេជ្រ​ធារិទ្ធិ​ អាយុ​៩​ឆ្នាំ ​ស្ថិត​នៅ​ក្នុង​ចំណោម​កូន​សិស្ស​តូចៗ​ទំាង​នេះ។​ ពេជ្រ​ធារិទ្ធិ​ បាន​លើក​មួក​ពណ៌​លឿង​របស់​ខ្លួន​ដែល​ទើប​ទទួល​បាន​ ពាក់​គ្រប​វា​លើ​ក្បាល​យ៉ាង​យក​ចិត្ត​ទុក​ដាក់។​ សិស្ស​ថ្នាក់​ទី​៥​រូប​នេះ​បាន​និយាយ​ថា ​មួក​សុវត្ថិភាព​មិន​ត្រឹម​តែ​ជួយ​ការ​ពារ​សុវត្ថិ​ភាព​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ​ ប៉ុន្ដែ​ថែម​ទាំង​នឹង​ជួយ​ខ្លួន​ឲ្យ​ទទួល​ជោគ​ជ័យ​ក្នុង​ការ​សិក្សា​ទៀត​ផង។

«ពាក់​មួក​សុវត្ថិ​ភាព​អាច​ការ​ពារ​អាយុ​ជីវិត​យើង​បាន​រៀន​សូត្រ​ខ្លំាង​ពូកែ​ ហើយ​យើង​មាន​ឱកាស​បាន​ជួយ​កសាង​ប្រទេស​ជាតិ​ឲ្យ​រីក​ចម្រើន​ត​ទៅ​មុខ»។

ម៉ូតូ​រ៉ឺម៉ក​កង់​បី​ចំនួន​២០​គ្រឿង​ ដែល​មាន​រូប​ភាព​មួក​សុវត្ថិ​ភាព​តូចៗ​ បិទ​ភ្ជាប់​ទៅ​នឹង​ផ្នែក​ខាង​ក្រោយ​បាន ​បើក​ជា​ជួរ​ដង្ហែក្បួន​ នៅ​ក្នុង​យុទ្ធនា​ការ​រួម​គ្នា​ពាក់​មួក​សុវត្ថិ​ភាព​នៅ​កម្ពុជា​នេះ​ នៅ​តាម​ដង​មហា​វិថី​សំខាន់ៗ​មួយ​ចំនួន​នៅ​ក្នុង​ រាជ​ធានី​ភ្នំពេញ​ដោយ​ម៉ូតូ​ប៉ូលិស​បើក​សឺរ៉ែន​នាំ​មុខ។ ​ក៏​ប៉ុន្ដែ​ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​ហាក់​ដូច​ជា​មិន​បាន​ចាប់​អារម្មណ៍​ថា​ នេះ​គឺ​ជា​ក្បួន​ដង្ហែសម្រាប់​យុទ្ធនា​ការ​ផ្សព្វ​ផ្សាយ​ឲ្យ​ពាក់​មួក​សុវត្ថិ​ភាព​នោះ​ទេ​ ត្បិត​ពុំ​មាន​ការ​ប្រកាស ​និង​ពុំ​មានផ្ទាំង​បដា​សរសេរ​ចង្អុល​បង្ហាញ​ណា​មួយ​នោះ​ឡើយ។

យ៉ាង​ណា​ក៏​ដោយ ​លោក​ស្រី ​ឡុង​សុភ័ក្រ​ ជា​គ្រូ​បង្រៀន​ថ្នាក់​បឋម​សិក្សា​នៃ​សាលា​ទួល​ទំពូង​ និង​ជា​ម្តាយ​នៃ​កូន​ពីរ​នាក់​ដែល​បាន​ចូល​រួម​ដង្ហែ​ក្បួន​ម៉ូតូ​រ៉ឺម៉ក​កង់​បី​ដែរ​នោះ​ ជឿ​ថាយុទ្ធនា​ការ​នេះ​អាច​ដាស់​តឿន​ឲ្យ​សិស្សានុ​សិស្ស​ រួម​ទំាង​ឪពុក​ម្តាយ​របស់​ពួក​គេ​ផង​នោះឲ្យ​យល់​ពី​តម្លៃច្បាស់​ថែម​ទៀត​ថា ​មួក​សុវត្ថិ​ភាព​អាច​ការ​ពារ​កូន​របស់​ពួក​គេ​ពី​ការ​ស្លាប់​បាត់​បង់​ជីវិត​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ និង​អាច​ឲ្យ​ពួក​គេ​មាន​ពេល​វេលា​រៀន​សូត្រ​ និង​មិន​ប៉ះ​ពាល់​ដល់​ពេល​វេលាក្នុង​ការ​រក​ប្រាក់​ចំណូល​របស់​ខ្លួន។

នៅ​ក្នុង​ពិធី​ចែក​មួក​សុវត្ថិ​ភាព​នោះ​ដែរ​ Greig​ Craft​ ប្រធាន​មូល​និធិ​បង្ការរ​គ្រោះ​ថ្នាក់​អាស៊ី​ ដែល​បាន​ចែក​មួក​ជាង​មួយ​ម៉ឺន​មួក​ហើយ​ដល់​សិស្សានុ​សិស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​ថ្លែង​ថា​ មួក​សុវត្ថិ​ភាព​នេះ​សំខាន់​ណាស់​សម្រាប់​កុមារ​ ត្បិត​ពួក​គេ​ជា​មុខ​សញ្ញា​ងាយ​រង​គ្រោះ​បំផុត​នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​ដំណើរ​ជា​មួយ​ឪពុក​ម្តាយ​ដោយ​មិន​បាន​ពាក់​មួក​សុវត្ថិ​ភាព។

លោក ​Greig​ Craft​បាន​ប្រដូច​មួក​សុវត្ថិ​ភាព​ទៅ​នឹង​ថ្នាំ​បង្ការរ​ការ​ពារ​ជីវិត​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​មាន​ប្រសិទ្ធ​ភាព។

«វា​មាន​តម្រូវ​ការ​ដ៏​ចំា​បាច់​ក្នុង​ការ​យក​ចិត្ត​ទុក​ដាក់​លើ​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវ​គោក​នៅ​កម្ពុជា។​ ជន​រង​គ្រោះ​ភាគ​ច្រើនមិន​បាន​ពាក់​មួក​សុវត្ថិ​ភាព​នោះ​ទេ​ ដែល​បញ្ជាក់​ថា ​នេះ​ជា​សោក​នាដ​កម្ម​មួយ​ដែល​អាច​ការ​ពារ​បាន​ ហើយ​មួក​សុវត្ថិ​ភាព​គឺ​ជា​ថ្នាំ​បង្ការ​ដ៏​សក្តិសិទ្ធិ​ ជា​ពិសេស​សម្រាប់​កុមារ»។

លោក​ Craft​ បន្ថែម​ថា ​ក្រៅ​ពី​ការ​ដង្ហែ​ក្បួន​ចែក​មួក​សុវត្ថិ​ភាព​ដល់​សិស្សានុ​សិស្ស​នា​ពេល​នេះ​ យុទ្ធនា​ការ​រួម​គ្នា​ពាក់​មួក​សុវត្ថិ​ភាព​នៅ​កម្ពុជា​ក៏​នឹង​ធ្វើ​ការ​ចាក់ផ្សាយ​វីដេអូ​ស្តី​ពី​វិប្បដិ​សារី​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​តាម​កញ្ចក់​ទូរ​ទស្សន៍​ក្នុង​ស្រុក​ផង​ដែរ។

របាយ​ការណ៍​របស់​មូល​និធិ​ការ​ពារ​គ្រោះ​ថ្នាក់​អាស៊ី​បាន​បង្ហាញ​ថា ​ជា​រៀង​រាល់​ឆ្នាំ​ គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​សម្លាប់​មនុស្ស​១,២លាននាក់​នៅ​ទូទាំង​ពិភព​លោក​ និង​បាន​បណ្តាល​ឲ្យ​មនុស្ស​៥០​លាន​នាក់​ទៀត​រង​របួស ​ដែល​នាំ​ឲ្យ​ខាត​បង់​ទឹក​ប្រាក់​សរុប​អស់​ប្រមាណ​១០០​ពាន់​លាន​ដុល្លារ​អាមេរិក។ ​ដោយ​ឡែក​ នៅ​ប្រទេស​កម្ពុជា​ ក្រសួង​សារធារណ​ការនិង​ដឹក​ជញ្ជូន​ បាន​ឲ្យ​ដឹង​ថា​ ក្នុង​មួយ​ថ្ងៃ ​គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​សម្លាប់​មនុស្ស​ជិត​៥​នាក់ ​និង​៥៤​នាក់​របួស ​ដែល​ធ្វើ​ឲ្យកម្ពុជា​មាន​អត្រា​អ្នក​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ខ្ពស់​ជាង​គេ​បំផុត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

អង្គការ​ជន​ពិការ​អន្តរ​ជាតិ​បែល​ហ្សិក​បាន​រក​ឃើញ​ថា ​ប្រទេស​កម្ពុជា​បាន​ខាត​បង់​ទឹក​ប្រាក់​ ២៤៨​លាន​ដុល្លារ​ កាល​ពី​ឆ្នាំ​២០០៩​ ដោយ​សារ​តែ​គ្រោះ​ថ្នាក់ចរាចរណ៍។​ តួលេខ​នេះ​បាន​កើន​ឡើង​ជាង​ពីរ​ដង​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០០៧។

ដោយ​សារ​បែប​នេះ​ហើយ​ ទើប​ប្រទេស​កម្ពុជាចាប់​ផ្តើម​អនុវត្ត​បទ​បញ្ជា​ពាក់​មួក​សុវត្ថិ​ភាព​យ៉ាង​តឹង​តែង​ ចាប់​តំាង​ពី​ដើម​ឆ្នាំ​២០០៩​មក​ម្ល៉េះ​ ជា​ពិសេស​បន្ទាប់​ពី​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​បាន​ចូល​ជា​ធរមាន។ ​ហើយ​ការ​មិន​ពាក់​មួក​សុវត្ថិ​ភាព​ ត្រូវ​គេ​ចាត់​ទុក​ថា ​ជា​មូល​ហេតុ​សំខាន់​ដែល​នាំ​ឲ្យ​បាត់​បង់​ជីវិត​ក្នុង​ពេល​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ ដូច​គ្នា​នឹង​ការ​បើក​បរ​ពេល​ស្រវឹង​ និង​បើកបរល្បឿន​លឿន​ហួស​កំណត់​ដែរ។ ​បើ​ទោះ​ជា​យ៉ាង​នេះ​ក្តី ​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​តែ​មាន​កំណើន​ ខណៈ​ដែល​ការ​អនុវត្ត​ច្បាប់​នៅ​ទន់​ខ្សោយ។

យោង​តាម​អង្គការ​ជន​ពិការ​អន្តរ​ជាតិ​បែល​ហ្សិក​ បាន​ឲ្យ​ដឹង​ថា​ រហូត​ដល់​ឆ្នាំ​២០០៩​ ចំនួន​អ្នក​បើក​បរ​ម៉ូតូ​ដែល​បាន​ពាក់​មួក​សុវត្ថិភាព​ នៅ​ទី​ក្រុង​ភ្នំពេញ​មាន​ចំនួន​៨៥%​ ខណៈ​ដែល​អ្នក​រួម​ដំណើរ​តែ​១០%​ប៉ុណ្ណោះ​ដែល​ពាក់​មួក​សុវត្ថិ​ភាព។​ ដោយ​ឡែក​អ្នក​ពាក់​មួក​សុវត្ថិ​ភាព​នៅ​តាម​បណ្តា​ខេត្ត​នានា​ មាន​ចំនួន​កាន់​តែ​តិច​ជាង​ចំនួន​អ្នក​ពាក់​មួក​សុវត្ថិ​ភាព​នៅ​ទី​ក្រុង​ភ្នំពេញ។

លោក​ តូច​ ចាន់​កុសល ​រដ្ឋ​លេខាធិ​ការ​ក្រសួង​សាធារណ​ការ​ និង​ដឹក​ជញ្ជូន​ និង​ជា​អនុ​ប្រធាន​គណៈ​កម្មាធិ​ការ​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវ​គោក​ មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​ចែក​មួក​សុវត្ថិ​ភាព​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នោះ​ថា​ គ្រោះ​ថ្នាក់​ចរាចរណ៍​អាច​ធ្វើ​ឲ្យជីវភាពរស់​នៅ​របស់ប្រជា​ជន​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​ក្រីក្រ​ ដែល​រំាង​ស្ទះ​ដល់​ដំណើរ​ការ​កាត់​បន្ថយភាព​ក្រីក្រ​របស់​រដ្ឋាភិបាល។

«គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​ទម្លាក់​បន្ទុក​ដល់​ស្ថាន​ភាព​ហិរញ្ញ​វត្ថុ​របស់​សមាជិក​គ្រួសារ​ដែល​នៅ​រស់​រាន​មាន​ជីវិត​ និង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ផង​ដែរ​ ធ្វើ​ឲ្យ​គោល​នយោ​បាយ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​រដ្ឋា​ភិបាល​មាន​ការ​លំបាក»។

កញ្ញា​ សាន​ សុជាតា​ ប្រធាន​កម្ម​វិធី​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវ​គោក​នៃ​អង្គការ​ជន​ពិការ​អន្តរ​ជាតិ​បែលហ្សិក​បាន​និយាយ​ថា​ អង្គការ​របស់​កញ្ញា​បាន​សហ​ការ​ជា​មួយ​រដ្ឋា​ភិបាល​ដើម្បី​បង្កើត​ផែន​ការ​សកម្ម​ភាព​សុវត្ថិ​ភាព​គ្រោះ​ថ្នាក់​ចរាចរណ៍​រយៈ​ពេល​១០​ឆ្នាំ​ ចាប់​ពី​ឆ្នាំ​២០១១​ ដល់​ឆ្នាំ​២០២០។ ​ផែន​ការ​នេះ​នឹង​ផ្តោត​លើ​ការ​បង្កើន​ចំណេះ​ដឹង​របស់​ប៉ូលិស​ចរាចរណ៍ ​កែ​លម្អ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ កែ​ប្រែ​ឥរិយា​បទ​បើក​បរ ​ការ​រឹត​បន្តឹង​សុវត្ថិ​ភាព​យាន​យន្ត​ សេវា​សង្គ្រោះ​បន្ទាន់​ និង​យុទ្ធ​សាស្ត្រ​ជួយ​សង្គ្រោះ​ជន​ងាយ​រង​គ្រោះ​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ ដូច​ជា​កុមារនិង​អ្នក​ជិះ​ម៉ូតូ។

កញ្ញា​ សាន ​សុជាតា ​ជឿ​ជាក់​ថា​ នៅ​ពេល​ដែល​ផែន​ការ​ពង្រាង​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​នៅ​ក្នុង​ឆ្នាំ​២០១០​នេះ​ អត្រា​អ្នក​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ប្រទេស​កម្ពុជា​នឹង​ថយ​ចុះ៕

XS
SM
MD
LG