ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ធនាគារ​និង​ស្ថាប័ន​ហិរញ្ញ​វត្ថុ​ជា​ច្រើន​នៅ​កម្ពុជា​ស្ទាក់​ស្ទើរ​ក្នុង​ការ​ផ្តល់​ប្រាក់​កម្ចី​ដល់​សិស្ស​និង​និស្សិត​ក្រីក្រ


ភ្នំពេញ៖ ធនាគារ​និង​ស្ថាប័ន​ហិរញ្ញវត្ថុ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នៅ​តែ​ស្ទាក់​ស្ទើរ​នៅ​ឡើយ​ក្នុង​ការ​ផ្តល់​ប្រាក់​កម្ចី​ដល់​សិស្ស​និង​និស្សិត​ក្រីក្រ ​ដែល​ចង់​បន្ត​ការ​សិក្សា​ត​ទៅ​មុខ​ទៀត​ ដោយ​សារ​តែ​ទីផ្សារ​ការ​ងារ​មិន​ប្រាកដ​ប្រជា​ ​និង​កង្វះ​យន្តការ​បង្ការ​ហានិភ័យ​ដល់​ធនាគារ​ ​និង​ស្ថាប័ន​ទាំង​នោះ។

ទី​ផ្សារ​ការងារ​ដែល​មិន​អាច​ទុក​ចិត្ត​បានសម្រាប់​និស្សិត​ដែល​បញ្ចប់​ការ​សិក្សា ​និង​កង្វះ​យន្តការ​ការ​ពារ​ហានិភ័យ​ ​ឬ​ភាព​ប្រថុយប្រថាន​ខ្ពស់​សម្រាប់​ធនាគារ និង​ស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ថុ ​បាន​ធ្វើ​ឲ្យ​ស្ថាប័ន​ទាំង​នេះ​ មិន​ចង់​ផ្តល់​ប្រាក់​កម្ចី​ដល់​សិស្ស​និស្សិត​ក្រីក្រ​ដែល​ប្រាថ្នា​ចង់​បន្ត​ការ​សិក្សា​របស់​ខ្លួន​រហូត​ដល់​ថ្នាក់​ឧត្តម​សិក្សា​នោះ​ទេ។

អ្នកស្រី​សូផន ​ណារី​ អនុ​ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ​ Acleda​ ​មាន​ប្រសាសន៍​នៅ​ថ្ងៃ​អង្គារ​ទី​២៤​ ខែ​សីហា​នេះ​ថា​ ​ ការ​ផ្តល់​ប្រាក់​កម្ចី​ដល់​សិស្ស​ ​និស្សិត​ ​សម្រាប់​បន្ត​ការ​សិក្សា​របស់​ពួក​គេ​នោះ​គឺ​នៅ​តែជា​ការ​ប្រថុយ​ប្រថាន​ខ្ពស់​នៅ​ឡើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​សារ​តែ​ភាព​មិន​អាច​ទុក​ចិត្ត​បាន​ចំពោះ​អនាគត​នៃការ​សិក្សា​របស់​ពួក​គេ។

«បើ​យើង​ធ្វើ​អាហ្នឹង​វា​មាន​ហានិភ័យ​បន្តិច​ ​ហានិភ័យ​ត្រង់​ថា​ ​យើង​អត់​ដឹង​ថា​ ​ពេល​ណា​គាត់​ឈប់​រៀន​អី​ទៅ​ ​ឧទាហរណ៍​អញ្ចឹង​ ជួល​កាល​ ​រៀន​បាន​កណ្តាល​ទី​អី​អញ្ចឹង​ទៅ»។

អ្នក​ស្រី​សូផន ណារី​មាន​ប្រសាសន៍​បន្ត​ថា​ ​ធនាគារ​របស់​អ្នក​ស្រី​អាច​ផ្តល់​ប្រាក់​កម្ចី​ដល់​សិស្ស​ និស្សិត​ ​សម្រាប់​បន្ត​ការ​សិក្សាបាន​ ​តែ​ល្គិក​ណា​សិស្ស​និស្សិត​នោះ​អាច​រក​ប្រាក់​ចំណូល​ប្រចាំ​ខែ​ ដើម្បី​បង់​រំលោះ​ថ្លៃ​ជំពាក់​ធនាគារ​វិញ​បាន ​ឬ​ល្គិក​ណា​និស្សិត​នោះ​មាន​អ្នក​ធានា​ត្រឹម​ត្រូវ​ដើម្បី​ឲ្យ​ប្រាកដ​ថា​ ​ប្រាក់​ដែល​ធនាគារ​ឲ្យ​និស្សិតខ្ចី​នោះ​នឹង​មិន​ត្រូវ​ខាត​បង់។

កញ្ញា​ហន រ៉ូហ្សាណា ​លេខា​នាយក​ប្រតិបត្តិ​នៃ​ធនាគារ​ភ្នំពេញ​ពាណិជ្ជ ​បាន​ថ្លែង​ឲ្យ​ដឹង​ផង​ដែរ​ថា​ ​សូម្បី​មាន​អ្នក​ធានា​ត្រឹម​ត្រូវ​ហើយ​ក៏​ដោយ​ ​ក៏​ការ​ឲ្យ​ប្រាក់​ដល់​សិស្ស​ ​និស្សិត​ខ្ចីដើម្បី​ឲ្យ​ពួក​គេ​អាច​បន្ត​ការ​សិក្សា​បាន​នេះ​ ​នៅ​តែ​ជា​ការ​ប្រថុយ​ប្រថាន​ខ្ពស់​ដែរ។

«ជួន​កាល​និស្សិត​ខ្លះ​ជា​កុមារ​កំព្រា​ ​ដូច្នេះ​យើង​ត្រូវ​គិត​ពី​ហានិភ័យ​ចំពោះ​អ្នក​ធានា​របស់​គាត់​ដែរ»។

សូម​បញ្ជាក់​ថា​ ​សិស្ស​ដែល​ប្រឡង​ជាប់​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​បាក់ឌុប​ ​មាន​ចំនួន​ជិត​៤​ម៉ឺន​នាក់​ក្នុង​ឆ្នាំ​សិក្សា​២០០៦-២០០៧​ ​ហើយ​ចំនួន​នេះ​បាន​បន្ត​កើន​ឡើង​ជា​បន្ត​បន្ទាប់​ជា​រៀង​រាល់​ឆ្នាំ​ ​នេះ​បើ​យោង​តាម​ស្ថិតិ​ក្រសួង​អប់រំ​ ​យុវជន​និង​កីឡា។

ប៉ុន្តែគេ​ជឿ​ថា​ ​មាន​សិស្ស​ជាច្រើន​ ​ជា​ពិសេស​នៅ​តាម​តំបន់​ជនបទ​ ​បាន​ឈប់​រៀន​ត្រឹម​នេះ​ ឬ​ឈប់​នៅ​ត្រឹម​ពាក់​កណ្តាល​ទី​ ​នៅ​ពេល​ដែល​ពួក​គេ​បាន​ឆ្លង​ចូល​រៀន​នៅ​ថ្នាក់​ឧត្តម​សិក្សា​ហើយ​នោះ​ ដោយ​សារ​តែ​ការ​ខ្វះ​លទ្ធ​ភាព​បង់​ថ្លៃ​សាលា​ ​និង​ការ​ផ្គត់​ផ្គង់​ផ្សេងៗ​ទៀត​ដល់​ការ​បន្ត​ការ​សិក្សា​របស់​ពួក​គេ​ជាដើម។

តម្លៃ​សិក្សា​ថ្នាក់​បរិញ្ញាប័ត្រ​រយៈ​ពេល​៤​ឆ្នាំសម្រាប់​និស្សិត​ម្នាក់​ជា​មធ្យម​ គឺ​មាន​ចំនួន​១៦០០​ដុល្លារអាមេរិក​នៅ​ក្នុង​ស្ថាប័ន​សិក្សា​ឯកជន​ដែល​មាន​ចំនួន​៤៥​ ​ក្នុង​ចំណោម​ស្ថាប័ន​ឧត្តម​សិក្សា​នៅ​កម្ពុជា​ សរុប​ចំនួន៦៣។

លោកជា​ ផល្លារិន ​អគ្គ​នាយក​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​អម្រឹត​ មាន​ប្រសាសន៍​ថា​ ​ស្ថាប័ន​របស់​លោក​នៅ​ពេល​នេះ​មិន​ទាន់​ហ៊ាន​ផ្តល់​ប្រាក់​កម្ចី​ដល់​សិស្ស​ ​និស្សិត​សម្រាប់​ឲ្យ​ពួក​គេ​បន្ត​ការ​សិក្សា​នោះ​ទេ​ ដោយ​លោក​លើក​ហេតុ​ផល​ថា​ ​យន្តការ​ដ៏​សម​ស្រប​សម្រាប់​ធានា​ថា​ ​និស្សិត​នឹង​សង​ប្រាក់​មក​ស្ថាប័ន​របស់​លោក​វិញ​នោះ ​នៅ​មិនទាន់​មាន​នៅ​ឡើយ។

«អត្ត​សញ្ញាណ​បុគ្គល​ម្នាក់ៗ​ គឺ​យើង​មិន​អាច​តាម​គាត់​បាន​នៅ​ក្នុង​សង្គម។​ គាត់​ទៅ​ណា​មក​ណា​ យើង​អត់​ដឹង​ ​ដូច​នៅ​អារ្យ​ប្រទេស​ដែល​គេ​គ្រប់​គ្រង​បាន។​ ឧបមា​ថា​ ​គាត់​ទៅ​ធ្វើ​ការ​នៅ​រតនៈ​គីរី ​ឬ ទៅ​ប៉ោយ​ប៉ែត​ ​ឬ​ទៅ​ខេត្ត​ណា​ឆ្ងាយៗ​ ​យើង​មិន​ដឹង​គាត់​ទៅ​នៅ​ឯណា​ ​បើ​យើង​ទៅ​ទារ​គាត់​ ​មិន​ដឹង​ទៅ​ទារ​គាត់​នៅ​ឯណា»។

លោក​ជា​ ផល្លារិន ​មាន​ប្រសាសន៍​បន្ថែម​ថា​ ​ស្ថាប័ន​របស់​លោក​អាច​ផ្តល់​ប្រាក់​កម្ចី​ទៅ​សិស្ស​ ​និស្សិត​បាន​តែ​តាម​រយៈ​ឪពុក​ម្តាយ​របស់​ពួក​គេ​ប៉ុណ្ណោះ ​ ​ពោល​គឺ​មិន​អាច​ឲ្យ​ពួក​គេ​ខ្ចី​ដោយ​ផ្ទាល់​នោះ​ទេ​ ដោយ​សារ​តែ​ភាព​មិន​ប្រាកដ​ប្រជា​ចំពោះ​លទ្ធភាព​ដែល​ពួកគេ​អាច​សង​មក​ស្ថាប័ន​របស់​លោក​វិញ​នោះ។

នៅ​ក្នុង​បណ្តា​ប្រទេស​ដែល​មាន​ឧស្សាហ​កម្ម​ជឿនលឿន​មួយ​ចំនួន​ ​ដូចជា​សហ​រដ្ឋ​អាមេរិក​ជាដើម​ ​ និស្សិត​អាច​ខ្ចី​ប្រាក់​ដោយ​ផ្ទាល់​ពី​ធនាគារ​ដើម្បី​បន្ត​ការ​សិក្សា​របស់​ពួក​គេ​ ​ហើយ​ចាប់​ផ្តើម​សង​ប្រាក់​ដែល​ពួកគេ​ជំពាក់​ ​ដោយ​បង់​រំលោះ​ទៅ​ឲ្យ​ធនាគារ​វិញ​ ​ក្រោយ​ពេល​ដែល​ពួកគេ​រៀន​ចប់​ ​និង​រក​ការងារ​បាន​ធ្វើ​ហើយ​នោះ។

ប៉ុន្តែ​លោក​គង់ ភាន ​មន្ត្រី​អភិវឌ្ឍ​សាខា​នៃ​បណ្តាញ​សហ​ភាព​មីក្រូ​ហិរញ្ញ​វត្ថុ​ហៅ​កាត់​ថា​CMSC ​មាន​ប្រសាសន៍​ថា​ ​ទី​ផ្សារ​ការងារ​មិន​ប្រាកដ​ប្រជា​សម្រាប់​និស្សិត​ដែល​បញ្ចប់​ការ​សិក្សា​ ​គឺ​ជា​ឧបសគ្គ​ចម្បង​មួយ​ដែល​រារាំង​ធនាគារ​ ​និង​ស្ថាប័ន​ផ្តល់​ប្រាក់​កម្ចី​ផ្សេងៗ​ទៀត​ក្នុង​កា​រ​ផ្តល់​កម្ចី​ឲ្យ​និស្សិត។

«វា​អាច​មាន​ហានិភ័យ​កើតឡើង។​ គាត់​អាច​អត់​ការងារ​ធ្វើ​ ​ក្រោយ​ពី​រៀន​ចប់ ​ឬ​គាត់​អាច​ទៅ​នេះ​ទៅ​នោះ​ ​ដូរ​ទៅ​នេះ​ទៅ​នោះ​បាត់​ទៅ​ ​យើង​នឹង​មាន​បញ្ហា»។

លោក​គង់​ ភាន​មាន​ប្រសាសន៍​បន្ថែម​ថា​ ​បើ​ទោះ​ជា​ស្ថាប័ន​របស់​លោក​បាន​ផ្តល់​ប្រាក់​កម្ចី​ដល់​និស្សិត​បាន​ចំនួន​១៣​នាក់​មកដល់​ពេលនេះ​ ​ដើម្បី​ឲ្យ​ពួកគេ​មាន​លទ្ធ​ភាព​បន្ត​ការសិក្សា​ក៏ដោយ​ ​ក៏​ស្ថាប័ន​របស់​លោក​ផ្តល់​ឲ្យ​តែ​និស្សិត​ណា​ដែល​មាន​សក្ដានុពល​អាច​សង​បំណុល​មក​ស្ថាប័ន​លោក​វិញ​ប៉ុណ្ណោះ​ ​ពោល​គឺ​និស្សិត​ដែល​រៀន​ចាប់​ពី​ឆ្នាំ​ទី​៣​ឡើង​ទៅ​ ​ហើយ​ត្រូវ​រៀន​នៅ​មហា​វិទ្យាល័យ​ដែល​ល្បី​ទៀត​ផង។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី​ ​កង្វះ​សេវា​កម្ម​ផ្តល់​ប្រាក់​កម្ចី​ដល់​សិស្ស​ ​និស្សិត​សម្រាប់​ការ​សិក្សា​នេះ​ ក៏​អាច​បណ្តាល​មក​ពី​កង្វះ​តម្រូវ​ការ​សេវា​នេះពី​សំណាក់​សិស្ស​ ​និស្សិត​ខ្លួន​ឯង​ផ្ទាល់​ផង​ដែរ​ ពោល​គឺ​ពុំ​មាន​សិស្ស​ ​និស្សិត​ច្រើន​ទេ​ ដែល​ត្រូវ​ការ​ខ្វី​ប្រាក់​ពី​ធនាគារ​ ​ឬ​ស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ថុ ​ដើម្បី​យក​ទៅ​ផ្គត់​ផ្តង់​ការ​សិក្សា​របស់​ពួក​គេ​នោះ​ ​នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ប្រាប់​របស់​លោក​ប៊ុន មុនី​ ​ប្រធាន​នាយក​ប្រតិបត្តិ​ស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ថុ​ស្ថាបនា ​លីមីធីត។

លោក​ប៊ុន មុនី​មាន​ប្រសាសន៍​ថា​ ​តម្លៃ​សិក្សា​នៅ​ថ្នាក់​ឧត្តម​សិក្សា​ក្នុង​ប្រទេស​កម្ពុជា​នៅ​មាន​កម្រិត​ទាប​ល្មម​សម​រម្យ​ ​សម្រាប់​ឲ្យ​ឪពុក​ ​ម្តាយ​ សិស្ស​ ​និស្សិត​ភាគ​ច្រើន​អាច​មាន​លទ្ធភាព​ផ្គត់​ផ្គង់​ការ​សិក្សា​របស់​កូនៗ​ពួក​គេ​បាន​ ដោយ​មិន​ចាំ​បាច់​ឲ្យ​កូនៗ​របស់​ពួកគេ​ទៅ​ខ្ចី​ប្រាក់​ពី​ធនាគារ​ ​ដើម្បី​បន្ត​ការ​សិក្សា​នោះ​ទេ។

«តម្លៃ​សិក្សា​ហ្នឹង​ ​វា​នៅ​ក្នុង​កម្រិត​ទាប​ល្មម​ ​ដែល​គ្រួសារ​ភាគច្រើន​អាច​ប្រឹង​ប្រែង​ផ្តល់​ដល់​កូន​គេ​បាន​ចូល​រៀន​ដែរ។​ ​អាហ្នឹង​វា​រួម​ផ្សំ​គ្នា។ ​អញ្ចឹង​ហើយ​បាន​ជា​តម្រូវ​ការ​ទុន​សម្រាប់​និស្សិត​នោះ​ ​វា​នៅ​មិន​ទាន់​មាន​ឲ្យ​បាន​ធំ​ដំ​នៅឡើយ»។

ជា​មួយ​គ្នា​នេះ​ដែរ​ ​លោក​ម៉ក់ វ៉ាន់​ រដ្ឋ​លេខាធិការ​នៃ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​មាន​ប្រសាសន៍​ថា​ ​ក្រសួង​អប់រំ​ក៏​បាន​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​ ​និស្សិត​ចំនួន​ពី​៣០០០​ទៅ​៤០០០​នាក់​ក្នុង​មួយ​ឆ្នាំៗ​ ដើម្បី​ឲ្យ​ពួក​គេ​អាច​បន្ត​ការ​សិក្សា​រហូត​ដល់​ចប់​ថ្នាក់​ឧត្តម​សិក្សា​បាន។

លោក​ម៉ក់ វ៉ាន់​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​ ក្រសួង​អប់រំ​ក៏​កំពុង​ពិចារណា​បង្កើន​ចំនួន​អាហារូបករណ៍​ដល់សិស្ស​ ​និស្សិត​ក្រីក្រ​បន្ថែម​ទៀត​ ​ដើម្បី​ឲ្យ​ពួក​គេ​អាច​មាន​លទ្ធ​ភាព​បន្ត​ការ​សិក្សា​បាន​ ​ហើយ​ក្រសួង​ក៏​បាន​គិតគូរ​ ​ហើយ​និងសិក្សា​មើល​ពី​លទ្ធភាព​នៃ​សេវា​ផ្តល់ប្រាក់​កម្ចី​សម្រាប់​សិស្ស​ ​និស្សិត​ក្រីក្រ​ផង​ដែរ។

យ៉ាង​ណា​ក៏​ដោយ​ ​លោក​ម៉ុក សុជាតិ​ និស្សិត​ដែល​បាន​ខ្ចី​ប្រាក់​ពី​ស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ថុ​CMSC​ សម្រាប់​ទ្រទ្រង់​ការ​សិក្សា​របស់​ខ្លួន​ ​បាន​និយាយ​ថា​ ​ថ្វី​ត្បិត​តែ​លោក​ត្រូវ​បង់​ការ​ប្រាក់​ជា​រៀង​រាល់​ខែ​ក៏​ដោយ​ ​ក៏​ប្រាក់​កម្ចី​ដែល​លោក​ទទួល​បាន​ចំនួន​៤០០​ដុល្លារក្នុង​មួយ​ឆ្នាំ​នេះ​ ​បាន​ជួយ​ឲ្យ​លោក​អាច​បន្ត​ការ​សិក្សា​បាន​ដែរ។

«ទោះ​បី​ជា​យើង​ខាត​ការ​ប្រាក់​ ​ប៉ុន្តែ​វា​អាច​ជួយ​យើង​ឲ្យ​បញ្ចប់​ការ​សិក្សា​ ​ហើយ​ឲ្យ​យើង​ឈាន​ទៅ​ចាប់​គោល​ដៅ​ដែល​យើង​ប៉ង​ប្រាថ្នា​បាន»។

លោក​ម៉ុក សុជាតិ​ ​ដែល​ទើប​បញ្ចប់​ការ​សិក្សា​ ​និង​បាន​បម្រើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ​ ​មាន​ប្រសាសន៍​បន្ថែម​ថា​ ​ បើ​គ្មាន​ប្រាក់​កម្ចី​សម្រាប់​ឲ្យ​លោក​បន្ត​ការ​សិក្សា​ទេ​នោះ​ ​ម៉្លេះ​លោក​ប្រហែល​ជា​មិន​មាន​ឱកាស​បញ្ចប់​ការ​សិក្សា​ និង​ទទួល​បាន​ការងារ​ធ្វើ​នោះ​ទេ៕

XS
SM
MD
LG